ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ទទួល​ជន​ភៀស​ខ្លួន​ពីរ​នាក់​ទៀត​ពី​កោះ​ណូរូ


ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។
ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។

ជន​ភៀស​ខ្លួន​ពីរ​នាក់​នេះ​គឺជា​​ជន​ជាតិ​ភាគ​តិច​ ​​​រ៉ូហ៊ីងយ៉ា (Rohingya)​ ដែល​កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា។

ប្រទេស​កម្ពុជាអាច​នឹង​ទទួល​ជន​ភៀសខ្លួន​លើ​ទី​២​ពី​កោះណូរូ​ (Nauru)​ ប្រទេស​អូស្ត្រាលី​នា​ពេល​ខាង​មុខ​នេះ។​ ជន​ភៀស​ខ្លួន​ពីរ​នាក់​នេះ​គឺជាជន​ជាតិ​ភាគ​តិច​ ​រ៉ូហ៊ីងយ៉ា (Rohingya)​ ដែល​កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា។​

កម្ពុជា​នឹង​ទទួល​ជន​ភៀសខ្លួន២រូប​ទៀត​ដែល​ត្រូវ​ជាប់​លើ​កោះ​ណូរូ​ (Nauru)​ ប្រទេស​អូស្ត្រាលី​ ហើយ​មក​តាំង​ទីលំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នាពេល​ខ្លី​ខា​ងមុខ​ ​ខណៈ​ពេល​ដែល​ជន​ភៀសខ្លួន​ក្រុមទីមួយ​ ដែល​មកពី​កោះ​នេះ​ដល់​កម្ពុជានោះ ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន ​និង​កំពុង​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សង្គម​ខ្មែរ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​កម្ពុជា។​

លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បានបញ្ជាក់​ប្រាប់​ VOA ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​បញ្ជូន​ជន​ភៀសខ្លួន​លើក​ទី២​ពី​ប្រទេស​អូស្ត្រាលី​នេះ​នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជាបាន​ឯកភាព។ ​កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ណូរូ​ (Nauru) ​ជា​កន្លែង​ប្រទេស​អូស្ត្រាលី​ទុក​ជន​ភៀសខ្លួន​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ ​ហើយ​ចង់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់។​ ​លោក​ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា ​ជន​ភៀស​ខ្លួន​ដែល​បាន​បំពេញ​ឯក​សារ​ ​និង​ស្នើ​សុំ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះគឺ​មាន​តែ​២​នាក់​គត់​ មិន​មែន​៤​នាក់​ដូចរដ្ឋាភិបាល​អូស្ត្រាលីបាន​ជូន​ដំណឹង​នោះ​ទេ។​ ​ ហើ​យពួក​គេ​ទាំង​ពីរ​នោះ​គឺ​មាន​ដើម​កំណើត​ Rohingya មក​ពី​ប្រទេស​ភូមា។​

«យើង​បាន​បញ្ជូន​មន្ត្រីទៅ​ហើយ ហើយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ហ្នឹង​តែ​ពីរ​នាក់​ទេ​ គឺ​ជា​ជនជាតិ Rohingya​ នៃ​ប្រទេស​ភូមា។​ ហើយ​យើង​ក៏​បាន​មក​វិញ​ដើម្បី​រាយការណ៍​និង​ស្នើ​សុំ​ដល់​ប្រ​មុខ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​សម្រេច​លើ​រឿង​ហ្នឹង»។

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា៖​

«គាត់​ប្រាប់​យើង​ថា ​មាន​៤នាក់​ ដែល​បីនាក់​ជាជនជាតិ​ អ៊ីរ៉ង់ ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​ស្ម័គ​ចិត្ត​មក​រស់​នៅ​ តែ​ដល់​ពេល​យើង​ទៅ​ដល់ ​គឺ​អត់​មាន​៤នាក់​ហ្នឹង​ទេ​ តែ​មាន​២​នាក់​ផ្សេង​ ដែល​ស្ម័គ​ចិត្ត​វិញ»។​

​ជន​ភៀស​ខ្លួន​៤រូបដំបូង​គេ​បង្អស់បាន​ស្ម័គ្រ​ចិត្ត​មក​ពី​កោះណូរូ​មក​រស់​នៅ​កម្ពុជា​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​នា​ឆ្នាំ​២០១៤​ក្នុង​ការ​បញ្ជូន​ ជន​ភៀសខ្លួន​ពីកោះ​ណូរូ​ «Nauru»​ ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងត្បូង។​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជាថ្នូរ​នឹង​អ្វី​ដែល​គេ​ពណ៌នា​ថា​ ​ជា​កម្ម​វិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៤០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិកពី​ប្រទេស​អូស្រ្តាលី។

ជន​ភៀស​ខ្លួនម្នាក់​ជា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ ​(Rohingya) ​ដែល​នៅក្នុង​ចំណោម​៤រូបនៃ​ជន​ភៀសខ្លួន​ក្រុម​ទីមួយ​មក​កម្ពុជា​នោះ ​បាន​ស្នើ​សុំ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​បន្ទាប់​ពី​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជារយៈ​ពេល​បី​ខែ​មក។​ ​ គាត់​បាន​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​ភូមា។​ ​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​បាន​ឲ្យ​ដឹង​ថា​ ជន​ភៀស​ខ្លួន​រូប​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ភូមា​រួច​រាល់​ហើយ​ ហើយ​កំពុងត្រៀម​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ភូមា​ក្នុងសប្តាហ៍​នេះ​ផង​ដែរ។​ ​ ​ចំណែក​ឯ​ជន​ភៀសខ្លួន៣​រូប​ផ្សេង​ទៀត​ ដែល​មាន​ប្រភព​ពី​ប្រទេស​អ៊ីរ៉ង់ បា​ន​ត្រៀម​ខ្លួនធ្វើ​សមាហរណ​កម្ម​ចូល​ក្នុង​សង្គម​កម្ពុជា​មុន​ពេល​កំណត់​ ដែល​មាន​រយៈ​ពេល​៦ខែ​នោះ។

«តាម​គម្រោង​គឺ៦ ប៉ុន្តែ​តែ​សង្កេត​ឃើញ​អ្នក​ដែល​រស់​នៅ​ហ្នឹង​គឺ​ដូច​ជា​ចេះខ្មែរ ​យល់​ពី​ទំនៀម​ទ​ម្លាប់​អីបាន​ អាច​រស់​នៅ​បាន​ ចេះ​សមរម្យ​ គេ​អាច​ទាក់​ទង​ និង​អាច​ចេញ​ទៅ​ក្រៅ​ជំរំ​រស់​នៅ​បាន។​ វា​គ្រាន់​តែជា​ការ​សាក​ល្បង​ទេ។​ ចាំ​មើល​ឲ្យ​គាត់​ចេញ​ក្រៅ​មក​ ​មក​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​នៅក្រៅ​សិន​ ហើយ​យ៉ាង​ម៉េច​ យ៉ាង​ម៉ា​ យើង​ចេះ​តែ​បន្ត​ទៅ​ទៀត។ ​វា​មិន​ពិបាក​អី​ទេ»។​

គម្រោង​បញ្ជូន​ជន​ភៀសខ្លួន​លើក​ទីពីរពីកោះ​ Nauru​ ប្រទេស​អូស្ត្រាលី​នេះ​ទទួល​បានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាទាក់​ទិន​នឹងការមើល​ថែ​ជន​ភៀស​ខ្លួន​ ​ការ​ផ្តល់​សេវា​អប់រំ​ ​សង្គម​កិច្ច​ ​សេដ្ឋកិច្ច​ និងសេរី​ភាព​នៃ​ការ​ដើរហើរ​របស់​ពួក​គាត់​ជា​ដើម។​

ការ​ប្រកាស​អំពី​គម្រោង​បញ្ជូន​ជន​ភៀសខ្លួន​ក្រុម​ទី​ពីរ​មក​កាន់​កម្ពុជា​នេះ​គឺធ្វើ​ឡើង​ក្នុង​ខែ​កន្លង​ទៅ​ ​គឺ​ក្នុង​ថ្ងៃដែល​លោក​ Tony Abbott​ អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រកាស​ថា​ អូស្ត្រាលីនឹងទទួល​យក​ជនភៀស​ខ្លួន​ចំនួន​១២.០០០នាក់​ពី​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់៕​

XS
SM
MD
LG