ប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬហៅថា CLV» បានក្លាយជាចំណុចចម្រូងចម្រាសចុងក្រោយនេះ ខណៈមានការព្រួយបារម្ភមួយចំនួនថា វៀតណាមនឹងគ្រប់គ្រងតំបន់នោះ ហើយកម្ពុជាអាចបាត់បង់ទឹកដីនោះ ដូចកម្ពុជាក្រោម។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន ១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
នៅគ្រាដែលរដ្ឋាភិបាលនៃប្រទេសទាំងបីកំពុងតែរៀបចំទៅតាមគម្រោង ដែលបានឯកភាពគ្នា ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួន សកម្មជនសង្គម និងអ្នកនយោបាយមួយចំនួនបានបង្ហាញការព្រួយបារម្ភ។
លោក ស្រ៊ុន ស្រ៊ន សកម្មជនដែលផ្សព្វផ្សាយអំពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសបានលើកឡើងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម តាមរយៈទំព័រហ្វេសប៊ុកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤។
លោកអះអាងថា គុណសម្បត្តិនៃការបង្កើតតំបន់ត្រីកោណនេះរួមមានការបង្កើតការងារឱ្យប្រជាពលរដ្ឋខ្មែរកន្លះលាននាក់ដែលរស់នៅក្នុងខេត្តចំនួនបួននោះ ការបង្កើតទំនាក់ទំនងល្អរវាងប្រទេសទាំងបី និងការធ្វើសមាហរណកម្មអាស៊ានដែលអាចកើតចេញពីតំបន់ត្រីកោណនេះ។
ចំណែកប្រទេសឡាវមានចំនួនប្រជាជនប្រហាក់ប្រហែលកម្ពុជា ខណៈវៀតណាមមានប្រជាជនជាង ៧ លាននាក់ ដែលស្ថិតនៅក្នុងតំបន់ត្រីកោណនោះ។ នេះបើតាមលោក ស្រ៊ុន ស្រ៊ន ដែលបញ្ជាក់ថា ការបកស្រាយរបស់លោកអំពីគុណសម្បត្តិ និងគុណវិបត្តិនៃតំបន់ត្រីកោណនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋថ្លឹងថ្លែងដោយខ្លួនឯង។
លោក ស្រ៊ុន ស្រ៊ន ក៏បានលើកឡើងអំពីគុណវិបត្តិនៃការបង្កើតតំបន់ត្រីកោណ CLV នេះ គឺកម្ពុជានឹងក្លាយទៅជា «អាយ៉ង» របស់វៀតណាម ហើយអាចបាត់បង់ទឹកដីទាំងនោះ ដូចសម័យព្រះជ័យជេដ្ឋាទី ២។
លោកបញ្ជាក់ថា៖ «ប៉ុន្តែវាមានគុណវិបត្តិរបស់វា បើកាលណាតំបន់ត្រីកោណនេះបានធ្វើមែនរវាងកម្ពុជា វៀតណាម ឡាវ កម្ពុជានឹងក្លាយទៅជាអាយ៉ងរបស់យួន គឺការសម្រេចបាននូវក្តីស្រមៃរបស់យួនក្នុងការបង្កើតចលនាកុម្មុយនីស្តឥណ្ឌូចិន ប្រទេសឥណ្ឌូចិន។ កម្ពុជា វៀតណាម ឡាវ នឹងមានរដ្ឋាភិបាលតែមួយទេ គឺយួន។ នេះជាផលលំបាក ដ៏លំបាកបំផុតរបស់យើង»។
លោក ស្រ៊ុន ស្រ៊ន ក៏បារម្ភថាតំបន់ត្រីកោណនេះនឹងក្លាយជាតំបន់ដែលដណ្តើមការងារពលរដ្ឋ ហើយរងការកាប់បំផ្លាញធនធានធម្មជាតិ។
ទោះជាយ៉ាងណា លោក ស្រ៊ុន ស្រ៊ន បានផ្តល់ជាដំណោះស្រាយចំនួនបី រួមមានប្រទេសកម្ពុជាត្រូវមាននីតិរដ្ឋ ពហុបក្សឱ្យទាន់ពេលវេលា ចំណែកពលរដ្ឋត្រូវជំរុញឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវតែអនុវត្ត និងត្រូវពង្រីកនិងពង្រឹងជីវភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅសហរដ្ឋអាមេរិកយល់ថា ការបង្កើតតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម គឺកម្ពុជាមិនមានអ្វីចំណេញអ្វីនោះឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាដាក់តំបន់នោះ ដើម្បីអភិវឌ្ឍគ្រាន់តែជា «លេស» ប៉ុណ្ណោះ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ក៏ប៉ុន្តែលោក ហ៊ុន សែន ជំពាក់គុណយួនដោយសារយួនលើកបន្តុប កាលពីទស្សវត្តិ៍ទី ៨០ ដូច្នេះគាត់ដឹងគុណយួន គាត់ចង់ដាក់ខេត្តទាំង៣ហ្នឹង រួមអភិវឌ្ឍជាមួយវៀតណាម ដើម្បីជាការដឹងគុណវៀតណាម ដែលវៀតណាមលើកបន្តុបគាត់តាំងពីទស្សវត្តិ៍ទី ៨០ ហើយដើម្បីរំឭកពីបក្សកុម្មុយនីស្តឥណ្ឌូចិនដែលមានបីប្រទេស កម្ពុជា វៀតណាម ឡាវផង ហើយថ្ងៃក្រោយអាចដីទាំងអស់ហ្នឹង បួនខេត្តហ្នឹង បាត់ទៅប្រទេសវៀតណាម»។
បើតាមអតីតតំណាងរាស្ត្រគណបក្សជំទាស់រូបនេះ ការរិះគន់អំពីតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាមនេះ ត្រូវបានលោកបណ្ឌិត កែម ឡី លើកឡើងតាំងពីឆ្នាំ ២០១៥ មក ដែលនិយាយអំពីគ្រោះថ្នាក់នៃការបង្កើតតំបន់មួយនេះ។ ប៉ុន្តែករណីមួយនេះ ប្រជាពលរដ្ឋទើបតែចាប់អារម្មណ៍សាជាថ្មី នៅពេលប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែកក្កដានេះ ដោយជួបជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលកម្ពុជាផ្សេងៗទៀត។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) មិនទាន់មានការវិវឌ្ឍអ្វីនៅឡើយទេ។ លោកបន្តថា រដ្ឋាភិបាលមានគោលបំណងអភិវឌ្ឍតំបន់ដាច់ស្រយាលនៃតំបន់ត្រីកោណនេះ។
អភិបាលខេត្តរូបនេះបានប្រតិកម្មទៅនឹងសំណួរដែលអ្នកសារព័ត៌មានសុំការបញ្ជាក់ជុំវិញការលើកឡើងរបស់អ្នកតាមដាន ដែលព្រួយបារម្ភថាកម្ពុជាអាចបាត់បង់ទឹកដី នៅពេលដាក់ខេត្តជាតំបន់ត្រីកោណអភិវឌ្ឍន៍។
លោកថ្លែងថា៖ «ទេ! ដូចអត់មានគោលការណ៍ណា ត្រូវខ្លាច ឬគោលបំណងត្រូវខ្លាចបាត់បង់អីទេ គោលបំណងគឺអភិវឌ្ឍតំបន់ឆ្ងាយដាច់ស្រយាល អត់មានគិតអី បំណងអីត្រូវបារម្ភអី បាត់បង់អីដូចតំបន់ណា ក្នុងប្រទេសណាដូចប្រទេសណានោះទេ។ ខ្លាចខាតបង់ ខាតអី ពីណាផលិតគ្រាប់ ពីណាអ្នកបំផ្លាញឥឡូវនេះ។...ព្រួយបារម្ភជាងគេម៉្លេះ ហើយយើងព្រួយបារម្ភម៉្លេះ យកគ្រាប់ឱ្យគេបំផ្លាញប្រទេសជាតិ អាហ្នឹងម៉េច អាហ្នឹង? បារម្ភម៉េច បារម្ភអីជាងពីណា ពីណាលើកឡើង ឱ្យមកបញ្ជាក់ប្រាប់ខ្ញុំមក ហើយហៅមកជួបមក។ ចេះតែលើកឡើងផ្តេសផ្តាសអត់មានអីឆ្ងល់ ដូចខ្វះការងារធ្វើអី គេកំពុងនាំគ្នាអភិវឌ្ឍ សប្បាយប្រទេស។ ហើយមកចង់មានបំណងម៉េច ចង់បំផ្លិចបំផ្លាញសណ្តាប់ធ្នាប់ សន្តិសុខប្រទេស។ ឃើញប្រទេសខ្លួនឯងធ្លាក់ក្នុងភ្លើងសង្គ្រាម សប្បាយចិត្តអី លោកឯងហ្នឹង»?
នៅក្នុងសន្និសីទនៅរសៀលថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចេញមុខបកស្រាយ ដោយលើកឡើងថា លោកជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ហើយលោកបានសុំឱ្យប្រទេសឡាវគាំទ្រគំនិតនេះ។ លោកបន្ថែមថា កម្ពុជាទទួលបានផលចំណេញច្រើនជាងគេក្នុងការបង្កើតតំបន់ត្រីកោណនេះ។
លោក ហ៊ុន សែន ក៏បានព្រមានថា អ្នកដែលញុះញង់ថាកម្ពុជាកាត់ដីឱ្យវៀតណាមគ្រប់គ្រង តាមរយៈការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនោះនឹងត្រូវប្រឈមមុខច្បាប់។
លោកថ្លែងថា៖ «ក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជា ជាពិសេសខ្លួនខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិ ទាក់ទិនការកាត់ដីបួនខេត្តទៅឱ្យវៀតណាម»។
ក្រោយការថ្លែងរបស់ លោក ស្រ៊ុន ស្រ៊ន សមត្ថកិច្ចខេត្តសៀមរាបបានចាប់ខ្លួនរូបលោក និងសហការីរបស់លោកពីរនាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដែលនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃតំបន់ត្រីកោណ។ ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបង្កភាពវឹកវរដល់សន្តិសុខសង្គម។ នេះបើតាម លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះ។ លោកបន្ថែមថា ការលើកឡើងរបស់ពួកគេហួសពីព្រំដែននៃការបញ្ចេញមតិ៕
វេទិកាបញ្ចេញមតិ