មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមបានចាត់ទុកការចុះរុះរើបដាទាមទារឱ្យដោះលែង លោក កើត សារ៉ាយ សកម្មជនសង្គមមួយរូប នៅទីស្នាក់ការរបស់ខ្លួនជាការរឹតត្បិតសិទ្ធិសេរីភាពលើសង្គមស៊ីវិល និងស្នើសុំឱ្យក្រសួងមហាផ្ទៃពិនិត្យមើលករណីនេះ។
ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក បន្ទាប់ពីអាជ្ញាធរជាង១០នាក់ពាក់ឯកសណ្ឋានស៊ីវិលបានចុះរុះរើដកស្លាកនៅទីស្នាក់ការរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលស្លាកនោះទាមទារឱ្យដោះលែងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ។ អាជ្ញាធរបញ្ជាក់ថាការដកហូតស្លាកនេះ ក្រោមហេតុផលប៉ះពាល់នីតិវិធីតុលាការ និងសណ្ដាប់ធ្នាប់សាធារណៈ។ នេះបើតាមមន្រ្តីអាដហុក។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីរបស់សមាគមអាដហុកស្នាក់ការកណ្តាលភ្នំពេញ ថ្លែងថា៖ «នេះជាករណីរឹតត្បិតសេរីភាពមួយទៀតដែលកើតឡើងមកលើសង្គមស៊ីវិល។ ខ្ញុំចង់បង្ហាញថាបដាប្រវែង១ម៉ែត្រ៤ជ្រុងដែល ដែលមានខ្លឹមសារថាសូមដោះលែង លោក កើត សារ៉ាយ នេះជាសេរីភាពក្នុងការបញ្ចេញមតិដែលជាផ្នែកមួយនៃការតស៊ូមតិ»។
លោកបន្ថែមថាការលើកបដានេះមិនបានប៉ះពាល់ទៅដល់ដំណើរការនីតិវិធីរបស់តុលាការ ដូចការលើកឡើងរបស់អាជ្ញាធរឡើយ។ លោកស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យមើលករណីនេះ ខណៈលោកថាបណ្តាខេត្តដទៃទៀតដែលមានទីស្នាក់ការរបស់សមាគមអាដហុកមិនមានសកម្មភាពដកហូតបដាបែបនេះឡើយ។
លោកបញ្ជាក់ថា៖ «យើងចង់ឱ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យស្រាវជ្រាវឡើងវិញ ពាក់ព័ន្ធនឹងការកាត់ស្លាករបស់សមាគមអាដហុក របស់អាជ្ញាធរក្រុងកំពង់ចាម។ ទីពីរយើងក៏ទទូចឱ្យក្រសួងមហាផ្ទៃធ្វើការបកស្រាយផងដែរថា ការលើកស្លាកសរសេរបដាអ៊ីចឹង! តើវាខុសឬក៏វាយ៉ាងម៉េច? យើងខ្លាចបញ្ហានេះវារាលដាលទៅបណ្តាខេត្តផ្សេងៗទៀត ដោយយកហេតុផលអ៊ីចឹងវាធ្វើឱ្យលំហសេរីភាពក្នុងការបញ្ចេញមតិរបស់សង្គមស៊ីវិលកាន់តែតូចទៅៗ»។
ការចុះមករុះរើស្លាក និងបដាដែលបង្ហាញសារទាមទារឱ្យដោះលែង លោក កើត សារ៉ាយ កើតឡើងបន្ទាប់ពីរដ្ឋបាលក្រុងកំពង់ចាមបានចេញលិខិតទៅប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកក្កដា ដោយបញ្ជាក់ថា ការដាក់បដា ឬខិត្តបណ្ណទាមទារឱ្យដោះលែង លោក កើត សារ៉ាយ «រំខានដល់ការអនុវត្តនីតិវិធីរបស់តុលាការ »និង«បង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់»ក្នុងក្រុងកំពង់ចាម។ អាជ្ញាធរឱ្យរុះរើចេញត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកក្កដា។ នេះបើតាមមន្រ្តីអាដហុក។
ការចុះរុះរើបដានេះកើតឡើងជាលើកទីពីរហើយនៅសមាគមការពារសិទ្ធិមនុស្សអាហុក ប្រចាំនៅទីស្នាក់ការខេត្តកំពង់ចាម។ កាលពីកន្លងទៅ នគរបាលខេត្តកំពង់ចាមក៏ធ្លាប់បានប្រាប់ឱ្យបុគ្គលិកសមាគមអាដហុកប្រចាំខេត្តដកបដាទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ចេញពីមុខសមាគមផងដែរ។ នេះបើតាមមន្រ្តីរបស់អាដហុក។
លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបញ្ជាឱ្យរុះរើបដានេះ គឺដើម្បីកុំឱ្យមានការប៉ះពាល់ដល់ដំណើរការនីតិវិធីតុលាការ ដោយលើកថា សំណុំរឿងនេះស្ថិតនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយ។
លោកថ្លែងថា៖ «រឿងហ្នឹងកំពុងនៅក្នុងនីតិវិធីរបស់តុលាការហើយតើ! ចាំបាច់មកចងបដាស្រែកកកោកកកាកអីនៅហ្នឹង។ អាហ្នឹងយើងនិយាយឱ្យការពិតដូចគ្នា! មិនទៅប្តឹងផ្តល់រកមេធាវី រកអីធ្វើតាមនីតិវីធីតុលាការទៅ! ចាំបាច់មកចងបដាអី? ផ្សព្វផ្សាយអី»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បើទោះបីអង្គការលីកាដូមិនទាន់មានករណីចុះរុះរើស្លាកបដាពីសំណាក់អាជ្ញាធរ ដូចសមាគមអាដហុកក៏ដោយ តែលោកយល់ថាការលើកបដានេះគ្រាន់តែជាសេរីភាពបញ្ចេញមតិ មិនមែនជាបទល្មើសដាក់គំនាបដល់ប្រព័ន្ធតុលាការទេ។
លោកថ្លែងថា៖«បើសិនជាយើងមើលទៅលើការលើកបដា នៅមុខការិយាល័យ វាគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះទេ! មិនមានបទល្មើសឬក៏ជាការដាក់គំនាបឬការគំរាមកំហែងណាមួយទៅលើប្រព័ន្ធតុលាការឬក៏ទៅលើអីទេ ព្រោះតុលាការមានឆន្ទានុសិទ្ធិក្នុងការសម្រេចសេចក្តី ប្រព័ន្ធមួយសម្រេចដោយឆន្ទានុសិទ្ធិរបស់តុលាការ»។
គួរបញ្ជាក់ថា លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនបន្ទាប់ពីលោកបានផ្សព្វផ្សាយ និងផ្តល់បទសម្ភាសន៍ទៅអ្នកសារព័ត៌មានអំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៤។ ក្រោយការចាប់ខ្លួន ក្រុមសង្គមស៊ីវិលដែលរួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក និងលីកាដូ បានទាមទារឱ្យមានការដោះលែង លោក កើត សារ៉ាយ តាមរយៈការចេញសេចក្តីថ្លែងការណ៍និងការចងបដាដែលមានសារ«ដោះលែងលោក កើត សារ៉ាយ»តាមទីស្នាក់ការរបស់ខ្លួនជាដើម។
លោក សំ ទិត្យសីហា មេធាវីការពារក្តីលោក កើត សារ៉ាយ ប្រាប់វីអូអេថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបិទការស៊ើបសួរក្នុងសំណុំរឿងរបស់លោក កើត សារ៉ាយ ហើយគ្រោងនឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះក្នុងពេលឆាប់ៗខាងមុខនេះ៕
វេទិកាបញ្ចេញមតិ