សកម្មជនច្រើនពាន់នាក់ប្រឆាំងនឹងការរំលូតទារកបានធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។ បាតុកម្មនោះមានឈ្មោះថា March to Life គឺការដើរដង្ហែក្បួនដើម្បីជីវិតដែលធ្វើឡើងមួយសប្តាហ៏បន្ទាប់ពីរកាន់តំណែងប្រធានាធិបតីរបស់លោក Donald Trump ដែលកំពុងពិនិត្យឡើងវិញនូវការពិភាក្សាថ្នាក់ជាតិដ៏យូរអំពីការរំលូតកូន។ បាតុកម្មប្រចាំឆ្នាំប្រឆាំងនឹងការរំលូតកូននេះធ្វើឡើង៦ថ្ងៃក្រោយពីបាតុកម្មរបស់ស្រ្តី Women's March ដែលមានអ្នកចូលរួមប្រមាណកន្លះលាននាក់នៅរដ្ឋធានីវ៉ាស៊ីនតោនប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីថ្មីនេះ។
បាតុកម្មប្រចាំឆ្នាំ ដែលធ្វើឡើងដោយសកម្មជនប្រឆាំងការរំលូតទារកនេះ បង្ហាញអារម្មណ៍ខុសប្លែកនៅឆ្នាំនេះ។ ពួកគេច្រើនពាន់នាក់ដើរជាក្បួននៅរដ្ឋធានីវ៉ាស៊ីនតោនតវ៉ាប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំ១៩៧៣ ដែលផ្តល់ភាពស្របច្បាស់ដល់ការរំលូតទារក។ ក្បួនតវ៉ានេះមានការគាំទ្រពីរដ្ឋាភិបាលថ្មីរបស់លោក Trump។
អ្នកស្រី Kellyanne Conway ទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump និយាយថា នេះជាថ្ងៃថ្មី ថ្ងៃសម្រាប់ជីវិតរះថ្មី។ ក្បួនដង្ហែនេះហៅខ្លួនឯងថា អ្នកគាំទ្រជីវិត។ ក្បួនដង្ហែនេះកើតចេញពីពាក្យសន្យារបស់រដ្ឋាភិបាលឯកភាព ដែលគណបក្សសាធារណរដ្ឋកាន់កាប់ទាំងសភា និងសេតវិមាន ហើយបានសន្យាថា នឹងពន្លឿននិន្នាការរឹតបន្តឹងច្បាប់រំលូតកូន។
លោកអនុប្រធានាធិបតី Mike Pence ថ្លែងថា ដោយសារតែអ្នកទាំងអស់គ្នា និងមនុស្សច្រើនពាន់នាក់ដែលចូលរួមក្នុងក្បួនដង្ហែដូចនេះជាច្រើននៅទូទាំងប្រទេស ដូច្នេះចលនាដើម្បីជីវិត នឹងឈ្នះជាថ្មីទៀតនៅអាមេរិក៕