មន្ត្រីជាន់ខ្ពស់នៃសេតវិមាននិយាយថា លោក Donald Trump ប្រធានាធិបតីស.រ.អា. និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានពិភាក្សាគ្នាកាលពីថ្ងៃសៅរ៍តាមទូរស័ព្ទ។ មន្ត្រីនោះមិនបាននិយាយលម្អិតអំពីការពិភាក្សានោះទេ តែគេរំពឹងថា មេដឹកនាំទាំងពីរពិភាក្សាអំពីអនាគតទណ្ឌកម្មរបស់ស.រ.អា.ចំពោះប្រទេសរុស្ស៊ី ក្រោយពីប្រទេសរុស្ស៊ីភ្ជាប់ឧបទ្វីប Crimea ជាមួយរុស្ស៊ី កាលពីឆ្នាំ២០១៤។
កាលពីថ្ងៃសុក្រ លោក Trump មិនបានបញ្ជាក់ការតាំងចិត្តថា តើលោកនឹងពិចារណាដកទណ្ឌកម្មនេះឬយ៉ាងណាទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា ចាំមើលសិន។លោកថ្លែងដូច្នេះក្រោយពីលោកជួបជាមួយលោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស។
លោកស្រី Kellyanne Conway អ្នកជំនួយការជាន់ខ្ពស់របស់លោក Trump និយាយក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ម្សិលមិញនោះ លោក Trump និងលោក Putin គ្រោងពិភាក្សាអំពីទណ្ឌកម្ម។ នោះជាកិច្ចសន្ទនារបស់លោក Trump លើកទី៣នៃគម្រោងកិច្ចសន្ទនា៥លើក នៅថ្ងៃសៅរ៍ពិភាក្សាជាមួយមេដឹកនាំប្រទេសផ្សេងទៀតក្នុងពិភពលោក។ ហើយនោះគឺជាកិច្ចសន្ទនាលោកទីមួយរវាងលោក Trump និងលោក Putin ក្រោយពីលោក Trump បានឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែ មករា។ មេដឹកនាំទាំងពីរនិយាយថា គេនឹងធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងធម្មតា៕