មនុស្សមួយចំនួនត្រូវឃាត់ខ្លួននៅអាកាសយានដ្ឋានក្នុងស.រ.អា. ហើយអ្នកខ្លះទៀតត្រូវរារាំងមិនឲ្យឡើងយន្តហោះអន្តរជាតិធ្វើដំណើរមកស.រ.អា.។ នេះបើយោងតាមមេធាវីនៅស.រ.អា.និងមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ។ វិធានការនេះធ្វើឡើងក្រោយពីលោកប្រធានាធិបតី Donald Trump ចុះហត្ថលេខាលើបទបញ្ជាអង្គនីតិប្រតិបត្តិកាលពីថ្ងៃសុក្រ ហាមប្រាមអ្នកធ្វើដំណើរពីប្រទេសខ្លះមកស.រ.អា.។
បទបញ្ជាអង្គនីតិប្រតិបត្តិនេះចូលជាធរមានភ្លាមកាលពីយប់ថ្ងៃសុក្រ ដោយហាមមិនឲ្យពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមភាគច្រើន ចូលស.រ.អា. ហើយអ្នកដំណើរខ្លះត្រូវជាប់នៅតាមផ្លូវនៅអាកាសយានដ្ឋាន។ កាសែត The New York Times រាយការណ៍ថា មេធាវីខ្លះបានចាប់ផ្តើមរៀបចំឯកសារច្បាប់តំណាងឲ្យជនភៀសខ្លួនអ៊ីរ៉ាក់ពីរនាក់ដែលនៅជាប់ក្នុងអាកាសយានដ្ឋាន JFK Airport នៅទីក្រុងញូវយ៉ក។
មេធាវីនឹងពង្រីកកិច្ចការរបស់គេដោយរៀបចំពាក្យបណ្តឹងបញ្ចូលជនភៀសខ្លួនដែលត្រូវឃាត់ខ្លួនខុសច្បាប់នៅអាកាសយានដ្ឋានក្នុងស.រ.អា.៕