លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះប្រកាសថា គណបក្សប្រជាជនកម្ពុជារបស់លោកជាអ្នកកាន់កាប់ជោគវាសនារបស់ប្រទេសកម្ពុជា និងថា មិនមានគណបក្សណាមួយអាចយកឈ្នះគណបក្សរបស់លោក ក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនោះទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៤ ខែកក្កដានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាពដែលកម្ពុជាកំពុងមានគឺកើតឡើងដោយសារគណបក្សរបស់លោក ហើយថា មិនមានក្រុមណាមួយដែលកំណត់វាសនាកម្ពុជា ក្រៅពីគណបក្សប្រជាជនកម្ពុជារបស់លោកនោះទេ។
ថ្លែងទៅកាន់កម្មករ-កម្មការិនីជាង២ម៉ឺននាក់ លោកនាយករដ្ឋមន្រ្តី ដែលកាន់អំណាចជាង៣០ឆ្នាំ និងបានប្រកាសបន្តកាន់អំណាច១០ឆ្នាំទៀតនោះ បានបញ្ជាក់ថា៖
«រហូតមកដល់ថ្ងៃនេះ តើអ្នកណាដែលកំពុងកាប់កាប់ជោគវាសនាប្រទេសជាតិនៅពេលនេះ? មិនមែនអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក៏មិនមែនគណបក្សនយោបាយណាផ្សេងក្រៅពីគណបក្សប្រជាជននោះទេ»។
លោក ហ៊ុន សែន បន្ថែមដោយអរគុណកម្មករ-កម្មការិនីទុកជាមុន សម្រាប់ការបោះឆ្នោតឲ្យលោកបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស ហើយថា ក្នុងកាលៈទេសៈនេះគឺមានតែគណបក្សប្រជាជនកម្ពុជារបស់លោកប៉ុណ្ណោះដែលនឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។
លោក ហ៊ុន សែន បញ្ជាក់ថា៖
«ពូមិនជឿថា មានគណបក្សណាដែលប្រជែងយកឈ្នះគណបក្សប្រជាជន យកឈ្នះពូនៅក្នុងកាលៈទេសៈនេះបានទេ ព្រោះប្រជាជនត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ ត្រូវការ ហ៊ុន សែន រួមដំណើរជាមួយបន្តទៀត»។
នៅមុនការចុះឈ្មោះគណបក្សនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត លោកនាយករដ្ឋមន្រ្តីតែងអំពាវនាវ និងលើកទឹកចិត្តឲ្យមានការបង្កើតគណបក្ស និងចុះឈ្មោះដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្រោយមក គណបក្សនយោបាយចំនួន២០ ដែលរួមមានទាំងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ផង បានចុះឈ្មោះ និងត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ទទួលស្គាល់ ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិទេ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ បានប្រាប់ VOA ថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ មហាជនជាទូទៅ ទាំងជាតិ និងអន្តរជាតិ សុទ្ធតែបានដឹងច្បាស់រួចទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឈ្នះភ្លូកទឹកភ្លូកដី។
លោកមានប្រសាសន៍ថា៖
«ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺយើងមើលឃើញថា នៅក្នុងឆ្នាំ២០១៨ ក្រោយខែកក្កដានេះ មិនមានគណបក្សណាមួយ ដែលនឹងអាចមកប្រជែងគណបក្សប្រជាជនបានទេ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិទៅ។ ហើយវានឹងអាចគណបក្សដែលកើតឡើង ឬរដ្ឋាភិបាលដែលកើតឡើង ក្រោយថ្ងៃ២៩ហ្នឹង នឹងអាចជាគណបក្ស ដែលមានតែមួយផងក៏មិនដឹង។ យើងចាំមើល អាចមានការដឹកនាំដោយគណបក្សប្រជាជនតែម្នាក់ឯង»។
ការបោះឆ្នោតអាណត្តិនេះកំពុងត្រូវបានស្ថាប័នជាតិ និងអន្តរជាតិធំៗមួយចំនួនយល់ឃើញថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌ បន្ទាប់ពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស កាលពីឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដកខ្លួនឈប់គាំទ្រការបោះឆ្នោតនៅកម្ពុជា ដោយថា ការបោះឆ្នោតនេះនឹងមិនមានភាពសេរី និងយុត្តិធម៌នោះទេ។
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ រីឯគ.ជ.ប.ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំង បានអះអាងថា ខ្លួនរៀបចំការបោះឆ្នោតទៅតាមច្បាប់កម្ពុជា ដែលមានចែងជាធរមាន។
យ៉ាងណាក៏ដោយ ទាំងគ.ជ.ប. និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុទ្ធតែបានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលការបោះឆ្នោតដោយបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕