ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្តកោះកុង​ពន្លឿនការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​ជូន​ពលរដ្ឋ​ មុនការ​បោះឆ្នោត​ខែ​កក្កដា


រូបឯកសារ៖ លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយ​​អ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/​VOA)
រូបឯកសារ៖ លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង និយាយ​ជាមួយ​​អ្នកសារព័ត៌មាន​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្រ្ត​ស្តីពី​ការបង្កើន​ចំនួន​ស្រ្តី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នា​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/​VOA)

អាជ្ញាធរ​កោះ​កុង​បានប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​វិវាទ​ដីធ្លី​ជាយូរ​ឆ្នាំ​ជា​មួយ​ក្រុមហ៊ុន​ស្ករអំពៅ​ ទៅ​ចាប់ឆ្នោត​យកដីឡូត៍​និង​ទទួល​យក​ថវិកា​​សំណង​បន្ថែម​នៅ​វត្តអារាម​មួយ​នា​ថ្ងៃសៅរ៍ស្អែក​នេះ។ ក៏ប៉ុន្តែ​ក្រុមពលរដ្ឋ​ចំនួន​១៧៥​​គ្រួសារ​ផ្សេង​ទៀត​ ​នៅ​បន្ត​តវ៉ា​ទាមទារ​ប្តូរដី​ ដែល​មិន​អាស្រ័យ​ផល​ខាង​កសិកម្ម។

ក្រោយ​ការតវ៉ា​មិន​ឈប់ឈរ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនោះ​ ប្រជាពលរដ្ឋ​ប្រមាណ​៥៨៥គ្រួសារ​ បាន​ទទួល​ការ​ឆ្លើយតប​មក​វិញ​ពីអាជ្ញាធរ នូវការ​ចាប់​ឆ្នោត​យក​ដីឡូត៍​ និង​ថិវកា​ ​ទៅ​តាម​ស្ថានភាព​នៃ​ជម្លោះ​ដីធ្លី​ដែល​ពួកគេ​មាន​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្តកោះកុង។​ ​ក៏ប៉ុន្តែ​មាន​ក្រុមពលរដ្ឋ​ចំនួន​១៧៥គ្រួសារ​ផ្សេង​ទៀត​ ​នៅ​បន្ត​តវ៉ា​ទាមទារ​ប្តូរដី​ ដែល​មិន​អាស្រ័យ​ផល​ខាង​កសិកម្ម ហើយនិង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​ ​Union Development Group​ ​ក៏មិន​ទាន់​ទទួល​បាន​ការដោះស្រាយ​ពី​អាជ្ញាធរ​ និងក្រុមហ៊ុន​ចិន​នេះដែរ។

អាជ្ញាធរ​ក្នុងខេត្តកោះកុង​ដែលស្ថិត​នៅ​ជាប់​ប្រទេស​ថៃ​ បាន​ប្រកាស​ដល់​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​វិវាទ​ដីធ្លី​ជាយូរ​ឆ្នាំ​ជា​មួយ​ក្រុមហ៊ុន​ស្ករអំពៅ​ ឲ្យ​ទៅ​ចាប់ឆ្នោត​យក​ដីឡូត៍​ និង​ទទួល​យក​ថិវកា​ដែល​ជាសំណងបន្ថែម​នៅវត្តអារាម​មួយនាថ្ងៃសៅរ៍ស្អែកនេះ។ ​នេះបើយោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តកោះកុង​ ដែល​ ​VOA​ ​បានទទួល។ ​

លិខិត​រដ្ឋបាល​ខេត្ត​កោះកុង​ចុះថ្ងៃទី​២៨ ​ខែ​មិថុនា​នេះ​ ​បាន​សរសេរ​ក្នុង​ន័យដើមថា៖

«រដ្ឋបាល​ខេត្តកោះកុង​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​មានវិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ Koh Kong Plantation Co., Ltd និងក្រុមហ៊ុន​ ​Koh Kong Sugar Industry Co., Ltd ស្ថិតក្នុង​ស្រុក​ស្រែ​អំបិល​ និងស្រុក​បូទុមសាគរ​ ខេត្តកោះកុង ជ្រាបថា​ ក្រុមការងារ​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្តនឹង​រៀបចំ​ពិធី​ចាប់​ឆ្នោត​យក​ដីឡូត៍ និងប្រគល់​ថវិកា​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ពាក់​ព័ន្ធ​ខាង​លើ​នៅ​វេលាម៉ោង៖​ ​៨ នាទីព្រឹក​ ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨ នៅ​វត្ត​ជីខលើ ស្រុក​ស្រែអំបិល​ខេត្តកោះកុង»។

យោងតាម​លិខិត​ដដែល​នោះ​ រដ្ឋបាល​ខេត្តនឹង​រៀបចំ​ជួប​ពលរដ្ឋ​ដាច់ឡែក​ពីរ​ក្រុម​ ​ដោយ​បង​ប្អូន​ពលរដ្ឋ​ក្រុម ១៧០គ្រួសារ​ ដែល​បាន​យល់​ព្រម​រួច​ហើយនោះ​ សូមអញ្ជើញ​មកចាប់​ឆ្នោត​យក​ដីឡូត៍​ និង​ទទួល​ថវិកា​ និងបងប្អូន​ប្រជាពលរដ្ឋ​ក្រុម​៣១៧គ្រួសារ​ និងក្រុម៩៨​គ្រួសារ​ សូម​អញ្ជើញ​មក​ចាប់ឆ្នោត​យកដីឡូត៍ និង​ទទួល​ថវិកា​ តាមការ​ស្ម័គ្រចិត្ត​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកោះកុង​ កើតមាន​ឡើង​ បន្ទាប់ពី​ប្រជា​ពលរដ្ឋ​ដែលជាប់​ផុង​ក្នុងទំនាស់​ បាន​បើកការតវ៉ា​ជាច្រើន​លើក​ច្រើន​សារ​នៅ​រាជធានី​ភ្នំពេញ។​ ​ពួកគេ​ថែម​ទាំង​បាន​ធ្វើដំណើរ​ដោយការ​ថ្មើជើង​មក​រាជធានី​ នៅពេល​មានការ​រារាំងពីអាជ្ញាធរ​មូលដ្នាន។​ហើយ​នៅ​ពេល​មក​ដល់​រាជធានី​ ក៏​ត្រូវប្រឈមនឹង​ការ​ប៉ះទង្កិច​ជាមួយ​អាជ្ញារធរ​ផងដែរ។​

មុន​ពេល​ប្រកាស​ឲ្យ​ពលរដ្ឋ​មក​ទទួល​ដំណោះស្រាយ​ជាដីឡូត៍ និងថវិកាដដែលនេះ​ ​អ្នកស្រី ​មិថុនា ភូថង​ ​អភិបាល​ខេត្តកោះកុង​ បាន​ចេញ​សេចក្តីដំណឹង​ជូនដំណឹង​ដាច់​ដោយឡែកមួយ​ទៀត​ប្រាប់ពលរដ្ឋ​ថា​ ក្រុមការងារ​នឹង​ចុះផ្ទាល់​ដល់​ទីតាំង​ដី ដើម្បី​វាស់​វែង និងបែង​ចែក​ឡូត៍​ជូន​ប្រជាពលរដ្ឋ​ ចាប់​ពីថ្ងៃទី​២៩ ខែមិថុនា​ ឆ្នាំ ២០១៨។

អ្នកស្រី មិថុនា ភូថង​ ​បាន​ស្នើ​ដល់​ពលរដ្ឋ​ពាក់​ព័ន្ធ​ឲ្យសហការ​ជាមួយ​ក្រុម​ការងារ​ ហើយ​បាន​ព្រ​មាន​ថា​ ក្នុងករណី​មិនចូលរួម​សហការ​ ​និង​ក្រុម​ការងារ​នោះ​ ​រដ្ឋ​បាល​ខេត្តមិន​ទទួល​ខុស​ត្រូវ​ឡើយ។​ ​ការ​ព្រមាន​នេះ​ ក៏បាន​កើតឡើង​ បន្ទាប់ពី​ប្រជា​ពល​រដ្ឋ​ក្រុម​៣១៧​គ្រួសារ​ ​បាន​ដើរមក​កាន់​រាជធានី​ជាថ្មី​ក្នុង​សប្តាហ៍​នេះ​ ​និង​បាន​ស្នាក់​នៅ​វត្តសាមគ្គីរង្សី​ចំនួន​បីយប់​មក​ហើយ​ ដើម្បី​ធ្វើ​ការតវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី។

លោក​ ឱម ផុន​ ​វ័យ​៦៥​ឆ្នាំ​ ពលរដ្ឋមកពីឃុំជីខ​លើ​ ​ស្រុក​ស្រែអំបិល​ ​ដែល​តំណាង​ឲ្យពល​រដ្ឋ​៣១៧​គ្រួសារ​ មាន​ប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃសុក្រនេះ​ លោក អន ភារៈ អភិបាលរង​ខេត្ត​កោះកុង​ និង​អ្នកស្រី​មុថិនា​ ភូថង​ បាន​ចូលមក​ជួប​ប្រជាពលរដ្ឋ​នៅក្នុង​វត្ត​សាមគ្គីរង្ស៊ី​ ដើម្បី​ចរចា​ជាមួយ​ពលរដ្ឋ​រឿង​សំណង​ជាថវិកា​ចំនួន​៣០០០ដុល្លារ​និង​ផ្ទៃដី​ផ្សេង​ទៀត។

ក្រោយ​ការចរចានោះ​ លោកប្រាប់​VOAបន្តថា​ ប្រជាពលរដ្ឋ​ប្រមាណ​៣០នាក់ បាន​ធ្វើដំណើរ​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ​ ទៅមើល​ដីដែល​អាជ្ញាធរ​ខេត្តកោះកុង​ បាន​រៀបចំ​ទុក​ជូន​ប្រជាពលរដ្ឋ​។ យ៉ាងណា​ក្តី​ លោក​មិនទាន់​ប្រាកដថា​ ទីតាំងដី​ដែល​អាជ្ញាធរ​គ្រោង​ផ្តល់​ជូន​ពលរដ្ឋ​នោះ​ អាច​ទទួល​យក​បាន​ឬក៏អត់នោះទេ​ ហើយថា​ តំណាង​ពលរដ្ឋ​ទាំងនោះ​នឹង​វិលមក​កាន់​រាជធានី​វិញ​ ក្នុងករណី​ពួកគេមិន​ពេញ​ចិត្ត​ដីឡូតិ៍​ដែល​អាជ្ញាធរ​ត្រៀម​ផ្តល់​ជូន​នោះ។

«បើអត់​ពេញចិត្ត​ហ្នឹង​ ​យើង​ក៏អត់ទទួល​យក​បាន​ ក៏​បងប្អូន​យើង​វា​៣០គ្រួសារ​ហ្នឹង​ ​ឡើង​ទៅ​ នៅ​វត្តសាមគ្គី​រង្សី​ ទៅជួប​ពលរដ្ឋ​យើង​នៅហ្នឹង​វិញ​ វិញហើយ»។​

លោក​ ​ឱម ផុន​ ​បញ្ជាក់​ថា​ មកដល់​ពេល​នេះ​ ​មាន​ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​ក្នុងចំណោម​៣១៧គ្រួសារនេះ​ កំពុង​ស្នាក់​នៅ​ក្នុង​វត្តសាមគ្គីរង្សី​ ​ដើម្បីរង់ចាំ​ទទួល​លទ្ធផល​នៃ​ការ​ទៅពិនិត្យ​ទីតាំង​ដីរបស់​តំណាង​៣០នាក់​នោះ​។

ដោយ​ឡែកក្រុមពលរដ្ឋ​១៧៥គ្រួសារ​ដឹកនាំ​ដោយ​អ្នកស្រី​ ​ផាវ ញើង​ ​ប្រាប់​ ​VOA​ ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ផ្នែក​ខ្លះ​នៃ​ដីឡូត៍​ដែលរដ្ឋ​គ្រោងបែងចែក​ឲ្យនោះ​ ​ជាដី​លេចទឹក​ ​និង​នៅក្នុងព្រៃ​ហើយ​មាន​ទាំង​ថ្មធំៗ​ដែល​មិន​អាចឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ ​និងចម្ការបានទេ​។

អ្នក​ស្រី​ ​ផាវ ញើង​ ​កំពុងទាមទារឲ្យ​ ​ដោះដូរ​ក្បាល​ដីដែល​ពលរដ្ឋ​ក្នុង​ក្រុម​អ្នកស្រី​មិន​ពេញចិត្ត​ ឬ​អាជ្ញាធរ​ត្រូវ​ធ្វើការ​ឈូសឆាយ​សម្អាត​ដី​ ដែល​អាច​ឲ្យ​ពលរដ្ឋ​រស់នៅ​ និង​បង្កបង្កើន​ផល​ដំណាំ​បាន​។

តំណាង​ពលរដ្ឋ​រូបនេះ​ និយាយ​បន្តថា កាលពីថ្ងៃ​ព្រហស្បតិ៍​មិ្សលមិញនេះ​ ​លោក​ ​សយ សុភាព​ ​ប្រធាន​អង្គភាព​ព័ត៌មាន​ដើមអម្ពិល​ បាន​ចុះ​មក​សម្រប​សម្រួល​ ឲ្យពលរដ្ឋ​ទទួលយក​ដី។​ ​អ្នក​ស្រី​ចោទថា​ លោក​សយ សុភាព មិនបាន​មក​សម្រប​សម្រួល​ទេ​ ហើយ​បាន​ថត​យក​រូប​ភាពតែ​ផ្នែកល្អនៃ​ដី​ដែល​ប្រើការ​បានប៉ុណ្ណោះ ហើយ​ដែល​លោក​ប្រដូចថា​ជា «ដីមាស​ ដី​ពេជ្រ​»។​

«បើសិនជាគាត់​អ្នក​សម្រុះសម្រួល​អាជ្ញា​កណ្តាល​ពិត​ សុំ​ឲ្យគាត់​អញ្ជើញ​ទៅមើល​ដុំថ្ម​ ដីព្រៃ​ហ្នឹង​ ​មែន​ឲ្យ​ទៅ​ឈរមើល​ អីទៅទស្សនាខ្សែរ​វីដេអូ​ សាច់រឿង​ល្អ​ នៅតាម​ផ្លូវ​ហើយ​ ថត​ល្អ​ៗ​ហើយ​ ​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ថា​ ដីមាស​ ដី​ពេជ្រហើយ​នៅអត់​យក​ទៀត​ ក្រុមបង​ញើង​ថា​ចឹង​»។​

អ្នកស្រី​អះអាង​ថា​ ​លោក​ ​សយ សុភាព​ ​មានភាពលម្អៀង​ខាង​នយោបាយ​ នៅពេល​ចុះមក​ជួបពលរដ្ឋ​ ​ដើម្បី​ធ្វើ​ការ​សម្របសម្រួលរឿងជម្លោះ​ដី​ដដែល​នះ។

«គ្រាន់​តែ​និយាយ​ចេញ​មក​ ​ពួកខ្ញុំ​ដឹង​ថា​ធ្វើ​នយោបាយ​បាត់​ហើយ​ ហើយ​ពួកខ្ញុំ​ទៅតវ៉ា​មុន​បោះ​ឆ្នោត​អី​ ​ធ្លាក់​សន្លឹក​ឆ្នោត​ ឬមួយ​អី​ ខ្ញុំ​អត់​ខ្វល់​រឿង​នយោបាយ​ទេ​ ពួកខ្ញុំ​ខ្វល់​អារឿង​ឆ្នាំង​បាយ​ ម្នាក់​ៗ​ទុកលុយ​ចាក់​សាំង​ ​ដើរ​ឲ្យ​ជូនក្រុម​ការងារ​ ដើរចុច​ផ្ទៃដី​ ៦៧៧ហិកតា»។​

លោក​ ​សយ សុភាព​ ​ត្រូវគេស្គាល់​ថា​ ជាអ្នកធ្លាប់​ដើរ​តួជាអ្នក​សម្របសម្រួល​ខាង​នយោបាយ​ និង​បញ្ហា​សង្គម​ផ្សេង​ទៀត​ផងដែរ។​ ​VOA​ ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ ​សយ សុភាព​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ ​អន ភារៈ​ ​អភិបាល​រង​ខេត្តកោះកុង​ ​មានប្រសាសន៍​ការពារ​លោក​សយ សុភាព​ដែល​ត្រូវ​រង​ការ​ចោទពី​អ្នកស្រី ផាវ ញើង​ថា​ បាន​ធ្វើ​នយោបាយ​ក្នុងការ​សម្របសម្រួល​ជា​មួយ​ពលរដ្ឋ ហើយ​ថា​ ដី​ដែល​អាជ្ញាធរ​ត្រៀមទុក​ឲ្យនោះ​ ជាដីមាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ត្រឹម​ត្រូវ​ទៀត​ផង​។

«យើង​ទាមទារ​ចង់​បាន​ដីធ្លី​ បានលុយ​ លុយបាន​ហើយ​ ហើយ​ដី​ យើង​ថា​ដីស្អី​បង្កបង្កើន​ផល​មិនកើត​ម៉េច​ ទឹកភ្លើង​ដីអីម៉េច​ ហើយ​គេ​ ក៏ព័ត៌មាន​គេទៅមើល​ជាក់​ស្តែង​ដី​ មានផ្លូវ​មាន​បង្គោល​ខ្សែរ​ភ្លើង​អី​ទៅដល់​ហ្នុង​អស់​ហើយ​។ មិនមែន​ដីព្រៃ​សុទ្ធ​ណា​ គ្រាន់​ថា​ ដី​វា​ផ្ទាំង​ ៥០០​ជាង​ហិកតា​ វាធម្មតា​ ប៉ះព្រៃ​បន្តិច​បន្តួច​អី​ វាចេះ​តែមាន​ហើយ»។

លោក​ថា​ ការ​សាងសង់​ផ្លូវ​បន្ថែម​ ​នឹង​ធ្វើ​បន្ត​ ដើម្បីសម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​រស់នៅ​ និង​ធ្វើ​កសិកម្ម។

«លោក​ជំទាវ​អភិបាល​ខត្តក៏បាន​ប្រាប់​ថា​ នឹង​ជួយ​ធ្វើ​ផ្លូវបន្ថែម​ទៀត​ អាផ្លូវ​រង​ ផ្លូវ​ ចូលៗ​ទៅ​ហ្នឹង​ អាកន្លែង​ណា​ដែល​អត់​ទាន់​មានផ្លូវ​យើង​ក្នុង​ផែន​ទី​ មាន​ផ្លូវ​ និង​ជួយធ្វើ​ផ្លូវ​ ហែក​ផ្លូវ​ឲ្យ​បន្ថែម​ ហើយ​និង​ជួយ​ ឈូសឆាយ​ព្រៃ​ហ្នឹង​ឲ្យ​ខ្លះទៀត​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​យើង​ បង្ក​បង្កើន​ផល​បាន»។

មន្ត្រីសិទ្ធិ​មនុស្ស​របស់​អង្គការ​ឃ្លាំមើល​ និងការ​ពារ​សិទ្ធិមនុស្ស​លីកាដូប្រចាំ​ខេត្តកោះកុង លោក​ហួរ អ៊ីន​ ​ជឿថា​ ​បញ្ហា​ទំនាស់​ដីធ្លីនេះរ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នឹង​ បញ្ចប់​បាន​ឆាប់​ៗនេះ​ ព្រោះថា​ ឥឡូវ​អាជ្ញាធរ​មាន​ដី​សម្រាប់​ចែក​ជូន​ពលរដ្ឋ​។ ប៉ុន្តែ​ បញ្ហា​ដីដែល​មិន​អំណោយ​ផល​ដល់​ការ​រស់នៅ​ ឬការ​ធ្វើស្រែ​ចម្ការ​មិន​បាន​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ​ អូស​បន្លាយ​ពេលទៀត។

«ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​បាន​ ហើយ​រឿងហ្នឹង​វា​ហ្នឹង​ វាហ្នឹង​ ឆាប់​ចប់​នា​ពេល​ខាង​មុខ​នេះ​ គឺខាង​ក្រសួង​ ក៏ដូច​ជា​អាជ្ញាធរ​ អាជ្ញាធរ​ដែនដី​ ត្រូវ​សម្លឹង​រក​ទីតាំង​ណា​ ហើយ​គឺ​គាត់​ អាច​ដាំ​ដំណាំបាន​ ហើយ​ធ្វើ​ផ្លូវ​ ដើម្បីបង្ក​លក្ខណៈ​ ឲ្យគាត់​ងាយស្រួល​ អាច​ធ្វើ​ដំណើរ​ ដំណើរ​បាន​ទៅ​ ខ្ញុំគិត​ថា​ ​ដំណោះ​ហ្នឹង​ វានឹង​បាន​ចប់​ ហើយ​ប្រជាពលរដ្ឋ​ពិត​ ពិត​ជា​ព្រម​ទទួល​យក​ហើយ»។

មន្ត្រីសិទ្ធិមនុស្ស​រូបនេះ​ បានបញ្ជាក់​ឲ្យដឹង​ដែរថា​ នៅព្រឹក​ថ្ងៃសុក្រ​នេះ​ លោក សយ សុភាព​ និង​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ជម្លោះ​របស់​ពលរដ្ឋ​ និង​ក្រុមហ៊ុនចិន​ Union Development Group តែលោកថា ពលរដ្ឋ​បាន​រាយការណ៍​មកថា​ មិន​មាន​ការ​ស្រុះស្រួលណា​មួយ​បាន​ធ្វើឡើងនោះទេ។ លោកថា​ ទីតាំង​ជម្លោះដែលកំពុង​កើន​កម្តៅ​ខ្លាំង​នោះ​ គឺស្ថិត​ក្នុងឃុំ​កោះស្តេច​ ស្រុក​គិរីសាគរ និង​ឃុំតានូន​ ស្រុក​បូទុម​សាគរ​ខេត្ត​កោះកុង​។

ទំនាស់ដីធ្លី​រវាង​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួនពីរនេះ​ ត្រូវ​គេដឹងថា​ដើមឡើយ​ផ្តើម​ចេញ​ពី​ជំនួញ​របស់​លោក លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវគេដឹងថា​ជាឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្តកោះកុង​។ តែ​សេដ្ឋី​រូបនេះ​ ធ្លាប់​បាន​ប្រាប់​វីអូអេ​កាល​ពីពេល​ថ្មីៗនេះថា​ លោក​មិនមាន​ទំនាក់​ទំនង​អ្វីទៀតទេ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំងពីរ​នេះ​ ដែល​បាន​បង្ក​ឲ្យមាន​ទំនាស់​ដីធ្លីនេះ​អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​ហើយ​នោះ។

ក្នុងបញ្ហា​វិវាទរវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ចិន​ Union Development Group​នោះ​ មាន​ប្រជា​ពលរដ្ឋ​ជាង១.០០០​គ្រួសារ​ ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ តាំង​ពី​ក្រុមហ៊ុន​នេះ​ចូល​មក​បោះទុនវិនិយោគ​ទីក្រុង​ទេសចរណ៍ធំមួយ​តម្លៃ​៣,៨ពាន់​លានដុល្លារ​នៅឆ្នាំ​២០០៨​។ រហូត​មក​ដល់ពេល​នេះ​ នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ មិនទាន់​ទទួល​បាន​ដំណោះស្រាយទេ​ ខណៈដែលគម្រោង​វិនិយោគនោះ​ ត្រូវគេរាយ​ការណ៍មក​ថា​បាន​ចាប់ផ្តើម​ចេញ​ជា​រូបរាង​ដោយសន្សឹមៗ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG