ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​បន្ត​ឃោសនា​តាម​ទូរ​គមនាគមន៍​អំពី​បច្ចុប្បន្ន​ភាព​នៃ​ដំណើរការ​បោះឆ្នោត


រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦ នៅរាជធានី​ភ្នំពេញ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

នៅ​មុន​ការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​នេះ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)​ បាន​បង្កើន​កិច្ច​ខិតខំ​របស់​ខ្លួន​ថែម​ទៀត​ ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ថ្មីៗ​ស្តីពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ប្រាំមួយ​ ​ដែល​គ្រោង​នឹង​ធ្វើនៅ​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ ​នេះ​បើ​យោង​តាម​សារ​ផ្ញើ​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​ទូរសព្ទ​សំខាន់ៗ​ក្នុង​ប្រទេស​តាំងពី​សប្តាហ៍​មុន​មកទល់​នឹង​ដើម​សប្តាហ៍​នេះ។​

កាលពី​ថ្ងៃ​សៅរ៍ ​គ.ជ.ប. បាន​ប្រកាសសារ​ផ្ញើតាម​ប្រព័ន្ធ​ទូរសព្ទ​ក្រុមហ៊ុន​ ​Mobitel​ ​ថា​ ​ខ្លួន​ស្វាគមន៍​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ពីគ្រប់​ទិសទី​ និង​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ អ្នក​សង្កេត​ការណ៍​ជាតិ​ជាង​៣៤០០០​នាក់​ និង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ចិន​ និង​មីយ៉ាន់​ម៉ា។ ​នៅថ្ងៃ​សៅរ៍​ដដែល​នោះ​ គ.ជ.ប.​បាន​បញ្ជាក់​ថា​ អ្នក​បោះឆ្នោត​ដែល​ពុំទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សូម​អញ្ជើញ​ទៅ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យការ​បោះឆ្នោត​ ពីថ្ងៃ​ទី​២៨​ មិថុនា​ ដល់​២៧​កក្កដា​ ២០១៨។

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ គ.ជ.ប.​ បាន​ផ្ញើសារ​បញ្ជាក់​ពី​ការ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​នៅតាម​គណៈ​កម្មការ​ឃុំ សង្កាត់​ រៀបចំ​ការ​បោះឆ្នោត​ (គឃ.សប)​ ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩​មិថុនា​ ដល់​ថ្ងៃ​ទី​៥​ខែ​កក្កដា​ ឆ្នាំ​២០១៨។​

​នៅថ្ងៃ​អង្គារ​នេះ ​VOA​ មិនអាចទាក់​ទង​លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​គ.ជ.ប.​ដើម្បី​សុំ​ការ​អធិប្បាយ​ទៅ​លើ​ការ​ផ្ញើ​សារ​តាម​ទូរសព្ទ​ ដែល​រង​ការ​រិះគន់​ពីអ្នក​ប្រើប្រាស់​បណ្តាញ​ទូរសព្ទ​មួយ​ចំនួន​ដែល​ថា​ ការ​ផ្ញើសារ​នោះ​ជា​ការ​រំខាន​នោះ។ VOA​ ​ក៏បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​របស់​គ.ជ.ប. គឺ​លោក​ ​ឌឹម សុវណ្ណារុំ តែ​ក៏​មិនទាន់​អាច​ទាក់ទងបាន​ដែរ​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

សេចក្តី​ប្រកាស​មួយ​របស់​គ.ជ.ប.​ ​ចុះ​ថ្ងៃ​ទី២២ ខែ​មិថុនា​បាន​ឲ្យដឹង​ថា​ គ.ជ.ប.បាន​រៀបចំ​ផ្តល់​សេវា​ព័ត៌មាន​តាម ​«ការ​ផ្ញើសារ​ (SMS)​សំខាន់ៗជា​រៀង​រាល់​ថ្ងៃទៅ​កាន់​ទូរសព្ទ​ដៃ​ចំនួន​៥​លាន។​ ម្ចាស់​ឆ្នោតបាន​នឹង​កំពុង​ទទួល​បាន​សារ​គ.ជ.ប.។​

សេចក្តី​ប្រកាស​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គ.ជ.ប.បាន​នឹង​កំពុង​ផ្សាយ​សាក​ល្បង​ទូរទស្សន៍​ វិទ្យុ​ ​និង​ព័ត៌មាន​ Online ដែល​អាច​ទាញ​យក​ដាក់​ក្នុង​ទូរសព្ទ​ដៃ​បាន​ (Download) ​តាម​រយៈ​កម្មវិធី​ (App) CamNEC News។ ​ការ​ផ្តល់​សេវា​នេះ​គឺ​មាន​ន័យ​ថា​ ជា​អ្នក​បម្រើ​សេវា​សម្រាប់​ម្ចាស់​ឆ្នោត​ ដែល​ជា​គោល​ការណ៍​មួយ​ក្នុង​ចំណោម​គោល​ការណ៍​ទាំង​៧ ដែល​ជាត្រី​វិស័យ​របស់​គ.ជ.ប.»។​

គ.ជ.ប. ក៏​បាន​ឲ្យ​ដឹង​តាម​សារ​ដាច់​ដោយ​ឡែក​ផ្សេង​កាលពី​ថ្ងៃ​ច័ន្ទ​តាម​ន័យ​ដើម​ថា៖​

«គ.ជ.ប.បាន​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះឆ្នោត​បាន​ចំនួន​ជាង​៥​លាន​៥​សែន​នាក់ ស្មើ​នឹង​ ៦៦,៦៨​ភាគរយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៩​ មិថុនា​ ឆ្នាំ​២០១៨​ និង​ក្រុម​ការងារ​បន្ត​ចែក​ដល់​ថ្ងៃ​ទី​៥​ កក្កដា​ ឆ្នាំ​២០១៨»។​

ការ​បង្កើន​កិច្ច​ប្រឹងប្រែង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ចំពោះ​ការ​បោះឆ្នោត​សាកល​ដែល​នឹង​ចាប់​ផ្តើម​នៅចុង​ខែ​កក្កដា​នោះ​បាន​ធ្វើ​ឡើង​ នៅ​ស្រប​ពេល​មាន​ការ​រិះគន់​ពី​ដំណើរ​ការ​បោះឆ្នោត​ ដែល​នឹង​មិនមែន​ជា​ការ​បោះឆ្នោត​ពិតប្រាកដ​នោះ​ទេ​ ដោយ​សារ​ការ​បដិសេធ​សិទ្ធិ​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្តឹង​តុលាការ​ឲ្យ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន។​

អង្គការ​សំខាន់ៗ​ពីរ​ដែល​ឃ្លាំមើល​ការបោះឆ្នោត​គឺ​អង្គការ​ខុមហ្វ្រែល ​និង ​Nicfec បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​សង្កេត​ការណ៍​ ​ដោយ​បាន​អះអាង​ថា​ ពួក​គេ​បាន​រង​សម្ពាធ​ពី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​គាំទ្រ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

អង្គការ​តម្លាភាព​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​នេះ​ ​ក៏​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ជាតិ​នា​ចុង​ខែ​កក្កដា​នេះ​ដែរ ដោយ​អះអាង​ថា​ ​ស្ថានភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​ប្រមូល​ធនធាន​គ្រប់​គ្រាន់ ​ដើម្បី​រួម​ចំណែក​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាងមុខ។

រី​ឯ​អង្គការ​បណ្ដាញ​អាស៊ាន​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​ឬ​ហៅ​កាត់​ថា​ ​ANFREL​ ​បាន​ចេញ​របាយ​ការណ៍​កម្រាស់​១៥​ទំព័រ​ ​កាលពី​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ដោយ​វាយ​តម្លៃ​ថា​ ​«ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​គ្មាន​ភាព​យុត្តិធម៌​ ​និង​សេរី​នោះ​ទេ»។​ ​របាយ​ការណ៍​នោះ​បាន​លើក​៤​ចំណុច​សំខាន់ៗ​គឺ​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន​ ​និង​សិទ្ធិ​នយោបាយ​បាន​រង​ការ​គំរាម​កំហែង ​និង​ការ​រឹតត្បិត។​

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ ក្រៅពី​ការ​ប្រកាស​ដកខ្លួន​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​សំខាន់ៗ​នេះ​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​ដែល​ជា​សាស្ត្រាចារ្យ​ច្បាប់​ផង​នោះ​ បាន​ប្រកាស​ច្បាស់ៗ​ នៅ​ពេល​ចាប់​ផ្តើម​ចុះ​បញ្ជី​គណបក្ស​នយោបាយ​កាលពី​ចុង​ខែ​មេសា​ថា​ ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ​នោះ​ នឹង​មិន​មែន​ជា​ការ​បោះឆ្នោត​ពិត​ប្រាដក​នោះ​ឡើយ​ នៅពេល​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​សំខាន់​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។​

ថ្មីៗ​នេះ​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​២៩​ ​ខែ​កក្កដា​នៅ​ប្រទេស​កម្ពុជា​ ជា​ការ​ធ្វើ​ឲ្យ​ខូចខាត​កាន់​តែ​ខ្លំាង​ថែម​ទៀត​នៃ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ ​ហើយ​ថា​ ជម្រើសបុគ្គល​ម្នាក់ៗ​ចំពោះ​ការ​ចូលរួម ​ឬ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​ ត្រូវ​តែ​ទទួល​បាន​ការ​គោរព។​

នៅ​ឯនៅក្រៅ​ប្រទេស​វិញ​ គេ​ឃើញ​ក្រុម​សហគមន៍​ខ្មែរ​នានា​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តវ៉ា​ទាមទារ​សុំ​ឲ្យ​ប្រទេស​ជប៉ុនដក​ការ​គាំទ្រ​របស់​ខ្លួននៅ​ក្នុង​ដំណើរការ​រៀប​ចំ​បោះ​ឆ្នោត​ខែ​កក្កដានេះ​ ដោយ​ហេតុថា​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ចំណែក​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ បាន​ផ្អាក​ការ​គាំទ្រ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បន្ទាប់ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​បច្ចុប្បន្ន​នេះ​ នៅសល់​តែ​ប្រទេស​ជប៉ុន​មួយ​ប៉ុណ្ណោះ​ដែល​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ នៅ​បន្ត​គាំទ្រ​លើ​ផ្នែក​បច្ចេក​ទេស​ ហើយ​កាលពី​ខែ​កុម្ភៈ​ បាន​ផ្តល់​ហិបឆ្នោត​ជាង​១០.០០០​ដែល​មាន​តម្លៃ​៧,៥​លាន​ដុល្លារ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ក្នុងស្រុក​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​បង្កើន​យ៉ាង​ខ្លាំង​ក្លា​នៃ​ការ​ឃោសនា​តាម​ប្រព័ន្ធ​ទូរគមន៍​ ឬ​ទូរសព្ទ​របស់​គ.ជ.ប.ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ទូលំទូលាយ​ជាង​មុន​នៃ​ការ​រៀបចំ​បោះឆ្នោត​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​ព្រួយ​បារម្ភ​ថា ចំនួន​អ្នក​បោះ​ឆ្នោត​អាច​មាន​កម្រិត​ទាប។​

សេចក្តីប្រកាស​មួយ​របស់​គ.ជ.ប.​ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី​៧ ​ដល់​ថ្ងៃទី​២៧​ ខែ​កក្កដា​ ​ឆ្នាំ​២០១៨៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG