លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkelធ្វើទស្សនៈកិច្ចមួយថ្ងៃនៅឯសេតវិមានកាលពីថ្ងៃសុក្រដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃក្នុងសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតីបារាំង Emmanuel Macon។
ដំណើរទស្សនៈកិច្ចរបស់មេដឹកនាំទាំងនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគេយល់ឃើញថាជាកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបញ្ចុះបញ្ចូលលោកប្រធានាធិបតី ត្រាំ មិនឲ្យបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងផ្តល់ការលើកលែងពន្ធគយជាអចិន្ត្រៃយ៍លើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសជាមាជិកសហភាពអ៊ឺរ៉ុប។
ខណៈមិត្តភាពស្និតស្នាលរវាងលោក ត្រាំ និងលោក Macron ត្រូវបានបង្ហាញនៅអំឡុងពេលទស្សនៈកិច្ចរបស់លោក Macron នោះ ទំនាក់ទំនងរវាងលោក ត្រាំ និងលោកស្រី Merkel បង្ហាញថាមិនសូវមានភាពស្និតស្នាលនោះទេ។ មានសេចក្តីរាយការណ៍ថានៅអំឡុងពិធីស្បថចូលកាន់តំណែងរបស់ពួកគេកាលពី ខែមិនាឆ្នាំ២០១៧ លោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Merkel ហើយបន្ទាប់មក មេដឹកនាំទាំងពីរមិនបាននិយាយរកគ្នាអស់រយៈពេល៥ខែ រហូតដល់មានជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី១ខែមិនាកន្លងទៅនេះ។
នៅអំឡុងដំណើរទស្សនៈកិច្ចរបស់លោក Macron លោកបានស្នើលោក ត្រាំ និងសភាសហរដ្ឋអាមេរិកម្តងហើយម្តងទៀត កុំឲ្យដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ លោក ត្រាំ បានហៅកិច្ចព្រមព្រៀងដែលបានចរចាក្រោមរដ្ឋបាលរបស់លោក អូបាម៉ា ថាជាកិច្ចព្រមព្រៀងដែលអាក្រក់បំផុត៕