ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis៖ ​មិន​ទាន់​មាន​ការ​សម្រេច​ថា​​សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែររ​អ៊ីរ៉ង់​នោះ​ទេ


រដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក Jim Mattis ស្តាប់​សំណួរ​មួយ​អំពី​កញ្ចប់ថវិការ​របស់​ក្រសួង​ការពារ​ប្រទេស​កាលពី​ថ្ងៃទី​២៦ មេសា​២០១៨​ ក្នុង​សវនាការ​នៅ​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។
រដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក Jim Mattis ស្តាប់​សំណួរ​មួយ​អំពី​កញ្ចប់ថវិការ​របស់​ក្រសួង​ការពារ​ប្រទេស​កាលពី​ថ្ងៃទី​២៦ មេសា​២០១៨​ ក្នុង​សវនាការ​នៅ​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។

រដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក Jim Mattis​ បាន​ថ្លែង​ថា​ មិន​ទាន់​មាន​ការ​សម្រេច​ជុំវិញ​ការ​ដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥នោះ​ទេ​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​សម្ព័ន្ធ​មិត្តក្នុង​ទ្វីបអ៊ឺរ៉ុប​ដើម្បី​ពិនិត្យ​មើល​រក​វិធីសាស្រ្ត​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ភាព​ប្រសើរ​ឡើង។

លោក Mattis ​បាន​ថ្លែង​នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​យោធា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា «យើង​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ ថា​តើ​យើង​អាច​កែ​តម្រូវ​កិច្ចព្រមព្រៀង​នេះ​ ឬលោក​ប្រធានាធិបតី​ក៏មិន​ទាន់​សម្រេច​ដក​ខ្លួន​ចេញ​ឬ​យ៉ាង​ណា​ទេ»។

ប្រធានាធិបតី​បារំាង​លោកEmmanuel Macron ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ​បាន​ថ្លែង​ថា​លោក​ជឿ​ថា​លោក​ប្រធានាធិបតី​Donald Trump នឹង​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។ លោក Macron​បាន​ថ្លែង​នៅក្នុង​សិន្នសីទ​សារព័ត៌មាន​ដោយ​ធ្វើ​ការ​សង្ខេប​អំពី​ដំណើរ​ទស្សនៈកិច្ច​រយៈពេល​បីថ្ងៃ​របស់​លោក​ថា «ខ្ញុំ​មិន​ដឹង​ពី​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នោះ​ទេ​ ប៉ុន្តែ​តាម​ការ​វិភាគ​ភ្លាមៗ​ទៅ​លើ​សេចក្តីថ្លែងការណ៍​របស់​លោក Trump ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​លោក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ»។​

នៅ​ពេល​សួរ​ថា​ តើ​ការ​សម្រេច​បែប​នេះ​នឹង​បង្ហាញ​ពី​បរាជ័យ​របស់​លោក​ឬ​ទេ? លោក Macron ឆ្លើយ​ថា​លោក​គ្មាន​តួនាទី​បញ្ចុះបញ្ចូល​លោក Trump ឲ្យ​ដើរ​ចេញ​ពី​យុទ្ធនាការ​នៃ​ការប្តេជ្ញាចិត្ត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ​ ប៉ុន្តែ​លោក​គ្រាន់​តែ​អាច​បង្ហាញ​ថា​កិច្ចព្រមព្រៀង​នោះ​មាន​លក្ខណៈ​សមស្រប​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃពុធ លោក Macronបាន​ជំរុញ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ធានា​ថា​ សហរដ្ឋអាមេរិក​នឹង​មិន​បោះបង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ទេ៕

XS
SM
MD
LG