សេតវិមានប្រធានាធិបតីអាមេរិកបានច្រានចោលនូវការចោទប្រកាន់ដែលថា លោកប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោកកំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក។
អង្គការតស៊ូមតិ និងតាមដានសេរីភាពប្រព័ន្ធផ្សព្វផ្សាយមួយបានទម្លាក់ពិន្ទុសម្រាប់សហរដ្ឋអាមេរិកចំនួនពីរពិន្ទុមកនៅត្រឹមទី ៤៥ នៅក្នុងការចាត់ថ្នាក់សេរីភាពសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន ដោយបានរិះគន់លើការវាយប្រហារដោយពាក្យសម្ដីជាបន្តបន្ទាប់របស់លោក Trump លើអ្នកយកព័ត៌មាន អត្ថបទព័ត៌មាន និងបណ្ដាញព័ត៌មានទូរទស្សន៍នានា។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បាននិយាយនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា៖ «ខ្ញុំគិតថា រដ្ឋបាលរបស់លោក Trump គឺជារដ្ឋបាលមួយដែលអ្នកយកព័ត៌មានអាចសាកសួរបានជាងគេបំផុតមួយក្នុងចំណោមរដ្ឋបាលប្រធានាធិបតីអាមេរិកនានាដែលយើងបានឃើញកន្លងមកនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ»។
លោកស្រីថ្លែងដូច្នេះគឺក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីអង្គការ Reportes Without Borders បានចេញផ្សាយនូវរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៨។
អង្គការ Reporters Without Borders បានទម្លាក់សហរដ្ឋអាមេរិកចំនួនពីរពិន្ទុនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនទៅលើសេរីភាពសារព័ត៌មានក្នុងចំណោមប្រទេសចំនួន ១៨០ នៅលើពិភពលោក។
អង្គការនេះបានលើកឡើងថា លោក Trump បានហៅសារព័ត៌មានថាជា «សត្រូវរបស់ប្រជាពលរដ្ឋអាមេរិកាំង» និងបានប្រើប្រាស់ពាក្យ «ព័ត៌មានប្រឌិត» ដើម្បីជាការសងសឹកចំពោះសេចក្ដីរាយការណ៍ណាដែលរិះគន់វិភាគរកខុសត្រូវជាដើម៕