ក្រោយការទទួលបានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្មដែលមានអាយុកាលពីសម័យអង្គរពីភ្នាក់ងារលក់វត្ថុបុរាណមួយនៅប្រទេសអង់គ្លេស មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់បានថា តើគ្រឿងអលង្ការនោះ នឹងមកដល់ប្រទេសកម្ពុជានាពេលណានោះទេ។ ទោះជាយ៉ាងណា ប្រវត្តិវិទូថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គួរត្រូវបានលើកចិត្តបន្ថែមទៀតចំពោះការទាមទារវត្ថុបុរាណរបស់កម្ពុជា ដែលបានបាត់បង់ទៅក្នុងពេលប្រទេសជួបសង្គ្រាម និងជម្លោះនានា។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលមកវិញនូវឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្មដែលមានអាយុកាលក្នុងសម័យអង្គរពីភ្នាក់ងារលក់វត្ថុបុរាណមួយនៅប្រទេសអង់គ្លេស ក្រោយការប្តឹងទាមទាររបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីចុងឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែមេសា និងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ឈុតគ្រឿងអលង្ការមាសចំនួន១០បន្ទះនោះ ត្រូវបានប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art តាមរយៈស្ថានអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ក្រោយការទទួលបានគ្រឿងអលង្ការមាសទាំងនេះ រាជរដ្ឋាភិបាលមិនទាន់អាចបញ្ជាក់អំពីកាលបរិច្ឆេទនៃការមកដល់របស់គ្រឿងអលង្ការមាសនេះនៅប្រទេសកម្ពុជាពេលណានោះទេ។ តែរាជរដ្ឋាភិបាលកម្ពុជា មានក្តីរីករាយចំពោះការទទួលវត្ថុបុរាណទាំងអស់នោះ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏សូមថ្លែងអំណរគុណ ដល់ភ្នាក់ងារវត្ថុបុរាណនៅប្រទេសអង់គ្លេស ដែលយល់ព្រមប្រគល់វត្ថុបុរាណមកឲ្យប្រជាជនកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំគិតថា វាជាសេចក្តីសប្បាយរីករាយមួយយ៉ាងធំហើយ និងសុំថ្លែងអំណរគុណ ជាពន្លឹកចំពោះឥរិយាបថ ចំពោះអាកប្បកិរិយាដ៏ល្អប្រពៃ ដែលវាជាមើលឃើញ មិនត្រឹមតែជា ការគោរពអនុសញ្ញាអន្តរជាតិទេ វាជាការផ្តល់នូវផ្លូវចិត្ត និងតម្លៃដែលរបស់យើង បែកឃ្លាតចេញពីប្រទេសទៅ វារាប់សតវត្សរ៍មកហើយនោះ បានមកដល់ប្រទេសជាតិយើង ទឹកដីកំណើតរបស់ខ្លួនវិញ»។
លោក ថៃ នរៈសត្យា ជឿថា វត្ថុបុរាណរបស់កម្ពុជា ជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងបណ្តាប្រទេសនានាក្នុងពិភពលោក ដោយសារតែវត្ថុបុរាណទាំងនោះ ត្រូវបានគេលួច និងត្រូវបានគេនាំយកចេញពីប្រទេស នៅក្នុងគ្រាដែលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម និងជម្លោះផ្សេងៗ ទៀត ដែលបានកើតឡើងកាលពីអតីតកាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី ២១ ខែមេសា បានឲ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈក្រសួងការបរទេស បានទាមទារសុំឲ្យភ្នាក់ងារលក់វត្ថុបុរាណ Johnathan Tucker Antonia Tozer Asian Art ប្រគល់ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាលក្នុងសម័យអង្គរនោះ មកប្រទេសកម្ពុជាវិញ។
ការទាមទារ នេះ ធ្វើឡើង ក្រោយពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលដំណឹងថា ទីភ្នាក់ងារលក់វត្ថុបុរាណJohnathan Tucker Antonia Tozer Asian Art បានប្រកាសដាក់លក់វត្ថុបុរាណពីប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដែលរួមមាន ឈុតគ្រឿងអលង្ការមាសនេះ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះថា ការប្រគល់ត្រឡប់មកវិញដោយការស្ម័គ្រចិត្តនេះ បង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌កម្ពុជា និងក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យវត្ថុបុរាណមានការប្រសើរឡើង។ លោកស្រី បានចាត់ទុកការប្រគល់ឈុតគ្រឿងអលង្ការមាសនេះ ថាជាការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា។ លោកស្រីក៏លើកទឹកចិត្តដល់បុគ្គល សារមន្ទីរ ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានាលើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា ឲ្យសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញផងដែរ។
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ពិភពលោកបានចាប់ផ្តើមយល់កាន់តែច្រើនឡើងអំពីសម្បត្តិវប្បធម៌របស់ខ្មែរ នៅពេលវត្ថុបុរាណរបស់កម្ពុជាត្រូវបានប្រគល់មកជូនប្រជាជនកម្ពុជាជាបន្តបន្ទាប់។
លោកបន្តថា ការប្រគល់គ្រឿងអលង្ការមាសនាពេលនេះ រឹតតែបញ្ជាក់ឲ្យពិភពលោកដឹងអំពីស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានសាងឡើងកាលពីសម័យបុរាណ ក្នុងនោះគឺសម័យអង្គរដ៏រុងរឿងរបស់កម្ពុជា។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះថ្លែងប្រាប់ VOA ថា៖
«នៅពេលដែលប្រទេសយើងជាប្រទេសតូចសោះ ហើយមានអរយ្យធម៌កំពូល នៅក្នុងសម័យបុរាណ ១៥សតវត្សរ៍ ដែលយើងបានឆ្លងកាត់នៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ មកទល់នឹងសម័យអង្គរតរៀងមក បង្ហាញប្រាប់ថា ដូនតារបស់យើងបានបន្សល់ទុកនូវកេរដំណែលដ៏ល្អ ហើយដែលពិភពលោកនោះ គេចាប់ផ្តើមចាប់អារម្មណ៍ នូវអ្វីដែលយើងបានទទួលមកវិញ នៅពេលថ្មីៗនេះ គឺជាបង្ហាញប្រាប់អំពីតម្លៃពិត នៃវីរជនខ្មែរ ដូនតាខ្មែរ នៅក្នុងប្រវត្តិសាស្ត្រនោះឯង»។
លោកសាស្រា្តចារ្យ សំបូរ ម៉ាណារ៉ា បានបន្ថែមថា រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសតូច និង ក្រីក្រ គួរចាត់វិធានការតាមរយៈអង្គការយូណេស្កូ (UNESCO) អំពាវនាវឲ្យប្រទេសផ្សេងៗទៀត រួមមានប្រទេសក្បែរខាង ប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបាននាំទៅកាន់ប្រទេសទាំងនោះ តាមរយៈការទិញដូរ ឬក៏តាមមធ្យោបាយណាមួយក្នុងពេលប្រទេសកម្ពុជាមានសង្គ្រាម។ លោកថារាជរដ្ឋាភិបាលគួរត្រូវបានលើកទឹកចិត្តឲ្យធ្វើការទាមទារវត្ថុបុរាណរបស់កម្ពុជាមកជូនមាតុប្រទេសវិញ ដោយឈរលើមូលដ្ឋានគតិយុត្តិអន្តរជាតិ។
VOA មិនទាន់ទទួលបានការឆ្លើយតបពីលោក Johnathan Tucker ដែលជាសហកម្មសិទ្ធិនៃវិចិត្រសាលJohnathan Tucker Antonia Tozer Asian Art អំពីការយល់ព្រមប្រគល់ឈុតគ្រឿងអលង្ការមាសទាំង១០បន្ទះនោះមកកម្ពុជាវិញ និងមូលហេតុនៅពីក្រោយការណ៍ដែលឈុតគ្រឿងអលង្ការមាសនេះ បានទៅដល់ប្រទេសអង់គ្លេស។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណជាច្រើន ក្នុងនោះមានរូបសំណាកដែលមានអាយុកាលរាប់សតវត្សរ៍ ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិក។ រូបសំណាកទាំងនោះរួមមាន ព្រះរាម ដែលជាអាទិទេពនៃសាសនាហិណ្ឌូ រូបសំណាកអ្នកប្រយុទ្ធ និងរូបសំណាកហនុមាន ដែលមានទំនាក់ទំនងនឹងសាសនាហិណ្ឌូផងដែរ៕