ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​វប្បធម៌​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ការ​​ផលិត​ស្នាដៃ​មាន​ស្រាប់​​ឡើង​វិញ ដោយ​គ្មាន​ការ​អនុញ្ញាត


រូបភាព​ឯកសារ៖ លោក ថៃ នរៈសត្យា អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯការិយាល័យ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបភាព​ឯកសារ៖ លោក ថៃ នរៈសត្យា អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឯការិយាល័យ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ប្រាប់​VOA ថា ការ​ចេញ​សេចក្ដី​ជូនដំណឹង​នេះ ​គឺ​ដើម្បី​ចៀសវាង​កំហុស​ឆ្គង​ផ្សេង​ទៀត​​នា​ពេល​ខាងមុខ។

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នកនិពន្ធ ផលិតករ​ភាពយន្ត ឬ​ចាងហ្វាង​ផលិតកម្ម​ណា​ដែល​យក​ស្នាដៃមាន​ស្រាប់​ទៅ​ផលិត​ឡើងវិញ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ ដោយ​ក្រសួង​បញ្ជាក់​ថា រាល់​ការ​ផលិត​ឡើងវិញ​ ត្រូវ​សុំការ​អនុញ្ញាត​ពី​ក្រសួង​ជាមុន។

ការ​ព្រមាន​របស់​ក្រសួង ​ធ្វើ​ឡើង​ក្រោយពេល​ស្ថានីយ​ទូរទស្សន៍​ PNN ​បាន​ផលិត​ភាពយន្ត​ភាគ​រឿង «ភក្ដី​ស្នេហ៍​ទ្វេ​ភព» ដែល​យោង​តាម​អក្សរសិល្ប៍រឿង​ទុំ​ទាវ តែ​កែច្នៃ​សាច់​រឿង​បន្ថែម។

ក្រសួង​អះអាង​ថា ការកែច្នៃ​សាច់រឿង​នេះ​ អាច​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​សាច់រឿង​ដើម​នៃ​រឿង​ទុំ​ទាវ។

ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោកស្រី ភឿង សក្កណា លើកឡើង​ថា យោង​តាម​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល គ្រប់​ស្នាដៃ​អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ និង​ដូរ្យតន្ត្រី​ដែល​គ្មាន​អ្នក​ទទួល​មរតក​ឬ​គ្មាន​មរតក​សាសន៍ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ គឺ​ជា​អ្នកគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ។

សេចក្ដី​ជូនដំណឹង​បន្ត​ថា ​អ្នកនិពន្ធ ផលិតករ​ភាពយន្ត និង​ចាងហ្វាង​ផលិតកម្ម​ទាំងឡាយ​ណា​ដែល​មាន​បំណង​ផលិត​ឡើងវិញ​ ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​បង្កើត​ស្នាដៃ​បន្ត ត្រូវ​ស្នើសុំ​ពី​ក្រសួង​ជាមុន​សិន បើ​ពុំ​ដូច្នោះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជាធរមាន។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ប្រាប់​VOA នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​ចេញ​សេចក្ដី​ជូនដំណឹង​នេះ ​គឺ​ដើម្បី​ចៀសវាង​កំហុស​ឆ្គង​ផ្សេង​ទៀតនា​ពេល​ខាងមុខ។

លោក​បន្ត​ថា ក្រសួង​មិន​ហាមឃាត់​ក្នុង​ការ​កែច្នៃ​សាច់រឿង​នោះ​ទេ តែ​ការ​ច្នៃ​ប្រឌិត​នោះ​ ត្រូវស្ថិត​ក្នុង​កម្រិត​ដែល​អាច​ទទួល​យក​បាន​និង​មាន​ការ​យល់ព្រម​ពី​ក្រសួង​ជាមុន។

«យើង​មិន​តឹងតែង​ទេ​ចំពោះ​ការ​ច្នៃ​ប្រឌិត​គេ​ហៅ​ថា New Creation (ការ​បង្កើត​ថ្មី) ហ្នឹង ប៉ុន្តែ​យើង​ចង់​ឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​ណាមួយ​ដែល​វា​ស៊ី​ ស្រប ដែល​វា​សម​ភ្ជាប់​ទៅ​នឹង​បេតិកភណ្ឌ​វប្បធម៌​ចាស់​របស់​យើង»។

លោក​បន្ថែម​ថា៖ «យើង​ខ្លាច​ក្រែង​មហាជន ប្រជាជន​ឬ​អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរសិល្ប៍​យើង​ គេ​ច្រឡំ​ថា នាង​ទាវ​នោះ ​រស់​ទៅ។ អាច​ត្រឹម​នាង​ទាវ​រស់ អាច​ដល់​កង្រី​ក៏​រស់​ទៅ អាច​ ប៊ុនធឿន ​និង ​វិធាវី​ ហ្នឹង​ក៏​រស់​ដែរ​ទៅ។ វិបាក​អ៊ីចឹង»។

លោក ថៃ នរៈសត្យា ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃ​ពុធ ក្រសួង​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមការងារ​របស់​ស្ថានីយ​ទូរទស្សន៍​ PNN ដោយ​ក្រសួង​អនុញ្ញាត​ឱ្យ​បន្ត​ចាក់​រឿង​ដែល​បាន​ផលិត​ហើយ​រហូត​ដល់​ចប់។

ក៏ប៉ុន្តែ លោក​បន្ថែម​ថា ក្រសួង​តម្រូវ​ឱ្យ​ស្ថានីយទូរទស្សន៍​នេះ​ ត្រូវ​សរសេរ​លិខិត​ជា​សាធារណៈ​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង​របស់​ខ្លួន មុន​នឹង​ចាក់​បញ្ចប់​នៃ​រឿង​នេះ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ក្រសួង​នឹង​មិន​ផ្ដល់​ការ​លើកលែង​នោះ​ទេ​ចំពោះ​កំហុស​ឆ្គង​ដែល​កើត​ឡើង​ក្រោយ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង។

«ប្រសិនបើ​មាន​ការ​ខុសឆ្គង​ទៀត យើង​សម្រុះសម្រួល​មិន​បាន វា​មាន​តែ​យើង​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ គឺ​យើង​មាន​ការ​ប្ដឹងផ្ដល់ ​មាន​ការអីចឹង​ទៅ។ អា​នេះ​ទៅតាម​ច្បាប់​នៃ​កម្មសិទ្ធិបញ្ញា​និង​សិទ្ធិ​ប្រហាក់ប្រហែល​វា​មាន​ចែង​ច្បាស់​ក្នុង​ហ្នឹង»។

លោកស្រី ទូច បុប្ផា ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ប្រាប់​VOA ថា ក្រុមការងារ​របស់​អ្នកស្រី​ កំពុង​រៀបចំ​លិខិត​ដើម្បី​ធ្វើការ​សុំទោស​និង​ទទួល​ស្គាល់​កំហុស។

លោកស្រី​បន្ត​ថា ស្ថានីយ​ទូរទស្សន៍​អ្នកស្រី​គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង ដោយ​អ្នកស្រី​អះអាង​ថា ចំពោះ​ការ​ផលិត​ភាពយន្ត​ភាគ​លើកក្រោយ​ទៀត ស្ថានីយ​នឹង​ឆ្លង​យោបល់​ជាមួយ​ក្រសួង។

«លិខិត​យើង​ទទួល​ស្គាល់​ថា យើង​មាន​កំហុស​ខុស​ឆ្គង​មួយ​ចំនួន​ដែរ​ក្នុង​ការ​ផលិត ហើយ​យើង​នឹង​ព្យាយាម​សម្រាប់​រឿង​ក្រោយ​ទៀត។ យើង​នឹង​ពិនិត្យ​ហើយ​និង​យើង​មកពិភាក្សា​ជាមួយ​នឹង​ខាង​ក្រសួង​វប្បធម៌​ឱ្យ​បាន​ល្អិតល្អន់​មុន​នឹង​យើង​ផលិត»។

បើ​តាម​លោកស្រី ទូច បុប្ផា រឿង​ «ភក្ដី​ស្នេហ៍​ទ្វេ​ភព» ជា​ប្រភេទ​រឿង​ច្នៃប្រឌិត ដោយ​យោង​តាម​រឿង​ទុំ​ទាវ​៥០​ភាគរយ។ ក្នុង​រឿង​នេះ ក្រោយ​តួអង្គ​ទុំ​ទាវ​ ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់ អ្នក​ទាំង​ពី​រ​បាន​ឆ្លង​ភព​មក​ដល់​សម័យ​បច្ចុប្បន្ន ហើយ​ពួកគេ​ក៏​តស៊ូ​រស់​នៅ​ជីវិត​ខុស​សម័យកាល​នេះ។

ក្រសួងវប្បធម៌​ បាន​អះអាង​ថា ការ​ផ្លាស់​ប្ដូរ​សាច់រឿង​ដែល​ទុក​ឱ្យ​តួអង្គ​ទុំ​ទាវ​នៅ​មាន​ជីវិត​នេះ ​ប្រាសចាក​ពី​ខ្លឹមសារ​ដើម និង​អាច​នាំ​មាន​ការ​យល់​ច្រឡំ។

លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ផលិត​ឡើង​វិញ​នូវ​ស្នាដៃ​ចាស់ៗ​ អាច​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​រំឭក​ឡើង​វិញ​នូវ​សិល្បៈ​វប្បធម៌​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យ​មុន។

លោក ម៉ៅ អាយុទ្ធ ដែល​ជា​អ្នកនិពន្ធ​និង​ជា​អ្នកដឹកនាំ​រឿង​ខ្សែភាពយន្ត​មួយ​រូប​ដែរ​នោះ​បន្ត​ថា ធម្មតា​ផលិតករ​ភាព​យន្ត​ តែង​ចង់​បន្ថែម​ការ​ច្នៃប្រឌិត​ទៅ​លើ​ស្នាដៃ​ចាស់ៗ​ ដើម្បី​បង្កើត​ភាព​ទាក់ទាញ។

ទោះ​យ៉ាង​ណា លោក​បន្ត​ថា ការ​ច្នៃ​ប្រឌិត ទាំង​នោះ​ពុំ​ត្រូវ​ប្រាសចាក​ពី​ខ្លឹមសារ​ដើម​នោះ​ទេ ជាពិសេស​សម្រាប់​រឿង​ឬស្នាដៃ​ណា​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​របស់​រដ្ឋ និង​ស្នាដៃ​ដែល​មាន​ជាប់កម្មសិទ្ធិ​បញ្ញា។

«បើ​យើង​ធ្វើ​ទាំងស្រុង តាម​ឯកសារ​ទាំង​ស្រុង​ក៏​គេ​នេះ​ដែរ គេ​ពិបាក​មើល។ វា​អត់អី​ទាក់ទាញ អញ្ចឹង​គេ​ធ្វើ​របៀប​សិល្បៈ។ គេ​ថែម ​ប៉ុន្តែ​ធ្វើ​ម៉េច​កុំ​ឱ្យ​បាត់បង់​នូវ​ខ្លឹមសារ​ដើម​របស់​គេ»។

កន្លងទៅ ក្រសួង​វប្បធម៌​បាន​ព្រមាន​និង​ហាម​មិន​ឱ្យផ្សព្វផ្សាយ​បទ​ចម្រៀង​មួយ​ចំនួន​ដោយ​ក្រសួង​វប្បធម៌​អះអាង​ថា​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ។

បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក ថៃ នរៈសត្យា ក្រសួង​វប្បធម៌ ពុំមាន​គោលការណ៍​ត្រួតពិនិត្យ​មុន​ការ​ចេញផ្សាយ​នោះ​ទេ​សម្រាប់​ភាពយន្ត​ភាគ​និង​បទ​ចម្រៀង ដើម្បី​សម្រួល​ដល់​ការ​ផលិត។

ក៏ប៉ុន្តែ​ លោក​បន្ថែម​ថា ការ​ផលិត​ភាពយន្ត​ភាគ​និង​បទចម្រៀង​ទាំង​នោះ ​ត្រូវ​គោរព​តាម​ច្បាប់​និង​គោលការណ៍ដែល​ក្រសួង​បាន​ដាក់​ចេញ៕

XS
SM
MD
LG