ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​វប្បធម៌៖ ​មរណភាព​​កវី គង្គ ប៊ុនឈឿន ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ខាង​វប្បធម៌​ដ៏​សំខាន់​ម្នាក់

លោក គង្គ ប៊ុនឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សាធារណៈ​របស់​លោក គង្គ ប៊ុនឈឿន)

ការ​ទទួល​មរណភាព​របស់​លោក គង្គ​ ប៊ុនឈឿន​ នៅ​ក្នុង​ប្រទេស​ន័រវេ័ស កើត​មាន​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពី​ការ​បញ្ចប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ដែល​មាន​រយៈពេល​បី​ថ្ងៃ។

«មហា​សង្ក្រាន ច្រាន​ឆ្នាំ​មួយ​ទៅ​ទ្រូង​សែន​ហ្មង​សៅ នឹក​ព្រួយ​ក្រែង​ពៅ ឆាប់​ភ្លេច​រឿង​ដើម.....» នេះ​គឺជា​បទ​ រំដួល​ដងស្ទឹង​សង្កែ​ ដែល​ជា​ស្នាដៃនិពន្ធ​របស់​លោក​ គង្គ​ ប៊ុនឈឿន​ ដែល​ទើប​តែ​ទទួល​មរណភាព​កាល​ពី​ថ្ងៃអាទិត្យ​ ទី១៧​ ខែមេសា​ ឆ្នាំ​២០១៦។

លោក ​គង្គ ប៊ុនឈឿន មាន​អាយុ ៧៧​ ឆ្នាំ នៅ​ពេល​ដែល​ទទួល​មរណភាព​ដោយ​ជំងឺ​មហារីក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​របស់​លោក​ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ការ​ទទួល​មរណភាព​របស់​លោក គង្គ​ ប៊ុនឈឿន​ នៅ​ក្នុង​ប្រទេស​ន័រវេ័ស កើត​មាន​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពី​ការ​បញ្ចប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ដែល​មាន​រយៈពេល​បី​ថ្ងៃ។

អ្នកស្រី Bunchhoeun Somyren​ កូន​ស្រី​របស់​លោក​ គង្គ ប៊ុនឈឿន​ បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ គង្គ ប៊ុន​ឈឿន ​ថា៖​«ទោះបី​ជា​ខ្ញុំ​ព្យាយាម​មក​ពី​ប្រទេស​ផ្សេង​យ៉ាង​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​គឺ​នៅ​តែ​យឺត​ពេល​ ដែល​មិន​អាច​មើល​ឃើញ​ដង្ហើម​ចុងក្រោយ​របស់​លោក​ប៉ា​ ខុសគ្នា​តែ៥ម៉ោង ​ប៉ា​ចាកចេញ​ពី​ខ្ញុំ​បាត់​កូន​ស្រឡាញ់​ប៉ា​ខ្លាំង​ណាស់​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ប៉ា​ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

លោក គង្គ ប៊ុនឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សាធារណៈ​របស់​លោក គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សាធារណៈ​របស់​លោក គង្គ ប៊ុនឈឿន)

រីឯ​លោក​ មុត​ ថារី​ កូន​ប្រសា​លោក​ គង្គ ប៊ុនឈឿន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ​ថា៖

«ថ្ងៃ​១៧​ មេសា​ នា​ឆ្នាំ១៩៧៥​ បន ប៉ុល​ ពត បាន​បំបែក​ឪពុក​ខ្ញុំ​ បងប្រុស​ប្អូនប្រុស​ខ្ញុំ​និង​ម៉ាក់​ធំ បាត់​ទៅ​ជា​រាង​រហូត។ថ្ងៃ​១៧​មេសា​ឆ្នាំ​២០១៦ បាន​មក​ឆក់​យក​ជីវិត​មនុស្ស​ល្អ​ម្នាក់​ទៀត ​ដែល​ខ្ញុំ​ស្រឡាញ់​ដូច​ជា​ឪពុក​ ថ្វីបើ​គាត់​ជា​ឪពុក​ក្មេក។​ កវី​និពន្ធ​ម្នាក់​នេះ​ គាត់​ជា​ឪពុក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ ព្រហ្ម​វិហារ​ធម៌​ លះបង់​គ្រប់យ៉ាង​ដល់​កូនៗ​ និង​ភរិយា​ព្រមទាំង​ចៅ ។​ ខ្ញុំ​រស់​ក្បែរ​គាត់​ជិត​ម្ភៃឆ្នាំ​ក្នុង​នាម​ជា​កូន​ប្រសា​គាត់ គាត់​មិន​ដែល​មាន​ពាក្យ​សំដី​ធំ​អ្វី​ដាក់​កូន​ចៅ​ឡើយ»។

លោក ​មុត​ ថារី​ បាន​រំឭក​ដល់​បណ្ដាំ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​នេះ​ថា​ អ្នក​និពន្ធ​ជំនាន់​ក្រោយ​ ល្មម​បញ្ឈប់​ការ​លួច​ចម្លង​ស្នាដៃ​របស់​គេ​ទៅ​ គឺ​ត្រូវ​ខំ​ប្រឹង​ប្រែង​គាស់​កកាយ​និង​ប្រើ​គំនិត​ខ្លួនឯង​ វិញ​ប្រសើរ​ជាង។

លោក​ថា ប្រសិន​បើ​បាន​ទទួល​បាន​ភាព​ល្បីល្បាញ​ដោយ​ស្នាដៃ​របស់​ខ្លួន​បែប​នេះ​ នោះ​កវី​និពន្ធ នឹង​ពោរពេញ​ទៅ​ដោយ​មោទនភាព។

លោក ​គង្គ​ ប៊ុនឈឿន​ គឺ​ជា​អ្នក​តែង​និពន្ធ​បទចម្រៀង​ និង​ប្រលោមលោក​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០។

ស្នាដៃ​តែង​និពន្ធ​បទចម្រៀង​របស់​លោក​ជា​ច្រើន​ ត្រូវ​បាន​ច្រៀង​ដោយ​លោក ​ស៊ីន​ ស៊ីសាមុត​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រសិទ្ធិ​នាម​ថា​ ជា​អធិរាជ​សំឡេង​មាស។

​លោក ​គង្គ​ ប៊ុនឈឿន ត្រូវ​បាន​រាយការណ៍​ថា​ បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០០០​ ហើយ​បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ន័រវេ័ស បន្ទាប់​ពី​លោក​បាន​សរសេរ​សៀវភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ថា «ជោគ​វាសនា​តាត​ ម៉ារីណា»​ ដែល​ជា​ក្មួយ​ស្រី​របស់​លោក។

សៀវភៅ​នោះ​ បាន​រៀបរាប់​ពី​រឿងរ៉ាវ​របស់​នាង​ តាត ​ម៉ារីណា​ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​ដាក់​ដោយ​ប្រពន្ធ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលម្នាក់។

លោក​ ថៃ​ នរៈសត្យា​ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ថ្លែង​ថា​ លោក​មិនបាន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ភៀស​ខ្លួន​របស់​លោក​ គង្គ ប៊ុនឈឿន ​នោះ​ទេ។

ប៉ុន្តែ លោក​ថា​ មរណភាព​របស់​លោក​គឺ​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ម្នាក់​ក្នុង​វិស័យ​វប្បធម៌។​

«អូ​មាន​អី​ទេ​អូន​ មាន​តែ​ការ​រួម​ចំណែក​ ស្ដាយ​ស្រណោះ ​សោក​ស្តាយ​ អ្នក​ដែល​បាន​រួម​ចំណែក​ជាមួយ​នឹង​ អក្សរសាស្ត្រ​ និង​អក្សរសិល្ប៍​ខ្មែរ​មួយ​រូប​ប៉ុណ្ណឹង​ ដែល​គាត់​បាន​លាចាក​លោក​ទៅ។ វា​ជា​ការ​បាត់​បង់​មួយ​ក្នុង​ធនធាន​មនុស្ស​លើ​វិស័យ​វប្បធម៌​ដែរ»។

លោក គង្គ ប៊ុនឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សាធារណៈ​របស់​លោក គង្គ ប៊ុនឈឿន)
លោក គង្គ ប៊ុនឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ និង​ជា​អ្នក​និពន្ធ​ចម្រៀង និង​ប្រលោម​លោក​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ បាន​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវេ័ស កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សាធារណៈ​របស់​លោក គង្គ ប៊ុនឈឿន)

មុន​ពេល​លោក​បាន​លា​ចាក​ពី​លោក​នេះ​ទៅ​ លោក ​គង្គ ប៊ុនឈឿន​ បាន​សរសេរ​កំណាព្យ​មួយ​និយាយ​ពី​ឆន្ទៈ​របស់​អ្នក​សរសេរ​ ដែល​មិន​លុះ​ទៅ​តាម​អំណាច​ទឹកប្រាក់។

នៅ​ក្នុង​ពីរ​ឃ្លា​ដំបូង​នៃ​អត្ថបទ​កំណាព្យ​នេះ​ លោក​ គង្គ ប៊ុនឈឿន​ បាន​សរសេរ​ថា៖​

«ក្នុង​មួយ​ជីវិត​ឥត​ប្រាថ្នា​អ្វី​ ក្រៅ​ពី​សេរី​ដើម្បី​សរសេរ​

បើ​និពន្ធ​តាម​តែ​បញ្ជា​គេ​ ដូច​យក​ម្ជុល​ដេរ ​បិទ​មាត់​ខ្លួនឯង។​

តម្លៃ​ទឹក​ខ្មៅ​នៅត្រង់​សច្ចៈ​ ទោះ​គុក​ច្រវាក់​មិន​ញញើត​ក្រែង​

បើ​ឃើញ​ភ្លើង​ហើយ​បែរ​ជា​ថា​ផ្សែង​ គឺ​ក្បត់​ខ្លួន​ឯង​មុន​ក្បត់​អ្នក​អាន»

លោក​ គង្គ​ ប៊ុនឈឿន បាន​ចាប់​កំណើត​នៅ​ថ្ងៃ​ទី១៨​ ខែ​តុលា​ ឆ្នាំ​១៩៣៩ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។​ ស្នាដៃ​បទ​ចម្រៀង ​ដែល​នៅមាន​ការ​និយម​ចូលចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ដូច​ជា​បទ​ពលទោ​អភ័ព្វ និង​បទ​ផ្គរលាន់​ប៉ៃលិន​ជាដើម៕

XS
SM
MD
LG