អ្នកតាមដានឃាតកម្មលោក កែម ឡី និយាយថា រដ្ឋាភិបាលមិនផ្តល់តម្លៃលើសេរីភាពនៃការបញ្ចេញមតិដែលជាធាតុសំខាន់នៃដំណើរការអនុវត្តលទិ្ធប្រជាធិបតេយ្យមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក្រោយពីសាលារាជធានីភ្នំពេញបដិសេធការតម្កល់រូបសំណាកលោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញរបស់កម្ពុជានៅទីលានប្រជាធិបតេយ្យ។
ការស្លាប់របស់លោកកែម ឡី មិនត្រឹមតែធ្វើប្រជារាស្ត្រខ្មែរមានក្តីតក់ស្លុតនោះទេ តែវាថែមទាំងបានបង្កក្តីបារម្ភធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ ដែលជួយបញ្ចប់ការវាយបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរនាឆ្នាំ១៩៩១។
អ្នកវិភាគ និងអ្នកចាត់ចែងរៀងចំបុណ្យសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់របស់កម្ពុជា បានហៅការបដិសេធរបស់សាលារាជធានី ដែលមិនអនុញ្ញាតឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី ថាជាការមិនគាំទ្រដល់សិទ្ធិសេរីភាពបញ្ចេញមតិ ហើយថា រដ្ឋាភិបាលនឹងបាត់បង់ការគាំទ្រពីម្ចាស់ឆ្នោតដែលភាគច្រើនជាពលរដ្ឋវ័យក្មេង។
លោក កែម ឡី ដែលនិយាយរិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ត្រូវបានឃាតករបាញ់ស្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅកណ្តាលរាជធានីភ្នំពេញ ក្នុងហាងលក់ទំនិញមួយស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្បែរភ្លើងស្តុបបូកគោក្នុងខ័ណ្ឌចំការមន។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ប្រាប់ VOA នាថ្ងៃសុក្រនេះថា រដ្ឋាភិបាលមានសិទ្ធិមិនឲ្យតម្កល់រូបសំណាកលោក កែម ឡី តែរដ្ឋាភិបាលក៏នឹងត្រូវមហាជនធ្វើការពិចារណាអំពីការផ្តល់ការគាំទ្ររបស់ពួកគេក្នុងការបោះឆ្នោតផងដែរ។
លោកនិយាយថា បើទោះបីរដ្ឋាភិបាលមិនទទួលស្គាល់ថា លោក កែម ឡី ជាវីរៈបុរសនៃការប្រើសិទ្ធិសេរីភាពបញ្ចេញមតិក្តី ក៏ប្រជារាស្ត្រខ្មែររាប់លាននាក់នៅតែចងចាំរូបលោកកែម ឡី ជានិច្ចចំពោះពាក្យពេចន៍រិះគន់រដ្ឋាភិបាល ដែលកំពុងបង្ហាញពីអសមត្ថភាពក្នុងការរកឲ្យឃើញអ្នកយកជីវិតលោក កែម ឡី។
«បើសិនជារដ្ឋាភិបាលអះអាងថា លោក កែម ឡី មិនត្រូវបានរដ្ឋាភិបាលទទួលថា ជាវីរៈបុរសក៏ដោយ ក៏ប៉ុន្តែមនុស្សរាប់លាននាក់ដែលបង្ហាញការគាំទ្រទៅលើលោក កែម ឡី អានេះជាសិទ្ធិរបស់ពលរដ្ឋទូទៅដែលគេគិតថា អ្នកណាជាវីរៈបុរសសម្រាប់ពួកគេ ហើយអ្នកណាទៀតដែលជាអ្នករារាំងទៅលើដំណើរការហ្នឹង។ ហើយខ្ញុំគិតថា រាល់ការរារាំងរបស់រដ្ឋាភិបាលនឹងអាចមានទទួលផលប៉ះពាល់ទៅដល់សន្លឹកឆ្នោតនៅក្នុងពេលថ្ងៃខាងមុខ»។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកញ្ញា ឆ្លើយតបទៅនឹងសំណើរបស់លោកអ៊ូ ច័ន្ទរ័ត្ន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញពុំអាចអនុញ្ញាតជូនបានឡើយចំពោះការស្នើសុំតម្កល់រូបសំណាកលោក កែម ឡី នៅក្នុងបរិវេណទីលានប្រជាធិបតេយ្យ ដោយលើកឡើងថា ទីលានប្រជាធិបតេយ្យបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ជាកន្លែងសម្តែងមតិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។
សាលារាជធានីបានលើកឡើងពីការជំទាស់នៃភាគីកងទ័ព ដែលមិនគាំទ្រឲ្យមានការតម្កល់រូបសំណាក លោកកែម ឡី ផងដែរថា កន្លងមកមានប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ និងយុទ្ធជនជាច្រើន បានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុឯករាជ្យជាតិ មាតុភូមិ បូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ហើយរដ្ឋាភិបាលបានលើកតម្កើងគុណបំណាច់ និងស្នាដៃរបស់ពួកគេដោយគ្រាន់តែបានកសាងនូវស្តូបអនុស្សាវរីយ៍រំឭកគុណជានិមិត្តរូបតែប៉ុណ្ណោះ ដោយពុំមានការកសាងរូបសំណាកជាលក្ខណៈបុគ្គលនោះទេ។
លោកសៅ កុសល សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃសពលោកកែម ឡី បានសំដែងក្តីសោកស្តាយចំពោះការបដិសេធរបស់សាលារាជធានីលើការតម្កល់រូបសំណាកលោកកែម ឡី នៅទីលានប្រជាធិបតេយ្យដែលបង្កើតឡើងសម្រាប់ប្រជារាស្ត្រខ្មែរដើម្បីសំដែងមតិចំពោះភាពរំខាននានាដល់ជីវិតរស់នៅប្រចាំថ្ងៃ។
តែទោះជាយ៉ាងណា លោកថា យុទ្ធនាការតស៊ូមតិទាមទារឲ្យមានតម្កល់រូបសំណាកលោកកែម ឡី នេះនឹងចាប់ផ្តើម ក្រោយពិធីបុណ្យសពគម្រប់ខួប១០០ថ្ងៃរបស់លោក កែម ឡី ដែលនឹងរៀបចំនៅក្នុងខែតុលាខាងមុខនេះ។
«យើងនឹងពិចារណាប៉ុន្តែឥឡូវ ក្នុងនាមជាគណកម្មការបុណ្យ យើងមានតួនាទីក្នុងការ រៀបចំបុណ្យនេះសិន ហើយបន្ទាប់យើងនឹងរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីសុំដាក់រូបសំណាករបស់លោកបណ្ឌិត មិនត្រឹមតែទីលានប្រជាធិបតេយ្យទេ ប្រហែលគណកម្មការនឹងប្រឹងប្រែងសុំដាក់នៅកន្លែងដែលគេធ្វើឃាតរបស់លោកបណ្ឌិតទៀតបាទ»។
លោកប្រាប់ VOA បន្ថែមថា ដំណើរការទាមទារការតម្កល់រូបសំណាកលោក កែម ឡី អាចជាដំណើរមួយស្មុគ្រស្មាញដែលត្រូវការពេលវេលាច្រើន ដូចការទាមទារឲ្យមានការតម្កល់រូបសំណាក លោកជា វិជ្ជា មេសហជីពដល់មានប្រជាប្រិយ៍ភាពដែលត្រូវបានគេបាញ់ស្លាប់នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ គឺនៅពេលលោកកំពុងអានកាសែតនៅតូបលក់កាសែតមួយក្នុងរាជធានីភ្នំពេញ។
VOA មិនទាន់អាចទាក់ទងលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
លោក អ៊ូ ច័ន្ទរ័ត្ន អ្នកតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលខេត្តតាកែវ ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា លោកមានការខកចិត្តជាខ្លាំងចំពោះការច្រានចោលសំណើរបស់លោកក្នុងការតម្កល់រូបសំណាកលោកកែម ឡី ដើម្បីទុកឲ្យខ្មែរជំនាន់ក្រោយស្វែងយល់ពីបុព្វហេតុនៃការប្រើប្រាស់សិទ្ធិរិះគន់រដ្ឋាភិបាលរបស់លោកកែម ឡី។ លោកថា ប្រជារាស្ត្រខ្មែររាប់លាននាក់ទៀតក៏នឹងមានការខកចិត្តផងដែរ ហើយថារដ្ឋាភិបាលទំនងជាបារម្ភពីការខាតបង់ផលប្រយោជន៍នយោបាយ។
«ដូចខ្ញុំជំរាបអញ្ចឹងអាចជាការយល់ច្រឡំថា វាជាហេតុផលនយោបាយ ដោយសារមតិជាតិ មតិអន្តរជាតិ យល់ថា ការសម្លាប់លោកបណ្ឌិតកែម ឡី នេះពាក់ព័ន្ធរឿងនយោបាយ។ ម្ល៉ោះហើយ អាចយល់ច្រឡំថា វាជាការកេងចំណេញនយោបាយសម្រាប់បក្សប្រឆាំង។ ហើយខ្ញុំបានប្រកាសច្រើនដងថា ខ្ញុំអត់មានពាក់ព័ន្ធនឹងរឿង ដើម្បីកេងចំណេញសម្រាប់គណបក្សប្រឆាំងទេ ព្រោះគណបក្សសង្គ្រោះជាតិអត់មានចូលរួមក្នុងការសាងសង់ហ្នឹងផង តែខ្ញុំម្នាក់ឯងជាអ្នកផ្តួចផ្តើមគំនិតទៅតាមយោបល់មតិរបស់បងប្អូន ជាពិសេសយុវជនមួយចំនួនធំដែលលោកចង់ឃើញរូបសំណាកហ្នឹងនៅទីលានប្រជាធិបតេយ្យនោះ»។
លោកបន្ថែមថា ក្រោយពីសាលារាជធានីភ្នំពេញច្រានចោលសំណើរបស់លោកនេះ លោកមិនទាន់មានផែនការថា នឹងត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីឲ្យមានការអនុញ្ញាតដល់ការតម្កល់រូបសំណាកលោកកែម ឡី ដោយលោកនៅមានក្តីបារម្ភពីវិបត្តិនយោបាយ ដែលលោកជឿថា នៅបន្តកើតមាននោះ។
រយៈពេលជាង២ខែក្រោយការបាញ់សម្លាប់រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញពីតម្រុយអ្វីថ្មីពាក់ព័ន្ធនឹងឃាតកម្មនេះនៅឡើយទេ ក្រៅពីភស្តុតាងដាក់បន្ទុកបុរសម្នាក់ ដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ ហើយជាឃាតករនោះ។
ចំណែកឯវីដេអូកាមេរ៉ាសុវត្ថិភាពដែលអាជ្ញាធរបានដកយកក្រោយពីហេតុការណ៍បាញ់សម្លាប់នោះ នៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណជននៅឡើយទេ ដោយក្រុមអ្នកវិភាគខ្លះ លើកឡើងថា អាជ្ញាធរទំនងជាចង់បិទបាំងការពិតនៃឃាតកម្មលើអ្នកវិភាគរូបនេះ ហើយទុកឲ្យរឿងនេះ សាបរលាបម្តងបន្តិចៗទៅតាមពេលវេលា ដូចជាករណីបាញ់សម្លាប់សកម្មជនការពារបរិស្ថាននិងសិទ្ធិកម្មករលើកមុនៗដែរ ដូចជាលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម។
ក្រុមអ្នកតាមដានឃាតកម្ម លោកកែម ឡី និយាយថា រដ្ឋាភិបាលត្រូវតែបន្តការស៊ើបអង្កេតរបស់ខ្លួន រកឲ្យឃើញការពិតដែលនៅពីក្រោយឃាតកម្មដែលបង្កភាពភ័យខ្លាចដល់ការនិយាយរិះគន់រដ្ឋាភិបាល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon បានសំដែងក្តីក្រៀមក្រំចំពោះការស្លាប់លោកកែម ឡី ហើយលោកបានស្នើឲ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតឯករាជ្យដើម្បីរកមូលហេតុពិតប្រាកដនៃការបាញ់សម្លាប់នេះ៕