ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​បុណ្យ​គ្រោង​ស្នើ​រៀបចំ​​បុណ្យ​១០០​ថ្ងៃ​លោកបណ្ឌិត​ កែម ឡី នៅ​ភ្នំពេញ​ក្នុង​​វត្ត​ថាន់


រូបថតឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបថតឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)

សេចក្ដី​ប្រកាស​បន្ត​ថា ព្រះចៅអធិការ​វត្តថាន់​បាន​យល់​ព្រម​ផ្ដល់​ទី​តាំង​វត្ត​ថាន់​ដល់​គណៈកម្មការ​ដើម្បី​រៀបចំ​បុណ្យ ក្នុង​ករណី​មាន​ការ​យល់​ព្រម​ពី​សាលា​រាជធានី។

ក្រោយ​ពី​វត្ត​មួយ​ចំនួននៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​បដិសេធ​មិនផ្ដល់កន្លែង​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​ គណៈកម្មការ​រៀបចំ​បុណ្យ​ទទួល​បាន​ការ​យល់ព្រម​ពី​ចៅ​អធិការ​វត្ត​ថាន់​ ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​នៅ​ក្នុង​វត្ត។

គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី គ្រោង​ស្នើ​ទៅ​អាជ្ញាធរ​សាលា​រាជធានី​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នៅ​ក្នុង​វត្ត​ថាន់​ កណ្ដាលរាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ការ​ស្វែង​រក​វត្ត​ដើម្បី​រៀបចំ​ពិធី​បុណ្យ​នេះ​នា​ពេល​កន្លង​មក​ជួប​ឧបសគ្គ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ទី​កន្លែង​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​លោកបណ្ឌិត​ កែម ឡី គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​បាន​ឱ្យ​ដឹង​ថា​ កាល​ពីថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​ តំណាង​គណៈកម្មការ​បាន​ជួប​ប្រជុំ​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ថាន់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ទី​តាំង​ប្រារព្ធ​ខួប​១០០​ថ្ងៃ​សព​លោកបណ្ឌិត កែម ឡី​។ សេចក្ដី​ប្រកាស​បន្ត​ថា ព្រះចៅអធិការ​វត្តថាន់​បាន​យល់​ព្រម​ផ្ដល់​ទី​តាំង​វត្ត​ថាន់​ដល់​គណៈកម្មការ​ដើម្បី​រៀបចំ​បុណ្យ ក្នុង​ករណី​មាន​ការ​យល់​ព្រម​ពី​សាលា​រាជធានី។

លោក​ សៅ កុសល សមាជិក​និង​ជា​អ្នក​នាំពាក្យ​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃសព​លោក​បណ្ឌិត​ កែម ឡី ប្រាប់​ VOA ថា កន្លង​ទៅ គណៈកម្មការ​បាន​ស្នើ​សុំ​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​នេះ តែ​ត្រូវ​បាន​បដិសេធ។

លោក​មាន​ប្រសាសន៍​ថា៖

«ពី​មុន​មក​វត្ត​ចាស់​ឬវត្ត​មហា​មន្ត្រី វត្ត​សំពៅមាស​អី​ហ្នឹង​សុទ្ធ​តែ​បដិសេធ​ទាំង​អស់ ទើប​តែល្ងាច​នេះ ខ្ញុំ​បាន​ទៅ​ជួប​ចៅអធិការ​វត្ត[ថាន់] ហើយ​ព្រះ​ចៅអធិការ​ក៏​បាន​ឯកភាព​ឱ្យ​ធ្វើ​ គ្រាន់​ថា​ ព្រះចៅ​អធិការ​មាន​សង្ឃដីកា​ថា ឱ្យ​តែ​អាជ្ញាធរ​ ទៅ​ទំនាក់​ទំនង​អាជ្ញាធរ​បន្ត​ទៀត​ទៅ។ អត់​មាន​បញ្ហា​អី​ទេ យើង​ធ្វើ​នៅ​ទី​ហ្នឹង​ទៅ»។

លោក សៅ កុសល បាន​ឱ្យ​ដឹង​ដែរ​ថា គណៈកម្មការ​បុណ្យ​នឹង​រៀបចំ​សំណើ​ទៅ​សាលា​រាជធានី​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ស្នើ​សុំ​រៀបចំ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​វត្ត​ថាន់​ស្ថិត​នៅ​លើ​ផ្លូវ​ព្រះនរោត្ដម​ខាង​ត្បូងវិមាន​ឯករាជ្យ​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ។

លោក មាន ចាន់​យ៉ាដា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ VOA ថា អាជ្ញាធរ​មិនហាមឃាត់​ការ​ធ្វើ​ពិធី​បុណ្យតាម​បែប​សាសនា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​លោក​មិន​អាច​បញ្ជាក់​ថា សាលា​រាជធានី​នឹង​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ក្នុង​វត្ត​ថាន់​តាម​ការ​ស្នើ​សុំ​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​ថា​ត្រូវ​រង់​ចាំ​មើល​និង​ពិភាក្សា​លើ​គម្រោង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​សិន។

លោក​ មាន​ ចាន់​យ៉ាដា​ មាន​ប្រសាសន៍​ថា​៖

«ពី​ព្រោះ​ដូច​ខ្ញុំ​និយាយ​អម្បាញ់​ម៉ិញ​ចឹង​ វា​ពាក់ព័ន្ធ​នឹង​រឿង​មហាជន ពាក់ព័ន្ធនឹង​រឿង​ស្អីៗ​ទាំង​អស់​ហ្នឹង​ វា​មាន​រឿងបញ្ហា​ដែល​យើង​ត្រូវ​ហៅ​គាត់​មក​ជជែកពិភាក្សាគ្នា​ច្រើន។ បើសិន​ជា​បុណ្យ​១០០​ថ្ងៃ​ធម្មតា​ដូច​បុណ្យ​សព​ទូទៅ ​ធ្វើ​នៅ​ផ្ទះ ធ្វើ​នៅ​វត្ត​របស់​ខ្លួន អា​ហ្នឹង​យើង​អត់​ដែល​មាន​ទៅ​សុំ​ច្បាប់​អាជ្ញាធរ យើង​យ៉ាង​ច្រើន​ទៅ​សុំ​ច្បាប់​សាងសង់​រោង​អី​តែ​ប៉ុណ្ណឹង​ទេ។​ ប៉ុន្តែ​បើ​គាត់​បង្កប់​ន័យ​អី​ផ្សេង អាហ្នឹង​បាន​គាត់​បារម្ភ ក៏​ប៉ុន្តែ​បើ​គាត់​ធ្វើ​នៅ​ក្នុង​ន័យ​ដូច​គេ​បុណ្យ​សព​ធម្មតា​ទូទៅ​ដូច​ប្រជាពលរដ្ឋ​ជាង១៥​លាន​នា​ក់អាហ្នឹង​ វា​មាន​បញ្ហា​អី​អូន»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​គណៈកម្មការ​បុណ្យ​កាល​ពី​សប្ដាហ៍​មុន កម្មវិធី​បុណ្យ​១០០​ថ្ងៃ​របស់​លោក​បណ្ឌិត កែម ឡី ​នឹង​ធ្វើ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​រយៈ​ពេល​៤​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា​ ប្រារព្ធ​ធ្វើ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ថ្ងៃទី​១៦ ខែតុលា ជា​ពិធី​ហែ​រូប​សំណាក​របស់​លោក កែម ឡី ទៅ​តម្កល់​នៅ​បូជនីយដ្ឋាន​ក្នុង​ខេត្ត​តាកែវដែល​ជា​ស្រុក​កំណើត​របស់​លោក។ កម្មវិធី​បុណ្យ​នេះ​ក៏នឹង​មាន​ការ​តាំង​ពិព័រណ៍​រូបថត​ ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ ដែល​លោក​បណ្ឌិត​ កែម ឡី ធ្លាប់​បាន​ធ្វើ​នៅ​ពេល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ។

អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​លោកបណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ហាង​ស្តារម៉ាត​មួយ​កន្លែង​ ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​កន្លង​ទៅ។

រយៈ​ពេល​ជាង​២​ខែ​ក្រោយ​ការ​បាញ់​សម្លាប់​រហូត​មកដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ពីតម្រុយ​អ្វី​ថ្មី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​នៅឡើយ​ទេ ក្រៅ​ពី​ភស្តុតាង​ដាក់​បន្ទុក​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ជា​ឃាតករ។

ចំណែក​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​អាជ្ញាធរ​បាន​ដក​យក​ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជូន​សាធារណជន​នៅ​ឡើយ​ទេ ដោយ​ក្រុមអ្នក​វិភាគ​ខ្លះ លើកឡើង​ថា អាជ្ញាធរ​ទំនង​ជា​ចង់​បិទ​បាំង​ការ​ពិត​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ហើយ​ទុក​ឲ្យ​រឿង​នេះ​ ឲ្យ​សាប​រលាប​ម្តង​បន្តិចៗ​ទៅ​តាម​ពេលវេលា​ ដូច​ជា​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន​និង​សិទ្ធិ​កម្មករ​លើក​មុនៗ​ដែរ​ ដូច​ជា​លោក ឈុត វុទ្ធី​ និង​លោក ជា វិជ្ជា៕

XS
SM
MD
LG