ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖​ ទស្សនកិច្ច​របស់​​លោកស្រី​អូបាម៉ា​នៅ​​កម្ពុជា​​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី​មីសែល អូបាម៉ា​បាន​ទៅដល់​ខេត្ត​សៀមរាប​ក្នុងកម្មវិធី​ Let Girls Learn

ក្រុម​អ្នក​វិភាគ​កិច្ចការ​អាស៊ី​ក្នុង​ប្រទេស​អាមេរិក​មួយ​ចំនួន​និយាយ​ថា​ ទស្សន​កិច្ចរបស់​លោកស្រី ភរិយា​ប្រធានាធិបតី​ស.រ.អា.​ Michelle Obama ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្តល់​កំណើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​ដែល​អាច​ឲ្យ​កម្ពុជា​មាន​ឱកាសរីក​ចម្រើន​ជឿនលឿន ​មិន​ត្រឹមតែ​ការ​អប់រំ​ប៉ុណ្ណោះ​ទេ។​

លោកស្រី ​Shihoko​ Goto​ អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ីមួយ​រូប​នៃ​អង្គការ​តាក់តែង​គោល​នយោ បាយ​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនហៅ​ថាមជ្ឈមណ្ឌល​ ​Woodrow Wilson Center​ បាន​ថ្លែង​ថា​ទស្សន​កិច្ច​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់ស្រី្ត​ទទួល​បាន​ការ​សិក្សា​ហៅ​ថា ​Let Girls Learn​ នោះ ​នឹង​ធ្វើឲ្យ​កម្ពុជា​ជា​ប្រទេស​សំខាន់​ដែល​អាច​ត្រូវ​គេ​មើល​ឃើញ​ថាជាដៃ​គូ​សេដ្ឋកិច្ច​និង​យោធា​របស់​ស.រ.អា.។​

លោកស្រី​បាន​ថ្លែង​ថា​ ការ​រីក​ចម្រើន​ ​ជឿនលឿន​ខ្លាំង ​ហើយ​នឹង​ការទទួល​បាន​ជោគ​ជ័យ​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅក្នុង​តំបន់​អាស៊ាន​នោះ​គឺ​ជា​រឿង​សំខាន់​សម្រាប់គោល​នយោបាយ​យុទ្ធ​សាស្ត្រ​របស់​ស.រ.អា.​ដែល​ងាកបែរ​មក​កាន់​តំបន់​នេះ។​

«ដូច្នេះខ្ញុំគិត​ថា​ នេះ​គឺជា​ស្ថានការណ៍​ឈ្នះៗ​សម្រាប់​ប្រទេស​ទាំង​ពីរ»។​

លោកស្រី ​Shihoko​ Goto ​បាន​អះអាង​ថា ក្រៅ​ពី​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រឈម​ផ្នែក​អប់រំ​ ដែល​ស.រ.អា.​អា​ចជួយ​បាន ​កម្ពុជា​អាច​មាន​លទ្ធភាព​សុំ​ឲ្យ​ស.រ.អា.​ធ្វើឲ្យ​មាន​ការរីក​ចម្រើន​និង​ការ​ផ្លាស់​ប្តូរ​ស្តី​ពី​កំណែ​ទម្រង់​រដ្ឋ​ផង​ដែរ។​

ទំនាក់​ទំនង​រវាង​ស.រ.អា.​និង​កម្ពុជា​មាន​កំណើន​ខ្លាំង​ជាង​ពេល​មុន​ ជាពិសេស​ពេល​ដែល​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​បាន​បំពេញ​ទស្សន​កិច្ច​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១២។​

តែ​បើ​តាម​ការ​អះអាង​របស់​លោក ​John Ciorciari​ សាស្រ្តាចារ្យ​គោល​នយោបាយ​សាធារណៈ​នៅ​ឯ​សាកល​វិទ្យាល័យ ​Michigan​ បាន​ថ្លែង​ទោះ​ជា​ទស្សន​កិច្ច​លោកស្រី​អូបាម៉ា​នេះ​ផ្តល់ទំនាក់​ទំនង​រវាង​ស.រ.អា.​ និង​កម្ពុជា​មែន​ តែ​ក៏​នៅ​មាន​បញ្ហា​ខ្លះ​ដែល​ជា​ឧបសគ្គ​ដែរ។

​លោក​ថ្លែង​តាម​ប្រសាសន៍​ដើម​ថា៖​

«រដ្ឋបាល​លោក​អូបាម៉ា​ប្រឈមមុខ​នឹង​ការ​ធ្វើ​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថាបនា​ជាមួយ​កម្ពុជា​ ដោយ​គ្មាន​ការធ្វើសម្បទាន​ ឬ​ឃើញ​ថា​ មាន​សម្បទាន​ជាមួយ​នឹង​បញ្ហា​ប្រជាធិបតេយ្យ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ទេ។ ​ទស្សន​កិច្ច​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​គឺ​ជា​មធ្យោបាយ​បង្ហាញ​ពី​ការ​បន្ត​ធ្វើ​ទំនាក់​ទំនង​ក្នុង​លំដាប់​ខ្ពស់​សម្រាប់​ផល​ប្រយោជន៍​ស.រ.អា.​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែលបញ្ជាក់​ថា​ ក្រុម​សង្គម​ស៊ីវិល​ត្រូវ​ដើរ​តួ​លើក​កម្ពស់​ការ​អភិវឌ្ឍ​និង​ការ​កែ​ទម្រង់។ ​ទស្សន​កិច្ច​នេះ​មាន​លក្ខណៈ​ប្រទាញ​ប្រទង់​តិច​ជាង​ការ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​ដែល​ត្រូវរង​ការ​រិះគន់​យ៉ាង​ទូលំ​ទូលាយ​ថា​ ជា​ការ​ចំណេញ​ សម្រាប់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។ ​តែ​រឿង​សំខាន់​នោះគឺទំនាក់​ទំនង​ពលរដ្ឋ​ និង​ពលរដ្ឋ​ ហើយ​នឹង​ការ​តាំងចិត្ត​របស់​ស.រ.អា.​ក្នុង​ការ​នៅ​ធ្វើ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​កម្ពុជា»។​

លោក​សាស្ត្រាចារ្យ​ច្បាប់​អាមរិកាំង ​Peter Maguire ​ដែល​ជា​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​កម្ពុជា​មិន​សូវ​មាន​ទំនុក​ចិត្ត​ថា​ កម្ពុជា​នឹង​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ស.រ.អា.​ដូចទំនាក់ទំនង​ដែល​កម្ពុជា​មាន​ជាមួយ​ប្រទេស​ចិន​ទេ ​ទោះជា​មាន​ការ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ក្តី។ ​លោក​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា​ អ្នក​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា​គឺ​ប្រទេស​ចិន ​ហើយ​កម្ពុជា​មិន​យក​ចិត្ត​ ទុកដាក់​ណាស់​ណា​ពីអ្វី​ ដែល​ស.រ.អា.​គិតទេ​ ពី​ព្រោះ​ចិន​សរសេរ​សែក​ផ្តល់​លុយ។​ ហើយ​ខ្ញុំ​គិត​ថា​ លោកស្រី ​Michelle Obama ​អាច​ធ្វើ​កិច្ចការ​សំខាន់​ដ៏​មាន​ផ្លែផ្កា​ខ្លះ​ ពេល​លោកស្រី​ស្ថិតនៅ​កម្ពុជា​ ដូចជា​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ស្ថានទូត​ស.រ.អា.​ពិនិត្យ​ មើល​អំពី​ឃាតកម្ម​លើ​ជនជាតិ​អាមរិកាំង ​Katherine Grgich ​ដែល​ត្រូវ​សម្លាប់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ គេ​បាន​ដឹង​ថា​ នរណា​ជា​ឃាតករ​ហើយ ​តែ​គ្មាន​នរណា​ម្នាក់​ធ្វើអ្វី​សោះ។​ ដូច្នេះ​លោកស្រី ​អូបាម៉ា​ប្រហែល​ជា​អាច​សួរ​នាំ​អំពី​រឿងស្លាប់ជនជាតិ​អាមេរិកាំង»។​

លោកស្រី ​Katherine Grgich ​អាយុ​៥៥​ឆ្នាំ​ជាអ្នក​ជំនាញ​ផ្នែក​ព្យាបាល​ដោយ​ម៉ាស្សា​ត្រូវ​ គេ​សម្លាប់​កាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៣​នៅ​កោះរ៉ុង ​តែ​ជន​សង្ស័យ​មិន​ត្រូវ​បាន​គេ​នាំ​ខ្លួន​ មក​កាត់ទោស​ទេ​ រហូត​មក​ទល់​ថ្ងៃ​លោកស្រី​អូបាម៉ា​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ Peter Maguire ​ទទួល​ស្គាល់​ថា ​ពលរដ្ឋ​កម្ពុជា​នឹង​រីករាយ​ចំពោះ​ទស្សន​កិច្ច​របស់ លោកស្រី​អូបាម៉ា។​

«ពលរដ្ឋ​កម្ពុជា​នឹង​សប្បាយ​រីករាយ​ចំពោះ​ទស្សន​កិច្ច​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​ ស.រ.អា.។ ​លោក​អ្នក​ដឹង​ហើយ​ថា​ នឹង​មាន​ភាព​រីករាយ ​តែ​ក្រៅពី​នោះ ​តើ​ពលរដ្ឋ​នឹង​ត្រូវ​គេ​ ឈប់​រំលោភ​ដីធ្លី​ទេ?​ តើ​គណបក្ស​ជំទាស់​នឹង​ត្រូវ​គេ​ឈប់​យារ​យី​ទេ? ​តើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ នឹង​មាន​ការ​ប្រសើរ​ទេ?​ នោះ​គឺ​គ្មាន​ទេ»។​

លោក​ថ្លែង​ដូច្នេះ​គឺ​សំដៅ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ ​មាន​វប្បធម៌​គ្មាន​ទោស​ មាន​ការ​ចាប់​ឃុំ​ខ្លួន​ស្រ្តី​បឹងកក់ ​ការ​រិតត្បិត​សំឡេងសង្គម​ស៊ីវិល​ និង​ការ​យារយី​ដល់​មន្ត្រី​គណបក្ស​ជំទាស់​រាប់​ ទាំង​ការ​ចោទ​ប្រកាន់​ទោស​ និង​ចាប់​ដាក់គុក​ដោយសារ​បញ្ហា​ដែល​គេ​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ​នោះ។​

បើតាម​លោក ​Evan Medeiros ​នាយក​ជាន់​ខ្ពស់​នៃ​កិច្ចការ​អាស៊ី​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហ​រដ្ឋអាមេរិក​ថ្លែ​ងថា ​លោកស្រី​អូបាម៉ា​នឹង​បញ្ជាក់​អំពី​ការ​ចាំបាច់​ឲ្យ​មាន​ប្រព័ន្ធ​នយោបាយ​បើក​ចំហ និង​រួម​បញ្ចូល​គ្នា​ ហើយនឹង​ការ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​មានមុខ​នាទី​នៅ​ក្នុង​អភិបាល​កិច្ច​ល្អ​ ហើយនឹង​មិន​ព្រងើយ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ ​បន្ថែម​ពីលើ​បញ្ហា​លើក​កម្ពស់​ការ​អប់រំ​ដល់​សិស្ស​ស្រី​នោះ។​

លោកស្រី ​Michelle Obama ​បាន​ដាក់​កម្ម​វិធី​ជួប​ជាមួយ​និស្សិត​ស្រីៗ​ក្នុង​ខេត្ត​សៀមរាប​ ជួប​ជា មួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​និង​យុវជន​ឆ្នើម​នៃ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ ហើយនឹង​ទស្សនា​ប្រាសាទ​ អង្គរ​វត្ត​ដ៏​ល្បីល្បាញ​ផង​ដែរ​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ។ ​លោកស្រី ​និង​ស្វាមីគឺ​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​ថា ​ការណ៍​ដែល​ក្មេងស្រី​ប្រមាណ​៦២​លាន​នាក់​មិន​មានលទ្ធភា​ព​ទៅ​សាលារៀន​នៅជុំវិញ​ពិភពលោក​គួរ​ជា​អាទិភាព​មួយនៃ​គោល​នយោបាយ​ការ​បរទេស។ ​លោកស្រីថ្លែង​ដូច្នេះ ​ដោយ​យោង​ថា ​នៅពេល​មាន​នារី​រាប់​សិបលាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់​ វា​គឺ​មិន​ត្រឹម​តែ​ជា​«ការ​ខ្ជះខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ជាទី​បំផុត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ ​ការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ ​ព្រមទាំង​វិបុលភាព​ពិភព​លោក​ធ្លាក់​ចុះ ​និង​ជា​ការ​គំរាម​ទៅលើ​សន្តិសុខ​នៃ​ប្រទេស​ទាំងអស់​ក្នុងពិភព​លោក»។​

លោកស្រី​អូបាម៉ា​គឺ​ជា​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ដំបូង​គេ​ដែល​បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា។​ លោកស្រី​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ លោកស្រីប៊ុន រ៉ានី​ជា​ភរិយា​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ក្នុង​ដំណើរ​ មក​ដល់​កម្ពុជា ​ក្រោយពី​បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ជប៉ុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG