កេរ្តិ៍ដំណែលរបស់អតីតនាយករដ្ឋមន្ត្រី Li Keqiang ដែលកាលពីពេលមុនត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាម្នាក់សម្រាប់តំណែងប្រធានាធិបតីចិន ត្រូវគេមើល ឃើញថាជាការបាត់បង់ឱកាសសម្រាប់ការធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏សំខាន់មួយដោយអ្នកវិភាគខ្លះដែលពណ៌នាលោកថា ជាអ្នកជំនាញសេដ្ឋកិច្ចដែលមានអំណាចតិចតួចដើម្បីរៀបចំចាត់ចែងកិច្ចការសេដ្ឋកិច្ច។
លោក Chang Wu-ueh ជាអ្នកជំនាញស្តីពីនយោបាយចិននៅឯសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់ បានប្រាប់វីអូអេតាមទូរសព្ទថា៖ «លោកជានាយករដ្ឋមន្ត្រីដែលបានទទួលការសិក្សាច្រើនបំផុត ដោយលោកបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យប៉េកាំង ក៏ប៉ុន្តែ ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោកត្រូវបានផ្តល់អំណាចតិចតួចបំផុតអំពីការងារសេដ្ឋកិច្ច»។
លោកបាននិយាយទៀតថា៖ «ស្របពេលដែលលោក Li ត្រូវទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចជានាយករដ្ឋមន្ត្រី ជាង១០ឆ្នាំចុងក្រោយនេះ រាល់ការសម្រេចសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេសចិនត្រូវបានធ្វើឡើងដោយប្រធានាធិបតីចិនលោក Xi Jinping។
លោក Li ជានាយករដ្ឋមន្ត្រីចិននិងជាប្រធានក្រុមប្រឹក្សារដ្ឋចិនចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ដែលជាទសវត្សរ៍ដំបូងនៃការកាន់អំណាចរបស់លោក Xi។ លោកត្រូវបានជំនួសដោយលោក Li Qiang អតីតលេខាបក្សទីក្រុងសៀងហៃនិងជាអ្នកស្មោះត្រង់ នឹងលោក Xi កាលពីខែមីនា បន្ទាប់ពីសមាជជាតិរបស់ប្រជាជនចិន។
ការប្រកាសជាផ្លូវការដែលត្រូវបានចេញផ្សាយដោយបណ្តាញទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា លោក Li បានប្រឈមនឹង«បញ្ហាជំងឺបេះដូងភ្លាមៗ» នៅថ្ងៃទី២៦ ខែតុលានេះ ខណៈដែលលោកបានសម្រាកនៅក្នុងទីក្រុងសៀងហៃ។ លោកបានស្លាប់១០នាទីក្រោយមកនៅពាក់កណ្តាលយប់ថ្ងៃទី២៧ ខែតុលានេះ បន្ទាប់ពីការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះលោក។
ក្នុងអំឡុងនៃការកាន់តំណែងរបស់លោកជានាយករដ្ឋមន្ត្រី ចិនបានជួបនឹងបញ្ហាប្រឈមសេដ្ឋកិច្ចកើនឡើង រួមទាំងការកើនឡើងនូវការតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ការកើនឡើងនូវបំណុលរបស់រដ្ឋាភិបាលនិងការគ្មានការងារធ្វើ និងការចុះខ្សោយសេដ្ឋកិច្ចដ៏ខ្លាំងដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវី១៩។ ថ្វីបើមានបញ្ហាប្រឈមច្រើនក៏ដោយ លោក Li បានបន្តការងារដើម្បីជួយឧបត្ថម្ភការខំប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពនិងបង្កើនការងារនៅក្នុងប្រទេសចិន។
ខណៈពេលដែលអ្នកធ្វើកំណែទម្រង់ខ្លះនៅក្នុងគណបក្សកុម្មុយនីស្តចិន (CCP) បានរំពឹងទុកថា លោក Li នឹងបន្តសន្ទុះនៃកំណែទម្រង់សេដ្ឋកិច្ចដែលត្រូវបានធ្វើឡើងដោយអ្នកកាន់តំណែងមុនៗនោះ ដូចជាលោក Zhu Rongjiនិង Wen Jiabao នោះ លោក Li បានស្ថិតនៅក្រៅសៃវៀនបន្តិចម្តងៗនៅពេលដែលប្រធានាធិបតី Xiបានរឹតបន្តឹងការត្រួតត្រាលើគណបក្ស។
លោក Wen-ti Sung ជាអ្នកវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យជាតិអូស្ត្រាលី បានប្រាប់វីអូអេតាមទូរសព្ទថា៖ «លោក Xi បានដើរតួនាទីកាន់តែច្រើនឡើងនៅក្នុងការធ្វើការសម្រេច រួមទាំងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូច្នេះ នៅទីបញ្ចប់ លោក Xi ហាក់ដូចជាមានឥទ្ធិពលកាន់តែធំឡើង សូម្បីតែបញ្ហានានាដូចជាសេដ្ឋកិច្ចជាដើម ដែលជាធម្មតាត្រូវបានគេចាត់ទុកថាជាដែនឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន