ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​ទទួល​រង​ការ​រិះគន់​កាន់តែ​ខ្លាំង


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន
អ្នកវិភាគ​និង​អ្នក​ច្បាប់​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​បង្គាប់​ឲ្យ​បង្កើត​ច្បាប់​មួយ​ដែល​មិន​ចាំបាច់​ដើម្បី​ប្រឆាំង​បុគ្គល​និង​ដើម្បី​ប្រយោជន៍​នយោបាយ។​

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​១២​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រមុខ​រដ្ឋាភិបាល​ដែល​តំណាង​អំណាច​នីតិ​ប្រតិបត្តិ​បាន​បញ្ជា​ទៅ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុន​ស៊ី​ន​ប៉ិច​ឲ្យ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ។​

​សម្រាប់​លោក​អ៊ូ​ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​បំបិទ​មាត់​ការពិភាក្សា​លើ​របប​ប្រល័យ​ពូជសាសន៍​របស់​ពួក​ខ្មែរក្រហម​ដោយ​សេរី។​
លោកនិយាយថា៖ «ខ្ញុំ​មើល​ទៅ​វា​ជា​ឧបករណ៍​មួយ​ក្នុង​ការរារាំង​ការ​ជជែក​គ្នា​នៃ​ប្រវត្តិសាស្ត្រ​មួយ​ហ្នឹង​ហើយ​បើ​ជជែក​គ្នា​ដោយ​មាន​ការ​ភ័យ​ខ្លាច​យើង​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​បាន​ទេ»។​

ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​តក់ក្រហល់​ មាន​កម្រាស់​ពីរ​ទំព័រ​និង​ប្រាំ​មាត្រា។​ មួយ​វិញ​ទៀត​មាត្រា​ដែល​ចែង​ពី​ទោសទណ្ឌ​មាន​តែ​បី​មាត្រា​តែ​ប៉ុណ្ណោះ។​

មាត្រា​២​ចែង​ថា​រាល់​ការ​មិន​ទទួល​ស្គាល់​ឬ​ការ​សម្រាល​ ឬ​ការ​បដិសេធ​ឬ​ការ​ជំទាស់​អតិ្ថភាព​នៃ​ឧក្រិដ្ឋកម្ម​ឬ​ការ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ច្បាប់​ ឬ​ដោយ​សេចក្តី​សម្រេច​ជា​ស្ថាពរ​របស់​តុលាការ​ដែល​មាន​អនុភាព​អនុវត្ត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​បទ​មិន​ទទួលស្គាល់​ជា​សាធារណៈ​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ។​

ច្បាប់​ដដែល​បាន​ចែង​ថា​អ្នក​ប្រព្រឹត្ត​ខុស​នឹង​ត្រូវ​ទទួលទោស​ពី​ប្រាំមួយ​ខែ​ ដល់​ពីរ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ដល់​៤​លាន​រៀល​ឬ​ស្មើនឹង​ពី​២៥០​ដល់​១.០០០​ដុល្លារ​អាមេរិក។​
ការ​បង្កើត​ច្បាប់​នេះ​ចំ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ធ្វើការ​វាយប្រហារ​ជា​ច្រើន​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទំនងជា​គណបក្ស​គូប្រជែង​អាច​មាន​សក្តានុពល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​នេះ។​

ជាង​នេះ​ទៅ​ទៀត​លោក​ហ៊ុន​ សែន​ បង្គាប់​ឲ្យ​បង្កើត​ច្បាប់​នេះ​ក្នុង​ពេល​ដែល​លោក​ចោទ​ថា​ លោក​កឹម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ថា​គុក​ទួល​ស្លែង​គឺ​«​ជា​គុក​សិប្បនិម្មិត​និង​រៀបចំ​ដោយ​វៀតណាម»។​ លោក​ហ៊ុន​ សែន​ បាន​ហៅ​សេចក្តី​អត្ថាធិប្បាយ​នោះ​ថា​ជា​គោលដៅ​ទៅ​រក​គណបក្ស​របស់​លោក។​

លោក​អ៊ូ​ វីរៈ​ យល់​ថា​ការ​បង្កើត​ច្បាប់​នេះ​ពិតជា​បាន​ភ្ជាប់​ទៅ​នឹង​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ផង​និង​ជា​ការ​វាយបក​ទៅ​លើ​លោក​កឹម​ សុខា​ ជា​លក្ខណៈ​បុគ្គល​ផង។
លោក​និយាយថា៖ «វា​មាន​លក្ខណៈ​បុគ្គល​ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈ​ឃោសនា​ឆ្នាំ​២០១៣​យើង​នេះ​ដែរ។ ​ត្រង់​ថា​ឥឡូវនេះ​ហាក់​ដូចជា​មាន​ការ​ព្យាយាម​បង្វែរ​ទិស​បញ្ហា​ជាតិ​ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ បញ្ហា​ពុក​រលួយ​ បញ្ហា​ផ្លូវ​ខូច​ បញ្ហា​រំលោភ​ដីធ្លី​ទៅ​ជា​បញ្ហា​ខ្មែរក្រហម»​។​

ទោះជា​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បង្កើត​ឡើង​ស្រប​នឹង​បរិបថ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​និង​ស្ថិត​ក្នុង​បរិបថ​ដែល​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​អំពី​ឧក្រិដ្ឋកម្ម​ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងតិច​១,៧​លាន​នាក់​ត្រូវ​បាន​សម្លាប់​និង​បាន​ស្លាប់​ ប៉ុន្តែ​ច្បាប់​នេះ​មាន​សណ្ឋាន​កើត​ចេញពី​ការ​គិត​យ៉ាង​ប្រថុចញ៉ុច​ និង​ដោយ​ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ទៅ​លើ​គណបក្ស​តទល់​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក​ដោយ​ផ្តើម​ចេញពី​ចំណុច​វាយប្រហារ​លើ​អ្នកនយោបាយ​ប្រជែង​តែ​មួយ​រូប​គត់។​ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ធ្វើ​ដូច​គ្នា​នេះ​កាលពី​ប្រាំពីរ​ឆ្នាំ​មុន។​
ពោល​គឺ​នៅ​ថ្ងៃ​ទី​១​ខែកញ្ញា​ ឆ្នាំ​ ២០០៦​ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​ឯកពន្ធភាព​ដែល​ដាក់ទោស​ដល់​អ្នក​ដែល​មាន​ប្រពន្ធ​ពីរ​ អំពើ​សាហា​យ​ស្មន់​ និង​កូន​កើត​អំពី​ការ​ផិតក្បត់។​

ក៏​ប៉ុន្តែ​គេ​បាន​ដឹង​ថា​ការ​អនុម័ត​ច្បាប់​នេះ​ ត្រូវ​បង្កើត​ឡើង​បន្ទាប់​ពី​មានរឿង​រ៉ាវ​ជម្លោះ​ក្នុង​ចំណង​ស្នេហា​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​មួយ​រូប​ដែល​បាន​បោះបង់​ភរិយា​ដើម​របស់​ខ្លួន​ចោល។​ សម្ព័ន្ធ​ភាព​ស្នេហា​ដែល​គេ​ដឹង​ឮ​សុះសាយ​នោះ​ដែល​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​មិន​ពេញចិត្ត​និង​បាន​រិះគន់​ខ្លាំងៗ​ជា​សាធារ​ណៈ​តាម​រលកធាតុ​អាកាស។​
ប៉ុន្តែ​ច្បាប់​នោះ​ហាក់​ដូចជា​មិន​ត្រូវ​គេ​ឃើញ​អនុវត្ត​លើ​មនុស្ស​ជា​ច្រើន​នោះ​ទេ​ក្រោយ​ពី​ត្រូវ​បង្កើត​ឡើង​និង​បាន​បញ្ចប់​បញ្ហា​នៃ​អ្នកនយោបាយ​រូប​នោះ។​

លោក​អ៊ូ​ វីរៈ​ ពិនិត្យ​មើល​ដំណើរការ​នៃ​ការ​បង្កើត​ច្បាប់​ទាំង​ពីរ​ដែល​លោក​អះអាង​ថា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នោះ​ទេ។​
លោកន្ថែមថា៖ «ឯក​ពន្ធភាព​គឺ​បង្កើត​ឡើង​ដើម្បី​សំដៅ​លើ​សម្តេច​ក្រុមព្រះ​។​ហើយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​របប​ខ្មែរក្រហម​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក​កឹ​ម​ សុខា។​ សុទ្ធតែ​រឿង​នយោបាយ​និង​រឿង​បង្វែ​ទិស​ធ្វើ​យ៉ាងណា​គាបសង្កត់​អ្នកនយោបាយ​ប្រឆាំង»​។​

ផ្ទុយ​ទៅ​វិញ​លោក​ឈាង​ វុន​ តំណាងរាស្ដ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មការ​ការបរទេស​នៃ​រដ្ឋសភា​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វី​អូ​អេ​សំឡេ​ង​សហរដ្ឋ​អាមេរិក​ខេមរភាសា​ក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា​ច្បាប់​នេះ​មិន​សំដៅលើ​លោក​កឹ​ម​ សុខា​នោះ​ទេ។​
លោកនិយាយថា៖ «មិនមែន​ធ្វើ​ដើម្បី​ចាប់ចង​ឬ​ចោទ​ប្រកាន់​ឯកឧត្តម​កឹ​ម​ សុខា​ទេ។​ នៅ​ក្នុង​ច្បាប់​នោះ​បើ​យើង​មើល​ឃ្លាឃ្លោង​អត់​មាន​ពាក់​ព​ន្ធ័​នឹង​កឹ​ម​ សុខា​និយាយ​ម៉ា​បន្តិច​។​ហើយ​ឈ្មោះ​ថា​គុក​ទួល​ស្លែង​មួយ​អត់​មាន​និយាយ​ផង​។​ យើង​និយាយ​ជា​រួម​ ជា​ទូទៅ​សម្រាប់​អនុវត្ត»។​

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ត្រូវ​រិះគន់​ថា​មាន​ប្រព័ន្ធ​ច្បាប់​ខ្វះខាត​និង​មានការ​អនុវត្ត​ច្បាប់​ទន់ខ្សោយ​។​ សហគមន៍​អន្តរជាតិ​បាន​លើក​ទឹកចិត្ត​ឲ្យ​កម្ពុជា​បង្កើត​ច្បាប់​ចាំបាច់​ជា​ច្រើន​ដែល​ចាំបាច់​សម្រាប់​អនុវត្ត​បន្ទាន់​ដូច​ជា​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ ច្បាប់​ស្តី​ពី​វិសោធនកម្ម​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌​មាន​ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ជាដើម។​

ក្នុង​ចំណោម​ច្បាប់​ទាំងនោះ​មានច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​សន្យា​ក្នុង​ការ​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​ចាប់តាំងពី​ក្រោម​ដប់​ឆ្នាំ​រហូត​ដល់​រយៈពេល​១៥​ឆ្នាំទៅ​ហើយ​។​ ប៉ុន្តែ​សេចក្តី​ព្រាងច្បាប់​ដែល​ពាក់​ព័ន្ធ​បញ្ហា​ទាំងនោះ​នៅ​តែ​ស្ថិត​ក្រោម​ដៃ​រដ្ឋាភិបាល​នៅ​ឡើយ។​

ទាំង​លោក​អ៊ូ​ វី​រៈ​ ទាំង​លោក​សុខ​ សំ​អឿ​ន​ សាស្ដ្រាចារ្យ​ច្បាប់​មួយ​រូប​និង​ជា​នា​យក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​លើក​ឡើង​ថា​ច្បាប់​ខាងលើ​នឹង​ជួយ​ឲ្យ​ប្រ​ព័ន្ធ​តុលាការ​កម្ពុជា​ក្លាយជា​ស្ថាប័ន​ឯករាជ្យ​ពី​នយោបាយ​និង​ជួយ​ដល់​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​មួយ​ល្អ​ប្រសើរ។​

លោក​សុខ​ សំ​អឿ​ន​ មាន​ប្រសាសន៍​ថា​ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​មិន​មាន​ភាព​ចាំបាច់​ក្នុង​ពេល​នេះ​ទេ​។​
លោក​និយាយថា៖ «បើ​និយាយ​ចាំបាច់​ដូច​ជា​មិន​ចាំបាច់​អី​ទេ»។​

ដោយ​ឡែក​លោក​ឈាង​ វុន​ គិត​ថា​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​ត្រូវ​អនុវត្ត​ពេញលេញ​និង​ទូលំទូលាយ។​
លោកពន្យល់ថា៖ «នៅ​ពេល​ដែល​មនុស្ស​ម្នាក់​និយាយ​ជា​សាធារណៈ​ឬ​ផ្សព្វផ្សាយ​ព័ត៌​មាន​ជា​សាធារណៈ​ដែល​ថា​មិន​មាន​ឬ​បដិសេធ​អំពើ​ប្រល័យពូជសាសន៍​ អំពើ​ប្រឆាំង​មនុស្សជាតិ​។​ល​។​ និង​។​ល​។​បើ​និយាយ​ឲ្យ​ចំ​គឺ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​សុទ្ធតែ​ជាប់​តាម​ច្បាប់​នេះ​ទាំងអស់»។​

យ៉ាងណា​ក៏​ដោយ​លោក​សុន​ ឆ័យ​ តំណាងរាស្ដ្រ​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​ត្រូវ​បាន​បណ្តេញ​ពី​ក្របខណ្ឌ​ជាមួយ​តំណាងរាស្ដ្រ​គណបក្សជំទាស់​២៦​រូប​ផ្សេង​ទៀត​កាលពី​ស​ប្តា​ហ៍​មុន​មាន​ប្រសាសន៍​ថា​ច្បាប់​ខាងលើ​នេះ​មិន​មាន​សុពលភាព​នោះ​ទេ​ដោយសារ​តែ​មិន​មាន​កូរ៉ុម​ពី​តំណាងរាស្ដ្រ​ជំទាស់​ហើយ​គណបក្ស​ជំទាស់​មិន​ទទួល​ស្គាល់​ច្បាប់​នេះ​ទេ៕
XS
SM
MD
LG