ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​ចង់ឃើញ​ប្រតិកម្ម​ពី​អ.ស.ប.​ចំពោះការ​ដក​សមាជិក​សភា​២៩រូបនៅកម្ពុជា


លោក​ព្រហ្ម​​ សៅរ៍នរ៉ា ពេល​ចូលរួម​ខួប​សន្និសីទ​​ក្រុង​ប៉ារីស​ឆ្នាំ២០១១។
លោក​ព្រហ្ម​​ សៅរ៍នរ៉ា ពេល​ចូលរួម​ខួប​សន្និសីទ​​ក្រុង​ប៉ារីស​ឆ្នាំ២០១១។
ក្រុម​អ្នកវិភាគ​ខ្លះ​ចង់​ឃើញ​ប្រតិកម្ម​ពីអ.ស.ប.​ចំពោះ​ការ​ដក​សមាជិក​សភា​គណបក្ស​ជំទាស់​២៩​រូប​ក្នុង​ប្រទេស​កម្ពុជា។​ ពីរដ្ឋធានី​វ៉ាស៊ីនតោន ​លោក​សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា ​ក្រុម​អ្នក​វិភាគ​ទាំងនោះ​បាន​សំឡឹង​មើល​ទៅ​ដល់​អ្វីដែល​ជា​ការ​ដាក់​អាសនៈកម្ពុជា​នៅឯ​អ.ស.ប.​ឲ្យនៅ​ទំនេរ​ដើម្បី​ឲ្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​កែប្រែ​ជំហរ​របស់​ខ្លួន​ ហើយ​អនុញ្ញាត​ឲ្យ​សមាជិក សភា​គណបក្ស​ជំទាស់​បានបន្ត​កិច្ចការ​ជាអ្នក​តំណាង​រាស្ត្រ​របស់​ពួក​គេ​ឡើង​ វិញ។​

ក្រុមអ្នក​តាមដាន​សភាព​ការណ៍​កម្ពុជា​ខ្លះ​ក្នុង​ប្រទេស​អាមរិក​បាន​ទទូច​ឲ្យ​អ.ស.ប.​ពិចារណា​ដើម្បី​ព្យួរអាសនៈ​របស់​ប្រទេស​កម្ពុជា​នៅ​អ.ស.ប.​ឲ្យ​នៅ​ទំនេរ​បណ្តោះ​អាសន្ន​ ក្រោយពី​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​បណ្តេញ​សមាជិក​សភា​គណបក្ស​ជំទាស់​២៩រូប​ ដែល​គេ​ចាត់​ទុក​ថា​ ធ្វើឲ្យ​សភា​កម្ពុជា​បច្ចុប្បន្នបាត់​បង់​នូវ​ភាព​ស្របច្បាប់​និង​ប៉ះពាល់​ដល់ដំណើរ​ការ​ប្រជា​ធិបតេយ្យ។​

ក្រុមអ្នក​ឃ្លាំមើល​និង​មន្ត្រី​គណបក្ស​ជំទាស់​បាន​លើក​យក​អំណះ​អំណាង​ថា​ សភា​កម្ពុជា​ពេលនេះ​មិនគ្រប់​លក្ខណៈ​ច្បាប់​ទេ​ ដោយសារ​ថា​ សភា​មាន​ចំនួន​តិច​ជាង​១២០​ក្នុង​ចំណោម​១២៣ ​ដែលច្បាប់​តម្រូវ។ ​ហើយការ​បណ្តេញ​សភា​តំណាង​រាស្ត្រ​ចេញ​ដូច្នោះ​គឺ​ជាការ​ខុសច្បាប់​កំពូល​របស់​ប្រទេស​គឺ​រដ្ឋធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឲ្យមាន​ការ​រើរុះ​តំណាង​រាស្ត្រ​ក្នុង​រយៈពេល​យ៉ាងយូរ៦ខែ​មុន​ចប់​អាណតិ​របស់​ពួកគេ។​

លោក​ព្រហ្ម សៅរិ៍នរ៉ា​ អ្នកវិភាគ​នយោបាយ​ម្នាក់​ក្នុងរដ្ឋ​វីជីនៀ​ស.រ.អា.​បាន​អះអាង​ថា​ អ.ស.ប.​គួរ​ពិចារណា​រក្សាទុក​អាសនៈ​កម្ពុជា​នៅ​ឯ​អ.ស.ប.​ឲ្យនៅ​ទំនេរ​ ដោយសារ​តែ​សភា​កម្ពុជា​បាត់បង់​ភាព​ស្រប​ច្បាប់​ ហើយ​កំពុង​ជួប​វិបត្តិ​ព្រោះ​គ្មាន​សមាជិក​គ្រប់​ចំនួន។ ​

លោក​និយាយ​ថា៖«ដូច្នេះហើយ​សភានៅ​ស្រុកខ្មែរ​ហ្នឹង​ជាសភា​អស់​សុពលភាព។​ ដូច្នេះ​ហើយ អសប​អាចនឹង​ដក​អ្នក​តំណាង​របស់​គណបក្ស​ប្រជាជន​ដែលកាន់​អំណាច​សព្វ ថ្ងៃហ្នឹង​ចេញពី​អសប​បាន​ព្រោះអី​កម្ពុជា​ខុសច្បាប់​ហើយ។ ​អ្នកដែល​នៅកាន់ អំណាច​សព្វថ្ងៃហ្នឹង​វាអស់​សុពលភាព»។

លោក​ព្រហ្ម សៅរិ៍នរ៉ា​បានបន្ថែម​ថា​ សេចក្តី​សម្រេច​នានា​របស់សភា​និង​រដ្ឋា ភិបាល​កម្ពុជា​ចាប់ពី​ពេល​នេះ​ទៅនឹង​ខុស​ច្បាប់។​

សមាជិក​សភា​គណបក្ស​សម រង្ស៉ី​២៦រូប​និង​សមាជិក​សភា​គណបក្ស​សិទ្ធិ​មនុស្ស ​៣រូប​ត្រូវ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ បណ្តេញ​ចេញ​និង​បង្កក​ប្រាក់ខែ​កាលពី​ដើមខែ​មិថុនា​ ក្រោយពី​អ្នកតំណាង​រាស្ត្រ​២៩​រូប​នោះ ​បានចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា​ដែលជា​គណ បក្ស​រួមគ្នា​តែមួយ ​ហើយ​ត្រូវគេ​ដឹង​ថា ​អាចមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។​

គណបក្ស​គ្រប់គ្រង​ប្រទេស​ដែលកាន់​កាប់​អាសនៈ​សភា​៩០​លើស​ពីកូរ៉ុម​ត្រូវការ​ និង​គណបក្ស​ជំទាស់​កំពុង​ស្ថិតនៅ​ក្នុង​សភាព​ប្រទាញ​ប្រទង់​គ្នា​ចំពោះការ​បក ស្រាយ​ច្បាប់​ ដោយ​បាន​លើក​យក​ច្បាប់​និង​ទទ្ប្ហីករណ៍​រៀងៗ​ខ្លួន​មកបញ្ជាក់​ជា​ អំណះ​អំណាង​ផ្លូវច្បាប់។​

លោក​ចាន់លី ​គុជ ​អ្នកវិភាគ​ម្នាក់​ក្នុង​រដ្ឋម៉ារីឡែន​ស.រ.អា.​បាន​ចាត់​ទុកការ​បណ្តេញ​សមាជិកសភា​គណបក្ស​ជំទាស់​ជារឿង​មិនត្រឹមត្រូវ​តាមច្បាប់​ជាតិ​និង​អន្តរជាតិ ​ដោយ​សារថា​ ប្រជា​ពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​ជូន​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ។ ​

លោក​និយាយ​ថា៖​ «ដូច្នេះ​ហើយ​អ.ស.ប.​គេ​នឹង​ធ្វើការ​ថ្លឹងថ្លែង។​ គេនឹង​ធ្វើការ​តាម​ដាន​ពិនិត្យ​មើល ​ឲ្យបាន​ដិតដល់​ពីសកម្មភាព​នៃ​រាជ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​យើង។​ ហើយ​កាលណា​គេ​មើល​ទៅ​រាជរដ្ឋាភិបាល​ហ្នឹង​ហាក់​ដូចជា​ឃ្លាត​ចាក​ឆ្ងាយ​ពីក្រិត្យ​ក្រមច្បាប់​ ទម្លាប់​វិន័យ​របស់​អ.ស.ប.​ដែលគេ​ចែងឲ្យ​សមាជិក​អនុវត្តហ្នឹង​ គេនឹង​អាច​ដក​កៅ​អី​ហ្នឹង​ចេញ»។​

លោក​ថ្លែង​ថា​ ប្រទេស​មួយ​និង​ប្រជាពលរដ្ឋ​ប្រទេស​នោះ​នឹង​ប្រឈមមុខ​នឹង បញ្ហា​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ នយោបាយ​ និង​ជំនួយ​ជាដើម​ ប្រសិន​បើត្រូវ​គេ​ព្យួរ កៅអី​ឲ្យនៅ​ទំនេរ​នៅ​ឯ​អ.ស.ប.។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​ ​Gerald Ford School ​of Public Policy​ នៃ​សាកល​វិទ្យាល័យ​ Michigan​ បាន​ថ្លែងប្រាប់​វីអូអេ​ថា៖​ ប្រទេស​កម្ពុជា​ទំនងជា​មិនត្រូវ​គេ ព្យួរកៅអី​នៅ​អ.ស.ប.​ទេ​ ព្រោះ​តាមធម្មនុញ្ញ​អ.ស.ប.​ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវស្នើ​ឲ្យ​មានការ​ព្យួរ​អាសនៈ​នេះ។​

លោក​និយាយ​ថា៖​ «តែ​នយោបាយ​ការទូត​របស់​កម្ពុជា​និង​ឥរិយាបទ​នយោបាយ​ក្នុង​ស្រុក​ទំនង​ជាធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​សមត្ថភាព​កម្ពុជា​ក្នុងការ​ទាក់ទាញ​សម្លេង​ឆ្នោត​គាំទ្រ​ក្នុង​ស្ថាប័ន​អ.ស.ប.​ដែល​ជ្រើសរើស​ដោយការ​បោះឆ្នោត​ ដូចជា​ក្រុម​ប្រឹក្សា​សន្តិសុខ ​និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស។​ រឿង​នេះ​វា​ត្រឹមត្រូវ​ដែល​ថា​ រដ្ឋនានា​គួរតែ​គិត​ ពិចារណា​អំពី​កំណត់ត្រា​គោល​នយោបាយ​នៃ​ប្រទេស​ជា​បេក្ខជន​ នៅពេល​ជ្រើសរើស​ប្រទេស​ណាមួយ​ឲ្យកាន់កាប់​ស្ថាប័ន​ពិភពលោក​ដែល​មាន​ទាំងពីរ​គឺ​សិទ្ធិ​អំណាច​និង​កិត្យានុភាព​នោះ»។​

លោក​បាន​ថ្លែង​ថា​ កម្ពុជា​បាន​ខកខាន​ក្នុងការ​ទទួល​បាន​នូវការ​គាំទ្រ​ជា​សាមាជិក​មិន​អចិន្ត្រៃយ៍​កាលពី​ឆ្នាំ​២០១២​ម្តង​ហើយ​ដោយ​គេដឹង​ថា​ កម្ពុជា​បាន​ចាញ់​ប្រទេស​កូរេ​ខាងត្បូង។ ​លោក​សាស្ត្រាចារ្យ​ ចន ស៊ីយ៉ូស៊ីយ៉ារី ​បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​បន្ថែម​ហេតុផល​ក្នុង​ការ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ជា​នីតិរដ្ឋ​គឺ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។​

មន្ត្រី​អ.ស.ប.ម្នាក់​ក្នុង​ទីក្រុង​ញូយ៉ក​បានថ្លែង​ប្រាប់​វីអូអេ​ថា ​អ.ស.ប.​ពុំទាន់​មាន​ព័ត៌មាន​អ្វីពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​និង​សមាជិក​អចិន្ត្រៃយ៍​ទេ​កាលពីថ្ងៃអង្គារ​នេះ។ ទោះជា​យ៉ាងណា​ក៏ដោយ​មន្ត្រី​ដដែល​អះអាង​ថា ​បញ្ហា​កោះ​ប្រជុំ​ស្តីពីការ​ព្យួរ​អាសនៈ​សមាជិក​អ.ស.ប.​ណាមួយ​អាចកើត​មានឡើង​បាន​ទាល់តែ​មាន​សភាព​ការណ៍​ធ្ងន់ធ្ងរ​ក្នុងប្រទេស​នោះ។​ មន្ត្រី​ដដែល​បាន​និយាយ​ថាកិច្ចប្រជុំ​ស្តីពី​ការ​ត្រួត​ពិនិត្យ​អាសនៈ​ប្រទេស​កម្ពុជា​អាចនឹង​ប្រព្រឹត្តិ​ទៅ​បាន ​បើ​ស.រ.អា.​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​និងសមាជិក​ឯទៀត​ចាត់ទុក​ថា​ នោះ​ជា​បញ្ហា​ធំ។​

ស.រ.អា.​បាន​ប្រតិកម្ម​និង​បង្ហាញ​កង្វល់​ជាខ្លាំង​ចំពោះការ​បណ្តេញ​សមាជិក​សភា​ គណបក្ស​ជំទាស់នេះ ​ដោយ​បានចាត់​ទុក​ថា​ ជាទង្វើ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរ​ការ លទ្ធិ​ប្រជាធិប​តេយ្យ​ដ៏រឹងមាំ។​

អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ស.រ.អា. ​លោកស្រី​ Jen Psaki ​អះអាង​ក្នុង​សេចក្តី ប្រកាសព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​មុន​ថា៖ ​«យើងគាំទ្រ​យ៉ាង​ខ្លាំងក្លា​នូវ​ដំណើរ​ការ​នយោបាយ​ដែលមាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​របស់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុងការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា។​ ការបញ្ឈប់​ប្រាក់​ខែ​និង​ឋានៈ​ក្នុង​សភា​ជាតិ​របស់​សមាជិក​គណបក្ស​ប្រឆាំង​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​របស់គេ​ ហើយ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការចូល​រួម​ដ៏ពេញ​លេញ​របស់​តំណាង​ជាប់ឆ្នោត​ទាំងអស់​មានសារៈ​សំខាន់​ចំពោះ​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

លោកស្រី​បាន​បន្ថែម​ថា​ ស.រ.អា.​ស្នើឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ជាតិ​អនុញ្ញាត​ឲ្យ សមាជិក​ជាប់ឆ្នោត​ទាំងអស់​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​គេ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ ​កម្ពុជា ។​
សេចក្តី​ថ្លែងការណ៍​របស់​ស.រ.អា.​បានធ្វើ​ឲ្យមាន​ប្រតិកម្ម​ពីមន្ត្រី​កម្ពុជា​ដែល​ចាត់​ ទុក​ថា ​វាជា​ការ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​និង​ជា​រឿង​ទទួល​យក​មិន​បាន។​

ប្រទេស​កម្ពុជា​ធ្លាប់ត្រូវ​អ.ស.ប.​ព្យួរ​អាសនៈ​នៅ​អ.ស.ប.​ម្តង​ចុងក្រោយ​នេះ​បន្ទាប់​ពី​មានរដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី៥​និង​ថ្ងៃ​ទី៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ ​ដែល​បាន​បណ្តេញ​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ត្រី​ទី១​ចេញ​ពី​អំណាច៕​
XS
SM
MD
LG