អ្នកវិភាគយល់ថា ទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែ «មិនទុកចិត្តគ្នា» ហើយនាំឲ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជាច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចគឺលោកអ្នកឧកញ៉ា លី យ៉ុងផាត់។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាបក្សកាន់អំណាចដែលទើបទទួលបានងារជាលោកអ្នកឧកញ៉ាផង គឺលោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបោកបញ្ឆោតតាមអនឡាញ។
ប្រធានវេទិកាអនាគត Future Forum លោក អ៊ូ វីរៈ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រយៈពេលមួយឆ្នាំនៃការស្តារទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបង្ហាញថា មិនបានជោគជ័យ ក្រោយមានការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច។ លោកថា ទណ្ឌកម្មនេះក៏នឹងធ្វើឱ្យកម្ពុជាកាន់តែមិនទុកចិត្តអាមេរិក ខណៈសហរដ្ឋអាមេរិកចង់ផ្ញើសារថាខ្លួននៅតែទៅមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ជាពិសេសកុំឱ្យកម្ពុជាជិតស្និទ្ធពេកជាមួយចិន។
លោកថ្លែងថា៖ «អ៊ីចឹងបានន័យថា កម្ពុជានិងសហរដ្ឋអាមេរិកនៅតែជាមិត្ត ប៉ុន្តែមិនទុកចិត្តគ្នា។ នេះគឺជាគន្លឹះមួយ។ ទី២ ការដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ ជាពិសេសគាត់ជាសមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជាមកពីគណបក្សកាន់អំណាចផង ហើយគាត់ជាឧកញ៉ាដ៏មានឥទ្ធិពល និងមានតួនាទីសំខាន់ក្នុងសង្គមផង ការ Sanction [ដាក់ទណ្ឌកម្ម] ដាក់គំនាបបែបហ្នឹង ខ្ញុំមើលទៅវានឹងប៉ះពាល់ច្រើន ប៉ុន្តែជាការផ្ញើសាររបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកនៅតែបន្តជំរុញកម្ពុជាឱ្យបំពេញនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែជាប្រធានបទមួយដែលកម្ពុជានិងអាមេរិកនៅតែមិនត្រូវគ្នា»។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិកលើកឡើងថា ក្រុមហ៊ុនជាច្រើនរបស់លោក លី យ៉ុងផាត់ ដែលស្និទ្ធនឹងលោក ហ៊ុន សែន ត្រូវរងទណ្ឌកម្មដោយសារតែតួនាទីរបស់ក្រុមហ៊ុនទាំងនោះបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយមានការបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកបញ្ឆោតវិនិយោគតាមអនឡាញ។
អនុរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការស៊ើបការណ៍ហិរញ្ញវត្ថុ និងភេរវកម្មនៃក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍អំពីការដាក់ទណ្ឌកម្មនោះថា ធ្វើឡើង «ដើម្បីឱ្យអ្នកពាក់ព័ន្ធនឹងការជួញដូរមនុស្សទទួលខុសត្រូវ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេថា ទណ្ឌកម្មរបស់អាមេរិកលើហេរញ្ញិកដ៏សំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដែលភាគីទាំងពីរខំស្តារឡើងក្នុងរយៈពេលមួយឆ្នាំមកនេះ។
លោកថ្លែងថា៖ «យើងដឹងហើយថា លោក លី យ៉ុងផាត់ នេះគឺជាបុគ្គលដែលមានឥទ្ធិពល មិនមែនត្រឹមតែផ្នែកសេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម ក៏ជាមនុស្សសំខាន់នៅក្នុងគណបក្សប្រជាជន។ ដូច្នេះហើយការដាក់ទណ្ឌកម្មនេះនឹងធ្វើឱ្យគណបក្សប្រជាជនដែលជាគណបក្សគ្រប់គ្រងអំណាច ហ្នឹងអាចមានការអាក់អន់ស្រពន់ចិត្តខ្លាំង ពិបាកនូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការថ្មីៗដែលផ្តួចផ្តើមដោយអាមេរិក»។
បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ស្ថាប័នរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចមួយចំនួនបានបង្ហាញប្រតិកម្ម។
ក្រសួងការបរទេសកម្ពជា កាលពីថ្ងៃទី ១៣ ខែកញ្ញាបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ «ការសម្រេចចិត្តដោយអយុត្តិធម៌» ក្នុងការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោក។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។
រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក«អយុត្តិធម៌» ដោយសារផ្អែកលើរបាយការណ៍គ្មានការណ៍ពិត មិនគ្រប់ជ្រុងជ្រោយ មានលក្ខណៈនយោបាយ និងបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។
ចំណែកលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៥ ខែកញ្ញា ដោយចាត់ទុកការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើលោក លី យ៉ុងផាត់ ជាការ «ចាប់ដៃ ជាន់ជើង»។
លោកសរសេរក្នុងន័យដើមថា៖ «ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង សម្រាប់ជាមូលដ្ឋានពង្រឹងទំនាក់ទំនងដោយស្មោះត្រង់ ជឿទុកចិត្ត និងស្មើភាពគ្នា! ពិតណាស់ ឃ្លានេះមានន័យគ្រប់គ្រាន់បញ្ជាក់ពីចេតនា និងសកម្មភាព ដែលស្តែងឡើងខុសពីអ្វីដែលអ្នកបាននិយាយ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា កម្ពុជាគួរតែបើកការស៊ើបអង្កេតរកភស្តុតាង មុនចេញប្រតិកម្ម ដែលលោកថា ប្រតិកម្មបែបនេះនឹងមិនអាចជួយស្តារទំនាក់ទំនងប្រទេសទាំងពីរបានទេ ប៉ុន្តែអាចធ្វើឱ្យប្រទេសលោកខាងលិចឃើញកម្ពុជាថាជាប្រទេសមិនមែននីតិរដ្ឋ។
អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជាលោក ស៊ឺន សម ប្រាប់វីអូអេថា សហរដ្ឋអាមេរិកជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន និងតែងមានការស្រាវជ្រាវច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ លោកថា ការដាក់ទណ្ឌកម្មនេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណងការទូតរវាងប្រទេសទាំងពីរឡើយ ប៉ុន្តែថា កម្ពុជាគួរជួបជជែកជាមួយស្ថាប័នអាមេរិកដើម្បីបកស្រាយឱ្យបានច្បាស់ ដោយសារអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាចំណុចកណ្តាលនៃឧស្សាហកម្មឧក្រិដ្ឋកម្មមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកំណត់គោលដៅឧក្រិដ្ឋកម្មលើជនរងគ្រោះនៅទូទាំងពិភពលោក ជាមួយនឹងការក្លែងបន្លំ Crypto និងគ្រោងការណ៍ផ្សេងទៀត ដែលជារឿយៗដំណើរការដោយក្រុមហ៊ុនចិន និងក្រុមមនុស្សដែលត្រូវបានជួញដូរ។
ការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកលើលោកឧកញ៉ាលី យ៉ុងផាត់ កើតឡើងក្រោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការជួញដូរមនុស្ស ដែលកត់ត្រាអំពីការពាក់ព័ន្ធរបស់មន្ត្រីកម្ពុជាខ្លះនៅក្នុងសកម្មភាពដែលមានទំនាក់ទំនងនឹងការជំរុញឱ្យមានការជួញដូរមនុស្ស ក្នុងអំពើឧក្រិដ្ឋឆបោកតាមបណ្តាញអ៊ីនធឺណិត ឬហៅថា online scam។
លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងអ្នកមានឥទ្ធិពលមួយចំនួននៅកម្ពុជាដែលត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ឱ្យចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។
លោកឧកញ៉ា ទ្រី ភាព និងលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសដែលជាមនុស្សស្និទ្ធនឹងអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកចំពោះការប្រើប្រាស់ឥទ្ធិពល និងបណ្តាញរបស់ខ្លួន ដើម្បីកេងប្រវ័ញ្ចពលរដ្ឋកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិនដែលមករកស៊ីនៅកម្ពុជា៕
វេទិកាបញ្ចេញមតិ