ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកវិភាគ ប្រតិកម្មតបនឹងកងទ័ពកម្ពុជា ដែលបង្ហាញការមិនសប្បាយចិត្តចំពោះសំណើតម្កល់រូបសំណាកលោក កែម ឡី


រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក កែម ឡី អ្នក​វិភាគ​ខាង​សង្គម និង​នយោបាយ​ដ៏​លេចធ្លោម្នាក់ ញញឹម ខណៈពេល​ដែល​លោក​បាន​ចូលរួម​ពិធីបុណ្យ​រំឭក​ខួប​៦៧ឆ្នាំ​ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​កាន់កាប់ នៅ​ជ្រោយចង្វារ ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៦។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ​លោក​ កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា មិន​បាន​កាន់​កាំភ្លើង​ច្បាំង​នឹង​សត្រូវ​នា​សម័យ​សង្គ្រាម​នោះ​ទេ​ តែ​លោក​ គឺ​ជា​អ្នក​ប្រើ​បញ្ញា​ច្បាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម​នានា។​​

ក្រុម​អ្នកវិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិនបាន​ស្តី​បន្ទោស​ក្រុម​កង​ទ័ពមួយ​ចំនួន​ដែល​បង្ហាញ​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ប្រឆាំង​នឹង​គម្រោង​តម្កល់​រូប​សំណាក​លោក​ កែម ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះទេ​ តែ​ពួកគេ​លើកឡើង​ថា​ ក្រុម​កង​ទ័ពនោះ​ អាច​នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្ដី​គោរព​របស់​មហាជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ចំពោះ​លោក កែម ឡី។​ ​

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ​លោក​ កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា មិន​បាន​កាន់​កាំភ្លើង​ច្បាំង​នឹង​សត្រូវ​នា​សម័យ​សង្គ្រាម​នោះ​ទេ​ តែ​លោក​ គឺ​ជា​អ្នក​ប្រើ​បញ្ញា​ច្បាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម​នានា។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​កងទ័ព​មួយ​ចំនួន​ បាន​បង្ហាញ​ការ​ភ័ន្តច្រឡំ ចំពោះ​ការ​ជំទាស់មិន​ឲ្យ​មានការ​តម្កល់​រូបសំណាក​លោក​ កែម ឡី​ ដែល​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពេល​លោក​ត្រូវ​គេ​ដឹង​ថា​ បាន​ផ្ដល់​មតិ​រិះគន់​ជាច្រើន​ ដើម្បី​ស្ថាបនា​ប្រជាជាតិ​ខ្មែរ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ។​

«ជា​ការ​យល់​ខុស​របស់​គាត់​ ព្រោះ​អី​គាត់​គិត​ថា​ ទាល់​តែ​យើង​កាន់​អាវុធ​ បានក្លាយ​ទៅ​ជា​វីរបុរស​កើត។ ខ្ញុំ​មើល​ទៅ​ជា​ការយល់​ខុស​ធ្ងន់​មែន»។

លោក​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា មិន​គួរមើល​រំលង​ទឹកចិត្ត​ស្រលាញ់​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ដែល​មាន​ចំពោះ​លោក​ កែម ឡី​នោះ​ទេ។​

លោក អ៊ូ វីរៈ​ បន្ថែមថា រាជរដ្ឋាភិបាល​នឹងពិចារណា​លើ​ជំហរ​កងទ័ព​ខ្មែរ។

«ខ្ញុំ​គិត​ថា​ ប្រជា​ពលរដ្ឋ​ប្រហែល​ជា​មិន​សប្បាយចិត្ត​ ជាមួយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​មិន​ព្រម​ឲ្យ​ដាក់​ទេ។​ តាម​ពិត ​រដ្ឋាភិបាល​ទេ​ គួរ​ជា​អ្នក​លើកឡើង ឬ​មួយ​ជា​អ្នក​ព្យាយាម​ ក្នុង​ការ​ធ្វើ​ម៉េច​ ឲ្យ​រឿង​រូបចម្លាក់​នេះ​ ឲ្យ​បាន​ចេញ​ ពីព្រោះ​រដ្ឋាភិបាល​ ក៏​គាត់​ថា​ គាត់​សរសើរ​លោក​ កែម​ ឡី​ ដែរ​តើ​ អញ្ចឹង គួរតែ​ធ្វើ​ម៉េច​ ជួយ​ជំរុញ​ទៅ​ ហើយ​ជួយ​ឧបត្ថម្ភ​ទៅ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ការ​មាន​រូបចម្លាក់​នៅ​ក្នុង​ទីលាន​សាធារណៈ​មួយ​ហ្នឹង គឺឲ្យ​បាន​ធ្វើ​ដំណើរ​ទៅ​កើត។ អា​ហ្នឹង​ខ្ញុំ​មើល​ទៅ​ ​ជា​រឿង​ល្អ​មួយ»។​

ការប្រកាស​បដិសេធ​មិន​ទទួល​យក​ការ​តម្កល់​រូប​សំណាក​ ​លោក​ ​កែម​ ​ឡី កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​កងទ័ព​មួយ​ចំនួន​ បាន​ទទួល​ដំណឹង​ថា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ បាន​ដាក់​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ​ដើម្បី​សុំ​ការ​អនុញ្ញាត​តម្កល់​រូប​សំណាក​ លោក​ កែម​ ឡី ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​ នេះ​បើ​យោង​ទៅតាម​សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក ​ដែល​បាន​ចេញផ្សាយ​ក្នុង​សប្ដាហ៍​នេះ​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្ដី​រាយការណ៍​នោះ ​បាន​ឲ្យ​ដឹង​ពី​សមាគម​អតីត​យុទ្ធជន​កម្ពុជា​មួយ​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ ដែល​បាន​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ឈ្មោះសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បើក​ការ​វាយប្រហារ​លើ​សំណើ​នោះ។​

សមាគម​អតីត​យុទ្ធជន​នេះ​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ២០​ ខែ​សីហា​ថា ក្រុម​ខ្លួនប្រឆាំង​ដាច់​ខាត​ចំពោះ​សំណើ​របស់​ក្រុម​ជ្រុល​និយម​មួយ​ចំនួន សុំ​ដាក់​រូប​សំណាក​របស់​លោក​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​រំលឹក​វីរភាព​របស់​លោក​ កែម ឡី​ ​ដោយ​សារ​តែ​លោក​ ​កែម ឡី​ ​ពីមុន​មក​ ពុំ​ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុ​ភូមិ​ អោយ​សក្ដិសម​និង​ការ​ផ្ដល់​កិត្តិយស​បែប​នេះ​ឡើយ​ ហើយ​ថា​សកម្មភាព​របស់​លោក កែម ឡី​ ​ជា​រឿង​ឯកជន​សុទ្ធសាធ។ ​

​ពួកគេ​បាន​ចោទ​ជា​សំណួរ​ថា​៖«តើ​លោក ​កែម​ ​ឡី​ បាន​លះបង់​ឬ​មាន​ស្នាដៃ​ស្មើ​នឹង​ពួក​យើង​ខ្ញុំ​ទេ?។​ ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​ សូម​ប្រឆាំង​ដាច់ខាត​ ​ចំពោះ​ទង្វើ​ដ៏​ជ្រុល​និយម​បែប​នេះ​ ដែល​ស្នើ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ពួក​ជ្រុល​និយម»។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កងទ័ព​មាន​សិទ្ធិ​ មាន​ការ​យល់​ឃើញ​របស់​ខ្លួន​ ចំពោះ​ការ​លះបង់​របស់​លោក​ កែម ឡី​ សម្រាប់​ការ​ស្ថាបនា​សង្គម​កម្ពុជា។​

លោក​ថា ដ្បិតតែ​ ក្រុម​កងទ័ព​ដែល​ត្រូវ​គេ​រាយការណ៍​ ​មិន​បាន​បង្ហាញ​ចេតនា​ទាម​ទារ​សង់​រូប​សំណាក​ដល់​អតីត​ជន​ពលី​យ៉ាង​ណា​ក្ដី​ ​ក៏​ក្រុម​កងទ័ព​នោះ​ ​អាច​ទាមទារ​ការសាងសង់​រូប​សំណាក​អតីត​មេទ័ព​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​បាន​ដដែល។

ប៉ុន្តែ លោក​ មាស នី បន្ថែម​ថា ​ប្រសិន​បើ​ពួកគេ​ ប្រកាន់​ជំហរ​ដាច់​អហង្ការ​ ​ប្រឆាំង​នឹង​រូបសំណាក​លោក​ កែម​ ឡី​ នោះ​ទង្វើ​នេះ​ហាក់​ដូចជា​ការ​ជំទាស់​នឹង​ប្រជាជន​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​លោក​ កែម​ ឡី។​

«បើ​សិន​ជា​គាត់​និយាយ​ថា​ គាត់​ប្រឆាំង​ដាច់​ខាត​ អា​ហ្នឹង​បានន័យ​ថា​ គាត់​ប្រឆាំង​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ ដែល​កំពុង​តែ​គាំទ្រ​ទៅ​លើ​លោក​ កែម​ ឡី​នោះ​ណា៎»។​

លោក​ មាស​ នី ថ្លែង​បញ្ជាក់​ទៀត​ថា​ ​រូបសំណាក​របស់​លោក​ កែម​ ឡី​ នឹងមិន​អាចបង្ក​បញ្ហា​អសន្តិ​សុខ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​ថា​ រដ្ឋាភិបាល​អាច​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​នឹង​សំណើ​តម្កល់​រូបសំណាក​នេះ​ ជាជាង​ការ​បង្ក​ឲ្យ​មានការ​រើសអើង​ផ្នែក​នយោបាយ។​

«សំខាន់​ត្រង់​ថា​ តើ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ដាក់​ត្រង់​ណា​ អា​ហ្នឹង​សមរម្យ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ បើ​សិន​ជា​ប្រឆាំង​មិន​ឲ្យ​ដាក់​ ខ្ញុំ​គិត​ថា​ ខ្មែរ​យើង​មើល​ទៅ​លាប​ពណ៌​គ្នា​អត់​ចប់​ទេ​បាទ»។​

លោក​ កែម​ ​ឡី ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ត្រូវ​គេ​ដឹង​ថា​ ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​តាមរយៈ​បទ​វិភាគ​ទៅ​តាម​ចំណេះ​ដឹង​ និង​គំនិត​ជ្រៅជ្រះ​របស់​លោក​ក្នុង​ការ​វែកញែក​ចំណោទ​បញ្ហា​ក្នុង​សង្គម​ រួម​ទាំង​សកម្មភាព​ទាំងឡាយ​របស់​លោក​ក្នុង​ការ​ចូលរួម​រក​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ ដែល​រួម​មាន​វិបត្តិ​ដី​ធ្លី បំណុល​កសិករ​ ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​ ​ការ​ការពារ​បូរណភាព​ទឹកដី និង​ជំហរ​នយោបាយ​អន្តរជាតិ​កម្ពុជា​រវាង​ប្រទេស​កុម្មុយនិស្ត​ចិន​ និង​សហរដ្ឋ​អាមេរិក។​

VOA​ ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​លោក​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

ក៏ប៉ុន្តែ​ លោក​ឧត្តម​សេនីយ៍​ ស្រី​ ឌឹក​ មេបញ្ជាការ​កង​ពលធំ​លេខ​៣​នៃ​កង​យោធពល​ខេមរភូមិន្ទ​ឈរ​ជើង​ក្នុង​ខេត្ត​ព្រះវិហារ​ ​ត្រូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ក្នុង​ស្រុក​ ​The Cambodia Daily​ ដកស្រង់​សម្ភី កាល​ពី​ថ្ងៃ​ពុធ​ថា​ ​លោក​មិន​អនុញ្ញាត​ឲ្យ​មានការ​តម្កល់​រូប​សំណាក​លោក​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។​

លោក​ត្រូវ​បាន​ដកស្រង់​សម្ភី​ក្នុង​ន័យ​ដើម​ថា៖ »ប្រសិនបើ​ពួក​គេ​ យក​រូបសំណាក​លោក​ កែម ឡី​ ទៅ​ដាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ យើង​នឹង​ទៅ​យក​ចេញ​តែ​ម្តង»។

រូប​ថត​រូប​សំណាក​របស់​លោក​ កែម ឡី ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​តៗគ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ​ ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​លោក​ ​កែម​ ឡី​ ញញឹម​បន្តិច ​និង​ឈរ​ពេញ​មួយ​ជំហរខ្លួន​ ក្នុង​សំលៀក​បំពាក់​អាវ​ដៃ​ខ្លី​ ខោ​ជើង​វែង​ និង​មាន​ពាក់​ក្រវាត់ក។ ​ក្នុង​ហោ​ប៉ាវ​របស់​លោកនោះ ក៏​មាន​ប៊ិច​មួយ​ដើម​ដែរ។​

រូប​សំណាក​លោក​កែម ឡី​ ធ្វើ​ឡើង​ពី​ស្ពាន់​ និង​មាន​កម្ពស់​ ១.៧៥ម៉ែត្រ។ រូប​សំណាក​នេះ​គឺ​ជា​រូប​សំណាក​ដែល​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ ហើយ​នឹង​ចប់​រួចរាល់​នៅ​ចុង​ខែ​សីហា​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ ពី​លោក​ ថេង​ សាវឿន​ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។​

លោក​ ថេង​ សាវឿន​ឲ្យ​ដឹង​បន្ថែម​ថា​ ពលករ​ខ្មែរ​ជា​ជាង​សំណង់​នៅ​ប្រទេស​ថៃ​ ក៏​បាន​រៃ​អង្គាស​ប្រាក់ ​ធ្វើ​រូប​សំណាកមួយ​ទៀត​របស់​លោក​ កែម ឡី​ ដែល​មាន​កម្ពស់​ ១.៨០​ម៉ែត្រ​ ធ្វើ​ពីជ័រ​ប្លាស្ទិក​ (Fiber) ​ដែល​អាច​រក្សា​ទុក​បាន​ពី​ ១៥០​ ឆ្នាំ​ ទៅ​២០០​ឆ្នាំ។

រូបសំណាក​នេះ​ គ្រោង​នឹង​ធ្វើ​ចប់​រួចរាល់​នៅ​សប្ដាហ៍​ទីពីរ​ក្នុង​ខែ​កញ្ញា​ ហើយ​នឹង​ត្រូវ​យក​មក​តម្កល់​ក្នុង​ពិធី​បុណ្យខួប​គម្រប់​១០០​ថ្ងៃ​នៃ​សព​ លោក កែម​ ឡី​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នា​ខែ​តុលា​ ខាង​មុខ​នេះ។

លោក​ អ៊ូ ចាន់​រ័ត្ន​ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អ្នក​ស្នើសុំ​តម្កល់​រូបសំណាក​លោក កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ត្រូវ​គេ​រាយការណ៍​ថា លោក​និង​មិត្តភ័ក្ដិ​របស់​លោក​ គឺជា​អ្នក​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០០០​ដុល្លារ​ដល់​ការ​សាង​សង់​រូបសំណាក​ទី​មួយ​របស់​ លោក​ កែម​ ឡី នៅ​ប្រទេស​កម្ពុជា។​

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក អ៊ូ​ ចាន់​រ័ត្ន​ បាន​ទេ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​សំណើ​របស់​លោក​ទៅ​សាលា​រាជធានី​ភ្នំពេញ​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ មក​ដល់​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍ តែគ្មាន​អ្នក​ទទួល។​

លោក​ មាន​ ចាន់​យ៉ាដា​ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ នា​ថ្ងៃ​សុក្រ​នេះ។​

លោក កែម ឡី​ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​គណបក្ស​ជំទាស់​នោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ហាង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។​

ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​លោក​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុល្លារ។​ ​ ​

លោក​ស្រី​ ប៊ូ រចនា ភរិយា​ លោក​ កែម​ ឡី​បាន​ ប្រាប់​ VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោកស្រី​ មិន​ទាន់​យល់​ពី​ជំហរ​របស់​កងទ័ព​កម្ពុជា​មួយ​ចំនួន​ដែល​ប្រឆាំង​នឹងការ​តម្កល់​រូបសំណាក​ស្វាមី​របស់​លោកស្រី​ ដែល​មិន​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង​និង​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ស្រី​ថ្លែង​ថា​ ការ​សាងសង់​រូបសំណាក​ស្វាមី​លោក​ស្រី​ និង​ការ​ស្នើ​តម្កល់​រូបសំណាក​ស្វាមី​លោក​ស្រី​នេះ​ គឺ​ផ្ដើម​ពី​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​វីរភាព​ស្វាមី​លោកស្រី​ ដែល​ហ៊ាន​និយាយ​ការណ៍​ពិត​នូវ​ចំណុច​អវិជ្ជមាន​នានា​ដែល​បានកើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​មិន​ដឹង​ថា​សុំ​ស្នើ​ទៅ​បាន​ ឬ​មិន​បាន​ គេ​ព្រម​ឬ​ក៏​យ៉ាង​ណា។ ឥឡូវ​ខ្ញុំ​អត់​ដឹង​ទេ​ រឿង​ហ្នឹង​ គ្រាន់​តែ​ថា​ ខ្ញុំ​គ្រាន់​និយាយ​ថា​ ប្តី​ខ្ញុំ​អត់​ដែល​មាន​ទោស​ក្បត់​ជាតិ​អី​ផង​ ហើយ​ក៏​គាត់​ធ្វើ​សព្វដង​ហ្នឹង​ ក៏​គាត់​មិនដែលធ្វើ​ប្រឆាំង​ជាមួយ​អ្នក​ណា​ដែរ​ គាត់​និយាយ​តែ​ការ​ពិត»។

ប្រជាជន​ខ្មែរ​ជាច្រើន​សែន​នាក់​ឬ​ប្រភព​ខ្លះ​អះអាង​ថា​រហូត​ដល់​លាន​នាក់​ផង បាន​ចូលរួម​ដង្ហែ​សព​របស់​លោក​បណ្ឌិត ​កែម ឡី ​ពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​របស់​លោក​នៅ​ឯ​ខេត្ត​តាកែវ​ កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​កក្កដា​កន្លង​ទៅ។​

ដោយ​ឡែក​ ​អ្នក​សូន​រូបសំណាក​លោក​ ​កែម​ ឡី​ ​គឺលោក​ សៀន​ កាម៉ង់ដង់​ ត្រូវ​គេ​រាយការណ៍​ថា ត្រូវ​បាន​ថៅកែ​របស់​លោក​ ​បញ្ឈប់​ពី​ការងារ​ជា​មេ​ជាង​សំណង់​ និង​ចម្លាក់​កាល​ពី​ពេលថ្មីៗ​នេះ​ ក្រោយ​ពី​លោក​ស្ម័គ្រ​ចិត្ត​សូន​រូប​សំណាក​លោក​ កែម​ ឡី៕​

XS
SM
MD
LG