ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​ផ្លាស់​​ប្តូរ​ថ្នាក់​ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ជា​សញ្ញា​នៃ​ទស្សនៈ​វិស័យ​ថ្មីដ៏​មោះ​មុត


រូបថតឯកសារ៖ ព្រះមហាក្សត្រ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ថ្លែង​សន្ទរកថា​អំពី​គោល​នយោបាយ​ចម្បងៗ​ចាប់​តាំង​ពី​បាន​ឡើង​កាន់​អំណាច ​នៅវិមាន​ Yamama ទីក្រុង​រីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥។
រូបថតឯកសារ៖ ព្រះមហាក្សត្រ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ថ្លែង​សន្ទរកថា​អំពី​គោល​នយោបាយ​ចម្បងៗ​ចាប់​តាំង​ពី​បាន​ឡើង​កាន់​អំណាច ​នៅវិមាន​ Yamama ទីក្រុង​រីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥។

នៅ​ក្នុង​ចរន្ត​នៃ​ពិភព​លោក​បច្ចុប្បន្ន​នេះ​ ទំនាក់​ទំនង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ល្បែង​បំបាក់​គូភាគី​ មាន​ន័យ​ថា​ បើសិន​ជា​ភាគី​មួយ​ត្រូវ​គេ​គិត​ថា​កំពុង​មាន​ប្រៀបនោះ គេ​សន្មត់​ថា ​គាគី​មួយ​ទៀត​នឹង​ត្រូវចាញ់។ តើ​វា​ជា​ការពិត​ឬ​យ៉ាង​ណា​នោះ​ នៅ​ពេល​ដែល​សម្ព័ន្ធមិត្ត​ថ្នាក់​តំបន់​និង​នៅ​ក្នុង​សាកលលោក​កំពុង​តែ​ប្រែប្រួល​នោះ​ គេ​មើល​ឃើញ​ថា​ ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​តែ​រៀបចំ​ឡើង​វិញ​នូវ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ដែល​ធានា​ថា​នឹង​មាន​គោល​ការណ៍​ច្បាស់លាស់​មួយក្នុង​ការ​ស្នង​តំណែង​ដោយ​មនុស្ស​វ័យ​ក្មេង​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​សង្ឃឹម​ថា​នឹង​ពង្រីក​អំណាច​របស់​អារ៉ាប៊ីសាអូឌីតនៅ​ក្នុង​តំបន់​ នៅ​ខណៈ​ពេល​ដែល​ព្រះ​មហាក្សត្រ​ប្រទេស​នេះ​ខិត​ចូល​ជិត​ដល់​ថ្ងៃ​ខួប​ព្រះជន្ម​៨០​ឆ្នាំ។

ថ្នាក់​ដឹកនាំនៃ​ប្រទេស​នៅ​ឈូង​សមុទ្រ​ Gulf ​មួយ​នេះ ​បាន​មក​ដល់ទីក្រុង​ Riyadh​ រាជធានី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​សហរដ្ឋ​អាមេរិក។ គេ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងលើ​រាជវង្សានុវង្ស​នៃ​ប្រទេស​មួយ​នេះ។ ព្រះ​មហាក្សត្រ​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​បាន​តែងតាំង​អ្នក​ដែលស្នង​តំណែង​វ័យក្មេង​ និង​ដាក់​ជំនួស​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ដែល​បាន​កាន់​អំណាច​ជាយូរ​មក​ហើយ​គឺ​លោក​ Saud al-Faisal​ ដែល​មាន​អាយុ​៧៥​ឆ្នាំ។

លោក Theodore Karasik អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ​មាន​មូលដ្ឋាន​នៅ​តំបន់​ឈូង​សមុទ្រ​ Gulf និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​អង្គការ​ Gult State Analytics និយាយ​ថា​ នេះ​ជា​សញ្ញា​នៃ​យុគ​សម័យ​ថ្មី​សម្រាប់​ការ​បង្កើត​គោលនយោបាយ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ​និង​នៅ​ក្នុង​ស្រុក។

«ចំពោះ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​អារ៉ាប៊ីសាអូឌីត ពេលនេះពួកគេ​កំពុង​ចាប់​ផ្តើម​កាន់​តំណែង​និង​បង្កើត​គោលនយោបាយ។​ ការណ៍​នេះ​នឹង​មាន​ភាព​រឹងប៉ឹង​ជាង​មុន​ មាន​សំឡេង​ខ្លាំង​ជាង​មុន និង​ពោរពេញ​ទៅ​ដោយ​សកម្មភាព។ អារ៉ាប៊ីសាអូឌីត​បាន​អនុវត្ត​គោល​នយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​ពួកគេ​តាម​របៀប​មួយ​ដ៏​ស្ងប់ស្ងាត់​មួយ​ដោយ​ធ្វើ​តាម​ផ្លូវ​ក្រោយ​ ឬ​ដោយ​វិធី​ផ្សេងៗ​ទៀត។ ខ្ញុំ​គិត​ថា​យើង​នឹង​ឃើញ​មាន​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង​ថ្មីក្នុង​ពេល​ឆាប់ៗ​នេះ»។

ការ​តែង​តាំង​នេះ​រួម​មាន​ព្រះអង្គ​ម្ចាស់​ថ្មី​ដែល​ឈរលំដាប់​ទីមួយ​ក្នុង​ការ​សោយ​រាជ​បល្ល័ង្ក​និង​មាន​អាយុ​៥៥ឆ្នាំ​គឺ​ព្រះ​អង្គម្ចាស់​ Mohammed bin Nayef រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​មាន​ភាព​ល្បី​ល្បាញ​ដោយសារ​ការ​ប្រកាន់​ជំហរ​រឹងប៉ឹង​របស់​ព្រះអង្គ​ប្រឆាំង​ពួក​អាល់កៃដា។ អ្នក​ដែល​ឈរ​លំដាប់​ទីពីរ​ក្នុង​ការ​ឈាន​ទៅ​កាន់​រាជ​បល្ល័ង្ក​គឺ​ជា​បុត្រ​របស់​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​គឺ​ព្រះ​អង្គម្ចាស់​ Mohammed bin Salman​ ដែល​គេ​ជឿ​ថាស្ថិត​នៅ​ក្នុង​វ័យ៣០ឆ្នាំ​ផ្លាយ​ គាត់​បាន​ដឹកនាំ​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ការ​វាយប្រហាទៅ​លើ​ប្រទេស​យេម៉ែន។

អ្នក​ដែល​ជាប់​ឈ្មោះ​ថា​ជា​អ្នក​តាក់តែង​គោលនយោបាយជាន់​ខ្ពស់​ម្នាក់​ដែរ​នោះ​គឺ​ Adel al-Jubeir ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថ្មី​ដែល​បាន​បម្រើការ​ជា​ឯក​អគ្គ​រាជទូត​របស់​អារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋ​អាមេរិក។

លោក Karasik និយាយ​ថា​ ការ​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិវ័យ​ក្មេង​ហាក់​ដូច​ជា​រង្វាន់​សម្រាប់​ដោះ​ស្រាយ​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​យេម៉ែន​ និងជា​ភស្តុតាង​ដ៏​ច្បាស់​មួយបញ្ជាក់​ថា​គោល​នយោបាយ​ការបរទេស​របស់​អារ៉ាប៊ីសាអូឌីត​កំពុង​តែ​វិវត្ត​ទៅ​មុខ។

«អ្វី​ដែល​យើង​បាន​ឃើញ​មាន​នៅ​ក្នុង​ប្រទេស​យេម៉ែន​ដែល​មាន​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​នោះ​ គឺ​ហួស​ពី​ការ​គិត​របស់​យើង ឬ​ហួស​ពី​ការ​គិត​របស់​យើង​រហូត​ដល់​រឿង​ទាំង​នោះ​បាន​កើត​ឡើង​ពិត​ប្រាកដ។ គ្មាន​អ្នកណា​ម្នាក់​ជឿថា​ អារ៉ាប៊ីសាអូឌីត​នឹងដឹកនាំ​ក្រុម​ចម្រុះ​ដើម្បី​វាយប្រហារ​ប្រទេស​ផ្សេង​មួយ​ទៀត​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា​ ការ​កើន​ឡើង​ភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ នៅ​ខណៈ​ដែល​ទំនាក់ទំនង់​របស់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​ប្រទេស​លោក​ខាង​លិច​ មាន​ភាព​ធូរ​ស្រាល​ដោយ​សារ​កិច្ច​ព្រមព្រៀង​ដ៏​មាន​សក្តានុពល​អំពី​បញ្ហា​នុយក្លេអ៊ែរ​ ហើយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ហាក់​កំពុង​ចាប់​ផ្តើម​ទទួល​បាន​ឥទ្ធិពល​ផ្នែក​យោធា​និង​សេដ្ឋកិច្ច។ នៅ​ខណៈ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​បាន​គិត​ថា​នឹង​មាន​សង្គ្រាម​ដែល​ប្រើ​គ្រប់​មធ្យោបាយ​រវាង​ពួក​សុន្នី​ដឹកនាំ​ដោយ អារ៉ាប៊ីសាអូឌីត​ជាមួយ​នឹង​អ៊ីរ៉ង់​ដែល​ត្រួត​ត្រា​ដោយ​ពួក​ Shi'ite​ នោះ​ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​គេ​ជឿ​ថា​កំពុង​តែ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុងសមរភូមិមួយ​ដែល​ពួក​គេ​មិន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់។

ប្រទេស​អ៊ីរ៉ង់​តែងតែ​បដិសេធ​ជា​ផ្លូវ​ការ​ថា​មិន​មាន​ភាព​តាន​តឹង​កើត​ឡើង​ទេ។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif​ បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ញ៉ូវ​យ៉ក​ក្នុង​សប្តាហ៍​នេះ​ថា​ ប្រទេស​របស់​លោក​មាន​ទំនាក់ទំនង​ទ្វេ​ភាគី​ល្អ​ជាមួយ​មួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​បន្ថែម​ថា​ បើសិន​ជា​មាន​បញ្ហា​ណា​មួយ​នោះ​វា​កើត​ឡើង​ដោយ​ភាគី​អារ៉ាប៊ីសាអូឌីត។

«យើង​មិនយល់ឃើញ​ថា​ ការគំរាម​កំហែង​របស់​យើង​ និង​ផលប្រយោជន៍​របស់​យើង​ក្នុង​តំបន់​មាន​ភាព​ដាច់​មុខ​តែ​ពីរ​ភាគី​នេះ​ទេ។ នេះ​ជា​ការ​យល់​ឃើញ​របស់​យើង។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួកគេ​នឹង​មាន​ការ​គិត​ដូច​យើង​ ពីព្រោះ​ដូច​លោក​បាន​និយាយ​រួច​ហើយ​ ខ្ញុំ​មិនមែន​ជា​អ្នក​រាំ​តែ​ម្នាក់​ឯង​ទេ​ ប៉ុន្តែ​វាចាំ​បាច់​ត្រូវ​មាន​ភាគី​ទាំង​ពីរ​ដើម្បី​រាំ​របាំ​ Tango​ ជាមួយ​គ្នា»។

លោក al-Ashaal ​និយាយ​ថា​ ការ​ត្រៀម​ស្នង​តំណែង​ថ្មី​ក៏​អាច​ផ្លាស់​ប្តូរ​ម្តង​ទៀត​ដែរ​ ប្រសិន​បើ​សមាជិក​ទាំង​អស់​នៃ​រាជវង្សានុវង្ស​បដិសេធ​មេដឹកនាំ​ថ្មី។ ជា​ពិសេស​ទៅ​ទៀត​នោះ​ អារ៉ាប៊ីសាអូឌីត​នៅ​ពេល​នេះ​កំពុង​តែ​ពង្រាយ​យោធា​តិចតួច​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារយោធា​ Shi'ite​ ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ប្រសិន​បើ​សង្គ្រាម​នេះ​នៅ​តែ​បន្ត​ ឬ​ក៏​កងកម្លាំង​របស់​អារ៉ាប៊ីសាអូឌីត​ត្រូវ​បង្ខំ​ឲ្យ​ដក​ថយ​នោះ​ ទស្សនៈ​វិស័យ​ថ្មី​ដ៏​មោះមុត​របស់​ប្រទេស​នេះ អាច​នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​គម្រោង​ការ​របស់​ខ្លួន៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG