លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាកំពុងឋិតនៅក្នុងក្រុងរីយ៉ាដ (Riyadh) ដោយលោកដឹកនាំគណៈប្រតិភូមួយមានសមាជិក៣០នាក់ដើម្បីទៅសម្តែងការគោរពនៅក្រោយការសុគតរបស់ព្រះចៅ Abdullah នៃប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia)។
សេតវិមានបាននិយាយថា គណៈប្រតិភូនេះមានរួមបញ្ចូលពួកមន្ត្រី ពួកសមាជិកសភានិងអតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីមុនៗផងដែរ។ គណៈប្រតិភូនេះនឹងជួបជាមួយព្រះចៅថ្មី Salman bin Abdulaziz។
នៅពេលសួរអំពីសុខភាពរបស់ព្រះរាជាថ្មីមានព្រះជន្ម៧៩ព្រះវស្សានេះ លោក Ben Rhodes អ្នកនាំពាក្យលោកអូបាម៉ាបាននិយាយថា ព្រះអនុជរួមបិតារបស់ព្រះចៅ Abdullah «ត្រៀមបំពេញកាតព្វកិច្ចរបស់ព្រះអង្គជាព្រះរាជានៃប្រទេសអារ៉ាប៊ីសាអូឌីតរួចរាល់ហើយ»។
លោក Rhodes បាននិយាយបន្ថែមថា៖ «យើងមានជំនឿថា ព្រះអង្គបានមានបន្ទូលច្បាស់លាស់ថាទ្រង់ប្រុងប្រៀបស្រេចហើយដើម្បីដឹកនាំប្រទេសនិងថែរក្សាទំនាក់ទំនងជាមួយស.រ.អា.ដែលផ្អែកលើផលប្រយោជន៍រួមគ្នាមួយចំនួន។»
លោកបាននិយាយរៀបរាប់អំពីយុទ្ធនាការយោធាដឹកនាំដោយស.រ.អា.ដែលយកពួកជនសកម្មប្រយុទ្ធរដ្ឋឥស្ថាម(IS) នៅក្នុងប្រទេសស៊ីរីជាទីដៅនៃការវាយប្រហារនិងស្ថានការណ៍នៅក្នុងប្រទេសយេម៉ែន (Yemen) ដែលនៅទីនោះការវាយប្រហារតាមអាកាសដោយស.រ.អា.បានយកពួកយុទ្ធជនអាល់កៃដា (al-Qaida) នៅក្នុងឧបទ្វីបអារ៉ាប់ជាទីដៅនៃការវាយប្រហារជាច្រើនឆ្នាំមកហើយ។
នៅក្រោយការចូលទីវង្គតរបស់ព្រះចៅ Abdullah កាលពីសប្តាហ៍មុន ក្រុមការពារសិទ្ធិមនុស្សបានគូសបញ្ជាក់អំពីប្រវត្តិសាស្ត្រនៃប្រទេស អារ៉ាប៊ីសាអូឌីតដែលមានការប្រហារជីវិតពួកអ្នកទោស ការរើសអើងប្រឆាំងនឹងស្ត្រីនិងពួកជនអំបូរភាគតិច និងការបង្ក្រាបក្រុមអ្នកប្រឆាំងនៅក្នុងរយៈពេល៩ឆ្នាំដែលទ្រង់បានសោយរាជ្យ។
លោក Rhodes បាននិយាយថា ប្រទេសនេះត្រូវការ«ធ្វើកិច្ចការច្រើនថែមទៀត»ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្ស៕