រុស្ស៊ីទំនងជាអ្នកនៅពីក្រោយយុទ្ធនាការផ្ដល់ព័ត៌មានមិនពិតអំពីវិបត្តិកូរ៉ូណានៅក្នុងប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេស ដើម្បីបង្កើនការភ័យស្លន់ស្លោនិងជម្លោះក្នុងចំណោមក្រុមសម្ព័ន្ធមិត្ត។ នេះបើតាមការបញ្ជាក់ប្រាប់ VOA ពីសំណាក់ក្រុមអ្នកជំនាញ។
សហភាពអឺរ៉ុបបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថាបានបង្ហោះព័ត៌មានប្រឌិតលើអ៊ីនធឺណិតជាភាសាអង់គ្លេស អេស៉្បាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង ដោយប្រើប្រាស់«សេចក្ដីរាយការណ៍ដែលមានព័ត៌មានផ្ទុយស្រឡះពីការពិត ធ្វើឲ្យគេយល់ច្រឡំ និងមានលក្ខណៈព្យាបាទ» ដើម្បីធ្វើឲ្យក្រុមមេដឹកនាំពិភពលោកកាន់តែពិបាកក្នុងការទំនាក់ទំនងគ្នាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសាកលកូវីដ១៩។
បណ្ដាញព័ត៌មាន Reuters បានរាយការណ៍កាលពីពុធ ទី១៨ ខែមីនា ថា ទីភ្នាក់ងារ European External Action Service បានចេញរបាយការណ៍ផ្ទៃក្នុងមួយច្បាប់ដែលមានកម្រាស់៩ទំព័រកាលពីថ្ងៃទី១៦ ខែមីនា ដែលមានសេចក្ដីថា៖ «គោលបំណងរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតគឺដើម្បីធ្វើឲ្យវិបត្តិវីរុសកូរ៉ូណានៅក្នុងបស្ចិមប្រទេសកាន់តែធ្ងន់ធ្ងរ ដែលស្របជាមួយនឹងយុទ្ធសាស្ត្រដែលទូលំទូលាយជាងនេះរបស់វិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងជាន់ពន្លិចបណ្ដាប្រទេសនៅអឺរ៉ុប»។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Reuters ទទួលបាន បានឲ្យដឹងថា បណ្ដុំទិន្នន័យរបស់សហភាពអឺរ៉ុបបានកត់ត្រាទុកនូវករណីព័ត៌មានមិនពិតចំនួន៨០អំពីវីរុសកូរ៉ូណា ចាប់តាំងពីថ្ងៃទី២២ ខែមករាមក ហើយទិន្នន័យមួយចំនួនបង្ហាញថា វីរុសកូរ៉ូណាគឺជាសព្វាវុធជីវសាស្ត្ររបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធភ្លាមៗចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថា ខ្វះឧទាហរណ៍ជាក់លាក់។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងកំពុងនិយាយម្ដងទៀតអំពីការចោទប្រកាន់ដែលគ្មានហេតុផលមួយចំនួន ដែលក្នុងស្ថានភាពបច្ចុប្បន្ននេះប្រហែលជាបណ្ដាលមកពីការងប់ងល់នឹងនិន្នាការប្រឆាំងនឹងរុស្ស៊ីខ្លាំងហួសហេតុពេក»។
ប៉ុន្តែក្រុមអ្នកវិភាគអំពីប្រទេសរុស្ស៊ីបានប្រាប់ VOA ថា រដ្ឋាភិបាលរុស្ស៊ីកំពុងតែប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់តាមតែអាចធ្វើបាន ដើម្បីយកវិបត្តិសុខភាពសាធារណៈបង្កដោយវីរុសកូរ៉ូណានេះ ជាផលប្រយោជន៍របស់ខ្លួន តាមរយៈការប្រើប្រាស់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើជាអាវុធដើម្បីប្រយុទ្ធនឹងបស្ចិមប្រទេស។
រុស្ស៊ីមានអត្រាអ្នកឆ្លងវីរុសកូរ៉ូណាកម្រិតទាបខ្លាំងណាស់ បើប្រៀបធៀបនឹងអឺរ៉ុប។
លោក Peter Eltsov ដែលជាអ្នកវិភាគនយោបាយ ជាប្រវត្តិវិទូ និងជាអ្នកនិពន្ធសៀវភៅថ្មីមួយដែលមានចំណងជើងថា “The Long Telegram 2.0: A Neo-Kennanite Approach to Russia” បានថ្លែងថា៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីកំពុងតែប្រើប្រាស់តួលេខទាំងនេះដើម្បីកោតសរសើររដ្ឋាភិបាលរុស្ស៊ីនិងជាពិសេសលោកប្រធានាធិបតី Vladimir Putin ចំពោះការទប់ស្កាត់មិនឲ្យវីរុសកូរ៉ូណាឆ្លងរាលដាលលឿននៅក្នុងប្រទេសរុស្ស៊ី»។
លោក Eltsov បានថ្លែងទៀតថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរុស្ស៊ីក៏បានអះអាងថា សូម្បីតែចិនក៏កំពុងតែចាត់វិធានការលើវីរុសកូរ៉ូណានេះបានល្អជាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែរ។
លោកបានថ្លែងក្នុងសម្ដីដើមថា៖ «សូម្បីតែកម្មវិធីជជែកកំសាន្ដមួយចំនួនក៏ចែករំលែកទ្រឹស្ដីឃុបឃិតគ្នាដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតវីរុសកូរ៉ូណានេះឡើង ហើយកំពុងតែប្រើប្រាស់វីរុសនេះជាអាវុធធ្វើសង្គ្រាមជីវសាស្ត្រទៀតផង»។
លោកបាននិយាយទៀតថា គោលដៅនៃការឃោសនានេះគឺដើម្បីបង្កឲ្យមានចលាចលនិងជម្លោះនៅក្នុងសហភាពអឺរ៉ុប អង្គការអូតង់ និងសហរដ្ឋអាមេរិក។
លោក Eltsov បានថ្លែងយ៉ាងដូច្នេះថា៖ «ជាញឹកញយ លោក Putin សង្កត់ធ្ងន់ថា រុស្ស៊ីត្រូវការប្រព័ន្ធសុវត្ថិភាពថ្មីមួយក្នុងអឺរ៉ុប។ ខណៈដែលបណ្ដាប្រទេសអឺរ៉ុបហាមមិនឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញពីផ្ទះ លោក Putin មើលឃើញស្ថានការណ៍នេះថាជាឱកាសមួយក្នុងការអនុវត្តផែនការរបស់លោក»។
សភាសហរដ្ឋអាមេរិកបានរកឃើញភស្តុតាងដែលមិនអាចប្រកែកបានថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ ហើយមន្ត្រីជាច្រើនក៏បាននិយាយថា គ្មានមន្ទិលសង្ស័យទេដែលថា រដ្ឋាភិបាលមានផែនការនឹងធ្វើដូច្នេះម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។
ក្នុងអំឡុងពេលនៃការធ្វើសន្និសីទកាសែតមួយកាលពីឆ្នាំ២០១៧ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោកប្រធានាធិបតី Emmanuel Macron បានស្នើលោក Putin ជាសាធារណៈឲ្យឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីរូបលោកទៀត ដែលព័ត៌មានមិនពិតទាំងនោះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានរបស់រុស្ស៊ីចំនួនពីរ គឺបណ្ដាញព័ត៌មាន Sputnik និងបណ្ដាញព័ត៌មាន RT television៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា