លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បាននិយាយប្រាប់ពួកអ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយតាមវីដេអូថា៖
«ដល់ពេលវេលាហើយត្រូវបញ្ឈប់ជម្លោះដោយប្រើអាវុធ ហើយផ្តោតការយកចិត្តទុកដាក់រួមគ្នាលើការប្រយុទ្ធពិតប្រាកដដើម្បីជីវិតរបស់យើង»។
រហូតមកដល់ថ្ងៃច័ន្ទ ទី២៣ ខែមីនាមានករណីអ្នកមានជំងឺកូវីដ (COVID-19) ជាង៣សែន៥ម៉ឺននាក់នៅទូទាំងពិភពលោកដែលបណ្តាលមកពីមេរោគវីរុសកូរ៉ូណា។មនុស្សជាង១ម៉ឺន៥ពាន់នាក់បានស្លាប់ទៅហើយ។
លោក Guterres បានសុំឲ្យភាគីច្បាំងគ្នាបញ្ឈប់ការបាញ់គ្នា បញ្ចប់ការវាយប្រហារតាមអាកាស បង្កើតច្រកមនុស្សធម៌ និងបើកចំហសម្រាប់ការទូត។
លោក Guterres បានមានប្រសាសន៍ថា៖
«ត្រូវបញ្ចប់សង្គ្រាម ហើយបែរមកប្រយុទ្ធប្រឆាំងនឹងជំងឺដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ។ យើងអាចធ្វើដូច្នេះដោយចាប់ផ្តើមបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់កន្លែង។ ឥឡូវនេះជាពេលដែលគ្រួសារមនុស្សជាតិរបស់យើងត្រូវបញ្ឈប់ការបាញ់គ្នា ជាងពេលណាៗទាំងអស់»។
នៅពេលដែលការរាតត្បាតនៃជំងឺនេះបានរាលដាលនៅទូទាំងពិភពលោកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានចូលដល់ឆ្នាំទី១០ហើយ ហើយវិបត្តិនៅក្នុងប្រទេសយ៉េមែន ក៏ចូលដល់ឆ្នាំទី៦ដែរ។ សង្គ្រាមនៅក្នុងទ្វីប អាហ្វ្រិកក៏មានតទៅទៀតដោយមានរួមបញ្ចូលសង្គ្រាមនៅក្នុងប្រទេសលីប៊ីផងដែរ។ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង អ.ស.ប.បានសម្តែងកង្វល់កាលពីពេលថ្មីៗនេះអំពីកំណើនអំពើហិង្សារវាងសហគមន៍នានានៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។ នៅពេលជាមួយគ្នានេះ មនុស្សរាប់សិបលាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅក្នុងប្រទេសពួកគេ ហើយខ្លះទៀតបានក្លាយទៅជាជនភៀសខ្លួននៅទូទាំងពិភពលោក។
អ.ស.ប.នៅតែបន្តបើកការិយាល័យក្នុងពេលប្រឈមនឹងការរាតត្បាតជំងឺនេះ។ លោក Guterres បានឲ្យបុគ្គលិកទាំងអស់ចេញទីស្នាក់ការធំរបស់អ.ស.ប.នៅក្រុងញូយ៉កឲ្យទៅធ្វើការពីផ្ទះ លើកលែងតែពួកបុគ្គលិកចាំបាច់បំផុត។
លោកអគ្គលេខាធិការអ.ស.ប.បានធ្វើការទាក់ទងគ្នាតាមវីដេអូជាមួយបុគ្គលិកជាន់ខ្ពស់ទាំងអស់តាមប្រព័ន្ធអ.ស.ប.ដើម្បីធ្វើឱ្យកិច្ចប្រតិបត្តិការខាងមនុស្សធម៌ ខាងការថែរក្សា សន្តិភាព និងកិច្ចប្រតិបត្តិការទប់ទល់នឹងជំងឺ CLOVID-19 អាចដំណើរការល្អ នៅពេលមានការពារពួកបុគ្គលិកនិងក្រុមមនុស្សដែលពួកគេជួយ៕
ប្រែសម្រួលដោយ ខ្ញុំពិន ស៊ីសុវណ្ណ