កាលពីថ្ងៃពុធទី ២៥ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវអង្គាសថវិកា ២ ពាន់លានដុល្លារ ដើម្បីជួយបណ្ដាប្រទេសដែលងាយរងគ្រោះជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងការដោះស្រាយបញ្ហាឆ្លងរាតត្បាតជាសាកលនៃជំងឺ COVID-19។
លោក Guterres បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទកាសែតមួយតាមបណ្ដាញអ៊ីនធឺណិតដូច្នេះថា៖ «ជំងឺ COVID-19 កំពុងគំរាមកំហែងមនុស្សជាតិទាំងមួល ហេតុដូច្នេះហើយ មនុស្សជាតិទាំងមូលត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះរួមគ្នា។ ការឆ្លើយតបរបស់ប្រទេសនីមួយៗនឹងមិនគ្រប់គ្រាន់នោះទេ»។
មូលនិធិនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍដែលងាយរងគ្រោះខ្លាំងបំផុតចំនួន ៤០ ប្រទេស ក្នុងរយៈពេល ៩ ខែខាងមុខ នៅពេលដែលប្រទេសទាំងនេះដោះស្រាយការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមដ៏ប្រល័យនេះ។
លោក Guterres បានព្រមានដូច្នេះថា៖ «ប្រសិនបើប្រព័ន្ធសុខាភិបាលប្រទេសណាមួយខ្សោយ នោះពិភពលោកទាំងមូលនឹងខ្សោយទៅតាមនោះ។ ប្រសិនបើយើងមិនចាត់វិធានការដាច់ណាត់នៅពេលនេះទេ ខ្ញុំបារម្ភថា មេរោគនេះនឹងចាក់ឬសនៅក្នុងបណ្ដាប្រទេសដែលខ្សោយបំផុត ហើយបណ្តាលឱ្យពិភពលោកទាំងមូលអាចរងគ្រោះបាន នៅពេលដែលមេរោគនេះបន្តរាលដាលនៅជុំវិញពិភពលោ»។
ថវិកា ២ ពាន់លានដុល្លារនេះនឹងចំណាយលើផែនការសកម្មភាពមួយដែលមាន ៦ ចំណុច។ ក្នុងចំណោមគោលដៅនៃផែនការនេះ មានដូចជាការបង្កើនការយល់ដឹងជាសាធារណៈអំពីវិធានការនានា ដែលត្រូវការដើម្បីធ្វើឲ្យការឆ្លងរាលដាលនៃមេរោគនេះថយចុះ ដោយមានរួមបញ្ចូលការនៅឆ្ងាយពីគ្នា និងការលាងសម្អាតដៃជាដើម។ ផែនការនេះក៏មានរួមបញ្ចូលផងដែរនូវការបង្កើនការធ្វើតេស្តនិងការផ្តល់ការព្យាបាលជាអាទិភាពដល់អ្នកទាំងឡាយណា ដែលប្រឈមនឹងហានិភ័យខ្ពស់ដោយសារអាការៈធ្ងន់ធ្ងរនៃជំងឺ COVID-19 នេះ។
ផែនការនេះក៏បញ្ជូនទឹកប្រាក់ច្រើនគួរសមសម្រាប់ការពារក្រុមអ្នកធ្វើការនៅជួរមុខខាងការថែរក្សាសុខភាព និងខាងមនុស្សធម៌។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ដូច្នេះថា៖ «សាររបស់ពួកយើងសម្រាប់ប្រទេសទាំងអស់ គឺចង់បញ្ជាក់យ៉ាងច្បាស់ថា ត្រូវយកចិត្តទុកដាក់នឹងការព្រមាននេះនៅពេលនេះ។ ចូរគាំទ្រផែនការនេះទាំងផ្នែកនយោបាយ និងផ្នែកហិរញ្ញវត្ថុនៅពេលនេះ។ យើងអាចជួយសង្គ្រោះជីវិតមនុស្ស និងធ្វើឲ្យការរាតត្បាតជាសាកលនៃជំងឺនេះថយចុះ។ ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យយើងអំពីថា តើយើងបានឆ្លើយតបបែបណាដល់សហគមន៍ក្រីក្របំផុត នៅពេលដែលពួកគេស្ថិតក្នុងស្ថានការណ៍ដ៏លំបាកខ្លាំងបំផុតនេះ»។
ការិយាល័យផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិ OCHA នឹងសម្របសម្រួលផែនការនេះ ដែលនឹងដាក់បញ្ចូលគ្នានូវគម្រោងអង្គាសប្រាក់ដែលមានស្រាប់របស់អង្គការសុខភាពពិភពលោកនិងដៃគូឯទៀតៗរបស់អង្គការសហប្រជាជាតិ។
លោក Mark Lowcock នាយកការិយាល័យអង្គការ OCHA បានមានប្រសាសន៍ថា លោកបញ្ចេញថវិកា ៦០ លានដុល្លារពីមូលនិធិផ្ទៃក្នុងសម្រាប់គ្រាមានអាសន្នរបស់អង្គការលោក ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងនេះ។ ថវិកានេះគឺជាការបន្ថែមទៅថវិកាចំនួន ១៥ លានដុល្លារ ដែលលោកបានបញ្ចេញកាលពីពេលមុននៅពេលមានវិបត្តិនេះ។
លោក Lowcock បានស្នើដល់បណ្ដាប្រទេសអ្នកមានឱ្យជួយធ្វើវិភាគទាន ដើម្បីការពារប្រជាពលរដ្ឋរបស់ពួកគេ។
លោក Lowcxock បានបញ្ជាក់ដូច្នេះថា៖ «យើងឃើញថា ផែនការជំនួយសេដ្ឋកិច្ចធំធេងនានាកំពុងត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ហើយការណ៍នេះនឹងជួយដោះស្រាយបញ្ហានេះ។ ក៏ប៉ុន្តែ វាអាចជាយុទ្ធសាស្ត្រដ៏ឆ្លាត និងឈ្លាសវៃមួយផងដែរ ប្រសិនបើប្រទេសអភិវឌ្ឍនីមួយៗគ្រាន់តែចំណាយថវិកាបន្តិចបន្តួចរបស់ពួកគេលើការដោះស្រាយបញ្ហានេះនៅតំបន់ដែលងាយរងគ្រោះ ដោយហេតុថា នេះគឺជាផ្នែកមួយដែលប្រទេសទាំងនោះគួរធ្វើ ប្រសិនបើចង់ការពារខ្លួនឯងពីការឆ្លងរាតត្បាតជាសាកលនៃជំងឺCOVID-19 នេះ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ