ក្នុងឱកាសខួប៣៨ឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកតាមដាន និងអ្នកវិភាគនយោបាយបានផ្តល់មតិចម្រុះពាក់ព័ន្ធនឹងការស្ថិតនៅក្នុង តំណែងរបស់លោក ដែលក្នុងនោះមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ គឺជាខួប៣៨ឆ្នាំនៃការស្ថិតនៅក្នុងតំណែងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ រហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រៅពីធ្លាប់ជារដ្ឋមន្រ្តីការបរទេស ។ លោក ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថាជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានយូរជាងគេនៅក្នុងពិភពលោក។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សេង សារី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថារយៈពេល៣៨ឆ្នាំនៃការកាន់អំណាចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបាន នាំមកនូវសន្តិភាពជាវិជ្ជមានឬការបញ្ចប់សង្គ្រាម ក៏បាននាំមកផងដែរនូវ«សន្តិភាពអវិជ្ជមាន» ដែលនៅមិនអាចសម្រេចបាននៅឡើយចំពោះការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌នៅក្នុងសង្គម និងថាលោកនាយករដ្ឋមន្ត្រីត្រូវការពេលច្រើនតទៅទៀត ដើម្បីសម្រេចបាននូវសន្តិភាពមួយនេះ។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ អ្នកវិភាគរូបនេះអះអាងថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែលោកថា«ហេដ្ឋារចនាសម្ព័ន្ធនៃព្រលឹងសាមគ្គីជាតិ» កំពុងតែធ្លាក់ចុះនិងទ្រុឌទ្រោម។
លោក សេង សារី បញ្ជាក់ថា៖ «ដូច្នេះហើយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីក៏នៅមានភារកិច្ចច្រើនដែរ ដើម្បីធ្វើម៉េចឱ្យខ្មែរមានព្រលឹង ខ្មែរមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។ ខ្មែរត្រូវមានសមត្ថភាព ទទួលបានការអប់រំ លទ្ធភាពទទួលបានការអប់រំ ដែលមានគុណភាព ដែលអាចប្រកួតប្រជែងជាមួយនឹងអ្នកដទៃបាន ជាជាងការគ្រាន់តែផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច»។
លោក សេង សារី កត់សម្គាល់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមានមហិច្ឆតានៅក្នុងការកាន់អំណាចយូរទៀត គ្រាសុខភាពរបស់លោកនៅល្អប្រសើរ។ លោកបន្តថាការផ្ទេរអំណាចក៏មិនអាចស្ថិតនៅក្នុងអំឡុងអាណត្តិទី៧ដែរ ប៉ុន្តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨។ បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ នៅគ្រាការបោះឆ្នោតជាតិខិតជិតមកដល់នាខែកក្កដាខាងមុខ គណបក្សប្រជាជនកម្ពុជានៅតែមានបេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ គណបក្សប្រជាជនកម្ពុជាមានលទ្ធភាពដាក់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលណាក៏បាន នៅពេលគណបក្សមួយនេះឈ្នះការបោះឆ្នោត។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ប្រាប់វីអូអេថាក្នុងរយៈពេលនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាមានសន្តិភាពនិងស្ថិរភាព ខណៈថាសន្តិភាពនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណា លោកអះអាងថាជម្លោះនយោបាយនៅតែបន្តកើតមាន ជាពិសេសគម្លាតសង្គម ខណៈអ្នកក្រីក្រនៅតែមានឱកាសតិចតួច បើទោះប្រទេសកម្ពុជាកំពុងតែវិវឌ្ឍទៅរកភាពរីកចម្រើនក៏ដោយ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែស្ថានភាពតានតឹងនយោបាយ គឺនៅតែមានហើយបញ្ហានៃគម្លាតសង្គមរវាងអ្នកមាននិងអ្នក្រ អ្នកដែលមានខ្សែឬមួយអ្នកដែលមិនមានខ្សែគឺហាក់ដូចជារីកចម្រើន។ យើងមើលប្រជាពលរដ្ឋដែលក្រីក្រ ឱកាសគាត់នៅតែមានតិចនៅក្នុងពេលមួយដែលប្រទេសកំពុងតែរីកចម្រើន»។
នៅពេលដែលសួរតើលោក ហ៊ុន សែន នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនាអាណត្តិក្រោយទេ លោក អ៊ូ វីរៈ យល់ឃើញថាភាគរយ គឺមានតិចតួច ខណៈសេណារីយ៉ូដែលល្អបំផុតនៅក្នុងការផ្ទេអំណាចសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់កូនប្រុសច្បងរបស់លោក គឺត្រូវធ្វើឡើងនៅមុនពេលនៃការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីឱ្យលោក ហ៊ុន ម៉ាណែត បានទទួលនិងផ្តល់សិទ្ធិអំណាចពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ជាសេណារីយ៉ូដែលល្អបំផុត គឺគួរតែមុនអាណត្តិគឺបានន័យថាសម្រាប់អាណត្តិក្រោយគឺលែងហើយ។ អ្នកដែលកាន់អំណាចជានាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីគឺត្រូវតែជាអ្នកឈ្មោះសម្រាប់បេក្ខជន សម្រាប់ទទួលបានការបោះឆ្នោតនិងសិទ្ធិអំណាចពីប្រជាពលរដ្ឋ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការដែលអ្នកវិភាគថាសេដ្ឋកិច្ចកម្ពុជារីកចម្រើននិងហេដ្ឋារចនាសម្ព័ន្ធកើនឡើងជាការត្រឹមត្រូវ ខណៈថាកម្ពុជាគោរពទៅតាមសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពេញលេញ។
លោកបញ្ជាក់ថា៖ «ថាមានការប្រើអំពើហិង្សានយោបាយហ្នឹង ខ្ញុំយល់ថាអត់មានការប្រើអំពើហិង្សានយោបាយទេ។ ជាក់ស្តែងយើងឃើញហើយ គឺថាយើងអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ អ៊ីចឹងទេយើងត្រូវប្រើប្រព័ន្ធតុលាការចាត់វិធានការលើជនទាំងឡាយណាមិនថាប្រកាន់និន្នាការនយោបាយ ជាបក្សកាន់អំណាចឬមួយក៏បក្សប្រឆាំងទេ គឺឱ្យតែនរណាប្រព្រឹត្តល្មើសច្បាប់ យើងត្រូវចាត់វិធានការផ្លូវច្បាប់ហ្នឹងហើយ»។
ប្រធានវេទិកា The Thinker Cambodia លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលនាំមកនូវសន្តិភាពអវិជ្ជមានមកកាន់ប្រទេសកម្ពុជា ប៉ុន្តែលោកថានៅក្នុងការដឹកនាំរបស់លោក ប្រទេសកម្ពុជាសម្បូរទៅដោយភាពអយុត្តិធម៌សង្គម វិសមធម៌ និងអំពើពុករលួយរីកដូចផ្សិត ខណៈផលនៃការអភិវឌ្ឍបានតែទៅលើមនុស្សមួយក្រុមតូច។
លោក វណ្ណ ប៊ុនណា បញ្ជាក់ថា៖ «ដូច្នេះសម្រាប់អ្នកបន្តវេនរបស់កម្ពុជា ខ្ញុំគិតថាបើសិនជាឯកឧត្តម ហ៊ុន ម៉ាណែត គាត់ក្លាយទៅជាអ្នកដឹកនាំរបស់កម្ពុជាទៅអនាគត ត្រូវតែពង្រឹងស្នាដៃអំពីឪពុករបស់គាត់ តាមរយៈការបង្កើតសង្គមកម្ពុជាឱ្យមានសន្តិភាពវិជ្ជមាន ដែលមានការពង្រឹងនីតិរដ្ឋ ការកាត់បន្ថយអំពើពុករលួយ ធ្វើឱ្យសង្គមមួយកាន់តែមានយុត្តិធម៌ប្រសើរឡើង និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃគម្រប់ខួបលើកទី៣៨ឆ្នាំនៃការកាន់អំណាចថា ៖«៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ»។
បើតាមលោក វណ្ណ ប៊ុនណា អាណត្តិក្រោយ គឺជាការសមគួសម្រាប់លោកនាយករដ្ឋមន្ត្រីនៅក្នុងការផ្ទេរអំណាចឱ្យទៅអ្នកជំនាន់ក្រោយ ដោយហេតុថាលោកមានអាយុច្រើន ជាពិសេសគណបក្សប្រឆាំងមិនអាចមានកម្លាំងនយោបាយប្រៀបផ្ទឹមជាមួយគណបក្សកាន់អំណាចបច្ចុប្បន្នឡើយ៕