ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ទទួល​បាន​ពាន​រង្វាន់​«មេដឹក​នាំ​ឆ្នើម» ​ខណៈ​អ្នក​តាម​ដាន​ថា​ មិន​ទាន់​ស័ក្តិ​សម​នៅ​ឡើយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ទទួល​ពាន​រង្វាន់​ជា​មេ​ដឹកនាំ​ឆ្នើម​មួយ​រូប ​ដែល​ត្រូវ​បាន​ប្រគល់​ដោយ​វិទ្យា​ស្ថាន​យុ​ទ្ធ​សាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក KSI​ ​ឬ ​KSI Strategic Institute for Asia Pacific​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី។​

ពាន​រង្វាន់​នេះ​មាន​ឈ្មោះ​ថា​ «សមិទ្ធ​ផល​ពេញ​មួយ​ជីវិត​របស់​មេដឹក​នាំ​ឆ្នើម» ​ដែល​ត្រូវ​បាន​ប្រគល់​ដល់​លោក ​ហ៊ុន សែន ​ដែល​ដឹកនាំ​ប្រទេស​៣៧​ឆ្នាំ​មក​ហើយ។​

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ ​ប្រធាន​វិទ្យា​ស្ថាន​យុទ្ធ​សាស្ត្រ​ KSI​ ​លោក ​Tan Sri Michael Yeoh​ បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ពានរង្វាន់​ដល់​នាយករដ្ឋមន្រ្តី​កម្ពុជា ​ដោយ​សារសមិទ្ធ​ផល​ការ​ងារ​ជោគ​ជ័យ​នៃ​ការដឹក​នាំ​ប្រទេស​ ​និង​ការ​ដើរ​តួនាទី​គន្លឹះ​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​អាស៊ាន។ ​លោក​ថ្លែង​ជា​ភាសា​អង់​គ្លេស​ ដោយ​មាន​ការ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា​ ការ​ផ្តល់​ពាន​រង្វាន់នេះ ​ដោយ​សារ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដឹកនាំ​កម្ពុជា​រយៈ​ពេល៣៧​ឆ្នាំ​ ​បាន​នាំ​មក​នូវជោគ​ជ័យ ​ការ​ផ្លាស់​ប្តូរ​សង្គម​កម្ពុជា ​ការកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កម្ពុជា​ និង​បានធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​មាន​ការ​រីក​ចម្រើន​ជា​ដើម។​

​លោក​ថ្លែង​ថា៖​ «ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ចំពោះ​សមិទ្ធ​ផល​ការ​ងារ ​ប្រកប​ដោយ​ការ​លះ​បង់​របស់​សម្តេច​ចំពោះ​ប្រជាជន​ និង​រដ្ឋា​ភិបាល​កម្ពុជា​ ក៏​ដូច​ជា​ដល់​អាស៊ាន»។​

ប្រធាន​វិទ្យា​ស្ថាន​យុទ្ធ​សាស្ត្រ​ KSI បន្ថែម​ថា​ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​បាន​ដើរ​តួនាទី​គន្លឹះ​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​អាស៊ាន​ គឺមិន​ត្រឹម​តែ​ជា​មួយ​ចិន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​មួយ​ដៃ​គូ​សន្ទនា​គន្លឹះ​របស់​អាស៊ាន​ ដែលបង្ហាញ​នៅក្នុង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​កន្លង​ទៅ។​

ប្រធាន​វិទ្យា​ស្ថាន​យុទ្ធ​សាស្ត្រ​ KSI​ រូប​នេះ​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​ ហើយ​ទទួល​បា​ន​សញ្ញា​បត្រ​បរិញ្ញា​បត្រ ​និង​ថ្នាក់​បណ្ឌិត​នៅ​បណ្ឌិត​សភា​នយោ​បាយ​ជាតិ​ហាណូយ​នៃ​ប្រទេស​វៀតណាម ​និង​ធ្លាប់​ទទួល​បាន​បណ្ឌិត​កិត្តិ​យស ​និង​ពាន​រង្វាន់ជា​ច្រើន​ទៀត​ផង​ដែរ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​វិទ្យាស្ថាន​ KSI ដែល​ផ្តល់​ពាន​រង្វាន់​មួយនេះ​ផង​ដែរ។​

លោក ​ហ៊ុន ​សែន ​ថ្លែង​ថា៖ ​«ពិត​ណាស់​ថា ​ការ​ទទួល​បាន​ពាន​រង្វាន់​ដ៏​វិសេស​វិសាល​នេះ ​គឺជា​សក្ខី​ភាពជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់នៃ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​[​កម្ពុជា] ​ជាពិសេស​តាម​រយៈការ​អនុវត្ត​គោល​នយោ​បាយ​ឈ្នះៗ ​ដែល​នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ជាតិ ​សន្តិភាព​ និង​ស្ថិរ​ភាព​នយោ​បាយ»។ ​

បើ​តាម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ វិទ្យា​ស្ថាន ​KSI គឺ​ជា​ស្ថាប័ន​ឯករាជ្យ​ មិន​រក​ប្រាក់​ចំណេញ ​និង​ជា​ស្ថាប័ន​តភ្ជាប់​រវាង​រដ្ឋា​ភិបាល ​ធុរ​កិច្ច ​និង​សង្គម​ស៊ីវិល ​ដើម្បី​ប្រែក្លាយ​គំនិត​ផ្តួច​ផ្តើម​នានា​ឱ្យ​ទៅ​ជា​ផល​សម្រេច​ដែល​មាន​ឥទ្ធិ​ពល។​

គោល​ដៅ​ចម្បង​របស់​វិទ្យា​ស្ថាន​គឺ​ការ​កសាង​ប្រទេស​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ វិទ្យា​ស្ថាន ​KSI ​ ជា​អ្នក​ចាត់​ចែង​រៀបចំ​ឈាន​មុខ​នៃ​សន្និសីទ​ និង​វេទិកា​ដែល​មាន​ឥទ្ធិ​ពល​ និង​ប្រកប​ដោយ​នវានុវត្តន៍ ​ដោយ​មាន​ការ​ចូលរួមពី​សំណាក់​អ្នក​រៀបចំ​គោល​នយោ​បាយ ​ប្រធាន​ក្រុម​ធុរ​កិច្ច និង​អ្នកដឹក​នាំអង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​៣​ពាន់​នាក់ ​តាម​រយៈ​ព្រឹត្តិ​ការណ៍​កម្រិត​ខ្ពស់​ជាង​៦០ ​ចាប់​តាំង​ពីចុង​ឆ្នាំ​២០១៨​មក។​

អ្នក​តាម​ដាន​សង្គម​ ដូច​ជាលោក ​រ៉ុង ឈុន ​ដែល​ជា​មេ​ដឹក​នាំ​សហ​ជីព​មួយ​រូប ​និង​ធ្លាប់​ជាប់​ពន្ធនាគារ ​យល់​ឃើញ​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មិន​ទាន់​ស័ក្តិ​សម​ទទួល​បាន​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ ​ដោយ​លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ការ​ដឹក​នាំ​ប្រទេស​កម្ពុជា​ គឺ​នៅ​មាន​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដំណើរ​ការ​ប្រជា​ធិបតេយ្យ ​នីតិ​រដ្ឋ ​បញ្ហា​ដីធ្លី ​បញ្ហា​ធន​ធាន​ធម្ម​ជាតិ​ និង​ករណី​គ្រឿង​ញៀនជា​ដើម។​

​លោក​ រ៉ុង ឈុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«បើ​យើង​ធ្វើ​ការ​កត់​សម្គាល់​នូវ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​សព្វ​ថ្ងៃ​នេះ ​[គឺ] ​មិន​ទាន់​ស័ក្តិ​សម​នឹង​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ឱ្យ​គាប់​ប្រសើរ​ ឱ្យ​ល្អ​ប្រសើរ​នោះ​ទេ ​ពី​ព្រោះ​មាន​កំហុស​ឆ្គង​ច្រើន​ដែល​ត្រូវ​ធ្វើ​ការ​កែ​លម្អ»។​

លោក​ រ៉ុង ឈុន​ បន្ត​ថា ​លោក​មិន​វាយ​តម្លៃអំពី​សុចរិត​ភាព​នៃ​វិទ្យា​ស្ថាន​មួយ​នេះ​ទេ​ តែកន្លងមក​មាន​អង្គការ​មួយ​ចំនួនមាន​ប្រវត្តិ​មិន​ច្បាស់​លាស់​ បាន​ផ្តល់​ពាន​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ។​ ប៉ុន្តែ​ទោះជា​យ៉ាងណា ​លោក​ថា ​បើ​វិទ្យា​ស្ថាន​មួយ​នេះមាន​សុចរិត​ភាព​ពិតប្រាកដ ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​មិន​ទាន់​ស័ក្តិ​សម​ទទួល​បាន​ពាន​រង្វាន់​មួយ​ ដោយ​សុចរិត​ភាព​នោះ​ទេ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១៥​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ដោយ​លើក​ឡើង​ថា​ លោក ​ហ៊ុន សែន​ បាន​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​រក្សា​តំណែង​របស់​លោក ​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥។ ​របាយ​ការណ៍​បញ្ជាក់​ថា ​លោក ហ៊ុន សែន ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ​ទារុណ​កម្ម ​ការ​ចាប់​ឃុំ​ខ្លួន ​រារាំង​សេរីភាព​សមាគម ​ការ​ជួប​ប្រជុំ ​និង​ការ​បង្កើត​បណ្ដាញ​ស៊ើប​ការណ៍​ រាយ​ការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោល​បំណង​បំភិត​បំភ័យ ​បំភ័ន្ត​សាធារណ​មតិ៕

XS
SM
MD
LG