អ្នកវិភាគនិយាយថា ស្របពេលការដកដំណែងជាបន្តបន្ទាប់ពីមន្រ្តីជាន់ខ្ពស់ឆ្លុះបញ្ចាំងពីចលាចលកំពុងកកើតឡើងនៅក្នុងប្រព័ន្ធនយោបាយចិន សហរដ្ឋអាមេរិកប្រហែលចាត់ទុកការដកដំណែងរដ្ឋមន្រ្តីការពារជាតិចិនលោក Li Shangfu ជាការវិវត្តវិជ្ជមានសម្រាប់ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងចិន។
អ្នកវិភាគនិយាយថាការដកដំណែងរដ្ឋមន្រ្តីការពារជាតិចិនលោក Li Shangfu ជា សញ្ញាបង្ហាញពីចលាចលកំពុងតែកើតឡើងនៅក្នុងប្រព័ន្ធនយោបាយចិនក្រោមការដឹកនាំរបស់លោក Xi Jinping។ ពួកគេក៏បានលើកឡើងថាការដកដំណែងលោកLi កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា និងការដកដំណែងមន្រ្តីជាន់ខ្ពស់មួយរូបទៀតនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលលោក Xi ចាប់ផ្តើមអាណត្តិទីបីដែលខុសពីក្បួនច្បាប់ពីមុនមក ប្រហែលជាការចាប់ផ្តើមនៃនិន្នាការថ្មីមួយ។
លោក Alfred Wu អ្នកជំនាញអំពីនយោបាយចិនប្រចាំវិទ្យាស្ថានគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា«គណ បក្សកុម្មុយនីស្តចិនធ្លាប់មានប្រព័ន្ធត្រួតត្រានិងរក្សាលំនឹងនៅក្នុងប្រព័ន្ធដឹកនាំរបស់ពួកគេ [ប៉ុន្តែចាប់តាំងពីពេលលោក Xi ចាប់ផ្តើមកាន់អាណត្តិទីបីមក»គ្មាននរណាម្នាក់អាចប្រើប្រាស់ប្រព័ន្ធនេះបាននោះទេ ហើយអ្វីទាំងអស់គឺអាស្រ័យលើឆន្ទៈរបស់លោក Xi ផ្ទាល់»។
លោក Wu បានបន្ថែមទៀតថាកង្វះការត្រួតពិនិត្យនិងរក្សាលំនឹងនៅក្នុងប្រព័ន្ធនយោ បាយជាតិ ប្រហែលនាំឱ្យមាននិន្នាការនៃការដកដំណែងមន្រ្តីជាន់ខ្ពស់ភ្លាមៗ។ លោកបានថ្លែងប្រាប់វីអូអេតាមប្រព័ន្ធទូរសព្ទក្នុងសម្តីដើមថា«នេះអាចជានិន្នាការដែលនឹងបន្តកើតឡើងនៅក្នុងអាណត្តិដឹកនាំទីបីរបស់លោក Xi ហើយវាប្រហែលនឹងអាក្រក់ជាងនេះ»។
លោក Li Shangfu បានបាត់មុខពីសាធារណៈកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីបានថ្លែងសុន្ទរកថាអំឡុងពេលកិច្ចប្រជុំសន្តិភាពនិងសន្តិសុខចិន-អាហ្រ្វិកនៅក្រុងប៉េកាំង។ របាយការណ៍ព័ត៌មានខ្លះលើកឡើងថាលោកប្រហែលស្ថិតក្រោមការស៊ើប អង្កេតពីអំពើពុករលួយពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងការអភិវឌ្ឍគ្រឿងសម្ភារៈយោធា។
ការបាត់មុខរបស់លោក Li បានកើតឡើង បន្ទាប់ពីមានការដកដំណែងលោក Qin Gang រដ្ឋមន្រ្តីការបរទេសចិននៅខែកក្កដា។ លោក Qin ក៏បានបាត់មុខពីសាធារណៈភ្លាមៗ មុនការដករូបលោកពីដំណែងផងដែរ។ កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា គណៈ កម្មាធិការសភាចិនបានដកដំណែងជាទីប្រឹក្សារដ្ឋដែលជាដំណែងនៅសេសសល់របស់លោក Qin។ នៅក្នុងករណីទាំងពីរនេះ រដ្ឋាភិបាលចិនមិនបានផ្តល់ការបក ស្រាយជាផ្លូវការណាមួយចំពោះទង្វើរបស់ខ្លួននោះទេ។
អ្នកវិភាគខ្លះយល់ឃើញថាកង្វះការបកស្រាយចំពោះការដកដំណែងលោក Qin និងលោក Li គឺជា «រឿងមិនមែនធម្មតា»។
លោក Dennis Wilder អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំគម្រោងផ្តួចផ្តើមកិច្ចពិភាក្សាអា មេរិក-ចិនស្តីពីបញ្ហាសាកលនៅសាកលវិទ្យាល័យ Georgetown នៅសហរដ្ឋអាមេ រិកបានថ្លែងប្រាប់វីអូអេតាមប្រព័ន្ធទូរសព្ទថា៖«ជាធម្មតា នៅពេលរឿងទាំងនេះកើត ឡើង អ្នកដឹងហើយថាជាទូទៅមានសេចក្តីថ្លែងការណ៍ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយឬសកម្មភាពឧក្រិដ្ឋកម្មដទៃទៀតដែលនាំឱ្យមានការដកចេញពីដំណែងដូច្នេះ»។
ស្របពេលរបាយការណ៍ព័ត៌មានខ្លះបានលើកឡើងថាការដកដំណែងរបស់លោក Li គឺពាក់ព័ន្ធនឹងអំពើពុករលួយ លោក Wilder បាននិយាយថាហេតុការណ៍ដូចនេះក៏ឆ្លុះ បញ្ចាំងពីការមិនពេញចិត្តរបស់លោក Xi ចំពោះយោធាចិនផងដែរ។ លោកបានបន្ថែមថា៖«មានលទ្ធភាពដទៃទៀតដែលក្នុងនោះ លទ្ធភាពមួយអាចជាការពិត ហើយកាសែត New York Times បានរាយការណ៍ពីរឿងនេះផងដែរថាលោក Xi Jinping មិនពេញចិត្តខ្លាំងនឹងហេតុការណ៍ពាក់ព័ន្ធនឹងរឿងបាឡុងចិន»។
ដោយសារតែអាជ្ញាធរមិនទាន់តែងតាំងអ្នកស្នងតំណែងលោកLi ការដកដំណែងរបស់លោកបានធ្វើឱ្យចិនដែលមានយោធាធំជាងគេបង្អស់នៅលើពិភពលោក មិនទាន់មានរដ្ឋមន្រ្តីការពារជាតិ។ អ្នកវិភាគនិយាយថា ដោយសារតែរដ្ឋមន្រ្តីការពារជាតិមិនអាចបញ្ជានិងដឹកនាំយោធាអំឡុងពេលប្រយុទ្ធ បញ្ហានេះនឹងមានផលប៉ះពាល់តែមួយកម្រិតប៉ុណ្ណោះមកលើការត្រៀមលក្ខណៈជាស្រេចសម្រាប់ការប្រយុទ្ធរបស់យោធាចិន។
អ្នកស្រី Lin Ying-yu អ្នកជំនាញផ្នែកយោធាចិនប្រចាំសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បានថ្លែងប្រាប់វីអូអេតាមទូរសព្ទថា៖ «រដ្ឋមន្រ្តីការពារជាតិចិនមានតួនា ទីចម្បងនៅក្នុងការទូតផ្នែកយោធា ដូច្នេះការដកតំណែងលោកLiមិនមានផលប៉ះ ពាល់ខ្លាំងមកលើយោធាចិននោះទេ»។
អ្នកស្រី Rorry Daniels នាយិកាវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី(ASPI) និយាយថាស្របពេលអវត្តមានរដ្ឋមន្រ្តីការពារជាតិថ្មីប្រហែលមានផលប៉ះពាល់តិច តួចមកលើប្រតិបត្តិការរបស់យោធា ការដកដំណែងលោក Li និងលោក Qin ដែលអ្នកទាំងពីរត្រូវបានជ្រើសដោយលោក Xi ផ្ទាល់អាចជាការក្រើនរំឭកដល់មន្រ្តីចិនដទៃទៀតថាមិនមាននរណាម្នាក់មានសុវត្ថិ ភាពពីការបណ្តេញចេញនៅក្នុងប្រព័ន្ធនយោបាយនាពេលបច្ចុប្បន្ននោះទេ។
អ្នកស្រី Daniels បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរសព្ទថា៖«ច្បាស់ណាស់ថាមានកន្លែងហានិភ័យខ្លះនៅក្នុងប្រព័ន្ធនយោបាយចិន។ ហើយខ្ញុំគិតថាការណ៍នេះនឹងនាំឱ្យមានជាគំនិតមួយថាគ្មាននរណាម្នាក់ជាអ្នកពិសេសនោះទេ ហើយគ្រប់គ្នាអាចជាគោលដៅនៅក្នុងចំណោមមន្រ្តីចិនដទៃទៀត»។
អ្នកស្រីបានបន្តថាផលវិបាកពីការដកដំណែងលោក Li និងលោក Qin ប្រហែលអាចបង្កើតជាឧបសគ្គចំពោះការបង្កើតគោលនយោបាយនៅចិន។ អ្នកស្រីបានថ្លែងថា៖ «នៅក្នុងបរិស្ថានដូចនេះ ជាការលំបាកខ្លាំងនៅក្នុងការបង្កើតគោលនយោបាយណាមួយ ប្រសិនបើក្រុមមន្រ្តីត្រូវតែពិចារណាចំពោះអ្វីដែលអាចកើតមានមកលើពួកគេ»។
ការដកដំណែងរដ្ឋមន្រ្តីការពារជាតិលោក Li Shangfu ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ មុនពេលចិនរៀបចំវេទិកា Beijing Xiangshan ជាកិច្ចពិភាក្សាពហុភាគីដែលមន្រ្តីការពារជាតិពីបណ្តាប្រទេសផ្សេងៗមកជួបពិភាក្សាពីយុទ្ធសាស្រ្តយោធាជារួម។ ក្រុមមន្រ្តីការពារជាតិអាមេរិកបានបញ្ជាក់ថាតំណាងពីក្រសួងការពារជាតិអាមេរិកត្រូវបានអញ្ជើញហើយនឹងចូលរួមវេទិកានេះ។
លោក Alfred Wu អ្នកជំនាញអំពីនយោបាយចិនប្រចាំវិទ្យាស្ថានគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថាដោយ សារតែសហរដ្ឋអាមេរិកទំនងនឹងមិនបញ្ជូនប្រេសិតជាន់ខ្ពស់ដើម្បីចូលរួមក្នុងវេទិកាខាងលើនេះ លោកគិតថាអវត្តមានរដ្ឋមន្រ្តីការពារជាតិចិនថ្មីនឹងមិនប៉ះពាល់ខ្លាំងលើទំនាក់ទំនងយោធាទ្វេភាគីរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនអំឡុងពេលកិច្ចប្រជុំនោះទេ។
លោកបានថ្លែងប្រាប់វីអូអេថា«ចិននិងសហរដ្ឋអាមេរិកនឹងមានជម្រើសផ្សេងទៀត ដើម្បីបន្តកិច្ចពិភាក្សានិងទំនាក់ទំនងផ្នែកយោធា»។
ហើយដោយសារតែលោកLiរងការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលអាមរិកដែលបានរារាំងការទាក់ទងរបស់លោកជាមួយនឹងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin អំឡុងពេលលោកបម្រើការជារដ្ឋមន្រ្តីការពារជាតិចិននោះ លោក Dennis Wilder នៃសាកលវិទ្យាល័យ Georgetown បានព្យាករណ៍ថាការដកដំណែងរបស់លោកLiប្រហែលនឹងធ្វើទំនាក់ទំនងយោធារវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោនធូរស្បើយជាងមុន។
លោកបានថ្លែងប្រាប់វីអូអេថា៖«ខ្ញុំរំពឹងថាអ្នកដែលលោក Xi Jinping ជ្រើសរើសជារដ្ឋមន្រ្តីការពារនឹងមិនមានការដាក់ទណ្ឌកម្មដូចនេះមកលើពួកគេនោះទេ»ដោយលោកបន្ថែមថានេះជាការវិវត្តវិជ្ជមានមួយពីទស្សនៈសហរដ្ឋអាមេរិក។
ស្របពេលដែលសហរដ្ឋអាមេរិកនិងចិនកំពុងត្រួសត្រាយផ្លូវសម្រាប់ជំនួបដែលអាចកើតឡើងរវាងលោក Xi និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅកិច្ចប្រជុំកំពូលមេដឹកនាំ APEC ក្នុងក្រុង San Francisco សហរដ្ឋអាមេរិកនៅខែវិច្ឆិកា អ្នកស្រី Rorry Daniels នាយិកាវិទ្យាស្ថាន(ASPI)បាននិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីន តោនសង្ឃឹមថាជំនួបនេះនឹងផ្តល់ជាលទ្ធផលជាដុំកំភួនសម្រាប់មន្រ្តីថ្នាក់ទាបដើម្បីប្រតិបត្តិតាម។
អ្នកស្រីបានថ្លែងប្រាប់វីអូអេថា៖«មានជម្រើសផ្សេងៗដែលអាចកើតចេញពីជំនួបរវាងលោក Xi និងលោក Biden ហើយថាតើវានឹងជោគជ័យឬទេគឺអាស្រ័យដោយផ្នែកលើបែបផែនដែលយើងវាស់វែងភាពជោគជ័យ»។
តាមទស្សនៈរបស់អ្នកស្រី លទ្ធផលជោគជ័យគឺប្រហែលសម្រាប់ភាគីទាំងពីរមានចន្លោះប្រហោងដែលត្រូវការចាំបាច់ ដើម្បីបង្កើតកិច្ចព្រមព្រៀង ដែល«អាចមានជាយូរអង្វែង»និងអាចត្រូវប្រតិបត្តិតាមដោយមន្រ្តីនិងអ្នកពាក់ព័ន្ធពីភាគីទាំងសងខាង៕
VOA Mandarin service reporter Adam Xu contributed to this report.
អ្នករាយការណ៍ឱ្យវីអូអេសេវាភាសាចិនកុកងឺលោក Adam Xu បានរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា