ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ចិន​និង​រុស្ស៊ី​បង្ក​ក្ដីបារម្ភ


រូបឯកសារ៖ ប្រធានាធិបតីចិន​លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាប់ដៃគ្នានៅក្នុងជំនួបទ្វេភាគីមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីចិន​លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាប់ដៃគ្នានៅក្នុងជំនួបទ្វេភាគីមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ប្រទេស​ចិន​និង​រុស្ស៊ី បាន​យល់​ព្រម​ជាមួយ​គ្នា​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិ ការ​ផ្នែកហិរញ្ញវត្ថុ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដែល​បាន​គ្រោង​ទុក។ ក្រុម​អ្នក​វិភាគ​និយាយថា ប្រព័ន្ធ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​គាំទ្រ​ដល់​យោធា​របស់​ពួកគេ និង​ដើម្បី​ធ្វើ​ឲ្យ​ខូច​ដល់​សណ្ដាប់​ធ្នាប់​សាល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

ប្រទេស​ទាំង​ពីរ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ ដោយ​យល់​ព្រម​ពង្រឹង​ និង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទូទាត់​និង​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ ដែល​រួម​មាន ការបើក​គណនី​ដែល​ដំណើរការ​ជាមួយ​គ្នា​ និង​បង្កើត​សាខា​ធនាគារ​និង​ធនាគារ​រង​ផ្សេងៗទៀត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​ដ៏​រលូន​នៅ​ក្នុង​ជំនួញ​របស់​ពួក​គេ។

សេចក្ដីថ្លែងការណ៍​រួម​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី​ចិន​លោកLi Qiang និង​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin បាន​ជួប​គ្នា​កាល​ពី​សីហា។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Tass។

តាម​កំណត់​ត្រា​របស់​រដ្ឋាភិបាល​រុស្ស៊ី លោក Mishustin បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ពេល​នោះ​ថា៖ «ប្រទេស​លោក​ខាងលិច​កំពុង​ដាក់​ទណ្ឌកម្ម​(លើ​រុស្ស៊ី) ដោយ​ខុស​ច្បាប់​ ក្រោម​លេស​ដែល​ខុស​ពី​ការពិត​ឬ​និយាយ​ឲ្យ​ងាយ​ស្ដាប់​ទៅ​គឺ​ដោយ​ហេតុ​ផល​ការប្រកួត​ប្រជែង​មិន​យុត្តិធម៌»។

លោក Li និង​លោក Mishustin បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាង ១០ កាល​ពី​ពេល​នោះ ដែល​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច វិនិយោគ និង​ការ​ដឹក​ជញ្ជូន។ លោក Li បាន​បំពេញ​ទស្សនកិច្ច​ទីក្រុង​មូស្គូ តាម​ការ​អញ្ជើញ​របស់​លោក Mishustin។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីចិន​លោក Li Qiang និង​នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ចាប់ដៃគ្នានៅក្នុងជំនួបមួយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (Photo by Dmitry ASTAKHOV / POOL / AFP)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីចិន​លោក Li Qiang និង​នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ចាប់ដៃគ្នានៅក្នុងជំនួបមួយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (Photo by Dmitry ASTAKHOV / POOL / AFP)

លោក David Asher អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Hudson ថ្លែង​ថា៖ «ជំនួប​រវាង​រុស្ស៊ី​និង​ភាគី​ចិន​នា​ពេល​នោះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​កំពុង​ពង្រីកកាន់​តែ​ខ្លាំង​ ដែល​អាច​នឹង​មាន​នៅ​លើ​ទិដ្ឋភាព​យោធា​កាន់តែ​ធំ ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

លោក Asher បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​របស់​ភាគី​ទាំងពីរ​អាច​នាំ​ទៅ​ដល់​ការផ្ដល់​ជំនួយ​របស់​រុស្ស៊ី​ទៅ​ឱ្យ​ចិន​សម្រាប់​កិច្ចការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​សមុទ្រ​ចិន​ខាង​ត្បូង ​ជា​ថ្នូរ​នឹង​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​វិស័យ​ឧស្សាហកម្ម​ដែល​ជំរុញ​ដល់​កិច្ច​ប្រឹង​ប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន»។

លោក Edward Fishman ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​កិច្ចការ​អន្តរជាតិ​និង​សាធារណៈនៅ​សកលវិទ្យាល័យ Columbia បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​នានា​របស់​ចិន​បាន​កេង​យក​ប្រយោជន៍​ពី​ជំហរ​តថ្លៃ​ខ្សោយ​របស់​រុស្ស៊ី និង​បាន​កាត់​បន្ថយ​កិច្ច​ព្រម ព្រៀង​ដែល​ជាអំណោយ​ផល​ជា​ច្រើន។ ក៏ប៉ុន្តែ កិច្ច​ព្រមព្រៀង​ទាំង​នោះ មាន​សារៈ​សំខាន់​លើស​ពី​កម្រិត​ពាណិជ្ជកម្ម។ កិច្ចព្រមព្រៀង​ទាំង​នោះ​ធ្វើ​ឱ្យ​ម៉ាស៊ីន​សង្គ្រាម​របស់​លោក Putin បន្ត​មាន​ប្រតិបត្តិការ»។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អង្គភាពនិង​បុគ្គល​ជាង ៤០០ ដែល​បាន​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន រួម​មាន​ទាំង​ក្រុមហ៊ុន​ចិនដែល​ក្រសួង​នេះ​បាន​អះអាង​ថា បាន​ជួយ​ដល់​ទីក្រុង​មូស្គូ​ ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​តាម​រយៈ​ការ​ផ្គត់​ផ្គង់​ឧបករណ៍​គ្រឿង​ម៉ាស៊ីន និង គ្រឿង​អេឡិចត្រូនិក​តូចៗ (microelectronics)។

ជា​ការឆ្លើយ​តប​ទៅ​នឹង​ផែនការ​របស់​ចិន​និង​រុស្ស៊ី​ក្នុង​ការបង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ពួក​គេ លោក Wally Adeyemo អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​កាសែត Financial Times ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​តាម​ដាន​រាល់​សាខា​ដែល​ពួក​គេ​នឹង​បង្កើត​ឡើង និង​ប្រទេស​នានា​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​បើក​ប្រតិបត្តិការ។

ក្រុម​អ្នកវិភាគ​និយាយ​ថា ចិន​និង​រុស្ស៊ី​អាច​ងាក​ទៅ​រក​វិធី​ទូទាត់​ផ្សេង​ទៀត​ ដើម្បី​គេច​ចេញ​ពី​ទណ្ឌកម្ម​ទាំង​នោះ។

លោក Tom Keatinge នាយក​មជ្ឈមណ្ឌល​សិក្សា​បទល្មើស​ហិរញ្ញវត្ថុ​និង​សន្តិសុខ​នៅ​វិទ្យាស្ថាន Royal United Service ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​ថ្លែង​ថា៖ «យើង​ឃើញ​គោល​បំណង​យ៉ាង​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដែល​អាច​ប្រតិបត្តិការ​ហួស​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក»។

លោក​បន្ត​ថា៖ «កិច្ចសហប្រតិបត្តិការ​នេះរួមមាន​ការបង្កើត​យន្តការ​ទូទាត់​ប្រាក់​ដែល​មិន​មែន​ជា​ប្រាក់​ដុល្លារ និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្ពស់​ដែលអនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​បណ្ដាញ​របស់​ពួក​គេ​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក»។

លោក Keatinge បន្ត​ថា វិធីសាស្ត្រ​ផ្សេង​ទៀត​នៃ​ការ​ទូទាត់​អាច​ពាក់​ព័ន្ធ​នឹង​រូបិយវត្ថុ​ឌីជីថលនៅ​ធនាគារ​កណ្ដាល និង​ហិរញ្ញវត្ថុ​ crypto និង​ប្រាក់​កាក់​ដែល​មាន​ស្ថិរភាព​ផ្សេង​ទៀត៕

ប្រែសម្រួល​ដោយលោក នៀម ឆេង

XS
SM
MD
LG