ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​រុស្ស៊ី


ប្រធានាធិបតីចិនលោក Xi Jingping និងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃគ្នាក្នុងអំឡុងកិច្ចប្រជុំមួយ នៅ​រដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតីចិនលោក Xi Jingping និងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់ដៃគ្នាក្នុងអំឡុងកិច្ចប្រជុំមួយ នៅ​រដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រថា​ ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​រុស្ស៊ី​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​ខ្លួន បន្ទាប់ពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​ជប៉ុន​បាន​ព្រមាន​ពី​ការកើនឡើង​នូវ​ការគំរាម​កំហែង​ពី​ចំណង​ទាក់ទង​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ នេះ​បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​បញ្ជាក់​ថា ​យោធា​ប្រទេស​ទាំងពីរបាន​ចាប់ផ្តើម​សមយុទ្ធ​ដែល​ហៅ​ថា​ សមុទ្រ​រួម​ឆ្នាំ ២០២៤​ «នៅ​ដើម​ខែ​កក្កដា» ​ហើយ​សមយុទ្ធ​នេះ​នឹង​មាន​រហូត​ដល់​ពាក់​កណ្តាល​ខែ​នេះ។

សមយុទ្ធ​នៅ​ក្នុងដែនទឹក​និង​ដែន​អាកាស​នៅជុំវិញ​ទីក្រុង​ Zhanjiang​ ជា​ទីក្រុង​មួយ​នៅខេត្ត​ក្វាងទុង​គឺ​ដើម្បី​ «បង្ហាញ​ការដោះស្រាយ​និង​សមត្ថភាព​របស់​ភាគី​ទាំងពីរ ​នៅ​ក្នុង​ការដោះស្រាយ​រួមគ្នានូវ​ការគំរាម​កំហែង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​និង​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​សាកល​លោក​និង​តំបន់»។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ចិន។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​បន្ថែម​ទៀត​ថា​ សមយុទ្ធ​នេះ​«នឹង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រាយ​រវាង​ចិន​និង​រុស្ស៊ី​លើ​ផ្នែក​សម្រប​សម្រួល​សម្រាប់​សករាជ​ថ្មី»។

ក្រសួង​ការពារ​ជាតិ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ សមយុទ្ធ​នេះ​កើតឡើង​ស្រប​ទៅ​តាម​ផែនការ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ សម្រាប់​ទំនាក់​ទំនង​យោធា។

ការប្រកាស​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សប្តាហ៍​តែ​មួយ ​ដែលមេដឹកនាំ​អង្គការ​អូតង់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក ​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ការគាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅពេល​មាន​ការឈ្លានពាន​របស់​រុស្ស៊ី។

កងទ័ព​ចិន​ក៏​កំពុង​រៀបចំ​សមយុទ្ធ​នៅ​សប្តាហ៍​នេះ​ជាមួយ​ប្រទេស​បេឡារុស ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​ទៀត​របស់​រុស្ស៊ី​នៅ​ព្រំដែន​ភាគ​ខាង​កើត​របស់​អង្គការ​អូតង់។

ហើយ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ សកម្មភាព​រួមគ្នា​រវាង​ចិន​និង​រុស្ស៊ី​នៅ​ជិត​ដែន​ដី​របស់​ខ្លួន​បណ្តាល​ឱ្យ​មាន​ «ការព្រួយ​កង្វល់​ពី​សន្តិសុខ​ជាតិ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG