ភ្នំពេញ៖ អ្នកជំនាញច្បាប់កម្ពុជាបានរិះគន់បន្ថែមទៀតលើសេចក្តីព្រាងច្បាប់សំខាន់ចំនួនបីដែលរដ្ឋាភិបាលអះអាងថាដើម្បីបម្រើឲ្យការកែទម្រង់ការបោះឆ្នោតនោះ។
សេចក្តីព្រាងច្បាប់ទាំងបីគឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអជ្ញា។
សេចក្តីព្រាងច្បាប់ទាំងនេះកំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាពក្រោយពីត្រូវបានអនុម័តដោយរដ្ឋសភានិងព្រឹទ្ធសភា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនិងជាអ្នកជំនាញការច្បាប់មួយរូបរបស់កម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃចន្ទ័ថា៖ «របៀបធ្វើច្បាប់ទាំងនេះស្ថិតជាអាថ៌កំបាំងតាំងពីនៅគណៈរដ្ឋមន្ត្រី។ ហើយរដ្ឋសភាអនុម័តយ៉ាងប្រញ៉ាប់។ ប៉ុន្តែច្បាប់នេះជាច្បាប់ធំ ដើម្បីកសាងអំណាចតុលាការទាំងមូលនៅក្នុងប្រទេស។»
លោកឡៅ ម៉ុងហៃ បន្ថែមថា៖ «សេចក្តីព្រាងច្បាប់ទាំងនេះមិនមានលក្ខណៈធានាឯកភាពអំណាចតុលាការទេ ប៉ុន្តែបានរំលោភគោលការណ៍បែងចែកអំណាចរវាងអំណាចនិតិប្រតិបត្តិនិងអំណាចតុលាការ។»
លោកអ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញឲ្យដឹងថាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងបីនិងត្រូវបញ្ជូនទៅកាន់រដ្ឋសភាវិញនៅក្នុងអំឡុងសប្តាហ៍ក្រោយ៕