ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​រុះរើ​របង​ពុទ្ធសាសនបណ្ឌិត្យ​​បង្ហាញ​​ការ​មាន​ប្រៀប​របស់​ស្ថាប័ន​ឯកជន​លើ​ស្ថាប័ន​រដ្ឋ


សកម្មភាព​រុះរើ​របង​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ជាប់អគារ​កាស៊ីណូ Naga World នៅ​រាជធានី​ភ្នំពេញ។ (រូប​ថត​ពី​វីដេអូ​ទំព័រ​ហេ្វសប៊ុក សម រង្ស៊ី)
សកម្មភាព​រុះរើ​របង​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ជាប់អគារ​កាស៊ីណូ Naga World នៅ​រាជធានី​ភ្នំពេញ។ (រូប​ថត​ពី​វីដេអូ​ទំព័រ​ហេ្វសប៊ុក សម រង្ស៊ី)
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ អ្នក​វិភាគ​ឯករាជ្យ​គឺ​លោក បណ្ឌិត ឡៅ ម៉ុងហៃ ​បាន​ថ្លែងថា​ ការ​រុះ​រើ​របង​ពុទ្ធសាសនបណ្ឌិត្យ​និង​ការ​សាងសង់​អគារ​កាស៊ីណូ Naga World ​នៅ​ជាប់​នឹង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​បង្ហាញ​អំពីអតុល្យភាព​រវាង​ស្ថាប័ន​រដ្ឋ​និង​ស្ថាប័ន​ឯកជន និង​ ប៉ះពាល់​ដល់​ជីវិត​សង្គម​និង​វប្បធម៌​របស់​ពលរដ្ឋ។

លោក​បានថ្លែងដូច្នេះ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​លោក​អះអាង​ថា​ការរុះ​រើ​របង​និង​សាងសង់​នៅ​ក្នុង​បរិវេណ​ស្ថាប័នពុទ្ធសាសនបណ្ឌិត្យ​នៅ​ជាប់​គ្នា​នោះ​មិន​ត្រឹម​ប៉ះពាល់​ដល់​សំណង់​អគារ​ប៉ុណ្ណោះ​ទេ។

«វា​ប៉ះពាល់​ទៅ​ដល់​អគារ​ ប្រសិន​បើ​សំបក​ក្រៅ​ថា​អគារ ប៉ុន្តែ​នេះ​ជា​ស្ថាប័នវប្បធម៌​មួយ​របស់​ប្រទេស​ជាតិ​យើង គឺ​យូរ​អង្វែង​ហើយ»។

ការ​រុះរើ​របង​ពុទ្ធសាសនបណ្ឌិត្យ​នេះ​ចាប់​ផ្តើម​ឡើងនៅ​ចុង​ខែ​ឧសភា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​របស់​អគារ​សំណង់​កាស៊ីណូ Naga World ដែល​រួម​មាន​ការ​សាងសង់​ស្ថានីយ៍​អគ្គិសនី substation នៅ​ក្នុង​បរិវេណដី​របស់​ពុទ្ធសាសបណ្ឌិត​ផង​ដែរ។ សកម្មភាពទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​រួម​ទាំង​ព្រះសង្ឃ​និងធ្វើ​ឲ្យ​បុគ្គលិក​ខ្លះ​បារម្ភ​អំពី​ការ​លក់​ដី​ពុទ្ធសាសនបណ្ឌិត្យនេះ​តែ​ម្តង។
ទិដ្ឋភាព​ពេល​យប់នៅ​មុខ​កាស៊ីណូ​ NagaWorld នៅ​ជាប់​ពុទ្ធសាសនបណ្ឌិត្យ
ទិដ្ឋភាព​ពេល​យប់នៅ​មុខ​កាស៊ីណូ​ NagaWorld នៅ​ជាប់​ពុទ្ធសាសនបណ្ឌិត្យ

លោក វិបុល ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ដែល​បាន​ទូរស័ព្ទ​ចូល​និយាយ​ថា ការ​សាងសង់​បំពាន​មក​លើ​ស្ថាប័ន​សាធារណៈ​នេះ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដូច​ជា​លោក។ លោក​ថា​ក្នុង​ករណី​នេះ ប្រជាពលរដ្ឋ​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មន្ទិល​ចំពោះ​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល៖​

«បាន​កសាង​បាន​អភិវឌ្ឍ​មក​ទល់​ថ្ងៃ​នេះ​ហើយ បាត់​បង់​ទៅ​វិញ​ដោយ​សារ​ការ​លោភ​លន់​និង​ការ​ចង់​បាន​របស់​អ្នក​នយោបាយ​ហ្នឹង វា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ស្រុត​មែន​ទែន សំណួរ​របស់​ខ្ញុំ​មាន​ខ្លី​ប៉ុណ្ណឹង តើ​រដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​ដែរ?»

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​អំពីរឿង​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​ឯកសារ​កិច្ចព្រមព្រៀង​នានា​ដែល​ក្រសួង​ធម្មការ​បាន​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​បង្ហាញថា​សំណើ​របស់​ក្រុមហ៊ុន Naga World សុំ​រុះរើ​របង​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​រក​ឃើញ​ថាដំណើរការ​សាងសង់​ផ្លូវ​ក្រោម​ដី​មិន​អាច​ជៀសផុត​ពី​ការ​ប៉ះពាល់​ដល់​របង​ខាង​មុខ​ជាប់​នោះ។ ក្រុមហ៊ុន​ក៏​សន្យា​ថា​នឹង​សាងសង់​របង​នោះ​ឡើង​វិញ​ដូច​ដើម​ដែរ។
រូបថត​ផ្កាយ​រណប Google Maps បង្ហាញ​អគារ​កាស៊ីណូ Naga World ជា​អគារ​ឯកជន​ខ្ពស់​ជាង​គេ​ ហ៊ុំព័ទ្ធ​ដោយ​អគារ​រដ្ឋ​ទាបៗ​ជាង រួម​មាន​ពុទ្ធសាសបណ្ឌិត្យ​ (ជាប់ខាងលិច) អគារ​រដ្ឋសភា​ជាតិ​និង​អគារ​ក្រសួង​ការបរទេស​នៅ​ជាប់​ពី​ខាង​ត្បូង។ (Google Maps)
រូបថត​ផ្កាយ​រណប Google Maps បង្ហាញ​អគារ​កាស៊ីណូ Naga World ជា​អគារ​ឯកជន​ខ្ពស់​ជាង​គេ​ ហ៊ុំព័ទ្ធ​ដោយ​អគារ​រដ្ឋ​ទាបៗ​ជាង រួម​មាន​ពុទ្ធសាសបណ្ឌិត្យ​ (ជាប់ខាងលិច) អគារ​រដ្ឋសភា​ជាតិ​និង​អគារ​ក្រសួង​ការបរទេស​នៅ​ជាប់​ពី​ខាង​ត្បូង។ (Google Maps)

ប៉ុន្តែ​លោក​ ឡៅ ម៉ុងហៃ​ ថ្លែង​ថា​ ​ការ​រុះ​រើ​របង​នេះគឺ​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​និន្នាការ​ដែល​ស្ថាប័ន​ឯកជន​មាន​ប្រៀប​លើ​ស្ថាប័ន​សាធារណៈ​ក្នុង​រឿង​អភិវឌ្ឍ​នេះ។ លោក​ថា​ តាំង​ពី​ដំបូង​ម៉្លេះ វត្តមាន​នៃ​អគារ​កាស៊ីណូ​ល្បែង​ស៊ីសង មិន​សក្តិសម​នឹង​ទីតាំង​ដែល​មានសុទ្ធ​តែ​អគារ​រដ្ឋ​សំខាន់ៗ​រួម​ទាំង​ក្រសួង​ការបរទេស​និង​រដ្ឋសភា​ជាតិ​ផង​នោះ។

«មើល​ទៅ​វា​អត់​សមរម្យ​ទាល់​តែ​សោះ អគារ​ល្បែង​ស៊ីសង ហើយ​នៅ​ជិត និង​ខ្ពស់​ជាង​ពុទ្ធសាសនបណ្ឌិត្យ ហើយ​ក៏​ជាមួយ​នឹង​រូប​បដិមា​សម្តេច​សង្ឈរាជ្យ​ជួន ណាត គឺ​ឆ្លុះ​បញ្ចាំង​ថា​យើង​ហ្នឹង​គិត​តែ​ពី​រឿង​អភិវឌ្ឍន៍​ អត់​គិត​ពី​រឿង​ការ​ប៉ះពាល់​ទៅ​ដល់​វប្បធម៌​និង​សាសនា​របស់​យើង​ទេ»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​សំណង់​នៅ​រាជធានី​ភ្នំពេញ​ជា​ការណ៍ល្អ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​លក្ខណៈ​អាណាធិបតេយ្យ​ ដោយ​ខ្វះ​ការ​រៀប​ចំ​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មាន​របៀបរៀបរយ​និង​សោភ័ណ្ឌភាព។ លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធមាន​ការ​គោរព​និង​ថែអគារ​និង​បរិវេណ​ពុទ្ធសាសនបណ្ឌិត្យដែល​លោក​ចាត់​ទុក​ថា​ជា​ស្ថាប័ន​«មរតក​របស់​ជាតិ»​ដែល​មាន​ចំណាស់​ជាង​១០០​ឆ្នាំ​មក​ហើយ៕
XS
SM
MD
LG