ដោយនៅតែប៉ុន្មានថ្ងៃទៀត នឹងដល់ថ្ងៃទី៣ ខែវិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden កំពុងធ្វើយុទ្ធនាការយ៉ាងខ្លាំងនៅក្នុង«រដ្ឋដែលមានការប្រជែងខ្លាំង» ឬ«រដ្ឋដែលម្តងបោះឲ្យគណបក្សសាធារណរដ្ឋ ម្តងបោះឲ្យគណបក្សប្រជាធិបតេយ្យ» ។
រដ្ឋទាំងនេះ មានសារៈសំខាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអ្នកឈ្នះមិនត្រូវបានសម្រេចដោយការបោះឆ្នោតដោយផ្ទាល់ទេ។ ផ្ទុយទៅវិញរដ្ឋនីមួយៗ មានចំនួនកំណត់អង្គបោះឆ្នោតដែលគេផ្តល់ឱ្យបេក្ខជនម្នាក់ ឬបេក្ខជនផ្សេងទៀតអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតដោយផ្ទាល់នៅក្នុងរដ្ឋនោះ។ នៅក្នុងរដ្ឋទាំងអស់លើកលែងតែរដ្ឋ Maine និង Nebraska បេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេនៅក្នុងការបោះឆ្នោតដោយផ្ទាល់នៅក្នុងរដ្ឋមួយ ឈ្នះដោយទទួលបានសំឡេងឆ្នោតសរុបរបស់សមាជិកនៃអង្គបោះឆ្នោតក្នុងរដ្ឋនោះ។
ប្រព័ន្ធបោះឆ្នោត«អ្នកឈ្នះយកទាំងអស់»ជំរុញឱ្យបេក្ខជនធ្វើយុទ្ធនាការកាន់តែខ្លាំងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងទាំងឡាយ។ ជ័យជម្នះនៅក្នុងរដ្ឋទាំងនោះ អាចជួយឲ្យបេក្ខជនទទួលបានអង្គបោះឆ្នោតគ្រប់គ្រាន់ ដើម្បីចូលកាន់តំណែងក្នុងសេតវិមាន។
រដ្ឋដែលមានការប្រកួតប្រជែងប្រកិតគ្នាដែលអាច«ងាករេ» ទៅរកគណបក្សណាមួយដូចជារដ្ឋ Pennsylvania ជាដើម ទទួលបានការយកចិត្តទុកដាក់ពីបេក្ខជនច្រើនជាងរដ្ឋដទៃទៀតដូចជារដ្ឋ California ដែលជាកន្លែងដែលគណបក្សមួយស្ទើរតែប្រាកដជាទទួលបានសំឡេងភាគច្រើន។
រដ្ឋដែលងាករេក្នុងឆ្នាំ២០២០
រដ្ឋប្រហែល១២ ត្រូវបានគេចាត់ទុកថា ជារដ្ឋដែលងាករេ«ជាញឹកញយដដែលៗ» ព្រោះរដ្ឋទាំងនេះ ធ្លាប់មានការប្រកួតប្រជែងយ៉ាងប្រកិតម្តងហើយម្តងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្មីៗនេះ។ រដ្ឋប្រាំមួយក្នុងចំណោមរដ្ឋទាំងនោះ ត្រូវបានគេមើលឃើញថា ជារង្វាន់កំពូលនៅឆ្នាំ២០២០ ពីព្រោះប្រជាពលរដ្ឋដ៏ច្រើនរបស់ពួកគេ ផ្តល់ឱ្យពួកគេនូវចំនួនអង្គបោះឆ្នោតច្រើន។ រដ្ឋទាំងនេះ គឺរដ្ឋ Arizona, Florida, Michigan, North Carolina, Pennsylvania និង Wisconsin។
លោក Trump បានឈ្នះនៅក្នុងរដ្ឋទាំង៦ នៅឆ្នាំ២០១៦ ដោយមានការគាំទ្រលើសលោកស្រី Hillary Clinton តែបន្តិច ដោយនៅរដ្ឋខ្លះ តិចជាងមួយភាគរយ ប៉ុន្តែការស្ទង់មតិនាពេលបច្ចុប្បន្ននេះបង្ហាញថា លោក Biden នាំមុខបន្តិចនៅក្នុងរដ្ឋទាំង ៦ នេះ។
ការស្ទង់មតិក្នុងបណ្តារដ្ឋដែលងាករេ មានភាពប្រកិតគ្នា ជាងការស្ទង់មតិទូទាំងប្រទេស
ជ័យជម្នះរបស់លោក Trump កាលពីឆ្នាំ២០១៦ នៅក្នុងរដ្ឋទាំងប្រាំមួយនេះ មានលក្ខណៈស្រដៀងនឹងរដ្ឋឯទៀតៗក្នុងប្រទេសអាមេរិក គឺពួកប្រជាធិបតេយ្យមានការគាំទ្រច្រើននៅក្នុងតំបន់ តែលោក Trump ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពួកអ្នកបោះឆ្នោតក្នុងតំបន់ជនបទនិងតំបន់ជាយក្រុង និងពួកអ្នកបោះឆ្នោតស្បែកស ដែលគ្មានសញ្ញាប័ត្រមហាវិទ្យាល័យ។
ទោះបីជាមាននិន្នាការបង្ហាញថា លោក Biden អាចកាត់បន្ថយអ្នកគាំទ្រលោក Trump ទាំងនោះនៅឆ្នាំ២០២០ ក៏ដោយ ក៏យុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Biden បានព្រមានដល់អ្នកគាំទ្រឲ្យនាំគ្នាចេញទៅបោះឆ្នោត។
លោក Jen O’Malley Dillon ជាអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden។ លោកបានសរសេរនៅក្នុងសារមួយទៅកាន់អ្នកគាំទ្រកាលពីថ្ងៃសៅរ៍ថ្មីៗនេះថា «ការពិតការប្រកួតប្រជែងនេះ ប្រកៀកប្រកិតគ្នាខ្លាំងជាងការយល់ឃើញរបស់ពួកបណ្ឌិត ដែលបានបញ្ចេញទស្សនៈតាម Twitter និងតាមទូរទស្សន៍។ នៅក្នុងរដ្ឋងាករេសំខាន់ៗ យើងនៅតែប្រកៀកប្រកិតៗជាមួយលោក Donald Trump»។
ពួកអ្នកវិភាគនិយាយថា ទោះជាលោក Biden នាំមុខជាទៀងទាត់នៅក្នុងការស្ទង់មតិច្រើនខែមកហើយក៏ដោយ ការបារម្ភធំបំផុតរបស់យុទ្ធនាការលោកនៅពេលនេះគឺថា លោកអាចឈ្នះនៅក្នុងការបោះឆ្នោតដោយទទួលបានសំឡេងឆ្នោតប្រជាប្រិយច្រើនជាងលោក Trump តែចាញ់នៅក្នុងសំឡេងឆ្នោតសរុបរបស់សមាជិកនៃអង្គបោះឆ្នោតដូចដែលបានកើតឡើងចំពោះលោកស្រី Hillary Clinton កាលពីឆ្នាំ២០១៦។
នេះ គឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងរដ្ឋដែលយុទ្ធនាការទាំងពីរយល់ថាសំខាន់ដើម្បីឈ្នះតំណែងប្រធានាធិបតីនៅឆ្នាំ ២០២០។
រដ្ឋ Wisconsin
រដ្ឋ Wisconsin ដែលជាកន្លែងរស់នៅរបស់សហគមន៍ជនស្បែកសនៅតាមជនបទនិងពួកពលករដែលគាំទ្រលោក Trump នោះ បាននាំឲ្យលោក Trump ឈ្នះឆ្នោតកាលពីឆ្នាំ២០១៦។
រដ្ឋ Wisconsin ស្ថិតនៅក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងជាងគេដោយការរាតត្បាតជំងឺកូវីដ១៩។ រដ្ឋនេះក៏បានក្លាយជាការផ្តោតអារម្មណ៍មួយនៃការជជែកដេញដោលទូទាំងសហរដ្ឋអាមេរិក ស្តីពីយុត្តិធម៌សម្រាប់ជនជាតិអាមេរិកាំងស្បែកខ្មៅ បន្ទាប់ពីប៉ូលីស បានបាញ់ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក ឈ្មោះ Jacob Blake នៅទីក្រុង Kenosha រដ្ឋ Wisconsin កាលពីខែសីហា នៅពេលដែលកំពុងមានបាតុកម្មនិងភាពវឹកវរទូទាំងប្រទេសអស់ពេលជាច្រើនខែ។
លោក Trump និងលោក Biden បានទៅបំពេញទស្សនកិច្ចនៅក្រុង Kenosha ដោយមានសារផ្សេងគ្នា។ លោក Biden បានផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។ ចំណែកលោកប្រធានាធិបតី Trump វិញផ្តោតការយកចិត្តទុកដាក់លើច្បាប់ និងការរក្សាសណ្តាប់ធ្នាប់។
រដ្ឋ Michigan
Michigan ដែលជារដ្ឋផលិតវត្ថុប្រើប្រាស់ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ រដ្ឋនេះ បាត់បង់ការងារនិងអាជីវកម្មច្រើនជាងកន្លែងផ្សេងទៀត ក្នុងប្រទេសអាមេរិក។ លោកប្រធានាធិបតី Trump បានលើកទឹកចិត្តអ្នកគាំទ្ររបស់លោក ឱ្យស្តីបន្ទោសអភិបាលរដ្ឋនេះ គឺលោកស្រី Gretchen Whitmer ខាងគណបក្សប្រជាធិបតេយ្យចំពោះការបិទសេដ្ឋកិច្ចរបស់រដ្ឋនេះ។
យុទ្ធនាការរបស់លោក Trump កំពុងផ្តោតទៅលើអ្នកស្រុករដ្ឋ Michiganដែលចាត់ទុកគោលការណ៍បរិដ្ឋានរបស់គណបក្សប្រជាធិបតេយ្យ ថាជាការធ្វើឲ្យកម្មករដែលពឹងផ្អែកលើមូលដ្ឋានផលិតកម្មរឹងមាំនោះ ទទួលការរងគ្រោះ។ លោក Biden កំពុងជំរុញសារថា លោក Trump «គ្មានផែនការគ្រប់គ្រងវីរុសកូរ៉ូណាទេ ហើយគ្មានយុទ្ធសាស្ត្រសម្រាប់ស្តារសេដ្ឋកិច្ចយើង ចេញពីវិបត្តិសេដ្ឋកិច្ចទេ»។ លោក Biden បានសន្យាថា នឹងវិនិយោគក្នុងការបង្កើតការងារ និងហេរដ្ឋរចនាសម្ព័ន្ធសំខាន់ចាំបាច់នៅក្នុងរដ្ឋនេះ។
រដ្ឋ Pennsylvania
លោក Biden ដែលកើតនៅក្រុង Scranton រដ្ឋ Pennsylvania បានសង្កត់ធ្ងន់លើក្រុមវណ្ណៈអ្នកធ្វើការរបស់គ្រួសារលោក ដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតស្បែកស ដែលគ្មានសញ្ញាប័ត្រមហាវិទ្យាល័យដែលបានគាំទ្រលោក Trump កាលពីឆ្នាំ២០១៦ ដែលជាលើកដំបូង ដែលបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បានឈ្នះនៅក្នុងរដ្ឋនេះ ចាប់តាំងពីឆ្នាំ១៩៨៨ មក។
លោក Robert Griffin ជានាយកខាងការស្រាវជ្រាវនៃក្រុម Democracy Fund Voter Study Group។ លោកបានថ្លែងថា ក្នុងឆ្នាំ២០២០នេះ រដ្ឋ Pennsylvania ត្រូវចាត់ទុកថា ជារដ្ឋដែលសំខាន់ជាងសម្រាប់លោក Trump។ រដ្ឋនេះ អាចនាំឲ្យលោក Biden ទទួលបានអង្គបោះឆ្នោតគ្រប់ចំនួន២៧០។ លោក Griffin ថ្លែងទៀតថា «ប៉ុន្តែប្រសិនបើលោក Biden ចាញ់នៅរដ្ឋ Pennsylvania ក៏មិនអីដែរ ពីព្រោះលោក Biden ហាក់ដូចជានាំមុខនៅក្នុងរដ្ឋឯទៀតដូចជា Florida និង Arizona ជាដើម»។
រដ្ឋ Florida
នៅពេលនេះលោក Biden នាំមុខលោក Trump បន្តិចនៅក្នុងរដ្ឋ Florida។ រដ្ឋនេះមានមនុស្សចាស់រស់នៅច្រើនជាងគេក្នុងប្រទេសអាមេរិក។ លោក Biden កំពុងឃោសនាថា រដ្ឋបាលលោក Trump ចាត់ចែងកិច្ចការមិនល្អ ក្នុងការទប់ទល់នឺងជំងឺកូវីដ១៩ នាំឱ្យមនុស្សចាស់ដែលងាយរងគ្រោះដោយសារការរាតត្បាតនៃជំងឺនេះ ស្លាប់ច្រើនពេក។
លោក Trump បានផ្តោតលើរដ្ឋ Florida ពេញមួយយុទ្ធនាការរបស់លោក ដោយបានទៅទស្សនារមណីយដ្ឋាន Mar-a-Lago របស់លោកជាញឹកញាប់ និងជំរុញការចុះឈ្មោះអ្នកបោះឆ្នោតថ្មី នៅក្នុងរដ្ឋដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីទាក់ទាញពួកជនជាតិអាមេរិកស្បែកស ដែលពីមុនមិនបានបោះឆ្នោត ឱ្យនាំគ្នាទៅបោះឆ្នោត។
លោក Whit Ayres នៃក្រុមស្រាវជ្រាវ North Star Opinion Research ជាអ្នកស្ទង់មតិខាងគណបក្សសាធារណរដ្ឋ។ លោកបាននិយាយថា «ប្រសិនបើលោក Joe Biden ឈ្នះឆ្នោតនៅរដ្ឋ Florida លោក Donald Trump នឹងពិបាកប្រមូលសំឡេងឆ្នោតសរុបរបស់សមាជិកនៃអង្គបោះឆ្នោតឱ្យបាន២៧០ ដែលជាការចាំបាច់ដើម្បីឈ្នះឆ្នោត»។ លោក Ayres បានថ្លែងថា ប្រសិនបើលោក Trump ឈ្នះឆ្នោតនៅរដ្ឋ Florida លោក Biden នៅតែមានផ្លូវផ្សេងទៀត ទោះជាតិចក៏ដោយ ដើម្បីទទួលសំឡេងឆ្នោតសរុបរបស់សមាជិកនៃអង្គបោះឆ្នោតចំនួន២៧០ដែរ។
រដ្ឋ North Carolina
លើកលែងតែជ័យជម្នះរបស់លោក Barack Obama ក្នុងឆ្នាំ២០០៨ បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានឈ្នះប្រាំបួនដងក្នុងចំណោមការបោះឆ្នោតប្រធានាធិបតីទាំង១០លើកចុងក្រោយនៅរដ្ឋ North Carolina។ ពួកអ្នកវិភាគយល់ឃើញថា នេះជាសញ្ញានៃការផ្លាស់ប្តូរប្រជាសាស្ត្រកាន់តែទូលំទូលាយនៅប៉ែកខាងត្បូងនៃប្រទេសដែលមានពលរដ្ឋផ្សេងៗកាន់តែច្រើនឡើងៗ អាចផ្តល់ផលប្រយោជន៍ដល់គណបក្សប្រជាធិបតេយ្យ។
លោក Chris Cooper ជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Western Carolina។ លោកថ្លែងថា « លោក Donald Trump នឹងពិបាកជាប់ឆ្នោតជាប្រធានាធិបតី បើសិនជាលោកមិនឈ្នះនៅក្នុងរដ្ឋ North Carolina ទេនោះ»។
លោក Cooper បានថ្លែងបន្ថែមទៀតថា ភាគខាងត្បូងប្រទេសជាមូលដ្ឋានរឹងមាំសម្រាប់គណបក្សសាធារណរដ្ឋអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយប្រសិនបើលោក Trump ចាញ់ឆ្នោតនៅក្នុងរដ្ឋ North Carolina នោះ លោកក៏ប្រហែលជាអាចចាញ់ឆ្នោតនៅក្នុងរដ្ឋ Florida ដែរ។
រដ្ឋ Arizona
រដ្ឋ Arizona បានបោះឆ្នោតឲ្យបេក្ខជនគណបក្សសាធារណរដ្ឋនៅក្នុងរាល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៥២ លើកលែងតែនៅពេលដែលលោក Bill Clinton ឈរឈ្មោះជាប្រធានាធិបតី ដែលគណបក្សប្រជាធិបតេយ្យ បានឈ្នះនៅឆ្នាំ១៩៩៦។
នៅពេលនេះ រដ្ឋនេះ កំពុងលម្អៀងទៅខាងលោក Biden ដែលជានិន្នាការមួយជំរុញដោយកំណើនអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យក្នុងចំណោមអ្នកបោះឆ្នោតនៅជាយក្រុង និងអ្នកបោះឆ្នោតផ្សេងៗ ដែលកាន់តែកើនចំនួនក្នុងរដ្ឋនេះ ជាពិសេសពួកអ្នកបោះឆ្នោត Hispanic ដែលកើនឡើងយ៉ាងលឿន។ ពួកអ្នកមានដើមកំណើតអាមេរិកឡាទីន មានចំនួនប្រមាណ២០ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ក្នុងរដ្ឋ Arizona កាលពីឆ្នាំ២០១៦ ហើយលោកស្រី Clinton បានទទួលការគាំទ្រពីក្រុមជនទាំងនេះភាគច្រើន។
មនុស្សមានវ័យចាស់ៗ នឹងមានមុខនាទីធំមួយនៅក្នុងលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០២០នេះ។ រដ្ឋ Florida ជាកន្លែងរស់នៅរបស់សហគមន៍ជនចូលនិវត្តន៍ជាច្រើន ហើយអ្នកបោះឆ្នោតក្នុងរដ្ឋនេះ ក៏មានវ័យចាស់ជាងមនុស្សនៅក្នុងតំបន់ឯទៀតៗរបស់ប្រទេសអាមេរិកដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ