ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Amnesty International បិទ​ការិយាល័យ​នៅ​ហុងកុង​ដោយសារ​ច្បាប់​សន្តិសុខ​ជាតិ


រូបឯកសារ៖ ស្ត្រី​ម្នាក់ ឈរ​នៅ​ក្បែរ​ទ្វារ​​ចូល​ការិយាល័យ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International នៅ​ទីក្រុង​ហុងកុង។
រូបឯកសារ៖ ស្ត្រី​ម្នាក់ ឈរ​នៅ​ក្បែរ​ទ្វារ​​ចូល​ការិយាល័យ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International នៅ​ទីក្រុង​ហុងកុង។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ​អង្គការ​នេះ ​នឹង​បិទ​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង​ដោយសារ​តែ​ច្បាប់​សន្តិសុខជាតិ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ទីក្រុង​នេះ​ បាន​គំរាម​កំហែង​ដល់​បុគ្គលិក។​ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

ការ​សម្រេច​ចិត្ត​នេះ ​បាន​បញ្ចប់​វត្តមាន​ជាង​បួន​ទសវត្សរ៍​របស់​អង្គការ​នេះ​នៅ​ទីក្រុង​ហុងកុង​ ​នៅពេល​ដែល​មន្រ្តី​ចិន​កែប្រែ​ទីក្រុង​នេះ​ តាម​បែប​ផ្តាច់ការ​របស់​ប្រទេស​ចិន។​

ប្រទេស​ចិនបានចេញ​ច្បាប់​សន្តិសុខ​ជាតិ​នេះ​កាលពី​ខែ​មិថុនា ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​តាម​ប្រជា​ធិបតេយ្យ​ទ្រង់ទ្រាយ​ធំ​ដែល​ប្រឈមនឹង​អំពើ​ហិង្សា​ ហើយ​ជា​ញឹកញយ ​វា​បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ​ វប្បធម៌ ​និង​ច្បាប់​របស់​ទីក្រុង​ហុងកុង​និង​បាន​ចេញ​កំហិត​តាម​របៀប​ប្រទេស​ចិន​ដីគោក​ប្រឆាំង​សិទ្ធិ​និយាយ​ស្តី​អំពី​នយោបាយ។​

លោកស្រី​ Anjhula Mya Singh Bais ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អង្គការ​លើក​លែងទោស​អន្តរជាតិ​បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​បិទ​នេះ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​«លំបាក​ ហើយត្រូវ​បាន​ជំរុញ​ដោយ​ច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង»។​ អ្នកស្រី​បាន​បន្ថែម​ថា​ «ច្បាប់នេះ​ បាន​ធ្វើឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្រុង​ហុងកុង ​មិន​អាច​ធ្វើការ​ដោយ​សេរី​មិន​ខ្លាច​ការ​សងសឹក​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល»។

អង្គការ​លើក​លែងទោស​អន្តរជាតិ ​រក្សា​ការិយាល័យ​ពីរ​នៅ​ហុងកុង ។ ការិយាល័យ​មួយ ​គឺ​សាខា​ក្នុង​ស្រុក​ដែល​ផ្តោត​លើ​សិទ្ធិ​មនុស្ស​ និង​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង​នេះ​ ​និង​មួយ​ទៀត​ គឺ​ការិយាល័យ​ប្រចាំ​តំបន់​ដែល​អនុវត្ត​ការងារ​ស្រាវជ្រាវ​និង​តស៊ូមតិ​នៅ​ទូទាំង​អាស៊ី​បូព៌ា ​និង​អាស៊ី​អាគ្នេយ៍និង​ប៉ាស៊ីហ្វិក។​

នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​និយាយ​ថា​ ការិយាល័យ​ក្នុង​តំបន់​របស់ខ្លួន​ នឹង​បិទ​នៅ​ថ្ងៃទី៣១ ខែ​តុលា​ រី​ឯ​ការិយាល័យ​ប្រចាំ​តំបន់ ​នឹង​រើ​ចេញ​នៅត្រឹម​ចុង​ឆ្នាំ​២០២១៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង Reuters។

XS
SM
MD
LG