ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​ត្រូវ​បិទ


ប្រជាពលរដ្ឋ បាន​ឈរ​តម្រង់ជួរ​ដើម្បី​ទិញ​កាសែត Apple Daily ច្បាប់​ចុងក្រោយ​នៅក្នុង​ទីក្រុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
ប្រជាពលរដ្ឋ បាន​ឈរ​តម្រង់ជួរ​ដើម្បី​ទិញ​កាសែត Apple Daily ច្បាប់​ចុងក្រោយ​នៅក្នុង​ទីក្រុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

កាសែត​ Apple Daily ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ហុងកុង​ បាន​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​បាន​ចេញ​ផ្សាយ​ការ​បោះពុម្ព​ចុង​ក្រោយ។​ អ្នក​ក្រុង​ហុងកុង​ជាច្រើន​បាន​តម្រង់​ជួរ​នៅ​តាម​ហាង​នានា​នៅ​ទូទាំង​ទីក្រុង​នេះ​ មុនពេល​ថ្ងៃ​រះ​ដើម្បី​ទិញ​កាសែត ​Apple Daily ចុង​ក្រោយ​ដែល​បោះពុម្ព​ចំនួន​១​លាន​ច្បាប់។​

អ្នក​សារ​ព័ត៌មាន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ដំបូល​អគារ​ក្រុមហ៊ុន​ Next Digital​ ពេញមួយ​យប់​ដោយ​បើក​ភ្លើងទូរស័ព្ទ​ដៃ​បញ្ចាំង​ទៅ​ហ្វូង​មនុស្ស​នៅ​ខាងក្រោម​ដើម្បី​បង្ហាញ​សាមគ្គីភាព។​ អ្នក​រចនា​កាសែត​ម្នាក់​បាន​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា​«គ្មាន​សេរីភាព​សារ​ព័ត៌មាន​នៅហុងកុង​ទេ»​ ដោយសារ​ការ​បិទ​កាសែត​ Apple Daily។​

ក្រុមហ៊ុន ​Next Digital​ បាន​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា​ ខ្លួន​បិទ​កាសែត​ Apple Daily ​ដោយ​លើក​ឡើង​ថា ​មកពី «កាលៈទេសៈ​បច្ចុប្បន្ន​នៅ​ហុងកុង»។ ​ការ​សម្រេច​ចិត្ត​នេះធ្វើឡើង​ជិត​មួយ​សប្តាហ៍​បន្ទាប់​ពី​ប៉ូលិស​ជាង​៥០០​នាក់ ​បាន​ឆ្មក់​ចូល​ការិយាល័យ​កាសែត​នេះ ​ហើយ​បាន​ចាប់​ខ្លួន​និពន្ធនាយក​ គឺ​លោក​ Ryan Law ​និង​នាយក​ប្រតិបត្តិ​ ៤​នាក់​ទៀត​របស់​កាសែតនេះ​ និង​របស់​ក្រុមហ៊ុន​ Next Digital។​ បន្ទាប់​មក​អាជ្ញាធរ​បង្កក​ទ្រព្យ​សម្បត្តិ​ចំនួន​ ២,៣​លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​មាន​លុយ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក។​

លោក​ Cheung Kim-hung​ នាយកប្រតិបត្តិ ​និង​ផ្នែកច្បាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឃុបឃិត​ជាមួយ​ប្រទេស​ក្រៅ​ ហើយ​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ធានា​នៅ​ក្រៅឃុំ។

របាយការណ៍​ចេញ​ផ្សាយ​ពី​ទីក្រុង​ហុងកុង​និយាយ​ថា ​បុគ្គលិក​កាសែត​ Apple Daily​ ម្នាក់​ទៀត​ដែលគេស្គាល់​ថា ​ជាអ្នកសេរសេរ​បទវិចារណកថា​ និង​អត្ថបទដ៏​លេច​ធ្លោម្នាក់​របស់​កាសែត​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ។​ ប៉ូលិស​បាន​និយាយ​ថា​ បុរស​អាយុ​៥៥​ឆ្នាំរូប​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ថា​ ឃុបឃិត​ជាមួយ​ប្រទេស​ក្រៅ​ ឬ​កម្លាំង​បរទេស។​

កាសែត ​Apple Daily ​និង​ចាងហ្វាង​កាសែត​នេះ​ គឺ​លោក​ Jimmy Lai ​អាយុ​៧៣​ឆ្នាំ​ដែល​ស្ថាបនិក​ និង​ជាម្ចាស់​ក្រុមហ៊ុន​ Next Digital​ បាន​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​របស់​អាជ្ញាធរ​ហុងកុង​ ចាប់តាំង​ពី​ប្រទេស​ចិន ​បាន​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​យ៉ាង​តឹងរ៉ឹង​កាល​ពី​ខែ​មិថុនា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ដ៏ធំ​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៩ ដែល​ពេល​ខ្លះ​មាន​អំពើ​ហិង្សា​នោះ។​

ការិយាល័យ​កាសែត​នេះ ​ត្រូវ​បាន​ឆ្មក់​ចូល​ឆែក​ឆេរ​កាលពី​ខែ​សីហា​ឆ្នាំ​មុន ​បន្ទាប់​ពី​លោក​ Jimmy Lai ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក ដោយ​សង្ស័យ​ពីបទ​ឃុបឃិត​ជាមួយ​បរទេស៕​

XS
SM
MD
LG