ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​ដែល​ហ៊ាន​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែន


រូបឯកសារ៖ ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​សង្ឃដីកានៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)​
រូបឯកសារ៖ ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​សង្ឃដីកានៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​ «​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)​

ព្រះ​អង្គ ប៊ុត ប៊ុនតិញ បាន​បួស​ជា​ព្រះសង្ឃ​ជិត​១៨​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ។ ព្រះអង្គ​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ចេញ​មុខ​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម។ ព្រះ​អង្គ​ក៏​ធ្លាប់​បាន​ធ្វើ​ជា​ទាហាន​ជិត​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៨ ដែល​ពេល​នោះ​​ព្រះ​អង្គ​ជា​ទាហាន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រឆាំង​នឹង​កម្លាំង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយ​ជីវិត​ព្រះអង្គ​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ហាក់​មិន​ឃ្លាត​ឆ្ងាយ​ពី​ជីវិត​នយោបាយ​និង​សង្គម​កម្ពុជា​ឡើយ។‍

ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​មាន​ឈ្មោះ​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ជា​ព្រះសង្ឃ​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​សំចៃ​មាត់។ ព្រះ​អង្គ​បាន​ព្យាយាម​បី​ដង​មក​ហើយ ដើម្បី​លា​ចាក​សិក្ខាបទ​ តែ​រាល់​ការ​ព្យាយាម​នោះ មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។

កាល​ពី​ឆ្នាំ​២០១៣ ព្រះអង្គ​បាន​ទិញ​សម្លៀកបំពាក់​ជា​ប្រជាពលរដ្ឋ​ធម្មតា និង​ជិះ​រថយន្ត​ទៅ​ស្រុក​កំណើត​របស់​ព្រះ​អង្គ ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ដែល​មាន​ចម្ងាយ​ប្រមាណ​៣២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​សឹក ប៉ុន្តែ​បំណង​របស់​ព្រះអង្គ​មិន​បាន​ជោគជ័យ​នោះ​ទេ។

ព្រះអង្គ ​ប៊ុត ប៊ុនតិញ ព្រះជន្ម​៣៨​វស្សា និង​បាន​បួស​ជិត​១៨​ព្រះ​វស្សា​មក​ហើយ មាន​សង្ឃដីកា​ប្រាប់ VOA ​ថា៖

«បើ​សឹក​ទៅ​ត្រូវ​បំពេញ​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន រក​សេដ្ឋកិច្ច ដើម្បី​គ្រួសារ​និង​ខ្លួន​ឯង។ វា​អត់​មាន​ពេល​វេលា​ជួយ​ជាតិ និង​សាសនា​អាត្មា​ទេ។ បើ​អាត្មា​នៅ​ជា​លោក​សង្ឃ​ អត់​ចាំ​បាច់​ទុក​លុយ ទុក​កាក់​ដើម្បី​ជីវិត​ខ្លួន​ឯង​ទេ។ កាល​ណា​អាត្មា​មាន អាត្មា​ជួយ​អ្នក​ដទៃ​បាន»។

ព្រះអង្គ ប៊ុត ប៊ុនតិញ (ពាក់វែនតា) និមន្ត​ជាមួយ​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ឆ្ពោះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការថ្លែង​ថា គណបក្ស​ប្រជាជន​នៅ​ពីក្រោយ​ការ​សម្លាប់​លោក កែម ឡី។ (ស៊ុន ណារិន/VOA)
ព្រះអង្គ ប៊ុត ប៊ុនតិញ (ពាក់វែនតា) និមន្ត​ជាមួយ​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ឆ្ពោះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការថ្លែង​ថា គណបក្ស​ប្រជាជន​នៅ​ពីក្រោយ​ការ​សម្លាប់​លោក កែម ឡី។ (ស៊ុន ណារិន/VOA)

ព្រះ​អង្គ​ជា​ស្ថាបនិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ ដើម្បី​យុត្តិ​ធម៌​សង្គម ដែល​តែង​តែ​តវ៉ា​រក​យុត្តិធម៌​នៅ​ខាង​មុខ​តុលាការ ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​បង្កើត​យុទ្ធនា​ការ​ការពារ​ព្រៃឈើ​ជាដើម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត ក្នុង​ពេល​បំបួស​ដើមឈើ ក្នុង​ខេត្តបាត់ដំបង កាលពី​ឆ្នាំ២០១៦។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)
ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត ក្នុង​ពេល​បំបួស​ដើមឈើ ក្នុង​ខេត្តបាត់ដំបង កាលពី​ឆ្នាំ២០១៦។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)

បច្ចុប្បន្ន​នេះ ព្រះ​អង្គ ប៊ុត ប៊ុនតិញ កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការ​សិក្សា​របស់​ព្រះ​អង្គ​ ដោយ​មាន​បំណង​សិក្សា​ផ្នែក​កិច្ចការ​សាធារណៈ ឬ​សេដ្ឋកិច្ច​នយោបាយ និង​ច្បាប់ បន្ថែម​ទៅ​លើ​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ផ្នែក​សង្គមវិទ្យា ដែល​ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១១។

ព្រះ​អង្គ ប៊ុនតិញ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​មុន នៅ​ពេល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល តាម​បណ្តឹង​របស់​រដ្ឋាភិបាល ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​គោលបំណង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា គម្រោង​របស់​ព្រះ​អង្គ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស គឺ​ត្រៀម​តាំង​ពី​ឆ្នាំ​២០១៦​ ដោយ​ព្រះ​អង្គ​មាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​បី គឺ​ប្រទេស​អូស្រ្តាលី អាល្លឺម៉ង់ ឬ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ព្រះ​អង្គ​មិន​មាន​សមត្ថភាព ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​រក​វិធី​ផ្សេង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

ព្រះ​អង្គ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​គាំទ្រ​ជា​ថវិកា​សម្រាប់​ការ​រស់​នៅ​ និង​ការ​សិក្សា​របស់​ព្រះ​អង្គ ដូច្នេះ​ព្រះ​អង្គ​អាច​មាន​ឱកាស​ស្នាក់​នៅ​ទីនោះ​បាន​យូរ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​មក​តាម​គម្រោង​គ្រោង​ទុក​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​ម្យ៉ាងស្រុក​អាមេរិក​និង​អាត្មា​នេះ ហាក់​ដូច​ជា​ភូមិ​កំណើត​ទី​ពីរ​ទៅ​ហើយ ដែល​អាត្មា​ចេញ​ចូល​បាន​ដោយ​ស្រួល ព្រោះ​អាត្មា​មាន ​credit (មាន​ឈ្មោះ) ល្អ​នៅ​ក្នុង​ស្រុក​អាមេរិក​នេះ»។

សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​កំពុង​រៀបចំ​ឯកសារ ដើម្បី​បង្ហាញ​ទៅ​សាកលវិទ្យាល័យ​មួយ​ឈ្មោះ Virginia ជា​ការ​វាយ​តម្លៃ​ថា ​តើ​សញ្ញាប័ត្រ​របស់​ព្រះ​អង្គ មាន​តម្លៃ​ស្មើ ឬ ​ព្រះ​អង្គ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «បំណង​ធំ គឺ​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​នៅ​ស្រុក​នេះ»។

ធ្លាប់​ជា​ទាហាន ប្រឆាំង​នឹង​លោក ហ៊ុន សែន

ជា «ក្មេង​ក្បាល​រឹង» ម្នាក់ ដែល​ចាប់​កំណើត​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​គ្រួសារ​ក្រីក្រ ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នក​ស្រែ​ចម្ការ និង​មាន​បងប្អូន​១១នាក់ ព្រះអង្គ ​ប៊ុត ប៊ុនតិញ ជា​កូន​ទី​ពីរ​ក្នុង​គ្រួសារ ដែល​បាន​សិក្សា​ខ្ពស់​ជាង​គេ។ ព្រះ​អង្គ​ក៏​ធ្លាប់​មាន​បទពិសោធន៍​ការងារ​ច្រើន​ផ្នែក​ផង​ដែរ មុន​នឹង​បួស​ជា​ព្រះ​សង្ឃ​កាល​ពី​ឆ្នាំ​២០០០។

ព្រះអង្គ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ ជា​បុគ្គលិក​ជំរឿន និង​បុគ្គលិក​បោះឆ្នោត។ អំឡុង​ពេល​រដ្ឋប្រហារ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ព្រះអង្គ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ជាប់​ព្រំដែន​ថៃ ដែល​ជា​តំបន់​ខ្មែរ​ក្រហម។ បន្ទាប់​មក ក្នុង​ឆ្នាំ​១៩៩៨​ ព្រះអង្គ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ទាហាន ដែល​ពេល​នោះ​ជា​ទាហាន​របស់​ ប៉ុល ពត ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រឆាំង​នឹង​កម្លាំង​របស់​លោក ហ៊ុន សែន។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «ក្រោយ​ការ​បញ្ចប់​សង្រ្គាម​នៅ​ទី​នោះ​រួច រដ្ឋាភិបាល​ខ្មែរ​បញ្ជូន​អ្នក​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ ប៉ុល ពត ហ្នឹង ឲ្យ​ទៅ​កន្លែង​កំណើត​វិញ​ក្នុង​ស្រុក​អន្លង់វែង គឺ​អាត្មា​ទៅ​នៅ​ពេល​ហ្នឹង។ ហើយ​ទៅ​នៅ​ពេល​ហ្នឹង ក៏​គេ​រៀបចំ​ទាហាន រៀប​ចំ​អី​ធម្មតា ឲ្យ​ចូល​ជាមួយ​រដ្ឋាភិបាល ក៏​អាត្មា​ចូល​នៅ​ពេល​នោះ​ឯង»។

ព្រះ​អង្គ​បាន​បំពេញ​ការងារ​ជា​ទាហាន​នេះ បាន​ជាង​១០​ខែ បន្ទាប់​មក ក៏​បាន​លាឈប់ ដោយសារ​អំពើ​ពុក​រលួយ​នៅ​ទីនោះ ក្នុង​នោះ​មាន​ការ​កិបកេង​ប្រាក់ តាម​រយៈ​ទាហាន​មិន​មាន​ឈ្មោះ​ជាដើម។

ព្រះសង្ឃ​ដែល​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

អំពើ​ពុករលួយ​ជា​អ្វី​ដែល​ព្រះ​សង្ឃ​ ប៊ុត ប៊ុន​ទិញ ស្អប់​ជា​ទី​បំផុត។ ព្រះអង្គ​បាន​រំឭក​ថា ក្រោយ​ពេល​បួស​ជា​ព្រះ​សង្ឃ ព្រះ​អង្គ​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា ក្នុង​ខេត្ត​សៀមរាប។ ព្រះអង្គ​បាន​បំពេញ​ការងារ​ជា​គ្រូ​បង្គោល​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ការ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍។ ប៉ុន្តែ​ព្រះ​អង្គ​បាន​លា​ឈប់​ពី​ការងារ ក្រោយ​មើល​ឃើញ​អំពើ​ពុករលួយ​នៅ​ទីនោះ តាមរយៈ​ការ​កិបកេង​ប្រាក់។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត កំពុង​ឆាន់​អាហារ​នៅ​ក្នុង​ព្រៃ​ព្រះរកា ក្នុង​ខេត្ត​ព្រះវិហារ ពេល​ចុះ​ល្បាត​ព្រៃ កាលពី​ឆ្នាំ២០១៦ ដែល​ជា​យុទ្ធនាការ​នៃ​ការការពារ​ព្រៃឈើ។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)
ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត កំពុង​ឆាន់​អាហារ​នៅ​ក្នុង​ព្រៃ​ព្រះរកា ក្នុង​ខេត្ត​ព្រះវិហារ ពេល​ចុះ​ល្បាត​ព្រៃ កាលពី​ឆ្នាំ២០១៦ ដែល​ជា​យុទ្ធនាការ​នៃ​ការការពារ​ព្រៃឈើ។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «ដោយសារ​មាន​អំពើ​ពុករលួយ​ធំ​នៅ​ទី​ហ្នឹង អាត្មា​ក៏​ជម្នះ​ប្រឆាំង​នឹង​មន្រ្តី​ធម្មការ​នៅ​ទីនោះ។ ប្រឆាំង​មិន​ឈ្នះ​នឹង​ក្រុម​ដែល​ធ្វើ​អំពើ​ពុករលួយ​ដ៏​ច្រើន​លើស​លប់ ហើយ​អ្នក​ប្រឆាំង​មាន​តែ​អាត្មា​មួយ​អង្គ​ឯង ក៏​ទទួល​សម្ពាធ​ អាត្មា​ក៏​លាលែង​ជា​មន្រ្តី​សង្ឃ​នៅ​ទី​នោះ»។

ព្រះអង្គ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ហើយ​ការ​ចូល​ធ្វើ​ការ​របស់​អាត្មា​ហ្នឹង​ គឺ​ហាក់ដូច​ជា​អំពិល​អំពែក អាត្មា​បាន​ចូល​តាំង​ពី​ស្ថាប័ន​អប់រំ ស្ថាប័ន​សាសនា ស្ថាប័ន​យោធា បើ​គេ​មក​ឈ្មោះ​ [ឈ្លោះ?] អាត្មា ព្រោះ​ការងារ​ដែល​អាត្មា​បាន​ជួយ​ធ្វើ គឺ​ធ្វើ​ដូច​អំពិល​អំពែក មិន​ដែល​បាន​ធ្វើ​បាន​យូរ​ទេ។ កាល​ណា​មាន​រឿង​ពុក​រលួយ​ភ្លាម អាត្មា​ឈប់​ភ្លាម»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត នៅ​ក្នុង​ព្រៃឡង់ ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១៦​ ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ព្រៃ​នៅ​ទីនោះ ដែល​ជា​ផ្នែក​នៃ យុទ្ធនាការ​ការពារ​ព្រៃ​ឈើ។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)
ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ផ្សេង​ទៀត នៅ​ក្នុង​ព្រៃឡង់ ក្នុង​ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១៦​ ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ព្រៃ​នៅ​ទីនោះ ដែល​ជា​ផ្នែក​នៃ យុទ្ធនាការ​ការពារ​ព្រៃ​ឈើ។ (រូបថតផ្តល់ឲ្យដោយព្រះអង្គប៊ុត ប៊ុនតិញ)

ព្រះអង្គ ប៊ុនតិញ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល មាន​សង្ឃដីកា​ថា ព្រះអង្គ​មាន​ភាព​ខុស​គ្នា​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​៣៣​ឆ្នាំ​មក​ហើយ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «តែ​ចិត្ត​នយោបាយ និង​បេះដូង​ជាតិ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​អាត្មា​ខុស​គ្នា​ដូច​មេឃ​ និង​ដី។ ញោម ហ៊ុន សែន គាត់​ចូល​ចិត្ត​រឿង​ផ្តាច់​ការ អាត្មា​ចូលចិត្ត​រឿង​សេរី។ ញោម​ ហ៊ុន សែន ​ធ្វើ​អំពើ​ពុក​រលួយ អាត្មា​ប្រឆាំង​អំពើ​ពុករលួយ»។

រូបឯកសារ៖ ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​មាន​សង្ឃដីការ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​
រូបឯកសារ៖ ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​មាន​សង្ឃដីការ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​

បាត់បង់​ការងារ

បន្ទាប់​ពី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១១ ព្រះអង្គ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​ដដែល ហើយ​ព្រះអង្គ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន និង​ជា​ព្រឹទ្ធបុរស​រង​នៅ​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ព្រះអង្គ​មិន​ចង់​បញ្ចេញ​ឈ្មោះ។

ក្នុង​ឆ្នាំ​២០១៣ ព្រះ​អង្គ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ព្រះអង្គ​រិះគន់​តុលាការ និង​រដ្ឋាភិបាល ក្នុង​ពេល​តុលាការ​កាត់​ទោស​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពី​បទ​ផ្តើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា។ ព្រះអង្គ​បាន​ផលិត​វីដេអូ​មួយ​អំពី​ការ​តវ៉ា​នេះ ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​មាន​ការ​បណ្តេញ​ចេញ​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «ពេល​ដែល​គេ​បណ្តេញ​អាត្មា​ចេញ អាត្មា​ធ្វើ​វីដេអូ​ឃ្លីប​ប្រឆាំង​នឹង​តុលាការ កាត់​ទោស​ យ៉ោម បុប្ផា ម៉ោង​៨​ល្ងាច ឲ្យ​ជាប់​គុក ក្នុង​ពេល​ដែល​ ក្នុង​ពេល​អ្នក​តវ៉ា​កំពុង​ចាំ​ បណ្តើរ​កូន។ ក្នុង​ពេល​ហ្នឹង អាត្មា​មាន​ការ​ខឹង​សម្បារ​ខ្លាំង ហើយ​លោកស្រី យ៉ោម បុប្ផា មិន​បាន​ធ្វើ​អី​ខុស ហើយ​តុលាការ​កាត់​ក្តី»។

ប្រឈម​នឹង​ការ​ចាប់​ខ្លួន

ព្រះអង្គ​ ប៊ុត ប៊ុនតិញ កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ តាម​រយៈ​ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស ក៏​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ក្នុង​ករណី​នេះ​ផង​ដែរ។ ព្រះអង្គ​ ប៊ុនតិញ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ និង​ចាត់​ទុក​ថា ជា​ការ​បំបិទ​សំឡេង និង​គំរាម​អ្នក​រិះគន់​រដ្ឋាភិបាល។

ព្រះសង្ឃ​សូត្រធម៌​នៅក្នុង​ពិធី​ដង្ហែ​សព​លោក កែម ឡី អ្នកវិភាគ​សង្គម នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦។ (AP)
ព្រះសង្ឃ​សូត្រធម៌​នៅក្នុង​ពិធី​ដង្ហែ​សព​លោក កែម ឡី អ្នកវិភាគ​សង្គម នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦។ (AP)

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦។ ព្រះអង្គ ​ប៊ុនតិញ បាន​ចាត់​ទុក​លោក កែម ឡី «ជា​ដៃគូ​ដ៏​ល្អ​មួយ» សម្រាប់​ព្រះអង្គ។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា មុន​ពេល​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់ ព្រះ​អង្គ​ត្រូវ​បាន​លោក កែម ឡី ប្រាប់​ថា កុំ​ឲ្យ​ដើរ​ជាមួយ​លោក។

ព្រះអង្គ​មាន​សង្ឃីកា​ថា៖ «មុន​គេ​សម្លាប់ ​កែម ឡី ថ្ងៃ​ទី​៧ ម៉ោង​៤​កន្លះ​ល្ងាច គឺ ​កែម ឡី​ ប្រាប់​ចុង​ក្រោយ​បង្អស់​ ថា​គេ​នឹង​សម្លាប់​ក្នុង​អាទិត្យ​នេះ​ឯង។ អញ្ចឹង​ព្រះតេជគុណ និង​ខ្ញុំ​ករុណា មិន​អាច​អង្គុយ​ជាមួយ​គ្នា​បាន​ទេ។ អាច​ទៅ​ទាំង​ពីរ»។

ការ​ផ្តល់​យោបល់​ដល់​អ្នក​នយោបាយ

បើ​ទោះ​បី​ព្រះ​អង្គ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្តី ព្រះអង្គ​នៅ​តែបញ្ចេញ​យោបល់​របស់​ព្រះ​អង្គ​ទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ពី​សហរដ្ឋ​អាមេរិក ព្រះអង្គ ​ប៊ុត ប៊ុនតិញ តែងតែ​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក​របស់​ព្រះអង្គ ដើម្បី​ផ្សព្វផ្សាយ​នូវ​គំនិត​របស់​ព្រះអង្គ និង​ការ​វិវត្ត​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

កាល​ពី​សប្តាហ៍​មុន ព្រះ​អង្គ​បាន​បញ្ចេញ​យោបល់​អំពី​អនាគត​នៃ​ចលនា​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​បង្កើត​ថ្មី ដោយ​អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​សហការី​មួយ​ចំនួន​របស់​លោក។

ព្រះអង្គ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ព្រះអង្គ​ថា៖ «អ្នក​ប្រជាធិបតេយ្យ​គួរ​រិះរក​មធ្យោបាយ​មួយ​ដែល​អាច​រក្សា​ទឹក​ចិត្ត​អ្នក​គាំទ្រ​ខ្លួន និង​ពង្រឹង​ការ​សាមគ្គី​ផ្ទៃ​ក្នុង»។

ដោយ​សារ​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ព្រះអង្គ ប៊ុត ប៊ុនតិញ ត្រូវ​បាន​ចោទ​ប្រកាន់​ថា គាំទ្រ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្រ្គោះជាតិ។ ប៉ុន្តែ​ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ជួយ​គណបក្ស​ណា​ដែល​មាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​នេះ​មិន​ផ្ទុយ​នឹង​ច្បាប់​សាសនា និង​ច្បាប់​ប្រទេស​នោះ​ទេ។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាហ្នឹង​អាត្មា​ធ្វើ​ដោយ​ចំហ។ គណបក្ស​សង្រ្គោះជាតិ ខំ​ប្រឹង​បង្កើត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​ជោគវាសនា​របស់​ខ្លួន។ បំណង​ហ្នឹង​ កិច្ចការ​ហ្នឹង ​អាត្មា​ជួយ អត់​មាន​អាថ៌កំបាំង​ទេ»។

ព្រះ​អង្គ​បាន​បន្ថែម​ថា៖ «គណបក្ស​សង្រ្គោះជាតិ​ជា​តួ​អង្គ​មួយ ប៉ុន្តែ​បើ​ថ្ងៃ​ក្រោយ​មាន​គណបក្ស​ណា ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន ហើយ​មាន​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ អាត្មា​ធ្វើ​ជាមួយ»។

ព្រះ​អង្គ ប៊ុនតិញ បាន​លើក​ឡើង​ថា ព្រះអង្គ​ក៏​បាន​គិត​អំពី​ការ​សឹក​ពី​ភាព​ជា​ព្រះសង្ឃ​នៅ​ថ្ងៃ​ណា​មួយ​ផង​ដែរ។ ព្រះអង្គ​ក៏​ចង់​ក្លាយ​ជា​អ្នក​ច្បាប់​មួយ​រូប​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ច្បាប់​បម្រើ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ប៉ុន្តែ​អាត្មា​ឧទ្ទិសដ្ឋាន​ថា ​អាត្មា​នឹង​សឹក មិន​មែន​អាត្មា​ឧទ្ទិសដ្ឋាន​ថា ​អាត្មា​អត់​សឹក​ទេ។ អាត្មា​ថា ​អាត្មា​នឹង​សឹក ហើយ​អាត្មា​នឹង​សឹក​ក្នុង​ពេល​ណា​មួយ»។

ព្រះអង្គ​បាន​បញ្ជាក់​បន្ថែម​ថា៖ «អាត្មា​មិន​មែន​ជា​អ្នក​នយោបាយ​ទេ អាត្មា​ជា​អ្នក​ជួយ​អ្នក​នយោបាយ​ ជា​អ្នក​ស្ថាបនា​នយោបាយ។ ដល់​ពេល​ណា​មួយ​ វា​សមរម្យ អាត្មា​ធ្វើ​នយោបាយ​ខ្លួន​ឯង អាត្មា​ធ្វើ។ អាហ្នឹង​ជា​បំណង​ប្រាកដ​មិន​អាច​លាក់លៀម​ពី​បេះដូង​របស់​យើង​បាន​ទេ ប៉ុន្តែ​ពេល​នេះ អាត្មា​ចង់​ដើរ​តួនាទី​ត្រឹម​ជាទីប្រឹក្សា​នយោបាយ​ឲ្យ​អ្នក​នយោបាយ»៕

XS
SM
MD
LG