ការអំពាវនាវត្រូវបានបន្លឺឡើងសាជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់នូវការធ្វើបច្ចុប្បន្នភាពចុងក្រោយ អំពីដំណើរតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ចំពេលដែលចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យមានការរុះរើស្លាកផ្សាយពាណិជ្ជកម្មសុរាទូទាំងខេត្ត កំពុងទទួលការសាទរ។
ចំណាត់ការខាងលើនេះត្រូវបានចុះផ្សាយក្នុងសេចក្តីជូនដំណឹងជាសាធារណៈមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២៤ ខែឧសភា។ នៅក្នុងចំណាត់ការនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានស្នើឲ្យមានការរុះរើស្លាកសញ្ញាផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ ទីសាធារណៈ ក៏ដូចជាតាមភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជដ្ឋានផងដែរ ត្រឹមដំណាច់ខែ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា គោលបំណងនៅពីក្រោយសេចក្តីសម្រេចខាងលើនេះគឺ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានជម្លោះ អំពើហិង្សា ឬគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងពីការទទួលទានគ្រឿងស្រវឹង។
លោកបានបន្តថា ការដាក់ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក៏ធ្វើឲ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
លោក វ៉ី សំណាង សង្ឃឹមថា ការអនុវត្តសេចក្តីសម្រេចនេះនឹងជួយកាត់បន្ថយការសេពគ្រឿងស្រវឹងនៅក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកសង្កេតឃើញថា និន្នាការនៃការសេពគ្រឿងស្រវឹងគឺ មានច្រើននៅក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលមានកម្មវិធីជួបជុំផ្សេងៗ។
លោកអភិបាលខេត្តកំពង់ស្ពីបានលើកឡើងថា ទោះបីជាចំណាត់ការខាងលើមិនឈរលើគោលការណ៍ច្បាប់ជាក់លាក់ណាមួយក៏ដោយ ក៏លោកមានជំនឿថា ជាទម្លាប់តាមប្រពៃណីនិងសាសនា មិនគួរមានការសេពគ្រឿងស្រវឹងច្រើននោះទេ។
«អញ្ចឹងបើទោះបីជាមិនមានច្បាប់ ក៏យើងនៅមានទម្លាប់របស់យើង ប្រពៃណីទំនៀមទម្លាប់សាសនានៅស្រុកទេសរបស់យើងហ្នឹង មិនមែនជាខេត្តប្រម៉ឹកទេណា។ ខ្ញុំជឿថា បងប្អូនគាត់នឹងយល់បានរឿងហ្នឹងហើយ គាត់នឹងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ខេត្ត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វីអូអេថា អាជ្ញាធរមូលដ្ឋានមានសិទ្ធិអំណាចសម្រេចដាក់ចេញនូវចំណាត់ការណាមួយ ដែលត្រូវបានយល់ឃើញថា បម្រើផលប្រយោជន៍មូលដ្ឋាន ទោះបីមិនទាន់មានការចេញច្បាប់ជាធរមានណាមួយក៏ដោយ។
«អំណាចមូលដ្ឋានគឺលោកអាចសម្រេចចិត្តបាន។ ការលើកតាំងផ្លាកហ្នឹងជាផលប្រយោជន៍មូលដ្ឋាន។ ត្បិតមុននឹងយើងលើកផ្លាកយើងត្រូវសុំច្បាប់អាជ្ញាធរ។ ហើយអាជ្ញាធរលោកមានបំណងយ៉ាងម៉េច អាហ្នឹងជាការសម្រេចចិត្តនយោបាយមូលដ្ឋាន។ រីឯការសម្រេចចិត្តរបស់រដ្ឋបាលមូលដ្ឋានខេត្តកំពង់ស្ពឺ អាហ្នឹងជាការសម្រេចចិត្តជាអាទិភាពនៃអំណាចមូលដ្ឋាន»។
កាលពីឆ្នាំ២០១៥ សេចក្ដីព្រាងច្បាប់មួយត្រូវបានតាក់តែងឡើងដោយរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការដើម្បីគ្រប់គ្រងគ្រឿងស្រវឹង។ ប៉ុន្តែចាប់តាំងពីកំណែចុងក្រោយដែលចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥មក គេមិនឃើញមានការវិវត្តទៅមុខនៃច្បាប់នេះទេ។
កំណែត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នៃសេចក្ដីព្រាងច្បាប់នោះ ចែងថាឯកសារច្បាប់នោះ«មានគោលបំណងការពារសុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គម» និង«កាត់បន្ថយការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង»។
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ខាងលើ លោក ផៃ ស៊ីផាន បានលើកឡើងថា មកទល់ពេលនេះ លោកមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងនៅឡើយទេ ហើយបានបង្វែរសំណួរទៅកាន់ក្រសួងពាក់ព័ន្ធ។
ជុំវិញភាពយឺតយ៉ាវនៃការអនុម័តច្បាប់ស្តីពីគ្រឿងស្រវឹង លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានលើកឡើងពីការកង្វះខាតឆន្ទៈពីអ្នកធ្វើគោលនយោបាយ និងការការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង។
«បាទ ការយឺតយ៉ាវនៅក្នុងការអនុម័តច្បាប់គ្រឿងស្រវឹងនេះ គឺដោយសារតែទីមួយ ជាការរារែកពីអ្នកធ្វើសេចក្តីសម្រេចចិត្ត ជាពិសេសគឺឆន្ទៈនយោបាយរបស់អ្នកនយោបាយហ្នឹង ហើយទីពីរគឺមកពីឧស្សាហករគ្រឿងស្រវឹង ដាក់សម្ពាធ ឬដាក់ឥទ្ធិពលមកលើអ្នកនយោបាយហ្នឹងបាទ នៅក្នុងការរាំងខ្ទប់ច្បាប់នេះ កុំឲ្យចេញ»។
វីអូអេមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនស្រាបៀរធំៗដូចជា ស្រាបៀរកម្ពុជា ស្រាបៀរTiger ស្រាបៀរ Ganzberg និងស្រាបៀរអង្គរ បាននៅឡើយ គិតត្រឹមរសៀលថ្ងៃពុធនេះ។
លោក យង់ គិមអេង បានចាត់ទុកវិធានការរុះរើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពីសំណាក់រដ្ឋបាលខេត្តកំពង់ស្ពឺថាជាការវិវត្តទៅមុខវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីវប្បធម៌នៃការមិនផ្សារភ្ជាប់ទៅនឹងគ្រឿងស្រវឹងគ្រប់ពេលវេលា និងកាលៈទេសៈ។
លោកបានបន្តថា ការអនុវត្តដូចនេះអាចធ្វើបានកាន់តែទូលំទូលាយបន្ថែមទៀតតាមរយៈការដាក់បង្ហាញរូបតំណាង ក៏ដូចជា ផ្សព្វផ្សាយបន្ថែមពីរមណីយដ្ឋានប្រចាំខេត្តក្រុងនីមួយៗ ឲ្យបានកាន់តែច្រើនជាងមុន ជំនួសឲ្យគ្រឿងស្រវឹង។
អ្នកឃ្លាំមើលរូបនេះបានលើកឡើងថា ឧបសគ្គនៅពីក្រោយការពង្រីកចំណាត់ការខាងលើនេះឲ្យបានកាន់តែទូលំទូលាយគឺ ដោយសារកង្វះខាតការផ្តោតចក្ខុវិស័យក្នុងការលើកស្ទួយកេរដំណែល បេតិកភណ្ឌ និងវប្បធម៌នៅតាមបណ្តាខេត្តនិងក្រុងផ្សេងៗ ឥទ្ធិពលខ្លាំងពីសំណាក់ឧស្សាហករគ្រឿងស្រវឹង និងការស្វែងយល់មិនបានច្បាស់ពាក់ព័ន្ធនឹងវិបត្តិបង្កឡើងដោយគ្រឿងស្រវឹង៕