ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាមានកម្រិតខ្ពស់រហូតដល់រដ្ឋាភិបាលកំពុងតែធ្វើសេចក្ដីព្រាងច្បាប់សម្រាប់កំណត់អាយុការប្រើប្រាស់ជាតិស្រវឹង។ ប៉ុន្តែស្របពេលដែលសេដ្ឋកិច្ច និងប្រទេសទាំងមូលកំពុងតែមានការអភិវឌ្ឍនោះ មានមនុស្សជាច្រើននិយាយថា គ្រឿងស្រវឹងបានក្លាយជាផ្នែកដ៏សំខាន់ចំពោះការរស់នៅក្នុងសង្គម និងការងាររបស់ពួកគេ។
កាលពីល្ងាចថ្មីៗនេះ នៅពេលកំពុងអង្គុយនៅក្នុងភោជនីយដ្ឋានមូនឡាយ (Moon Light) នាល្ងាចមួយ លោកឈរ រតនា ជានិស្សិតផ្នែកធនាគារ ដែលកំពុងអង្គុយកាន់ដបស្រា និងរង់ចាំមិត្តភក្កិរបស់លោក និយាយថា៖ «គ្រឿងស្រវឹងគឺជារបស់ម្យ៉ាងដែលការជួបជុំ និងពិធីផ្សេងៗមិនអាចខ្វះបាន។ វាអាចធ្វើឲ្យការទំនាក់ទំនងកាន់តែប្រសើរឡើង។ ហើយទំនាក់ទំនងថ្មីៗក៏អាចកើតមានតាមរយៈវាដែរ»។
បច្ចុប្បន្ននេះ មានការយល់ឃើញជាធម្មតាទៅហើយដែលថា គ្រឿងស្រវឹងអាចធ្វើឲ្យទំនាក់ទំនងមិនត្រឹមតែមានភាពងាយស្រួលប៉ុណ្ណោះទេ គឺថែមទាំងមានភាពប្រសើរទៀតផង។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញព្រមានថា គ្រឿងស្រវឹងមិនមែនជាមធ្យោបាយសម្រាប់បង្កើតទំនាក់ទំនងទេ។ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃវប្បធម៌ទៅហើយ។
ក្នុងសៀវភៅរបស់លោកឈ្មោះ«ពិធីការទូត និងផ្លូវការអាស៊ាន» លោកឥន សុផលបានសរសេរថា នៅក្នុងព្រឹត្តិការណ៍ផ្លូវការផ្សេងៗ មន្រ្តីរដ្ឋាភិបាល និងវរជនផ្សេងៗទទួលទានគ្រឿងស្រវឹងដើម្បីអបអរសាទរ ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ស្រាសនិងស្រាក្រហមត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយម ហើយពេលខ្លះ ស្រាសម្ប៉ាញត្រូវបានគេប្រើប្រាស់នៅក្រោយការថ្លែងសុន្ទរកថា ឬនៅចុងបញ្ចប់នៃកម្មវិធីនានា។
ប៉ុន្តែមិនមែនមានតែមន្ត្រីធំៗទេ ដែលទទួលទានគ្រឿងស្រវឹងនោះ។
កញ្ញា អ៊ឹង ស៊ីតាតវីរៈចំណា ដែលជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រាប់ថា នាងឧស្សាហ៍ទទួលទានគ្រឿងស្រវឹងនៅក្នុងកម្មវិធីផ្សេងៗ រួមមានការជួបជុំគ្រួសារ ឬការប្រជុំកិច្ចការជំនួញជាដើម។
នាងនិយាយថា៖ «រាល់ពេលដែលខ្ញុំញ៉ាំគ្រឿងស្រវឹងជាមួយមិត្តភក្តិខ្ញុំ វាធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែរលូន»។
នាងបានបន្តបកស្រាយថា អ្នកដែលមិនចេះទទួលទានគ្រឿងស្រវឹងគឺជាអ្នកខ្សោយខាងផ្នែកទំនាក់ទំនង។
នាងលើកយកទស្សនៈរបស់អ្នកក្រេបគ្រឿងស្រវឹងមកអះអាងថា៖ «អ្នកញ៉ាំគ្រឿងស្រវឹងផ្ទាល់គិតថា អ្នកអត់ចេះញ៉ាំ មិនគោរពពួកគេ»។
ឥរិយាបថប្រភេទនេះអាចជាផ្នែកមួយក្នុងការជំរុញឲ្យបរិមាណនៃការប្រើប្រាស់គ្រឿងស្រវឹងមានការកើនឡើង។
អង្គការសុខភាពពិភពលោកបានមើលឃើញថា ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ បានប្រើប្រាស់គ្រឿងស្រវឹងច្រើនឡើងៗ។
អ្នកជំនាញរំឭកថា វាមិនមែនជាវិធីដែលធ្វើឲ្យទំនាក់ទំនងបានល្អទាំងអស់នោះទេ។ ពេលស្រវឹង អ្នកទទួលទានគ្រឿងស្រវឹងមិនមានស្មារតីពេញលេញទេ។ ពេលខ្លះ អ្នកស្រវឹងមិនដឹងថា ខ្លួនកំពុងធ្វើអ្វីនោះទេ។ ដូចនេះទំនាក់ទំនងកើតមានឡើងក្នុងពេលស្រវឹងមិនមែនជាទំនាក់ទំនងពិតប្រាកដ ដែលយកជាការបាន និងមានការទទួលខុសត្រូវនោះទេ។
លោក អ៊ឹម សុធារិទ្ធ ដែលជាប្រធានផ្នែកទំនាក់ទំនង និងធនធានមនុស្សនៃក្រុមហ៊ុនជីបម៉ុងគ្រុប បាននិយាយថា អ្នកដែលមិនទទួលទានគ្រឿងស្រវឹងគឺអាចដឹងពីរឿងអ្វីដែលកើតឡើងនៅជុំវិញខ្លួនគេ ហើយអាចបត់បែនទៅតាមកាលៈទេសៈ។
លោកនិយាយថា៖ «អ្នកដែលអត់ចេះញ៉ាំគ្រឿងស្រវឹងហ្នឹង តាមពិតទទួលព័ត៌មានបានល្អជាង ហើយទំនាក់ទំនងកើតបានល្អជាងអ្នកដែលស្រវឹង»។
លើសពីនេះ លោកមិនលើកទឹកចិត្តឲ្យមានការប្រើប្រាស់គ្រឿងស្រវឹងសម្រាប់ជាគ្រឿងជំនួយដល់ការធ្វើទំនាក់ទំនងទេ។ លោកនិយាយថា៖ «សុរាមិនមែនជាកត្តាមួយធ្វើឲ្យទំនាក់ទំនងបានប្រសើរនោះទេ»។
លោក សោមច័ន្ទ សុវណ្ណតារា សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការទទួលទានគ្រឿងស្រវឹងមានកម្រិតអាចធ្វើឲ្យទំនាក់ទំនងមានភាពល្អប្រសើរ។ ប៉ុន្តែបើប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតវិញ លោកនិយាយថា៖ «វានឹងនាំតែបញ្ហាប៉ុណ្ណោះដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង»។
លើសពីនេះ លោកបន្ថែមថា៖ «វាមិនត្រឹមតែបំផ្លាញទាំងកិត្តិយស និងសុខភាពរបស់អ្នកស្រវឹងប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចគ្រួសារទៀតផង»។
យោងទៅតាមមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា គ្រឿងស្រវឹងគឺជាកត្តាចម្បងមួយដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរ។ នៅក្នុងឆមាសដំបូងឆ្នាំនេះមានគ្រោះថ្នាក់ចរាចរច្រើនជាង២.៥០០ករណី ហើយក្នុងនោះក៏មានពាក់ព័ន្ធនឹងគ្រឿងស្រវឹងច្រើនករណីដែរ។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងតែធ្វើសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹង ដែលហាមឃាត់ការលក់គ្រឿងស្រវឹងឲ្យអ្នកទិញដែលមានអាយុក្រោម២១ឆ្នាំ និងដាក់បន្ថែមពន្ធឲ្យកាន់តែខ្ពស់លើការលក់គ្រឿងស្រវឹង៕