ជាទូទៅ ពិធីបុណ្យ Eid al-Fitr គឺជាពេលវេលាមួយនៃភាពសប្បាយរីករាយ និងការអបអរសាទរសម្រាប់អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោក។
ក៏ប៉ុន្តែ នៅក្នុងឆ្នាំនេះ ពិធីបុណ្យនេះ មានភាពសៅហ្មង មិនមែនដោយសារត្រឹមតែវិបត្តិជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារអំពើហិង្សារាលដាលរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ ដោយបណ្ដាលឲ្យអង្គការឥស្លាមអាមេរិកាំងមួយចំនួនធ្វើពហិការមិនចូលរួមនៅក្នុងការប្រារព្ធពិធីនេះតាមអនឡាញនៅសេតវិមានកាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ។
លោក Robert McCaw ប្រធានផ្នែកកិច្ចការរដ្ឋាភិបាលនៃក្រុមប្រឹក្សាទំនាក់ទំនងអាមេរិកាំងឥស្លាម (Council on American Islamic Relations) បាននិយាយថា៖
«ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិកាំងឥស្លាម បានចូលរួមជាមួយនឹងអង្គការអាមេរិកាំងឥស្លាមថ្នាក់ជាតិដទៃទៀត ដើម្បីធ្វើពហិការមិនចូលរួមនៅក្នុងការប្រារព្ធពិធីបុណ្យ Eid តាមអនឡាញនៅសេតវិមាន ដោយសារតែការឆ្លើយតបដ៏គួរឲ្យស្រងាកចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ចំពោះការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអ៊ីស្រាអែលលើប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ Gaza និងតំបន់ភាគខាងកើតនៃទីក្រុងហ្សេរុយសាឡិម»។
ប្រធានាធិបតីសហរដ្ឋអាមេរិកនានា បានរៀបចំពិធី iftar ដែលជាពិធីបញ្ចប់ការតមអាហារប្រចាំថ្ងៃនៃខែរ៉ាម៉ាឌន នៅសេតវិមាន ចាប់តាំងពីពិធីនេះ ត្រូវបានរៀបចំដំបូងដោយលោកប្រធានាធិបតី Bill Clinton កាលពីឆ្នាំ១៩៩៦ មក។
នៅក្នុងឆ្នាំនេះ លោកប្រធានាធិបតី Biden និងលោកស្រី Jill Biden ដែលជាភរិយារបស់លោក បានរៀបចំពិធីបុណ្យ Eid តាមអនឡាញ។
លោកស្រី Jill Biden ថ្លែងដូច្នេះថា៖ «យើងអាចមើលឃើញស្មារតីនៃថ្ងៃនេះនៅក្នុងដួងចិត្តពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាមរាប់លាននាក់ ដែលបានធ្វើឲ្យប្រទេសរបស់យើងកាន់តែខ្លាំងជាងមុនជារៀងរាល់ថ្ងៃ ដែលក្នុងនោះរួមមានទាំងអ្នកធ្វើការជួរមុខដ៏ក្លាហានជាច្រើននាក់ផងដែរ»។
លោកប្រធានាធិបតី Biden បានទទួលស្គាល់ថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនធ្វើឲ្យអ្នកកាន់សាសនាឥស្លាមនានានៅជុំវិញពិភពលោកមានក្ដីសៅហ្មងក្នុងចិត្ត។
លោក Biden ថ្លែងដូច្នេះថា៖ «រដ្ឋបាលរបស់ខ្ញុំនឹងបន្តធ្វើយ៉ាងណាឲ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាដៃគូផ្សេងៗទៀតនៅក្នុងតំបន់ចូលរួមធ្វើយ៉ាងណាឲ្យសម្រេចឲ្យបាននូវភាពស្ងប់ស្ងៀមដ៏យូរអង្វែង»។
កាលពីថ្ងៃទី ១៥ ខែឧសភា មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗនៅក្នុងសហរដ្ឋអាមេរិក ដូចជារដ្ឋធានីវ៉ាស៊ីនតោន ទីក្រុង New York និងទីក្រុង Boston ជាដើម ដើម្បីទាមទារឲ្យរដ្ឋបាលរបស់លោក Biden ធ្វើកិច្ចការបន្ថែមទៀតដើម្បីដោះស្រាយការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលអ៊ីស្រាអែលធ្វើលើប្រជាពលរដ្ឋប៉ាឡេស្ទីន។
លោក Seham Escheick ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតប៉ាឡេស្ទីន បាននិយាយថា៖ «ពួកយើងធុញទ្រាន់នឹងឃើញការសម្លាប់ជនស្លូតត្រង់។ ពួកយើងធុញទ្រាន់ចំពោះការត្រួតត្រា [របស់អ៊ីស្រាអែល]»។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិលោក Gilad Erdan បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៦ ខែឧសភា ក្នុងគោលបំណងការពារប្រទេសអ៊ីស្រាអែលថា ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននេះត្រូវបាន «គ្រោងទុកជាមុន» ដោយក្រុមហាម៉ាស់ (Hamas)។
លោក Gilad Erdan បញ្ជាក់ដូច្នេះថា៖ «នេះមិនមែនជាលើកទីមួយទេដែលក្រុមហាម៉ាស់បានបាញ់មីស៊ីលដ៏ប្រល័យដោយគ្មានរើសមុខលើប្រជាពលរដ្ឋអ៊ីស្រាអែល នៅពេលដែលក្រុមនេះលាក់ខ្លួននៅពីក្រោយប្រជាពលរដ្ឋប៉ាឡេស្ទីន»។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក Biden បានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas។ រដ្ឋបាលរបស់លោក Biden ក៏បានបញ្ជូនប្រេសិតទៅកាន់តំបន់នោះផងដែរ។
អ្នកស្រី Merissa Khurma ប្រធានកម្មវិធីតំបន់មជ្ឈិមបូព៌ានៃមជ្ឈមណ្ឌល Wilson បាននិយាយថា៖ «ជំហានបន្ទាន់បំផុតដែលសហរដ្ឋអាមេរិកត្រូវធ្វើ ដែលមើលទៅហាក់ដូចជាសហរដ្ឋអាមេរិកកំពុងធ្វើនៅពេលនេះ គឺការដើរតួនៅក្នុងការជួយបន្ធូរបន្ថយជម្លោះនិងធានាធ្វើយ៉ាងណាឲ្យប្រាកដថា អំពើហិង្សានៅពេលបច្ចុប្បន្ននេះនឹងមិនរីករាលដាលឡើងខ្លាំងហួសពីការគ្រប់គ្រងបាននោះទេ»។
មុនពេលមានអំពើហិង្សានេះកើតឡើង លោក Biden បានប្រឹងប្រែងបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងការចាប់ផ្ដើមឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ឥឡូវនេះ លោក Biden កំពុងរងសម្ពាធឲ្យធ្វើដូច្នេះ មិនត្រឹមតែពីពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីសមាជិកសភាដែលប្រកាន់ទស្សនៈវិវឌ្ឍនិយមខាងគណបក្សប្រជាធិបតេយ្យផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ