ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​នៅ​តំបន់ Gaza ប្រឹងប្រែង​ទប់ទល់​នឹង​កំណើន​អ្នក​ជំងឺ​កូវីដ១៩ និង​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក


ទិដ្ឋភាព​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់​ Gaza ដែល​គ្រូពេទ្យ​មមាញឹក​ទទួល​អ្នក​ជំងឺ​ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល កាល​ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ​
ទិដ្ឋភាព​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់​ Gaza ដែល​គ្រូពេទ្យ​មមាញឹក​ទទួល​អ្នក​ជំងឺ​ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល កាល​ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ​

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នៅ​ក្នុង​តំបន់ Gaza បាន​ប្រឹងប្រែង​ទប់ទល់​ជាមួយ​នឹង​កំណើន​នៃ​អ្នក​ជំងឺ​កូវីដ១៩។ អាជ្ញាធរ​បាន​រៀបចំ​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​ឲ្យ​ទូលាយ​ដើម្បី​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ផ្អាក​សេវា​សុខាភិបាល​មិន​សូវ​សំខាន់ និង​ត្រៀម​គ្រូពេទ្យ​សម្រាប់​អ្នក​ជំងឺ​ណា​ដែល​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម។

បន្ទាប់​មក ការ​ទម្លាក់​គ្រាប់​បែក​បាន​ចាប់ផ្ដើម​កើតឡើង។

អំពើ​ហិង្សា​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​អ៊ីស្រាអែល​និង​មេដឹកនាំ​ក្រុម​ហាម៉ាស (Hamas) នៅ​ក្នុង​តំបន់ Gaza បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន ១០៣ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ ២៧ នាក់​ផងដែរ និង​បាន​ធ្វើ​ឲ្យ​មនុស្ស ៥៣០ នាក់​រង​របួស​នៅ​ក្នុង​តំបន់ Gaza ដែល​ជា​តំបន់​ក្រីក្រ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​ប៉ះ​ចំ​អាគារ​ស្នាក់នៅ​នានា បំផ្ទុះ​រថយន្ត និង​កម្ទេច​អាគារ​ផ្សេងៗ។

គ្រូពេទ្យ​នៅ​ទូទាំង​តំបន់ Gaza ឥឡូវ​នេះ​ទុក​គ្រែ​ពេទ្យ​នៃ​បន្ទប់​ព្យាបាល​ដិតដល់​បន្ទាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ និង​ប្រឹងប្រែង​ទប់ទល់​ជាមួយ​នឹង​វិបត្តិ​សុខភាព​ផ្សេង​មួយ​ទៀត ដែល​នោះ​គឺ​ការ​ព្យាបាល​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក តាមរយៈ​ការ​រុំ​របួស​និង​វះកាត់។

សាច់​ញាតិ​របស់​អ្នក​រង​របួស​មិន​បាន​រង់ចាំ​រថយន្ត​ពេទ្យ​នោះ​ទេ ដោយ​ពួកគេ​ប្រញាប់ប្រញាល់​បញ្ជូន​អ្នក​រង​របួស​តាម​រថយន្ត ឬ​តាម​ថ្មើ​ជើង​ទៅ​កាន់​មន្ទីរពេទ្យ Shifa ដែល​ជា​មន្ទីរពេទ្យ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់ Gaza។

គ្រូពេទ្យ​ដែល​នឿយហត់​រួច​ស្រេច​ទៅ​ហើយ​បាន​ប្រញាប់​ព្យាបាល​អ្នក​ជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​រុំ​របួស​ដែល​បណ្ដាល​មកពី​អំបែង​គ្រាប់​បែក​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ អ្នក​ខ្លះ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ដាក់​សព​នៅ​មន្ទីរពេទ្យ ដោយ​រង់ចាំ​យក​សាកសព​ទៅ​បញ្ចុះ។

នៅ​ឯ​មន្ទីរពេទ្យ​ឥណ្ឌូណេស៊ី (Indonesia Hospital) ក្នុង​ក្រុង Jabaliya ភាគ​ខាង​ជើង​តំបន់ Gaza មាន​អ្នក​រង​របួស​ជា​ច្រើន​ចូល​ព្យាបាល បន្ទាប់ពី​មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ក្បែរ​នោះ។ ឈាម​ហូរ​គ្រប់​ទីកន្លែង ដោយ​ជន​រងគ្រោះ​ដេក​នៅ​លើ​ផ្លូវ​ដើរ​នៃ​មន្ទីរពេទ្យ។ សាច់ញាតិ​ជន​រងគ្រោះ​បាន​ប្រមូល​ផ្ដុំ​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ដោយ​យំ​ស្រែក​អាណិត​អ្នក​រងរបួស​និង​ជេរ​ប្រទេចផ្ដាសា​ដាក់​ប្រទេស​អ៊ីស្រាអែល។

លោក Abdelatif al-Hajj ដែលជា​មន្ត្រី​ក្រសួង​សុខាភិបាល​នៃ​តំបន់ Gaza បាន​បញ្ជាក់​តាម​ទូរស័ព្ទ ដោយ​មាន​ឮ​សំឡេង​ទម្លាក់​គ្រាប់​បែក​នៅ​ក្បែរ​នោះ​ផងដែរ ថា «មុន​ពេល​មាន​ការ​វាយ​ប្រហារ​របស់​ពួក​យោធា យើង​មាន​ការ​ខ្វះខាត​ខ្លាំង​រួច​ទៅ​ហើយ និង​ស្ទើរតែ​មិន​អាច​ទប់ទល់​បាន​ជាមួយ​នឹង​រលក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩។ ឥឡូវ​នេះ អ្នក​រង​របួស​ធ្ងន់​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​ពី​គ្រប់​ទីកន្លែង​ទាំង​អស់។ ខ្ញុំ​ខ្លាច [ប្រព័ន្ធ​សុខាភិបាល] នឹង​ត្រូវ​ដួល​រលំ​ទាំងស្រុង»។

ដោយ​រង​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​រាប់​ឆ្នាំ ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នៅ​ក្នុង​តំបន់ Gaza ដែល​មាន​ប្រជាពលរដ្ឋ​ជាង ២ លាន​នាក់​រស់នៅ តែងតែ​ងាយ​រងគ្រោះ។

ការ​ខ្វែង​គំនិត​គ្នា​ដ៏​ជូរចត់​រវាង​ក្រុម​ហាម៉ាស​និង​អាជ្ញាធរ​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank និង​ការ​រារាំង​ជិត ១៤ ឆ្នាំ របស់​ប្រទេស​អ៊ីស្រាអែល​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​អេហ្ស៊ីប​ក៏​បាន​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ។

គេ​ក៏​ឃើញ​មាន​ការ​ខ្វះខាត​ផងដែរ​នូវ​ឧបករណ៍​និង​គ្រឿង​បរិក្ខារ​នានា​ដូចជា​ស្បោង​ឈាម អំពូល​វះកាត់ ថ្នាំ​ស្ពឹក និង​ថ្នាំ​ផ្សះ​ជាដើម។ ឧបករណ៍​ការពារ​ខ្លួន ឧបករណ៍​ដក​ដង្ហើម និង​ធុង​ខ្យល់​អុកស៊ីសែន​ក៏​កាន់តែ​មាន​ការ​ខ្វះខាត​ថែម​ទៀត។

កាលពី​ខែ​មុន ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់ Gaza បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។ ករណី​ទាំង​នេះ​ត្រូវ​បាន​ញាំញី​បន្ថែម​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​បំប្លែង​ថ្មី​ដែល​លេច​ឡើង​ដំបូង​នៅ​ក្នុង​ចក្រភព​អង់គ្លេស ការ​កាត់​បន្ថយ​ការ​ដាក់​កំហិត​ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​រ៉ាម៉ាឌន និង​ការ​ព្រងើយ​កន្តើយ​និង​ការ​រឹង​ទទឹង​របស់​សាធារណជន។

នៅ​ក្នុង​តំបន់ Gaza ដែល​ខ្ទេចខ្ទាំ​ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក ដែល​អត្រា​អត់​ការងារ​ធ្វើ​មាន​ចំនួន ៥០% តម្រូវការ​សម្រាប់​ការ​រស់រាន​ផ្ទាល់​ខ្លួន​ជា​រឿយៗ​លុប​លើ​ការ​អង្វរ​ករ​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ។

ខណៈពេល​ដែល​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​មាន​កម្រិត​នៅ​ឡើយ ជំងឺ​នេះ​បាន​ចម្លងដល់​មនុស្ស​ជាង ១០៥.៧០០ នាក់ និង​បាន​សម្លាប់​មនុស្ស ៩៧៦ នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល។

ការ​កើនឡើង​នៃ​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​កាលពី​ឆ្នាំ​មុន​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ដួល​រលំ​ប្រព័ន្ធ​សុខាភិបាល។ អាជ្ញាធរ​បាន​រៀបចំ​គ្លីនិក​ទុក​មួយ​ឡែក​សម្រាប់​ព្យាបាល​តែ​អ្នក​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ នៅ​ពេល​ដែល​មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​លើ​តំបន់ Gaza។

គិលានុបដ្ឋាយិកា​នៃ​មន្ទីរពេទ្យ​អឺរ៉ុប (European Hospital) នៅ​ក្នុង​ក្រុង Khan Younis ត្រូវការ​បន្ទប់​ជា​បន្ទាន់​សម្រាប់​ព្យាបាល​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​និង​អំពើ​ហិង្សា​ផ្សេងៗ។

មន្ទីរពេទ្យ​នេះ​បាន​ផ្ទេរ​អ្នក​ជំងឺ​កូវីដ១៩ រាប់​សិប​នាក់​នៅ​ពេល​ពាក់​កណ្ដាល​យប់​ទៅកាន់​អាគារ​ផ្សេង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរពេទ្យ​លោក Yousef al-Akkad។

គ្រូពេទ្យ​វះកាត់​និង​គ្រូពេទ្យ​ជំនាញ​នានា​នៃ​មន្ទីរពេទ្យ​នេះ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ផ្សេង​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ បាន​រូតរះ​ត្រឡប់​មក​វិញ​ដើម្បី​ព្យាបាល​អ្នក​រង​របួស​ក្បាល បាក់​ឆ្អឹង និង​រង​របួស​ពោះ។

លោក Akkad បាន​និយាយ​ថា ប្រសិនបើ​ជម្លោះ​នេះ​នៅ​បន្ត​កើនឡើង​កាន់តែ​ខ្លាំង មន្ទីរពេទ្យ​នេះ​នឹង​គ្មាន​សមត្ថភាព​នៅ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ទៀត​ទេ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG