លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កំពុងរងសម្ពាធឲ្យដោះស្រាយអំពើហិង្សារវាងប្រទេសអ៊ីស្រាអែលនិងរដ្ឋប៉ាឡេស្ទីន ខណៈការប្រយុទ្ធគ្នាថ្មីៗកាន់តែខ្លាំងឡើងនៅសប្តាហ៍នេះបណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៥០ នាក់ និងពលរដ្ឋអ៊ីស្រាអែលយ៉ាងហោចណាស់ ៧ នាក់។
អំពើហិង្សាដែលបង្កឡើងដោយភាពតានតឹងទាក់ទងនឹងទីកន្លែងគោរពសាសនា និងកំហឹងជុំវិញការបណ្តេញក្រុមគ្រួសារប៉ាឡេស្ទីន ឲ្យចេញពីភាគខាងកើតនៃទីក្រុងហ្សេរុយសាឡិម ដោយអ្នកតាំងទីលំនៅជ្វីហ្វ គឺជាការប៉ះទង្គិចគ្នាខ្លាំងបំផុតចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល រយៈពេល ៧ សប្តាហ៍ ក្នុងឆ្នាំ ២០១៤ នៅតំបន់ហ្កាហ្សា។
លោក Biden បានលើកឡើងអំពីបញ្ហានេះតាមការនិយាយទូរស័ព្ទជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ។
លោក Biden ថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ការរំពឹងទុករបស់ខ្ញុំ ក្ដីសង្ឃឹមរបស់ខ្ញុំគឺថា ការប៉ះទង្គិចគ្នា នេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ»។ លោកបានបន្ថែមថា ប្រទេសអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន។
លោក Biden និងលោក Netanyahu បានយល់ព្រមរក្សា «ការពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធ» ស្របពេលដែលសហរដ្ឋអាមេរិកថ្កោលទោសអំពីហិង្សា និងជំរុញឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នា និងបានបញ្ជូនប្រេសិតទៅកាន់តំបន់នោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា៖ «សហរដ្ឋអាមេរិកនៅតែប្ដេជ្ញារកដំណោះស្រាយជូនភាគីទំាងពីរ ដោយបន្ថែមថា សហរដ្ឋអាមេរិកគាំទ្រសិទ្ធិស្របច្បាប់របស់អ៊ីស្រាអែល ដើម្បីការពារខ្លួន»។
លោក Blinken បានថ្លែងថា៖ «យើងជឿជាក់ថាពលរដ្ឋប៉ាឡេស្ទីននិងអ៊ីស្រាអែល គួរតែអាចរស់នៅប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ហើយអាមេរិកនឹងបន្តចូលរួមជាមួយអ៊ីស្រាអែល ប៉ាឡេស្ទីននិងដៃគូក្នុងតំបន់ដទៃទៀត ដើម្បីជំរុញឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នា និងនាំឲ្យនូវសន្តិភាព»៕