ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ បានជំរុញឱ្យភាគីទាំងពីរនៅក្នុងការបោះឆ្នោតអាមេរិក បង្ហាញការអត់ធ្មត់រហូតដល់ទទួលបានលទ្ធផល។ លោកបន្ថែមថា ការបង្កើនភាពតានតឹងឱ្យកាន់តែធ្ងន់ធ្ងរនោះ ជាការមិនទទួលខុសត្រូវ។
លោក Maas បានប្រាប់បណ្តាញព័ត៌មាន Funke របស់អាល្លឺម៉ង់ក្នុងភាសាខ្លាំងៗថា៖ «សហរដ្ឋអាមេរិក មិនមែនកំណត់ដោយបុរសតែម្នាក់ទេ។ អ្នកចាក់សាំងលើភ្លើងក្នុងស្ថានភាពបែបនេះ កំពុងធ្វើសកម្មភាពដោយមិនទទួលខុសត្រូវ»។
លោកបានបន្ថែមមតិយោបល់ថា៖ «ឥឡូវនេះ គឺជាពេលវេលាដើម្បីរក្សាភាពអត់ធ្មត់រហូតដល់មានលទ្ធផល ដែលបានកំណត់ដោយឯករាជ្យ»។
ការរាប់សន្លឹកឆ្នោត កំពុងបន្តនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលមានលទ្ធផលប្រកិតបំផុត ដែលពឹងផ្អែកលើសំឡេងចុងក្រោយខុសគ្នាបន្តិចបន្តួចនៅក្នុងរដ្ឋមួយចំនួនតូច។ លោកប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ បានចាប់ផ្តើមបណ្តឹងយ៉ាងក្តៅគគុកដោយសង្ឃឹមថា នឹងបន្ថយលទ្ធភាពនាំមុខរបស់គូប្រជែងរបស់លោក គឺលោក Joe Biden បេក្ខជនប្រជាធិបតេយ្យ ហើយភាពតានតឹង បានកើនឡើងនៅកន្លែងខ្លះ។
លោក Maas បាននិយាយថា លោករំពឹងថា នៅពេលដែលលទ្ធផលនៃការបោះឆ្នោតត្រូវបានដោះស្រាយរួច «សហរដ្ឋអាមេរិក ប្រហែលជានឹងមិនវិលត្រឡប់ទៅកាន់ឆាកអន្តរជាតិវិញ ជាមួយនឹងថាមពលពេញលេញនោះទេ ក្នុងពេលនេះ»។
ប៉ុន្តែលោកបានបន្ថែមថា៖ «ពិភពលោកត្រូវការសហរដ្ឋអាមេរិក ជាកម្លាំងសម្រាប់សណ្តាប់ធ្នាប់ មិនមែនសម្រាប់ភាពវឹកវរនោះទេ»៕