ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump ដាក់​ពាក្យ​បណ្តឹង​មួយ​ទៀត ទោះ​មាន​ការ​ច្រាន​ចោល​ខាង​ផ្លូវច្បាប់​ក៏ដោយ


លោកប្រធានាធិបតី Donald Trump ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែលកំពុង​តស៊ូ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បន្ត​ប្តឹង​តវ៉ា​ដល់​ការរាប់​សន្លឹក​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទោះបី​ជា​មិន​បាន​ជោគជ័យ​ចំនួន​ពីរដង​ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ជម្លោះ​សំខាន់ៗ​ពីរ ដើម្បី​ឈ្នះ​ការបោះឆ្នោត​ក៏ដោយ។

នៅក្នុងរដ្ឋ Nevada ដែល​ជា​រដ្ឋ​លម្អៀងទៅរក​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យលោក Joe Biden បាន​រក្សា​ការនាំមុខលោក Trump បន្តិច​ នៅ​ក្នុង​ការរាប់​សន្លឹក​ឆ្នោតនោះ យុទ្ធនាការ​ឃោសនា​ការបោះឆ្នោត​របស់​លោក Trump និង​គណបក្ស​សាធារណរដ្ឋ​របស់​រដ្ឋ​នោះ បាន​ប្រកាស​ការប្តឹងផ្តល់​ ដោយអះអាង​ថា​ មាន​អ្នក​ចំនួន​យ៉ាង​តិច​ ១ ម៉ឺន​នាក់ ​ដែល​មិន​មែន​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ​នោះ ​បាន​បោះឆ្នោត​ដោយ​ខុសច្បាប់​ នៅ​ក្នុង​រដ្ឋ Nevada ហើយថា​ សន្លឹក​ឆ្នោត​របស់​អ្នកទាំងនោះ​បាន​ត្រូវ​គេ​រាប់។

លោក Richard Grenell អតីត​នាយក​ស៊ើបការណ៍​សម្ងាត់​ស្តីទី​របស់​លោក​ប្រធានាធិបតី Trump បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង Las Vegas ថា៖ «វា​ជា​ការ​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ប្រទេស​នេះ​ដែល​មាន​សន្លឹក​ឆ្នោត​ខុស​ច្បាប់ ​ត្រូវ​បាន​រាប់​នោះ ហើយ​នេះ​ជា​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ Nevada»។

លោក Joe Gloria អ្នក​កាន់​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក Clark រដ្ឋ Nevada បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។

លោក Gloria បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​ថា៖ «ការឆ្លើយតប​របស់​ខ្ញុំ​គឺ​ថា យើង​មិន​បាន​ដឹង​ពី​សន្លឹក​ឆ្នោត​មិនត្រឹម​ត្រូវ​ណា​មួយ ​ដែល​កំពុង​រាប់​នោះ​ទេ»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួនបាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​នូវ​ការរាប់​សន្លឹក​ឆ្នោតនៅ​ក្នុង​រដ្ឋ Pennsylvania ដែល​ជារដ្ឋ​សំខាន់​ដល់​ក្តី​សង្ឃឹម​សម្រាប់​ការជាប់​ឆ្នោត​របស់​លោក​ប្រធានា​ធិបតី​មួយ​អាណត្តិ​ទៀត ដោយ​រង់ចាំ​រហូត​ទាល់​តែ​ក្រុម​អ្នក​សង្កេតការណ៍ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យ​ការរាប់​សន្លឹក​ឆ្នោត​រួច។

ទោះ​ជា​មាន​ការ​ចាញ់​ក្តី​នៅ​ក្នុង​រដ្ឋ​ខ្លះក៏ដោយ ក៏​យុទ្ធនាការ​របស់​លោក Trump បាន​ឈ្នះ​ក្នុង​បណ្តឹង​តូច​មួយ​ក្នុង​រដ្ឋ Pennsylvania ដែល​នៅទីនោះ ចៅក្រម​ឧទ្ទរណ៍​ម្នាក់ បាន​បញ្ជា​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យក្រុម​អ្នកសង្កេតការណ៍​របស់​គណបក្ស​សាធារណរដ្ឋ ចូលមើល​ការ​រាប់​សន្លឹកឆ្នោត​ដោយ​រក្សា​គម្លាត​ពី​គ្នា​ចំនួន​ ២ ម៉ែត្រ៕

XS
SM
MD
LG