ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​ការ​ដែល​រុស្ស៊ី​បង្កើន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី


លោក Ben Rhodes ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោក Ben Rhodes ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

សហរដ្ឋ​អាមេរិក​និយាយ​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេចក្តី​រាយការណ៍​ដែល​ថា រុស្ស៊ី​កំពុង​តែ​បញ្ជូន​គ្រឿង​សព្វាវុធ​ និង​កងកម្លាំង​យោធា​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ស៊ីរី​វិញ ខណៈ​ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​អង្គការ​អូតង់​និយាយ​ថា បទ​ឈប់​បាញ់​នៅ​តែ​ជា​ដំណោះស្រាយសន្តិវិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ។

លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «វា​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រទេស​រុស្ស៊ី​នោះ​ទេ​ក្នុង​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​ ឬ​កងកម្លាំង​យោធា​ទៅក្នុង​ប្រទេស​ស៊ីរី​នោះ។ យើងជឿ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​គាំទ្រ​ដល់ដំណើរការ​ការ​ទូត»។

ក្រុម​មន្រ្តី​ការពារ​ប្រទេស ​និង​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ថ្លែង​ថា រុស្ស៊ី​បាន​បង្កើន​វត្តមាន​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុងទីក្រុង​ Aleppo ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស​ស៊ីរី មុន​ពេល​បន្ថែម​កងកម្លាំង​ជា​ថ្មី​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី​ស៊ីរី ​Bashar al-Assad។

កាល​ពី​ដើម​សប្តាហ៍​នេះ នៅ​ក្នុងកិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក​ប្រធានាធិបតី​អូបាម៉ា​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ភាគី​ទាំងអស់​ដែល​នៅ​តែ​អនុវត្ត​ទៅ​តាម​ការ​ប្តេជ្ញា​នៃកិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ខែ​មីនា​ថា ខ្លួន​បាន​ដក​កងកម្លាំង​យោធា​របស់​ខ្លួន​មួយ​ចំនួនពី​ប្រទេស​ស៊ីរី ប៉ុន្តែ​លោក Jens Stoltenberg ប្រធាន​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍​ថា រុស្ស៊ី​បាន​រក្សា​យោធា​ក្នុង​ចំនួន​ច្រើន​គួរ​សម​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Bashar al-Assad៕

XS
SM
MD
LG