ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា​ ក្រុមហ៊ុន Airbusវិនិយោគ​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​ផ្គត់ផ្គង់​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ បុគ្គលិក​យោធា​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​យោធា​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

របាយការណ៍​ថ្មី​មួយ​មកពីក្រុម​សកម្មជន​ភូមា​ កំពុង​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង​ ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ចិន​ឬ AVIC ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន​ ឲ្យ​បញ្ចប់​ការលក់​អាវុធ​របស់​ខ្លួន​ទៅ​ឱ្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។

AVIC ជា​ក្រុមហ៊ុន​ជាប់​កិច្ចសន្យា​ក្នុង​វិស័យ​ការពារជាតិ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ ហើយ​ក្រុម​ហ៊ុន​អាកាសចរណ៍​ចិន​បាន​ផ្គត់ផ្គង់​ដល់​ពួក​យោធា​មីយ៉ាន់ម៉ា​ នូវយន្តហោះ​និង​អាវុធដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាមមួយ​នេះ។

របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន Airbus មិន​ត្រឹម​តែ​រក្សា​ការវិនិយោគទុន​ទេ ក៏ប៉ុន្តែ បាន​បង្កើន​ការវិនិយោគទុន​នៅ​ក្នុង​ក្រុមហ៊ុន​នានា​ដែល​ត្រួតត្រា​ដោយ​ក្រុមហ៊ុន​ចិន​ទៀត។

យោង​តាម​របាយការណ៍​នោះ ក្រុមហ៊ុន Airbus បាន​វិនិយោគ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុមហ៊ុន AviChina ដែល​ចុះ​បញ្ជី​ក្រោម​ក្រុមហ៊ុនមេ AVIC នៅ​ក្នុង​ក្រុង​ហុងកុង​ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ AVIC China ក្នុងប្រទេស​ចិនដីគោក។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Airbus បាន​បដិសេធ​ការចោទប្រកាន់ ដែលថាក្រុមហ៊ុន​ខ្លួនអាច​រំលោភ​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​នានា។

អង្គការ​យុត្តិធម៌​សម្រាប់​មីយ៉ាន់ម៉ា​ និង Info Birmanie ដែល​ជា​អង្គការ​មិន​រក​កម្រៃ​ផ្តោតលើ​មីយ៉ាន់ម៉ានៅ​ក្នុង​ទីក្រុង​ប៉ារីស​ បាន​និយាយ​ថា​ ពួកគេ​បាន​រកឃើញ​ភស្តុតាង​ថា​ ក្រុមហ៊ុន AVICកំពុង​បន្ត​ផ្គត់ផ្គង់​យន្តហោះ​និង​អាវុធ​ដល់​យោធា​មីយ៉ាន់ម៉ា ​ដែល​ពួកគេ​និយាយ​ថា ​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទូទាំង​ប្រទេស៕

XS
SM
MD
LG