សេចក្តីសម្រេចចិត្តចំនួន៣ដែលសម័យប្រជុំរបស់អន្តរសភាអាស៊ានបានអនុម័តកាលពីដើមខែកញ្ញា ដើម្បីជំរុញឱ្យប្រទេសសមាជិកគោរព និងលើកកម្ពស់ស្ត្រីបានផ្តល់ក្តីសង្ឃឹមបន្ថែមដល់ស្ត្រីនៅក្នុងតំបន់។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិយល់ថា សេចក្តីសម្រេចនេះនឹងជួយឱ្យបានប្រសើរឡើងដល់ស្ថានភាពស្ត្រីខ្មែរ ដែលនៅតែជាអ្នករងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និងសង្គម។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយនឹង VOA នៅរដ្ឋធានីវ៉ាស៊ីនតោនថា៖«សេចក្តីសម្រេចរួមគឺយើងសម្រេចទទួលស្គាល់ថា យើងជាប្រទេសអាស៊ានទាំង១០ត្រូវតែលើកកម្ពស់ តម្លៃស្រ្តី លើកកម្ពស់ការទទួលស្គាល់នូវតួនាទីរបស់ស្រ្តី គោរពសិទ្ធិស្រ្តី។ អាស៊ានទាំងមូលទទួលស្គាល់តាមរយៈការបង្កើនច្បាប់ការពារអ្វីដែលជាសិទ្ធិស្រ្តី»។
ប្រទេសកម្ពុជាមានច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងច្បាប់ដែលការពារស្ត្រីប្រឆាំងនឹងការជួញដូរ ប៉ុន្តែការអនុវត្តនៅមិនទាន់ទទួលបានជោគជ័យទេដោយសារកត្តាប្រពៃណី តុលាការមិនឯករាជ្យ ប៉ូលិសមិនផ្តល់សេវាតាមអ្វីដែលជនរងគ្រោះចង់បាន។នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ។
សេចក្តីសម្រេចរបស់អាស៊ានក៏ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សដល់ស្រ្តីផងដែរ។
លោកស្រី មូរ សុខហួរ បានបញ្ជាក់បន្ថែមពីសារៈសំខាន់នេះថា៖ «ក្នុងនាមយើងជាស្ត្រីពេលណាយើងខ្វះការអប់រំ។ យើងខ្វះសុខភាព។ យើងមិនអាចនិយាយអំពីអនាគតទៅបានទេ»។
អ្នកវិភាគនានាយល់ថា គោលនយោបាយដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានប៉ះពាល់ប្រជាពលរដ្ឋរាប់សែននាក់ចាប់តាំងពីឆ្នាំ២០០៣មកហើយ ក្នុងចំណោមនោះអ្នកដែលរងផលប៉ះពាល់ខ្លាំងគឺស្ត្រី និងកុមារ។
លោកស្រី មូរ សុខហួរ យល់ថា រដ្ឋាភិបាលគួរតែគិតគូដល់ស្ត្រីជាចាំបាច់ មុននឹងដាក់ចេញគោលនយោបាយអភិវឌ្ឍន៍។
«យើងដោះស្រាយបញ្ហាអ្វី ក៏ដោយយើងត្រូវតែមើលថា តើបញ្ហានោះប៉ះពាល់ដល់ស្ត្រី របៀបណា។ រឿងដីធ្លីដដែលទេការប៉ះពាល់ដល់ស្ត្រីខ្លាំងជាងការប៉ះពាល់ដល់បុរស។ ស្រ្តីដែលអត់ដីធ្លី និងបុរសដែលអត់ដីធ្លី មានការប៉ះពាល់ខុសគ្នា»។
ចំណុចខុសគ្នាគឺនៅពេលដែលស្ត្រីអត់ផ្ទះសម្បែង ហើយត្រូវធ្វើចំណាកស្រុក ដើម្បីរកវិធីដោះស្រាយបំណុលគឺស្ត្រីតែងតែនាំកូនទៅជាមួយដែលបន្ថែមទម្ងន់ទុក្ខលំបាក។
លោកស្រីយល់ថា បើទោះបីជាច្បាប់យ៉ាងណាក៏ដោយ បើនៅតែមានអំពើហិង្សាគ្រួសារមានការជួញដូរស្ត្រីធ្វើឱ្យស្ត្រីបាត់បង់ផ្ទះសម្បែង បាត់បង់ស្រែចម្ការក្លាយទៅ ជាអ្នកចំណាកស្រុកអត់មានការងារធ្វើ ហើយជាពិសេសការងារប្រាក់ឈ្នួលតិចគឺមិនអាចធានាគុណភាពជីវិតបានទេ៕