ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន​ សែន​ប្រកាស​ប្រាក់ឈ្នួល​ ​អប្បបរមា​ដល់​កម្មករ​កាត់​ដេរ​ឆ្នាំ​២០១៨​ ​មុន​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ


A worker paints circles for social distance at a gate of a school as preparation for reopening of educational center that were closed because of COVID-19 are finalized, in Lahore, Pakistan.
A worker paints circles for social distance at a gate of a school as preparation for reopening of educational center that were closed because of COVID-19 are finalized, in Lahore, Pakistan.

​បីឆ្នាំ​ក្រោយការ​បង្ក្រាប​ហិង្សា​ទៅ​លើ​កម្មករ​ដែល​ធ្វើ​ការ​តវ៉ា​អំពី​ប្រាក់​ឈ្នួល​ក្បែរ​ផ្លូវ​វ៉េងស្រេង​ នាយក​រដ្ឋ​កម្ពុជា​លោក​ ​ហ៊ុន សែន​ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ព្យាយាម​លួងចិត្ត​កម្មករ ដោយ​ការ​ប្រកាស​ជា​មុន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​​នៅ​មុន​ការ​ចចារ​ត្រី​ទ្វេភាគី​រវាង​និយោជក​សហជីព​ និង​រដ្ឋាភិបាល​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ លោក​ ហ៊ុន សែន​ បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ថា​ ប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករ​ក្នុងឧស្សាហកម្ម​កាត់​ដេរ​ នឹង​កើន​ដល់​ ១៦៨​ ដុល្លារ​ក្នុង​មួយ​ខែ។ មេ​ដឹកនាំ​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​ស្វាគមន៍​តួលេខ​នេះ​ តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​អត្រា​អតិ​ផរណា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅថ្ងៃអាទិត្យ​ បាន​ប្រកាស​នៅ​ចំពោះ​មុខ​កម្មករ​បម្រើការ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ រាប់​ពាន់​នាក់​ថា​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួក​គេ​ អាច​នឹង​ឡើង​ដល់​ ១៦៨ដុល្លារ​ ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ​ជាឆ្នាំ​ នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះបើ​យោងតាម​សារ​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។​

​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើងភ្លាមៗ​ពេល​លោក​បាន​ជួប​សួរ​សុខទុក្ខ​ជា​មួយ​កម្មករ​ កម្មការិនី​ ជាង​៤ ពាន់​នាក់​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ រាជធានី​ភ្នំពេញ។​

​ទំព័រហ្វេសប៊ុក​របស់​ លោក​ ហ៊ុន សែន បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដោយសារ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ​ ព្រមទាំង​ការ​អនុគ្រោះ​ដល់​ការ​វិនិយោគ​ទុន​ ពីបរទេស​ គឺចំនួន​រោងចក្រ​ត្រូវបាន​កើន​ឡើង​ ជាបន្តបន្ទាប់​ ដែលបាន​ផ្តល់​ការ​ងារ​ដល់​បងប្អូនប្រជាពលរដ្ឋ​ ហើយ​ក្នុង​នោះ​ ប្រាក់​ក៏ត្រូវ​បាន​តម្លើង​ ជាបន្ត​បន្ទាប់​ ដែល​នៅឆ្នាំ​ ២០១៨​ តិច​បំផុត​គឺ​អាចឡើងដល់​ ១៦៨ដុល្លារ​ក្នុងមួយ​ខែ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​គឺច្រើន»។

លោក​ ហ៊ុន សែន​ ក៏​បាន​ណែនាំ​ឲ្យ​ សមាគម​និយោជក តំ​ណាង​អ្នក​គ្រប់គ្រង​កម្មករ​ ​កម្មការិនី​ តាម​បណ្តា​រោងចក្រ​ និង​សហគ្រាស​នា​នា​ ត្រូវ​មាន​ការ​យោគ​យល់​អាធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​ល្អ​នៅ​ពេល​មាន​បញ្ហា​កើត​មាន​ឡើង។​

លោក​បាន​បញ្ជាក់​ក្នុង​ន័យដើមថា៖​

«ត្រូវ​ចងចាំថា​និយោជិត​ និង​និយោជក​គឺ​ជាដៃ​គូ​ជីវិត​នឹង​គ្នា​មិន​អាច​បាត់បង់​មួយណា​ឡើយ»។​

ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៨ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៨​ ដែល​លោក​ ហ៊ុន សែន​ទើប​តែ​ប្រកាសនេះ​នឹងកើន​លើស​ពី​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧​ ចំនួន ១៥ដុល្លារ។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​ ប្រកាស​តម្លើង​ប្រាក់​ឈ្នួល​អប្បបរ​មា​ជា​ផ្លូវការ​ត្រឹម​១៥៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​ក្រោយ​ការ​បោះឆ្នោត​ជា​សម្ងាត់​ដោយ​ត្រី​ភាគី​លើ​សំឡេង​២២​លើ​២៤។​

ក្រុម​សហជីព​ដែល​ធ្វើ​ការ​បម្រើ​ប្រយោជន៍​កម្មករ​ សាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ទាក់​ទិនការប្រកាស​ឲ្យដឹង​ជាមុន​ ចំពោះប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ ទោះបី​ជា​ចំនួន​នេះ​ នៅ​តែ​មិន​ទាន់​ឆ្លើយ​តបទៅនឹង​ការ​រស់​នៅ​សមរម្យ​របស់​កម្មករ។​

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ប្រាក់​ឈ្នួល​ដែល​ប្រកាស​ដោយ​លោក​ ហ៊ុន សែន​ គឺ​អាច​ទទួល​យក​បាន​ ប្រសិន​បើ​រដ្ឋាភិបាល​ទប់​មិន​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​អត្រាអតិផរណា​ ពោល​គឺ​តម្លៃ​ទំនិញ​អាហារ​ក្នុង​ទីផ្សារ​ ​ខណៈ​ដែល​ការ​ចំណាយ​របស់​កម្មករ​នាពេល​បច្ចុប្បន្ន​នេះ​ គឺ​ក្នុង​រង្វង់​២០០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ប្រសិន​ជាប្រាក់​ឈ្នួល​ប៉ុណ្ណឹង​ក៏បាន​ ប៉ុន្តែ​បើ​ទំនិញ​ទីផ្សារ​ និង​បញ្ហា​ផ្សេង​ៗ​ ត្រូវបាន​ដោះស្រាយ​ វា អតិផរ​ណា​វា អត់​ខ្ពស់​ ខ្ញុំគិត​ថា​ វាអត់​អី​ទេ​។ ប៉ុន្តែ​បើសិន​ជា​ ប្រាក់​ឈ្នួល​ឡើង​ហើយ​ ហើយ​អតិផរណា​ ក៏ចេះ​តែ​កើនឡើង​ អាហ្នឹង​ខ្ញុំគិត​ថា​ ក៏នៅជា​បញ្ហា​ដែរ​ កម្មករ​នៅ​ពិបាកក្នុងការ​ចំណាយ​ដដែល»។

លោក​ ប៉ាវ​ ស៊ីណា​ ​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​(CUMW) ​ថ្លែង​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អាទិត្យថា តួលេខ​ដែល​លើក​ឡើង​ដោយ​លោក​ ​ហ៊ុន សែន គឺខុសគ្នា​នឹង​តួលេខចាស់​របស់​ក្រុម​សហជីព​ ដែល​ទាម​ទារ​ចំនួន​ ​១៧១​ដុល្លារក្នុង​មួយ​ខែ។​ លោក​ថា ចំនួន ១៦៨​ដុល្លារ​ ក៏អាច​ទទួល​យក​បាន​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​ ​សម្រួល​មិន​ឲ្យ​អត្រា​អតិផរណា​កើន​ឡើង​នោះ។​

​«ខ្ញុំ​យល់ថា​ វា​ជា​តួលេខមួយ​ ដែល​អាច​ទទួលយក​បាន ​ហើយ​បើ​ធៀប​ទៅនឹង​តួលេខ​ដែល​ភាគី​សហជីព​បាន​ពិនិត្យ​ថា​ នឹង​យក​តួលេខ​ចាស់​ទៅ​ជជែក​ដោយ​គ្រាន់​តែ​កែប្រែ​ទៅ​លើ​ហេតុផល​មួយ​ចំនួន ដូច​ជា​ អតិផរ​ណា​អីជា​ដើម​ហ្នឹង​ ខ្ញុំ​គិត​ថា វា​ខុស​គ្នា​បន្តិច​បន្តួច​ ដូច្នេះ​ខ្ញុំយល់​ថា​ វា​ជា​រឿង​មួយ​ដែល​អាច​ ទៅរួច»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ដែលស្ថិត​ក្នុងអំណាច​ជាង​ ៣០​ឆ្នាំ​ ក៏បាន​ប្រកាស​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ដល់​កម្មករ​ រួមមាន​មធ្យោបាយ​ធ្វើដំណើរ​ និង​ការ​ថែទាំ​សុខភាព។ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា កម្មករ​នឹង​ទទួល​បាន​សេវា​រថយន្ត​ក្រុង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ២​ ឆ្នាំ​ គឺ​គិត​ចាប់​ពីខែ​ សីហា​ ឆ្នាំ​ ២០១៧​ ដល់​ ខែ​សីហា​ ឆ្នាំ​២០១៩។ ហើយ​កម្មករ​ក៏​មិនចាំ​បាច់​បង់ថ្លៃ​ពាក់​កណ្តាល​សម្រាប់​ការ​ថែទាំ​សុខភាព តាមរយៈរបប​សន្តិសុខ​សង្គម​ទៀត​ដែរ​ មានន័យថា​ និយោជក ដែល​ជា​ក្រុមហ៊ុន​នឹង​ទទួល​រ៉ាប់រង​បង់​លើ​ការ​ចំណាយ​នេះ​ទាំង​អស់​ ១០០​ភាគរយ​ ដូច្នេះ​កម្មករ​អាច​នៅ​សល់​ប្រាក់​រវាង​ពី​៨០០០​ទៅ​១២០០០រៀល​ក្នុង​មួយ​ខែ។

លោក​ ហ៊ុន សែន ក៏​បញ្ជា ​ក្រសួង​សុខាភិបាល​ឲ្យ​រៀបចំ​មណ្ឌល​សុខភាព​ឬ​មន្ទីពេទ្យបង្អែក​នៅ​ជិត​រោងចក្រ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់ សេវាកម្ម​ថែរក្សា​សុខភាព​ដល់​បង​ប្អូន​កម្មករ​កម្មការិនី រួម​ទាំង​រៀបចំ​ឲ្យ​មាន​ឡាន​ពេទ្យ​ប្រចាំការ​ដើម្បី​ត្រៀម​ដឹក​កម្មករ​នៅ​ពេល​មាន​គ្រោះថ្នាក់​អ្វី​មួយ​កើត​ឡើង។ លោក​ក៏​បាន​ស្នើ​ឲ្យ​ អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ក្នុង​ការ​ត​បណ្តាញ​ទឹក​ នឹង​ភ្លើង​ទៅ​តាម​ផ្ទះ​ដែល​កម្មករ​ជួល​នៅ។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ បាន​ស្វាគមន៍​ចំពោះការ​ផ្តល់​អត្ថប្រយោជន៍​នេះ​ តែ​លោក​ថា​ សហជីព​នៅ​កំពុង​ពិនិត្យ​លើ​តួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ ដើម្បី​ចចារ​ជា​លក្ខណៈ​ត្រី​ភាគី​នៅខែ​កញ្ញា​ខាង​មុខ​នេះ។​

«ទាំង​យើង​ ទាំង​គេ​ក៏​យើង​សាទរ​ដែរ ចំពោះ​ការ​ជួយ​ផ្នែក​ផ្សេងៗ​ មួយ​ចំនួន​គាត់​សន្យាថា​ គាត់​ថា​នឹង​ធ្វើ​ដូចជា​ បញ្ហា​សន្តិសុខ​សង្គម​ ឬ​បញ្ហា​ ប្រាក់​ឈ្នួល​ប្រាក់​អី​ហ្នឹង​ គឺ​វា​ វាបាន​ន័យថា​ ដំណើរ​ការ​វា​ទៅ​មួយ​កម្រិត​ហើយ»។​

លោក​បាន​បន្ថែមថា​ សមាគម​រោង​ចក្រកាត់​ដេរ​នៅកម្ពុជា​ហៅកាត់​ថា​ (GMAC)​ ​ទំនង​ជា​នឹង​មិន​ហ៊ានប្រឆាំងតួលេខ​ដែល​កំណត់​ដោយ​ លោកនាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​នោះទេ។

ចំណែក​លោក​ ប៉ាវ ស៊ីណា​ យល់​ឃើញ​ថា​ GMAC ក៏​នឹង​មិន​ហ៊ាន​ជំទាស់​ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ ដែលមុន​ការ​បោះឆ្នោត​ជាតិមក​ដល់​នៅឆ្នាំ​ក្រោយនេះ​ បាន​ព្យាយាម​ទាក់​ទាញ​ការ​គាំទ្រ​ពីកម្មករ។ លោក​ថា​ លោក​ ហ៊ុន សែន​ ទំនង​ជា​ ប្រឹង​ទាញ​យក​ផលប្រយោជន៍​ខាង​នយោបាយ។

«វាស្រប​ពេល​ទៅហ្នឹង​ឆ្នាំក្រោយ​ វា​ជា​ឆ្នាំ​ដែល​យើង​ត្រូវ​បោះឆ្នោត​ ជ្រើសរើស​តំណាង​រាស្ត្រ ដូច្នេះ​ខ្ញុំ​គិតថា​វា​ ទោះបី​យើងមិន​បង្ហាញសញ្ញាថា​ វាមិនមែនជាទិដ្ឋភាព​ការ​រក​ប្រជា​ប្រិយភាព​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​វា​នៅ​តែ​ដែរ​ទៅ​ក្នុង​ផ្លូវហ្នឹង​ដែរ​បាទ»។

មុន​ឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​និង​អហិង្សា​ ​ជា​បន្ត​បន្ទាប់។ កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​បាតុកម្ម​ទាម​ការ​តម្លើង​ប្រាក់​ឈ្នួល​ អហិង្សា​មួយ​ក្បែរ​ផ្លូវ​វ៉េង​ស្រេង​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងទ័ព​៩១១​ដែល​ជិតដិត​និង​លោក​ហ៊ុន សែន​ បណ្តាល​ឱ្យ​កម្មករ​យ៉ាងហោច​ណាស់​៥​នាក់​ស្លាប់​និង​រង​របួសជា​ច្រើន​នាក់​ផ្សេង​ទៀត។​

ក្រោយ​ពី​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ត្រូវ​បាន​តម្លើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ ដល់​១៤០​ដុល្លារ ​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​និង​ស្លាប់​បាត់​បង់​ជីវិត។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ កាំង ម៉ូនីកា​ អគ្គលេខាធិកា​រង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា​នៅថ្ងៃ​អាទិត្យ​ តែ​មិន​អាច​ទាក់​ទងបាន​ទេ។​

តែ​ទោះ​ជាយ៉ាង​ណាក្តី​ លោក កាំង ម៉ូនីកា​ អគ្គលេខាធិការង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នកកាសែតអំពីការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថា កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ​ថា ថៅ​កែ​រោង​ចក្រ​ មិនទាន់អាចសម្រេច​បាន​ថា ​តើពួកគេ​អាច​នឹងមាន​លទ្ធភាពតម្លើងប្រាក់​ឈ្នួល​អប្បបរមា​បាន​ត្រឹម​កម្រិតណា​នោះឡើយ។​ ជំនួស​ឲ្យការ​ផ្តល់​នូវ​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ដែល​និយោជក​អាច​លៃ​លក​បាន​ចំពោះ​កម្មករ​ក្នុង​ឧស្សាហកម្មកាត់​ដេរ​ អគ្គលេខា​ធិការ​រងសមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជារូបនេះ​ បាន​លើកឡើង​អំពី​ការ​កើន​ឡើង​ថ្លៃ​ផលិត​ ដែល​អាច​ធ្វើឲ្យកម្ពុជា​ បាត់​បង់​ឱកាស​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់។

«អញ្ចឹង​នៅ​ពេល​ដែល​ labor cost​ហ្នឹង​វា​នឹង​កើន​ឡើង​ខ្លាំង​ពេក​ វាធ្វើ​ឲ្យបាត់​បង់​លក្ខណៈ​ប្រកួត​ប្រជែង​ របស់​ប្រទេសកម្ពុជា​យើង​ហ្នឹង​ហើយ។ ហើយ​យើង​សង្កេតមើល​ទៅ​ យើង​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​ យើង​ឃើញ​មាន​វៀតណាម​អី​ ក៏​នៅ​ប្រហែលៗ​យើង​ ហើយ​អាច​នឹង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​យើង​ ដោយសារ​វៀតណាម​ មាន​ប្រសិទ្ធិភាព​ការងារ​ខ្លាំង​ជាង​យើង​ ថ្លៃ​ដឹកជញ្ជូន​ក៏​ទាប​ជាង​យើង​ តម្លៃ​អគ្គិសនី​ក៏​ល្អ​ជាង​យើង​ ហើយ​សិ្ថរភាព​នយោបាយ​ក៏​ប្រសើរ​ជាងយើង។ ហើយពាក់ព័ន្ធ​ទៅនឹង​ស្ថិរភាព​នយោបាយ​នេះ​ ក៏ជាចំណុចមូយ​សំខាន់​ដែរ​ ដែល​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ​មាន​ទំនុកចិត្ត»។

ឧស្សាហកម្មកាត់​ដេរ​កម្ពុជា​ បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​៧០០.០០០​នាក់។ តាម​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ កម្ពុជា​បាន​នាំចេញ​សម្លៀក​បំពាក់​ទៅ​បរទេស​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​ ៦ពាន់លាន​ដុល្លារ​អាមេរិក​នៅ​ក្នុងឆ្នាំ​២០១៦​ កន្លង​ទៅ៕

XS
SM
MD
LG